ឯកសារដែលចេញកាលពីថ្ងៃច័ន្ទដោយអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាបានឲ្យដឹងថា ដីកាចាប់ខ្លួនទី២សម្រាប់អតីតមេបញ្ជាការកងទ័ពជើងទឹកខ្មែរក្រហម មាស មុត ត្រូវបានប៉ូលិសយុត្តិធម៌ព្រងើយកន្តើយកាលពីខែមុន។
លោក មាស មុត ជាប់ចោទដោយកំបាំងមុខពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងឧក្រិដ្ឋកម្មសង្គ្រាមនៅខែមីនា។ មេស្រុកខ្មែរក្រហម អ្នកស្រី អឹុម ចែម ក៏ជាប់ចោទពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិដែរ។ ការខកខានរបស់រដ្ឋាភិបាល និងអង្គការសហប្រជាជាតិ មិនចាប់ខ្លួនអតីតមន្ត្រីទាំងពីរនេះ បន្ទាប់ពីដីកាត្រូវបានចេញសម្រាប់ពួកគេកាលពីឆ្នាំមុន បានបង្ខំសហចៅក្រមស៊ើបអង្កេតលោក ម៉ាក ហាម៉ុន ចេញការចោទប្រកាន់កំបាំងមុខ។
តាមដីកាចេញថ្មីចុះថ្ងៃទី៥ខែមិថុនាបង្ហាញថា ការប៉ុនប៉ងជាលើកទី២របស់ចៅក្រម ហាម៉ុន ដើម្បីជំរុញឲ្យនគរបាលយុត្តិធម៌ចាប់ខ្លួន មាស មុត ដែលទទួលរងការចោទប្រកាន់ថាបានសម្លាប់ទាំងទាហានរបស់ខ្លួន ទាំងជនបរទេសដែលចាប់បាននៅលម្ហសមុទ្រ មិនត្រូវបានគេយកចិត្តទុកដាក់ទេកាលពីខែមុន។
ដីកាមានខ្លឹមសារថា “នគរបាលយុត្តិធម៌គួរនាំខ្លួន មាស មុត មកចំពោះមុខសហចៅក្រមស៊ើបអង្កេតអន្តរជាតិ សម្រាប់សវនាការតទល់គ្នា ដើម្បីពិចារណាអំពីការចេញដីកាសម្រាប់ការឃុំខ្លួនបណ្តោះអាសន្ន ដែលអនុលោមទៅតាមវិធាន៦៣”។
ដីកានិយាយថា ប្រសិនបើ មាស មុត មិនអាចត្រូវនាំខ្លួនមកចំពោះមុខចៅក្រម ហាម៉ុន ភ្លាមៗទេ គាត់គួរត្រូវគេដាក់ក្នុងការឃុំខ្លួនជាបណ្តោះអាសន្ន “នៅទីណាក៏បានក្នុងទីឃុំខ្លួននៃអវតក និងបង្ហាញខ្លួនដល់សហចៅក្រមស៊ើបអង្កេតអន្តរជាតិឲ្យបានឆាប់តាមលទ្ធភាព”។
ថ្វីបើការចេញជាសាធារណៈនូវដីកាចាប់ខ្លួនជាងមួយខែមកហើយក្តី ក៏លោក ម៉ៅ ចាន់ដារ៉ា ប្រធានសន្តិសុខនៅអវតក បានអះអាងថា លោកនៅមិនទាន់បានទទួលដីកាទេ ហើយថានគរបាលយុត្តិធម៌កំពុង “សិក្សាបញ្ហាសន្តិសុខ” ក្នុងតំបន់នានាជំុវិញផ្ទះរបស់ មាស មុត និង អុឹម ចែម។
លោកចាន់ដារ៉ា បានមានប្រសាសន៍ថា “ខ្ញុំមិនទាន់បានទទួលដីកាចាប់ខ្លួននោះនៅឡើយទេ”។
លោកបានមានប្រសាសន៍ថា “មិនមែនមានន័យថាយើងមិនបានអនុវត្តដីកានោះទេ ប៉ុន្តែកំពុងសិក្សាបញ្ហាសន្តិសុខ និងមតិរបស់អ្នកភូមិ”។ លោកបានបដិសេធមិនអត្ថាធិប្បាយច្រើន និងបានបង្វែរសំណួរទៅអវតក។
នៅពេលសួរអំពីការអះអាងរបស់លោក ចាន់ដារ៉ា ដែលថាលោកមិនទាន់បានទទួលដីកាចាប់ខ្លួននោះ លោក ឡា អូលសិន អ្នកនាំពាក្យសាលាក្តី បាននិយាយថា ដីកានោះ “បកស្រាយខ្លួនឯង” ហើយមិនបានអត្ថាធិប្បាយបន្ថែមទេ។
ទោះបីមានការរិះគន់ចៅក្រម ហាម៉ុន កាលពីខែមីនា ទាក់ទិននឹងការសម្រេចចិត្តរបស់គាត់ក្នុងការចោទប្រកាន់អតីតមេបញ្ជាការកងទ័ពជើងទឹកទាំងកំបាំងមុខក៏ដោយ ក៏លោក ឡុង បញ្ញាវុធ អ្នកសង្កេតការណ៍តុលាការនៃគម្រោងផ្តួចផ្តើមយុត្តិធម៌កម្ពុជា កាលពីថ្ងៃច័ន្ទបានសរសើរចៅក្រមរូបនេះចំពោះការបន្តខិតខំរបស់គាត់ដោយប្រឈមនឹងការមិនសហការនៅខាងនគរបាលយុត្តិធម៌។
លោកបានមានប្រសាសន៍ថា “ច្បាស់ណាស់ នេះជាការរំលោភកិច្ចព្រមព្រៀង ហើយខ្ញុំសូមសម្តែងនូវការសរសើរចៅក្រម ហាម៉ុន ចំពោះជំហានវិជ្ជមានទៀងត្រង់របស់លោកអំពីបញ្ហានេះ ហើយខ្ញុំគិតថា ប្រទេសម្ចាស់ជំនួយនិងអង្គការសហប្រជាជាតិចាំបាច់ត្រូវដោះស្រាយបញ្ហាស្នូលនេះ ដែលជាការខកខានខាងរដ្ឋាភិបាលមិនអនុវត្តតាមកិច្ចព្រមព្រៀង”។
លោក ឡុង ក៏បានអំពាវនាវដល់អង្គការសហប្រជាជាតិនិងប្រទេសផ្តល់ជំនួយរបស់សាលាក្តីត្រូវហ៊ាននិយាយថែមទៀតអំពីការជ្រៀតជ្រែករបស់រដ្ឋាភិបាលក្នុងសំណុំរឿង០០៣និង០០៤។
លោក ឡុង បានមានប្រសាសន៍ថា “ប្រសិនបើប៉ុណ្ណឹងបានហើយ ពួកគេត្រូវនិយាយដូច្នេះហើយ…ប្រសិនបើពួកគេមិនអាចធានាបាននូវបទដ្ឋានអន្តរជាតិ ពួកគេត្រូវតែទៀងត្រង់”។
លោកបានបន្ថែមថា “គេត្រូវប្រាប់សាធារណជនអំពីបញ្ហានេះ។ គេមិនត្រូវលាក់លៀមជាមួយជនរងគ្រោះ កុំលាក់បាំង កុំធ្វើតាមរបៀបបន្លំលាក់រឿងពិត”។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាននិយាយឥតសំចៃបង្ហាញអំពីការជំទាស់របស់លោកចំពោះសាលាក្តីខ្មែរក្រហមដែលពង្រីកវិសាលភាពរបស់ខ្លួនហួសពីដំណាក់កាលទី២នៃសំណុំរឿង០០២ ដែលលោក នួន ជា និង លោក ខៀវ សំផន កំពុងត្រូវតុលាការជំនុំជម្រះពីបទឧក្រិដ្ឋកម្ម មានទាំងអំពើប្រល័យពូជសាសន៍ផង។
អ្នកទាំងពីរត្រូវបានផ្តន្ទាទោសឲ្យជាប់ពន្ធនាគារមួយជីវិតពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិកាលពីខែសីហា និងកំពុងរង់ចាំលទ្ធផលប្តឹងឧទ្ធរណ៍របស់ខ្លួន។
បន្ទាប់ពីត្រូវចោទប្រកាន់នៅខែមីនា លោក មាស មុត ដែលអះអាងអំពីភាពគ្មានទោសរបស់លោកនោះ បាននិយាយថា លោក “ខ្វល់ខ្វាយនឹងការដាំពោតនិងដំឡូងមី” ជាងសកម្មភាពសាលាក្តីនេះ៕ និត