លោក វ៉ា គឹមហុង រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការព្រំដែនមកពីគណបក្សប្រជាជនកម្ពុជាបានបដិសេធមិននិយាយជាមួយក្រុមអ្នកយកព័ត៌មានទេកាលពីម្សិលមិញ បន្ទាប់ពីជួបជាមួយអនុរដ្ឋមន្ត្រីការបរទេសវៀតណាមសម្រាប់កិច្ចប្រជុំដំបូងរបស់គណៈកម្មាធិការព្រំដែនរួមលើកដំបូងចាប់តាំងពីគណបក្សសង្គ្រោះជាតិបានចាប់ផ្តើមយុទ្ធនាការស្វែងរកការទន្ទ្រានទឹកដីពីសំណាក់វៀតណាម។
ពេលដើរចេញពីកិច្ចប្រជុំនាព្រឹកនោះនៅឯទីស្តីការគណៈរដ្ឋមន្ត្រី លោក វ៉ា គឹម ហុង ដែលត្រូវបានគណបក្សសង្គ្រោះ ជាតិចោទប្រកាន់ថា បានឱនក្បាលការពារផលប្រយោជន៍របស់វៀតណាមអំឡុងពេលចរចាព្រំដែនមុនៗនោះ មិនអើពើនឹងក្រុមអ្នកយកព័ត៌មានឡើយរហូតទាល់តែមាន អ្នកយកព័ត៌មានម្នាក់សួរថា “ឯកឧត្តម តើខាងវៀតណាមសម្រេចយ៉ាងណាហើយ?”។
លោក វ៉ា គឹមហុង ដែលឈរចាំជណ្តើរយន្តក្នុងទឹកមុខបែបមួម៉ៅ បានងាកមកអ្នកយកព័ត៌មានរូបនោះ ហើយលោកបានថ្កោល ទោសសំណួរនោះ។
លោកបានលើកឡើងថា “យើងប្រជុំជាមួយគ្នា ហើយមកសួរថាសម្រេចម៉េច អាហ្នឹងគឺយើងចេះតែដើរនិយាយខុស។កម្ពុជា-វៀតណាមប្រជុំជាមួយគ្នា បើសម្រេច សម្រេចជាមួយគ្នា កុំចេះតែដាក់ [សួរ] អ៊ីចឹង វាដូចជាយើងកញ្ជះគេអ៊ីចឹង” មុនពេលបដិសេធមិនឆ្លើយសំណួរបន្ថែមទៀត។
កិច្ចប្រជុំបិទទ្វារនៅទីស្តីការគណៈរដ្ឋមន្ត្រីនេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាពរបស់លោក វ៉ា គឹមហុង និងលោក ហូ ស៊័នសឺន អនុរដ្ឋមន្ត្រីការបរទេសវៀតណាម ដែល ទទួលបន្ទុកចរចាការកំណត់ព្រំដែនកម្ពុជា-វៀតណាម។
លោក វ៉ា គឹមហុង មិនអាចទាក់ទងតាមទូរស័ព្ទបានទេកាលពីម្សិលមិញ។ ទោះជាយ៉ាងណា លោកស្រី កុយ ពិសី ដែលជាអនុប្រធានរបស់លោក បានមានប្រសាសន៍កាលពីថ្ងៃច័ន្ទថា កិច្ចប្រជុំរយៈពេលពីរថ្ងៃេនះនឹងលើកឡើងអំពីតំបន់ព្រំដែនដែលមិនទាន់បានកំណត់នៅឡើយ ព្រមទាំងឧប្បត្តិហេតុដែលបានកើតឡើងកាលពីពេលថ្មីៗនេះ ផងដែរ។
លោកស្រីបានមានប្រសាសន៍ទៀតថា “មានរបៀបវារៈសំខាន់ពីរដែលត្រូវលើកឡើងនៅក្នុងកិច្ចប្រជុំនេះ។ ទី១យើងនឹងបន្តដោះស្រាយបញ្ហានៅសេសសល់ដែលយើងមិនទាន់បានព្រមព្រៀងរួមគ្នា។ ទី២និយាយអំពីចំនួនឧប្បត្តិហេតុដែលកើតឡើងនៅតំបន់ព្រំដែន។ ឧប្បត្តិហេតុដែលយើងលើកឡើង ឧទាហរណ៍ដូចជាការជីកស្រះ និងការធ្វើផ្លូវ និងប៉ុស្តិ៍ [យោធា] តាមបណ្តោយព្រំដែនជាដើម ហើយតំបន់ខ្លះនៅកៀកនឹងព្រំដែនណាស់”។
ដឹកនាំដោយលោក អ៊ុំ សំអាន និង លោក រៀល ខេមរិន្ទ្រ គណបក្សសង្គ្រោះជាតិចាប់តាំងពីខែមុនមកបានឆ្លុះបញ្ចាំងពីការទន្ទ្រានចូលទឹកដីមួយចំនួនពីសំណាក់វៀតណាម រួមទាំងស្រះធំៗដែលគេជីកនៅចំណុច “តំបន់ស” មួយក្នុងខេត្តរតនគិរី និងប៉ុស្តិ៍យោធាមួយកន្លែងដែលបានសាងសង់លើតំបន់សតាមព្រំដែនជាប់ខេត្តកណ្តាលផងដែរ។
“តំបន់ស” បែបនេះគឺជាតំបន់មានវិវាទនៅព្រំដែនដែលត្រូវបានកំណត់សម្រាប់ការចរចានៅពេលអនាគតរវាងមន្ត្រីគណៈកម្មាធិការព្រំដែនរួម ហើយក្នុងពេលជាមួយគ្នានេះ គ្មានប្រទេសណាមួយត្រូវបានអនុញ្ញាតឲ្យអភិវឌ្ឍ ឬអះអាងសិទ្ធិកាន់កាប់ឡើយ។
លោក រៀល ខេមរិន្ទ្រ ក៏អះអាងដែរថា រូបលោកត្រូវបានជនស៊ីវិលវៀតណាម វាយនឹងដំបងឈើ ខណៈដែលលោកកំពុងដឹកនាំក្រុមសកម្មជនកាលពីថ្ងៃទី២៨ ខែមិថុនា ទៅកាន់ចំណុចមានវិវាទមួយនៃព្រំដែនជាប់ខេត្តស្វាយរៀង ដែលវៀតណាម កំពុងស្ថាបនាផ្លូវមួយខ្សែ។
ក្រសួងការរបរទេសកម្ពុជា បានតាមដានរាល់ការចុះទៅពិនិត្យមើលស្ថានភាពដោយតំណាងរាស្ត្រ និងសកម្មរបស់ជនគណបក្សសង្គ្រោះជាតិ ហើយបានចេញកំណត់ទូតដែលប្រើពាក្យសម្ដីធ្ងន់ៗផ្ញើទៅវៀតណាមដើម្បីទាមទារឲ្យពួកគេបញ្ឈប់ការកសាងបែបនេះ ពីព្រោះវាជាការបំពានច្បាប់ “តំបន់ស”។
លោក អ៊ូ វីរៈ អ្នកវិភាគនយោបាយមួយរូប និងជាប្រធានស្ថាប័នស្រាវជ្រាវ “វេទិកាអនាគត”បានលើកឡើងថា ការលាក់បាំងដ៏បត់បែនរបស់គណបក្សប្រជាជនកម្ពុជា ជំុវិញការកំណត់ព្រំដែនជាមួយនឹងប្រទេសវៀតណាម តួយ៉ាងដូចជាការបន្តបដិសេធមិនព្រមបង្ហាញផែនទីព្រំដែនផ្លូវការជាសាធារណៈនោះ គឺកំពុងតែជួយគណបក្សសង្គ្រោះជាតិឲ្យទទួលបានជោគជ័យក្នុងការអនុវត្តយុទ្ធនាការរបស់ខ្លួនប្រឆាំងរដ្ឋាភិបាល។
លោក អ៊ូ វីរៈ បានមានប្រសាសន៍ថា “ត្រង់ចំណុចខ្លះ គណបក្សប្រឆាំងកំពុងតែទទួលបានជ័យជម្នះនៅក្នុងការតតាំងជាសាធារណៈ ប៉ុន្តែ មិនចាំបាច់ខិតខំពេកនោះទេ ព្រោះថា គណបក្សប្រជាជនកម្ពុជាកំពុងតែជួបការលំបាកក្នុងការលុបបំបាត់ប្រវត្តិដែលជាប់ឈ្មោះថាជាអាយ៉ងយួន ហេតុដូច្នេះវាជារឿងងាយស្រួលណាស់សម្រាប់នរណាម្នាក់ទាញយកផលចំណេញពីបញ្ហានេះ”។
លោកបានមានប្រសាសន៍បន្ថែមទៀតថា “បញ្ហាគឺនៅត្រង់ថា គណបក្សប្រជាជនកម្ពុជាកំពុងតែបង្ហាញឲ្យ គេឃើញថា ហាក់បីដូចជាមានរឿងលាក់បាំងជាច្រើន ហើយបញ្ហានេះនឹងធ្វើឲ្យពលរដ្ឋខ្មែរមានការសន្និដ្ឋានកាន់តែខ្លាំងឡើងៗ”។
រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុងតែតស៊ូដើម្បីឆ្លើយតបទៅនឹងការអះអាងរបស់គណបក្សសង្គ្រោះជាតិដែលថា ខ្លួនកំពុងបដិសេធមិនព្រមបង្ហាញផែនទីព្រំដែនផ្លូវការ ដោយសារតាមពិតទៅកំពុងតែប្រើប្រាស់ផែនទីដែលគូសអំឡុងវៀតណាមកាន់កាប់កម្ពុជាក្នុងទសវត្សរ៍ឆ្នាំ១៩៨០។
គួរបញ្ជាក់ថា កាលពីថ្ងៃច័ន្ទ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសរសេរលិខិតផ្ញើទៅកាន់លោក បាន គីមូន អគ្គលេខាធិការអង្គការសហប្រជាជាតិដើម្បីសុំខ្ចីផែនទីកម្ពុជាផ្លូវការដែលគូសដោយប្រទេសបារាំង និងដែលបានតម្កល់នៅអង្គការសហប្រជាជាតិដើម្បីយកមកផ្ទៀងផ្ទាត់ជាមួយនឹងផែនទីដែលរដ្ឋាភបាលបានប្រើដើម្បីកំណត់ព្រំដែន។
លោក ហ្វាហាន ហាក (Farhan Haq) អ្នកនាំពាក្យលោក បាន គីមូន បានលើកឡើង នៅក្នុងអីុម៉េលមួយថា លោកអគ្គរដ្ឋលេខាធិការ សហប្រជាជាតិកំពុងតែពិចារណាលើសំណើនេះហើយ។
លោក ហ្វាហាន ហាក បានមានប្រសាសន៍ ថា “បាទ គាត់បានទទួលលិខិតនេះហើយ។ យើងកំពុងតែសិក្សាអំពីបញ្ហានេះ ហើយអាចនឹងផ្តល់ព័ត៌មានបន្ថែមតាមក្រោយ”៕ សុខុម និង ស៊ុយឈាង