31 C
Phnom Penh

លោក ហ៊ុន សែន ​ស្នើសុំ​ខ្ចី​ផែន​ទី​​​​ឆ្នាំ​១៩៦៤​ពី​អង្គការ​សហប្រជាជាតិ​​​ មក​ផ្ទៀង​ផ្ទាត់​​​ព្រំដែន​​កម្ពុជា​-វៀតណាម​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​ម្សិលមិញ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​សរសេរ​លិខិត​ទៅ​លោក បាន គីមូន អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​​​ ដើម្បី​ស្នើ​សុំ​ខ្ចី​ផែន​ទី​ផ្លូវ​ការ​​​នៃ​ព្រំដែន​​ខាង​កើត​របស់​កម្ពុជា​ ជាប់​ជាមួយ​ប្រទេស​វៀតណាម​ ជា​ចំណាត់​ការ​មួយ​ដែល​លោក សម រង្ស៊ី ប្រធាន​គណបក្ស​ប្រឆាំង​បាន​ចាត់​ទុក​​ជា​ការ​សារភាព​ថា រដ្ឋាភិបាល​បាន​​និង​កំពុង​កំណត់​ព្រំដែន​​ដោយ​មិន​ត្រឹម​​​ត្រូវ​។

​ក្នុង​រយៈ​ពេល​​ជាង​១​ខែ​កន្លង​មក​នេះ​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន បាន​ផ្គើន​​នឹង​យុទ្ធនាការ​ដ៏តាន​តឹង​​ដឹកនាំ​ដោយ​គណ​បក្ស​សង្គ្រោះ​ជាតិ​របស់​លោក សម រង្ស៊ី ដែល​ទាម​ទារ​ឲ្យ​ខ្លួន​បញ្ចេញ​ផែន​ទី​​ច្បាប់​ចម្លង​ដែល​ខ្លួន​ប្រើ​ប្រាស់​ដើម្បី​កំណត់​ព្រំដែន​ជាមួយ​វៀតណាម​ រហូត​ឈាន​ទៅ​ដល់​ការ​ចោទ​ប្រកាន់​ថា រដ្ឋាភិបាល​មិន​បាន​អនុវត្ត​តាម​​ផែន​ទី​គូរ​ដោយ​បារាំង​ ដែល​​មាន​ចែង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​​ឆ្នាំ​១៩៩៣​​ទៀត​ផង​។

នៅ​ក្នុង​លិខិត​សរសេរ​ទៅ​កាន់​​លោក បាន គីមូន លោក ហ៊ុន សែន បាន​ស្នើ​សុំ​​ច្បាប់​ចម្លង​នៃ​ផែន​ទី​​ដែល​​ក្រុម​ភូមិ​សាស្ត្រ​ឥណ្ឌូចិន​របស់​បារាំង​បាន​គូរ​​អំឡុង​​សម័យ​អាណានិគម​​ និង​ដែល​ក្រោយ​មក​ត្រូវ​បាន​ព្រះអង្គ​ម្ចាស់ នរោត្តម សីហនុ យក​ទៅ​តម្កល់​​​នៅ​អង្គការ​សហ​ប្រជាជាតិ​ក្នុង​ឆ្នាំ​១៩៦៤។

លោក​បាន​សរសេរថា ​”​ខ្ញុំ​សូម​ស្នើ​ឯក​ឧត្ដម​អគ្គលេខាធិការ ​​មេត្តា​អនុញ្ញាត​ឲ្យ​រាជ​រដ្ឋា​ភិបាល​កម្ពុជា​ ខ្ចី​ផែន​ទី​​ដើម​ទាំង​អស់​​ដែល​កម្ពុជា​ បាន​តម្កល់​ទុក​នៅ​អង្គការ​សហប្រជា​ជាតិ មក​ប្រើ​​ប្រាស់​​ដើម្បី​ផ្ទៀង​​ផ្ទាត់​បញ្ជាក់​អំពីភាព​ត្រឹម​ត្រូវ​​ពិត​ប្រាកដ​ជាមួយ​នឹង​ផែន​ទី​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​ បាន​និង​​កំពុង​ប្រើ​ប្រាស់​សម្រាប់​កំណត់​ព្រំដែន​​គោក និង​ព្រំដែន​ទឹក​រវាង​ព្រះរាជាណាចក្រ​កម្ពុជា​ ជាមួយ​នឹង​ប្រទេស​ជិត​ខាង​”។

​លោក​បាន​សរសេរ​ទៀត​ថា ផែន​ទី​ទាំង​នោះ​ “​បញ្ជាក់​យ៉ាង​ច្បាស់​អំពី​ការ​ប្រុង​ប្រយ័ត្ន​​​ និង​ភាព​ត្រឹម​ត្រូវ​​​របស់​រដ្ឋាភិបាល​កម្ពុជា ​​ក្នុង​ការ​កំណត់​ព្រំដែន​” ហើយ​​បញ្ចប់​យុទ្ធនាការ​​​ដឹកនាំ​ដោយ​​គណបក្ស​ប្រឆាំង​របស់​លោក សម រង្ស៊ី កាលពី​ពេល​ថ្មី​នេះ​​ដែល​ចោទ​ប្រកាន់​​រដ្ឋា​ភិបាល​ថា បាន​អនុវត្ត​តាម​ផែន​ទី​គូរ​ដោយ​វៀតណាម។

លោក​បាន​សរសេរ​បន្ត​​ថា “​[សំណើ​នេះ​] ក៏​មាន​វត្ថុ​បំណង​​ចៀសវាង និង​បញ្ចប់​ការ​ញុះ​ញង់​​​ឲ្យ​មាន​គំនិត​​ជាតិ​និយម​ជ្រុល​ពី​សំណាក់​​ជន​មួយ​ចំនួន​នៅ​កម្ពុជា ដើម្បី​​បំភាន់​​មតិ​ជាតិ​ និង​អន្តរជាតិ​ក្នុង​បំណង​កេង​ចំណេញ​នយោបាយ​ដែល​អាច​​បង្ក​ឲ្យ​មាន​មហន្តរាយ​ដល់​ប្រទេស​កម្ពុជា​ ទាំង​មូល​ផង​ដែរ​”។

ចាប់​តាំង​ពី​ខែ​មុន​មក គណបក្ស​សង្គ្រោះ​ជាតិ​​​ បាន​ដឹកនាំ​​​ដំណើរ​ចុះ​ទៅ​ពិនិត្យ​មើល​ការ​ទន្ទ្រាន​​របស់​វៀតណាម ​ចូល​ក្នុងទឹក​ដី​​ខេត្ត​ចំនួន​ប្រាំ​ផ្សេង​គ្នា​ក្នុង​ប្រទេស​កម្ពុជា​
ជា​បន្ត​បន្ទាប់​ ដោយ​​​​​​ឈាន​ទៅ​​​ដល់​ការ​​ប៉ះ​ទង្គិច​គ្នា​​​ នៅ​ពេល​សកម្មជន​បាន​ឈ្លោះ​គ្នា​រឿង​បូរណភាព​ទឹក​ដី​ជាមួយ​ជន​ស៊ីវិល​វៀតណាម។

យុទ្ធនាការ​នេះ​បាន​ធ្វើ​ឡើង​អម​ជាមួយ​កិច្ច​​ប្រឹង​ប្រែង​​មួយ​ដើម្បី​បង្ខំ​ឲ្យ​រដ្ឋាភិបាល​របស់​លោក ហ៊ុន​ សែន បញ្ចេញ​ជា​សាធារណៈ​នូវ​ផែន​ទី​ព្រំដែន​​​ផ្លូវ​ការ​ដែល​នឹង​អនុញ្ញាត​ឲ្យ​សកម្មជន​​គណបក្ស​សង្គ្រោះ​ជាតិ​ពិនិត្យ​ផ្ទៀង​ផ្ទាត់​ថា តើ​រដ្ឋាភិបាល​​បាន​និង​កំពុង​​​​បោះ​បង្គោល​ព្រំដែន​នៅ​កន្លែង​ត្រឹម​ត្រូវ ឬយ៉ាង​ណា។

លោក សម រង្ស៊ី ​​បាន​មាន​ប្រសាសន៍​កាលពី​ម្សិលមិញ​ថា សំណើ​របស់​លោក ហ៊ុន សែន ទៅ​អង្គការ​សហប្រជាជាតិ​​​បាន​បង្ហាញ​ថា ​តាម​ពិត​រដ្ឋាភិបាល​​​គ្មាន​ផែន​ទី​ត្រឹម​ត្រូវ​​ដើម្បី​​យក​មក​សំអាងឡើយ ​នៅ​ពេល​កំណត់​ព្រំដែន។

លោក​​បាន​​លើក​ឡើង​យ៉ាង​ដូច្នេះ​ថា “វា​ជាភ័ស្តុ​តាង​បង្ហាញ​ថា រដ្ឋាភិបាល​​របស់​លោក ហ៊ុន សែន​ មិន​ដែល​មាន​ផែន​ទី​​តម្កល់​នៅ​អង្គការ​សហប្រជាជាតិដែល​​មាន​ចែង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​ ដើម្បី​យក​មក​ប្រើ​ប្រាស់​ធ្វើ​ជាមូលដ្ឋាន​សម្រាប់​កំណត់​ព្រំដែន​​ទេ។ នេះ​មាន​ន័យ​ថា ​​អ្វី​ដែល​​ពួកគេ​បាន​និង​កំពុង​កំណត់​ព្រំដែន​ជាមួយ​វៀតណាម​ មិន​ស្រប​តាម​រដ្ឋ​ធម្មនុញ្ញ​​ឡើយ​ ហើយ​វា​មិន​បាន​ផ្អែក​ទៅ​លើ​ផែន​ទី​ដែល​តម្កល់​នៅ​អង្គការ​សហប្រជាជាតិ​​នោះ​ទេ​​។ រឿង​នេះមាន​ភាព​ស្មុគ​ស្មាញ​យ៉ាង​ខ្លាំង​”។

 

តែ​​​ទោះ​​​ជាយ៉ាង​​​ណា លោក សុខ ឦសាន អ្នក​​​នាំពាក្យ​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​ បាន​​​លើក​​​ឡើង​​​ថា លោក​​​ ហ៊ុន សែន ស្នើ​​​សុំ​​​​​​ខ្ចី​​​ផែន​​​ទី​​​​​​ដើម្បី​​​បង្ហាញ​​​​​ភ័ស្តុតាង​​​ជាក់​​​ស្តែង​​​ថា ផែន​​​ទី​​​ដែល​​​ត្រូវ​​​បាន​​​ប្រើ​​​​​​ប្រាស់​ដើម្បី​​​​កំណត់​​​​ព្រំដែន​​​ គឺជា​​​ច្បាប់​​​ចម្លង​​​​​​នៃ​​​ផែន​​​ទី​​​តម្កល់​​​នៅ​​​អង្គការ​​​សហប្រជាជាតិ​​​ ប៉ុន្តែ លោក​​​បាន​​​បដិសេធ​​​មិន​​​បង្ហាញ​​​ផែន​​​ទី​​​​ច្បាប់​ចម្លង​នេះ​​​ជា​​​សាធារណៈ​​​ទេ​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “​​​គាត់​​​ចោទ​​​ប្រកាន់​​​រដ្ឋាភិបាល​​​ថា ប្រើ​​​ផែន​​​ទី​​ក្លែង​​​ក្លាយ​​​​ដែល​មិន​មាន​ចែង​​​នៅ​ក្នុង​​​​រដ្ឋ​​​ធម្មនុញ្ញ​​​​​​ គឺ​​​​​​មិន​​​ត្រឹម​​​ត្រូវ​​​ទេ​​​។ប្រសិន​​​បើ​​​ផែន​​​ទី​​​ដែល​​​ប្រើ​​​គឺ​​​ជាផែន​​​ទី​​​ក្លែង​​​ក្លាយ​​​​មែន​នោះ​ អ៊ីចឹង​​​រដ្ឋាភិបាល​​​មិន​​​ស្នើ​​​សុំ​​ខ្ចី​​​ផែន​​​ទី​​​ច្បាប់​​​ដើម​​​មក​​​បញ្ជាក់​​​នោះ​​​ឡើយ​​​។ តើ​​​ [លោក​​​ សម រង្ស៊ី ] នឹង​​​ទទួល​​​ខុស​​​ត្រូវ​​​ចំពោះ​​​មុខ​​​ច្បាប់​​​​ដែរ​ទេ​ចំពោះ​​​​​ការ​​​ចោទ​​​ប្រកាន់​​​​ខុស​​​​​​​មក​លើ​​​រដ្ឋាភិបាល​​​​​​ថា ប្រើ​​ផែន​​​ទី​​​ក្លែង​​​ក្លាយ?”។

ប៉ុន្តែ លោក​​​បាន​​​បន្ថែម​​​ថា ទោះ​​​បី​​​ជា​​​ផែន​​​ទី​​​តម្កល់​​​នៅ​​​អង្គការ​​​សហប្រជា​​​ជាតិ​​​ត្រូវ​​​បាន​​​ផ្តល់​​​មក​​​ឲ្យ​​​រដ្ឋាភិបាល​​​ក៏​​​ដោយ​​​ ក៏​រដ្ឋាភិបាល​​​នៅ​​​តែ​​​គ្មាន​​​​គម្រោង​ផ្តល់​​​ផែន​​​ទី​​​ច្បាប់​​​ដើម​​​នេះ​​​ដល់​​​លោក​​​ សម រង្ស៊ី ដើម្បី​​​អនុញ្ញាត​​​ឲ្យ​​​គណបក្ស​​​ប្រឆាំង​​​បញ្ជាក់​​​ថា តើ​​​បង្គោល​​​ព្រំដែន​​​ត្រូវ​​​បាន​​​បោះ​​​ដោយ​​​យោង​​​តាម​​​ផែន​​​ទី​​​មាន​​​ចែង​​​នៅ​​​ក្នុង​​​រដ្ឋធម្មនុញ្ញ​​​​ដដែល​​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​បន្ថែម​​​​ទៀត​ថា “បញ្ហា​​​នេះ​​​មិន​​​ជាប់​​​ពាក់​​​ព័ន្ធ​​​នឹង​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ឡើយ​​​ ប៉ុន្តែ វា​​​ជា​​​តួនាទី​​​របស់​​​គណៈកម្មាធិការ​​​ព្រំដែន​​​រួម​​​នៃ​​​រដ្ឋាភិបាល​​​ក្នុង​​​ការ​​​បង្ហាញ​​​ផែន​​​ទី​​​នេះ​​​ដល់​​​សាធារណជន​​​។ ​​មិន​ចាំ​បាច់​ប្រគល់​វា​ឲ្យ​ទៅ​​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​​នោះ​ទេ​​​​​ ព្រោះ​​​ថា រដ្ឋាភិបាល​​​ខ្ចី​​​ពី​​​អង្គការ​​​សហ​​​ប្រជា​​​ជាតិ​​​ ហើយ​​​ចាំ​​​បាច់​​​ត្រូវ​​​តែ​​​ធានា​​​សុវត្ថិភាព​​​នៃ​​​ផែន​​​ទី​​​នេះ​​​”។

លោក វ៉ា គឹម​​​ហុង ​ដែល​ជា​​​រដ្ឋ​​​មន្ត្រី​​​​​​​​​​​​​​​ទទួល​​​បន្ទុក​​​​​​គណៈកម្មាធិការ​​​ព្រំដែន​​​រួម​​​ បាន​​​ធ្វើ​​​សន្និសីទ​​​កាសែត​​​មួយ​​​កាល​​​ពី​​​សប្តាហ៍​​​មុន​​​ ដើម្បី​​​បង្ហាញ​​​​​ផែន​​​ទី​​​​​​ព្រំដែន​​​ផ្សេង​​​ៗ​​​របស់​​​​​​រដ្ឋាភិបាល​​​​​​ក្នុង​​​គោល​​​បំណង​​​​​​ឆ្លើយ​​​​​តប​​​​​​​ទៅ​នឹង​ការ​អះអាង​​​របស់​​​គណបក្ស​​​សង្គ្រោះ​​​​​​ជាតិ​​​ដែល​​​ចោ​​​ទ​​​ប្រកាន់​​​​​ថា រដ្ឋាភិបាល​​​​​​​​​ប្រើ​​​ផែន​​​ទី​​​បោះ​​​ពុម្ព​​​នៅ​​​វៀតណាម​​​។

តែ​​​ទោះ​​​ជា​​​យ៉ាង​​​ណា​​​ ការ​​​បង្ហាញ​​​ដោយ​​​សង្ខេប​​​​​​ៗ​​​នេះ​​​ និង​​​ការ​​​បន្ត​​​បដិសេធ​​​របស់​​​លោក វ៉ា​​​គឺមហុង មិនព្រម​​​បង្ហាញ​​​ផែន​​​ទី​​​​​​​ច្បាប់​​​ចម្លង​ជា​​​សាធារណៈ​​​ ​​​បាន​​​ធ្វើ​​​ឲ្យ​​​​​​មាន​​​ការ​​​​​ចោទ​​ប្រកាន់​កាន់​​​តែ​​​ខ្លាំង​​​ថា ​តាម​ពិត​ទៅ​ផែន​​​ទី​​​របស់​​​រដ្ឋាភិបាល​​​ត្រូវ​​​បាន​​​គូរ​​​​អំឡុង​ពេល​​​វៀតណាម​​​កាន់​​​កាប់​​​កម្ពុជា​​​ក្នុង​​​ទសវត្សរ៍​​​១៩៨០​​​។

​​​លោក កែម ឡី អ្នក​​​វិភាគ​​​នយោបាយ​​​ឯករាជ្យ​​​​​មួយ​​​រូប​​​ដែលបាន​បង្កើត​​​​ក្រុម​​​​​ខ្មែរ​​​ដើម្បីខ្មែរ​​​កាល​​​ពី​​​ឆ្នាំ​​​មុន បាន​​​លើក​​​ឡើង​​​ថា រដ្ឋាភិបាល​​​​​​គួរ​​​តែ​​​ស្នើ​​​សុំ​​​​​​​​ច្បាប់​ចម្លង​នៃ​​​​ផែន​​​ទី​​​​​​តម្កល់​​​នៅ​​​អង្គការ​​​​​​​​​សហប្រជាជាតិ​​​តាំង​​​​ពី​​​២០​​​ឆ្នាំ​​​មក​​​​ម្លេ៉ះ ហើយ​​​ឥឡូវ​​​នេះ​រដ្ឋាភិបាល​​​​កំពុង​​​តែ​​​ប្រឆាំង​​​​នឹង​​​យុទ្ធនាការ​​​របស់​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​។

លោក កែម ឡី បាន​​​មាន​​​ប្រសាសន៍​​​ថា “ការ​​​​​​បោះ​​​បង្គោល​​​ព្រំដែន​​​បាន​​​បញ្ចប់​​​ប្រហែល​​​៨០​​​ភាគ​​​រយ​​​ហើយ ហើយ​​​ឥឡូវ​​​ពួក​​​គេ​​​ទើប​​​តែ​​​ស្នើ​​​សុំ​​​ផែន​​​ទី​​​ពិត​​​ពី​​​អង្គការ​​​​​​សហប្រជាជាតិ​​​ ខណៈ​​​ការ​​​បោះ​​​បង្គោល​​​ព្រំដែន​​​ជិត​​​ចប់​​​​រួច​​​រាល់​ទៅ​ហើយ​”។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​បន្ថែម​​​ថា “​​​ចំណាត់​ការ​​​​នេះ​​​ គឺ​​​ដើម្បី​​​បន្ធូរ​​​បន្ថយ​​​ភាព​​​តាន​​​តឹង​​​…​​​ប៉ុន្តែ វា​​​មិន​​​អាច​​​ទៅ​​​រួច​​​ទេ​​​។ ឥឡូវ​​​នេះ ពល​​​រដ្ឋ​​​គ្រប់​​​ៗ​រូប​​​ព្រួយ​​​បារម្ភ​​​អំពី​​​ការ​​​ឈ្លាន​​​ពាន​​​។ រដ្ឋាភិបាល​​​មិន​​​អាច​​​បញ្ឈប់​​​ចលនា​​​របស់​​​ពល​​​រដ្ឋ​​​បាន​​​ឡើយ​​​ ប៉ុន្តែ វិធី​​​សាស្ត្រ​​​របស់​​​លោក ហ៊ុន សែន គឺ​​​ដើម្បី​​​​ពន្យារពេល​ពញ្ហា​​ ហើយ​​​បន្ទាប់​​​មក​​​ស្វែង​​​រក​​​យុទ្ធ​​​សាស្ត្រ​​​​ដើម្បី​បង្ក្រាប​​​”៕សុខុម និង ស៊ុយឈាង​​​​​​​​​​​​​​​​​​​​​​​​

 

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស