27 C
Phnom Penh

NGOs​​ នៅ​តែ​ប្រឆាំង​សេចក្តីព្រាង​ច្បាប់​​​មុន​ជំនួប​សមាជិក​សភា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

cam-photo-front-channa4-800x533
លោក ហូ ស៊័ន សឺន អនុរដ្ឋមន្ត្រី​ការ​បរទេស​វៀតណាម​ (រូប​កណ្ដាល) ថ្លែង​អំឡុង​កិច្ចប្រជុំ​​មួយ​របស់​គណៈកម្មាធិការ​ព្រំដែន​រួមកម្ពុជា​-វៀតណាម​​ នៅ​ទីស្ដីការគណៈរដ្ឋមន្ត្រី​ ក្នុង​រាជធានី​ភ្នំពេញ កាលពី​ម្សិលមិញ​។ រូបថតៈ ស៊ីវ ចាន់ណា​/The Cambodia Daily

អង្គការ​មិន​មែន​រដ្ឋាភិបាល​នៅ​តែ​រួប​រួម​គ្នាកាលពី​ម្សិលមិញ ដោយ​ប្រកាន់​ជំហរ​​ដាច់​ខាតប្រឆាំង​​នឹង​សេចក្ដី​ព្រាង​ច្បាប់​ដែល​នឹង​បង្ខំ​ឲ្យ​អង្គការ​មិន​មែន​រដ្ឋាភិបាល​ទាំងអស់​នៅ​ក្នុង​ប្រទេស​​ចុះ​បញ្ជី​ជា​មួយ​រដ្ឋាភិបាល ប៉ុន្តែ​មាន​ការ​ខ្វែង​គំនិត​​គ្ន​ ​​ថា ​តើ​​ត្រូវ​ទទួល​យក​​​​​សំណើ​របស់​គណបក្ស​ប្រជា​ជន​កម្ពុជា​​សម្រាប់​​​ការ​ពិគ្រោះ​យោបល់​រយៈ​ពេល​១១​ម៉ោង​​​​​មុន​ការ​បោះ​ឆ្នោត​នាពេល​ខាង​មុខ​ ឬ​យ៉ាង​​ណា​។

បុគ្គលិក​អង្គការ​មិន​មែន​រដ្ឋាភិបាល​ជាង​២០០​នាក់​​បាន​ជួប​ជុំគ្នា​នៅ​សណ្ឋាគារ​កាំបូឌី​យ៉ា​ណា ក្នុង​រាជធានី​ភ្នំពេញ​​ កាលពីព្រឹក​ម្សិល​​មិញ ដើម្បី​ប្រមូល​​ការ​ជំទាស់​របស់​ខ្លួន​ទៅ​​នឹង​​​សេចក្ដី​ព្រាង​ច្បាប់​នោះ។ ពួកគេ​បារម្ភ​ថា រដ្ឋា​​ភិបាល​នឹង​ប្រើ​ប្រាស់​បទប្បញ្ញត្តិ​មិន​ច្បាស់​លាស់​ និង​ទូលំទូលាយ​ដើម្បី​ទប់​ស្កាត់ និង​បិទ​អង្គការ​ទាំង​នេះ ​ដែល​និយាយ​ប្រឆាំង​នឹង​គណ​​បក្ស​ប្រជាជន​កម្ពុជា ហើយ​​​ចង់​ឲ្យ​​ដក​​​ច្បាប់​នេះ​ ឬ​យ៉ាង​ហោច​ណាស់​ក៏​ត្រូវ​សរសេរ​​​​ឡើង​វិញ​​ភាគច្រើន​ផង​ដែរ។

សមាជិក​សភា​គណបក្ស​ប្រជាជន​កម្ពុជា​គ្រោង​​រៀប​ចំជំនួប​មួយ​នៅ​រដ្ឋសភា​​ព្រឹក​នេះ​​ ដើម្បី​​​ស្តាប់​សំណួរ​និង​កង្វល់​របស់ពួកគេ​​​មុន​ការ​បោះ​ឆ្នោត​ដែល​គ្រោងធ្វើ​​នៅ​ថ្ងៃ​សុក្រ។​​​ ប៉ុន្តែ​អង្គការ​មិន​មែន​រដ្ឋាភិបាល​បាន​​លើក​ឡើង​កាលពី​ម្សិលមិញ​ថា កិច្ច​ប្រជុំ​នេះ​គ្រាន់​តែ​ឲ្យ​ល្អ​មើល​តែ​ប៉ុណ្ណោះ ហើយ​បាន​ត្អូញ​ត្អែរ​ថា ​រដ្ឋសភា​​បានលុប​ឈ្មោះ​ពួកគេ​មួយ​ចំនួន​ចេញពី​បញ្ជី​ជា​ភ្ញៀវ​។

លោកស្រី ចក់ សុភាព ​ដែល​ជា​ប្រធាន​មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​​ ​មាន​ប្រសា​សន៍​ដល់​ការ​ពិគ្រោះ​យោបល់​នោះ​ថា“​រដ្ឋា​ភិបាល​​ធ្វើ​​ដើម្បី​គ្រាន់តែ​ឲ្យ​ល្អ​មើល​ប៉ុណ្ណោះ”។

លោកស្រី សុភាព បាន​មាន​ប្រសាសន៍​ថា ទោះ​យ៉ាង​ណា លោកស្រី​នឹង​ចូល​រួម​​ដែរ​។ អង្គការ​​មួយ​ចំនួន​ទៀត​លើក​ឡើង​ថា ពួក​គេ​​នឹង​មិន​ចូល​រួម​ទេ ឬ​ថា ពួកគេ​មិនទាំង​បាន​អញ្ជើញ​ទេ​ ហើយ​ត្រូវ​បានឲ្យ​ត្រឡប់​ទៅ​វិញ​​នៅ​​ពេល​ពួកគេ​​បាន​ព្យាយាម​ចុះ​​ឈ្មោះ​។

នៅ​ពេល​ត្រូវ​បានទាក់​ទង​​តាម​ទូរស័ព្ទ​កាល​​​ពី​ម្សិលមិញ លោក ឈាង វុន ​អ្នក​នាំពាក្យ​រដ្ឋ​សភា​​ និង​ជា​សមាជិក​សភា​គណបក្ស​ប្រជាជន​កម្ពុជា​​​មាន​​ប្រសាសន៍​ថា លោក​មិន​អាច​និយាយ​​​ទៅ​កាន់​អ្នក​យក​ព័ត៌មាន​បាន​ទេ ពីព្រោះ​លោក​​​មាន​ជំងឺ​។ កាលពី​សប្ដាហ៍​មុន លោក​បាន​មាន​ប្រសាសន៍​ថា សេចក្ដី​ព្រាង​ច្បាប់​នោះ​ “ល្អ” ហើយ​ថា ការ​បោះ​ឆ្នោត​ទំនង​ជា​គ្រោង​ធ្វើ​នៅ​ថ្ងៃ​សុក្រ។

​ទោះ​ជាយ៉ាង​ណា  អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​​​បាន​លើក​ឡើង​ថា អង្គការ​នេះ​​ត្រូវ​បាន​ប្រាប់​ដោយ​បុគ្គលិក​រដ្ឋបាល​​​សភា​កាល​ពី​ម្សិលមិញ​ថា ការ​បោះ​ឆ្នោត​​​ត្រូវ​លើក​​ទៅ​ធ្វើ​នៅ​ថ្ងៃ​ច័ន្ទវិញ។

គណបក្ស​សង្គ្រោះ​ជាតិ​​លើក​ឡើង​ថា ខ្លួន​​គាំទ្រ​អង្គការ​មិន​មែន​រដ្ឋាភិបាល​​ចំពោះ​​​ការ​​ជំទាស់​នឹង​ច្បាប់​នេះ​។ ​គណបក្ស​ខ្វះ​អាសនៈ​សភា​មិន​អាច​រារាំង​​ឬ​ធ្វើ​វិសោធន​កម្ម​បាន​ទេ ប៉ុន្តែ​បាន​លើក​ឡើង​ពី​លទ្ធភាព​នៃ​​ការ​ធ្វើ​ពហិការ​​ការ​បោះ​ឆ្នោត​។

រដ្ឋាភិបាល​លើក​ឡើង​ថា ខ្លួន​ត្រូវ​ការ​ច្បាប់​​នេះ ដែល​នឹង​តម្រូវ​ឲ្យ​អង្គកា​រទាំង​​អស់​ដាក់​របាយ​ការណ៍​ហិរញ្ញវត្ថុទៀង​ទាត់ ដើម្បី​ធ្វើ​ឲ្យ​​​ប្រាកដ​ថា អង្គការ​ភេរវកម្ម​មិន​ប្រើ​ប្រាស់​​​អង្គ​ការ​មិន​មែន​រ​ដ្ឋាភិបាល​​ដើម្បី​នាំ​លុយ​ចូល​ក្នុង​ប្រទេស​។

លោក ញ៉ិល ភាព សមាជិក​សម្ពន្ធ​ភាព​កសិករ​​​ដែល​មាន​​​សហគមន៍​ប្រហែល​៤០​ក្នុង​ខេត្ត​តាកែវ បាន​និយាយ​នៅ​ជំនួប​កាលពី​ម្សិល​​មិញ​​​​ថា លោក​បារម្ភ​ថា ច្បាប់​​នេះ​​នឹង​ត្រូវ​​គេ​យក​ទៅ​ប្រើ​ខុស​។

លោក​​មាន​ប្រសាសន៍​ថា “​នៅ​ក្នុង​បរិបទ​កម្ពុជា​ សហគមន៍​ដែល​មាន​វិវាទ​ដីធ្លី​តែង​តែ​ធ្វើ​ការ​តវ៉ា​ ហើយ​រដ្ឋាភិបាល​​តែង​តែ​ចោទ​ពួកគេ​ថា​បាន​បង្ក​អសណ្ដាប់ធ្នាប់​សង្គម​ ហើយ​​​អង្គការ​មិន​មែន​រដ្ឋាភិបាល [សមាគម​សហ​គមន៍]​ ទាំង​នោះ​​ នឹង​មិន​ត្រូវ​បាន​ចុះ​បញ្ជី​ទេ​”។

លោក​​ Zachery Lampell ​ទីប្រឹក្សា​​ផ្នែក​ច្បាប់​នៅ​​មជ្ឈមណ្ឌល​អន្តរជាតិ​​ផ្តល់​ជំនួយ​ផ្នែក​​​​​​ច្បាប់​ដោយ​ឥត​គិត​ថ្លៃ​ បាន​មាន​ប្រសាសន៍​ថា ច្បាប់​អង្គការ​មិន​មែន​រដ្ឋាភិបាល​​ក៏​នឹង​រំលោភ​​​​​ច្បាប់​អន្តរ​ជាតិ​ផង​ដែរ ​ជាពិសេស​កាតព្វកិច្ច​របស់​កម្ពុជា​ក្នុង​នាម​ជា​ភាគី​នៃ​អនុសញ្ញា​អន្តរ​ជាតិ​ស្ដីពី​សិទ្ធិ​ស៊ីវិល និង​សិទ្ធិ​នយោបាយ។

លោក​បាន​មាន​ប្រសាសន៍​ថា ដោយមិន​មាន​ហេតុ​ផល​ច្បាស់​លាស់ចំពោ​ការ​បដិសេធ​​​មិន​ឲ្យ​ចុះ​បញ្ជី​នោះ “មាន​ហានិភ័យ​ថា សេចក្ដី​​​​​សម្រេច​នេះ​គឺ​ធ្វើ​តាម​តែ​អំពើ​ចិត្ត​”។

​ខណៈ​ដែល​អង្គការ​មិន​មែន​រដ្ឋាភិបាល​​ជួប​ជុំ​គ្នា​នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា កាលពី​ម្សិលមិញ អ្នក​ប្រឆាំង​ច្បាប់​នេះ​ប្រហែល​៥០០​នាក់​​ទៀត​​បានព្យាយាម​ហែ​ក្បួន​​ទៅ​ចូល​រួម​ដោយ​ចេញ​ពី​ខាង​ក្រៅ​ស្ថានទូត​រុស្ស៊ី។ ប៉ុន្តែ​ពួកគាត់​ត្រូវ​បាន​រារាំង​ដោយ​របាំង​ផ្លូវ​នគរ​​បាល​​នៅមុខ​រដ្ឋសភា កន្លែង​ដែល​ពួក​គាត់​ធ្វើ​ការ​តវ៉ា​​រហូត​ដល់​ថ្ងៃ​ត្រង់៕ សារុន (រាយការណ៍​បន្ថែម​ដោយ​ ម៉ិច ដារ៉ា​)​​​​​​​

 

 

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស