38 C
Phnom Penh

​នគរបាល​និយាយ​ថា ខ្មាន់កាំភ្លើង​កំពុង​រត់​គេចខ្លួន​​ គឺ​ជា​អង្គរក្ស​របស់​មន្ត្រី​រដ្ឋាភិបាល​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នគរ​បាល​បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា បុរស​ម្នាក់​ដែល​បាន​បាញ់​សម្លាប់​អ្នក​ជិត​ខាង​របស់​​ខ្លួន​នៅ​ពិធី​ខួប​កំណើត​មួយ​កាលពី​យប់​ថ្ងៃ​សៅរ៍​ក្នុង​ខេត្ត​កណ្ដាលនោះ​ជា​សមាជិក​នាយក​ដ្ឋាន​អង្គរក្ស​ក្រសួង​មហាផ្ទៃ ដែល​ជន​នេះ​មាន​ភារកិច្ចការ​ពារ​មន្ត្រី​ជាន់​ខ្ពស់​ម្នាក់​។

លោក ទឹម សារី អាយុ​៣៥​ឆ្នាំ បាន​រត់​គេច​ខ្លួន​ចាប់​តាំង​ពី​ថ្ងៃ​សៅរ៍​មក​ នៅ​ពេល​ជន​នេះ​បាន​ប្រើ​កាំភ្លើង​ខ្លី​ CF-98 ផលិត​នៅ​ប្រទេស​ចិន​​បាញ់​លោក ស្រី ចាន់វុទ្ធី អាយុ​៤៣​ឆ្នាំ ចំនួន​១៤​គ្រាប់​បណ្ដាល​ឲ្យ​គាត់​ស្លាប់​ភ្លាមៗ​នៅ​​កន្លែង​កើត​ហេតុ​។

លោក ផាច ផល្លា អធិការ​រង​នគរ​បាល​ស្រុក​អង្គស្នួល កន្លែង​ដែល​ហេតុការណ៍​បាញ់​កើត​ឡើង​បាន​មាន​ប្រសាសន៍​ថា នគរ​បាល​ដឹង​ថា លោក សារី ជា​មន្ត្រី​នគរ​បាល​មួយ​រូប​​បម្រើ​ការ​ជា​អង្គ​រក្ស​ ប៉ុន្តែ​លោក​មិន​បាន​កំណត់​ថា​តើ​បុរស​រូប​នេះ​ធ្វើ​ការ​ពិត​ប្រាកដ​នៅ​កន្លែង​ណានោះ​​ទេ​រហូត​ដល់​ថ្ងៃ​ម្សិល​មិញ។

លោក ផល្លា បាន​មាន​ប្រសាសន៍​ថា “​យើង​​បាន​រក​ឃើញ​ថា ជន​នេះ​ធ្វើ​ការ​នៅ​នាយកដ្ឋាន​អង្គរក្ស​​ក្រសួង​មហាផ្ទៃ”។

លោក ទូច ណារ៉ុថ ប្រធាន​នាយកដ្ឋាន​អង្គរក្ស​បាន​បញ្ជាក់​ថា លោក សារី បាន​បម្រើ​ការ​នៅ​ទីនោះ​នៅ​ក្នុង​ការិយាល័យ​អន្តរាគមន៍​របស់​នាយកដ្ឋាន​នេះ។

លោក​បាន​បន្ថែម​ថា នាយកដ្ឋាន​របស់​លោក​បាន​សហការ​ជាមួយ​នគរ​បាល​ខេត្ត​កណ្ដាល​​ដើម្បី​ស្វែង​រក​ចាប់​ខ្លួន​លោក​ សារី។ ឧត្ដម​សេនីយ៍​ទោ ទូច ណារ៉ុថ បាន​មាន​ប្រសាសន៍​ថា “​អ្នក​ដែលប្រព្រឹត្ត​កំហុស​ ​​ត្រូវ​តែ​ចាប់​ខ្លួន​”។

មន្ត្រី​នគរ​បាល​ជាន់​ខ្ពស់​មួយ​រូប​​ដែល​និយាយ​ក្នុង​លក្ខខណ្ឌ​អនាមិក​​បាន​និយាយ​ថា លោក សារី គឺ​ជា​អង្គរក្ស​របស់​មន្ត្រី​រដ្ឋាភិបាល​មួយ​រូប ប៉ុន្តែ​​​លោក​បាន​បដិសេធ​មិន​ផ្ដល់​ព័ត៌មាន​លម្អិត​បន្ថែម​ឡើយ​។

លោក​បាន​មាន​ប្រសាសន៍​ថា “​ខ្មាន់​កាំភ្លើង​​បម្រើការ​ជា​អង្គរក្ស​របស់​មន្ត្រី​​ជាន់​ខ្ពស់​មួយ​រូប។ ជន​នេះ​មិន​​អាច​គេច​ពី​សំណាញ់​នគរ​បាល​បាន​ឡើយ​”

នគរ​បាល​បាន​និយាយ​កាលពី​ម្សិលមិញ​ថា ពួកគេ​នៅ​តែ​មិន​ដឹង​ថា​តើ​មូលហេតុ​អ្វី​​បាន​​ជា​បណ្ដាល​ឲ្យ​មាន​ហេតុការណ៍​​កាលពី​យប់​ថ្ងៃ​សៅរ៍ឡើយ​ ហើយ​មូល​ហេតុ​អ្វី​បាន​ជា​លោក សារី បាញ់​ជន​រងគ្រោះ​ច្រើន​គ្រាប់​បែប​នេះ។

យោង​តាម​របាយការណ៍​នគរ​បាល​ដែល​​ផ្ដល់​​ដោយ​នគរ​បាល​ខេត្ត​​​កាលពី​ថ្ងៃ​អាទិត្យ​ បាន​ឲ្យ​ដឹង​ថា លោក ស្រី ចាន់វុទ្ធី ត្រូវ​​បាន​បាញ់​សរុប​ចំនួន​១៤គ្រាប់ គឺ​៤គ្រាប់​ត្រូវ​ត្រង់​ពោះ ពីរ​គ្រាប់​ត្រូវ​ចំ​​ចំហៀង ពីរ​គ្រាប់​ត្រូវ​ចំក្បាល​ជង្គង់​ខាង​ឆ្វេង និង​បីគ្រាប់​​ត្រូវ​ត្រង់​ទ្រូង ហើយ​​បី​គ្រាប់​​ទៀត​​ត្រូវ​ចំជង្គង់​ខាង​ស្ដាំ។

​លោក ផល្លា បាន​មាន​ប្រសាសន៍​​កាលពី​ថ្ងៃ​អាទិត្យ​ថា ​នគរ​បាល​សង្ស័យ​ថា ជន​ទាំង​ពីរ​​នេះ​មានការ​ខ្វែង​គំនិត​​គ្នា​មុន​ពេល​មានការ​​​បាញ់​សម្លាប់នេះ​​៕ សារុន​​​​​​

 

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស