នៅក្នុងការបង្ហាញការជំទាស់ដ៏កម្រមួយក្នុងតុលាការកាលពីម្សិលមិញ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្ដាល បានប្ដឹងទាស់នឹងសាលក្រមផ្តន្ទាទោសបុរសពីរនាក់ដែលជាប់ពាក់ព័ន្ធក្នុងការចាប់ជំរិតហើយសម្លាប់។
ព្រះរាជអាជ្ញា លឹម សុគន្ថា បានសុំឲ្យមានការចោទប្រកាន់បុរសបីនាក់ដែលជាប់ពាក់ព័ន្ធនៅក្នុងការចាប់ជំរិតហើយសម្លាប់យុវជន ហេង ពិសិដ្ឋ អាយុ២៥ឆ្នាំ ជាកូនប្រុសរបស់ម្ចាស់ហាងនំប៉័ងដែលមានសាខាច្រើនកន្លែងពីបទមនុស្សឃាតគ្រោងទុកជាមុនកាលពីខែកក្កដា ឆ្នាំ២០១៤ ក្រោយការស៊ើបអង្កេតអស់រយៈពេលជាច្រើនខែ។
តែទោះជាយ៉ាងណា នៅក្នុងការប្រកាសសាលក្រមកាលពីថ្ងៃច័ន្ទ លោក ហុក វ៉ាន់ធីណា ចៅក្រមប្រធានក្រុមប្រឹក្សាជំនុំជម្រះដែលក៏ជាប្រធានសាលាដំបូងខេត្តកណ្ដាលដែរនោះ បានបន្ធូរបន្ថយបទចោទប្រកាន់លើជនសង្ស័យចំនួនពីរនាក់ដែលម្នាក់ឈ្មោះ ឥន្ធ រស្មី អាយុ២៦ឆ្នាំ និងម្នាក់ទៀតឈ្មោះ សេង សុខ អាយុ២៥ឆ្នាំ ទៅជាបទរក្សាទុកអាវុធខុសច្បាប់ និងមិនរាយការណ៍អំពីបទឧក្រិដ្ឋនេះដល់អាជ្ញាធរ ដោយផ្តន្ទាទោសពួកគេឲ្យ ជាប់ពន្ធនាគារក្នុងម្នាក់ៗរយៈពេល១ឆ្នាំ ខណៈការចោទប្រកាន់ដ៏ធ្ងន់ធ្ងរត្រូវធ្លាក់លើជនសង្ស័យម្នាក់ទៀតឈ្មោះ សេង ចន្ធី អាយុ២៥ឆ្នាំ ដែលត្រូវបានផ្ដន្ទាទោសឲ្យជាប់ពន្ធនាគារមួយជីវិត។
លោក សុគន្ថា មានប្រសាសន៍តាមទូរស័ព្ទបន្ទាប់ពីការប្រកាសសាលក្រមថា“ខ្ញុំមិនអាចទទួលយកសេចក្ដីសម្រេចដែលកែប្រែការចោទប្រកាន់លើចុងចោទបានឡើយ។ ខ្ញុំបានប្ដឹងទាស់នឹងសេចក្ដីសម្រេចនេះរួចហើយ”។
លោកបានមានប្រសាសន៍បន្ថែមថា“ ឆ្លងកាត់តាមរយៈការស៊ើបអង្កេត យើងបានរកឃើញថា ជនទាំងបីនាក់នេះសុទ្ធតែមានជាប់ពាក់ព័ន្ធ ហើយពួកគេបានដឹកជនរងគ្រោះតាមរថយន្តជាមួយគ្នា បន្ទាប់ពីចាប់ជនរងគ្រោះបាន”។ លោកបន្ថែមថា ជនសង្ស័យ ចន្ធី បានសារភាពថា ពួកគេទាំងបីនាក់សុទ្ធតែត្រូវទទួលខុសត្រូវស្មើៗគ្នា។
នៅពេលទាក់ទងកាលពីម្សិលមិញ លោក ចៅ វុទ្ធី នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តកណ្ដាល ដែលដឹកនាំការស៊ើបអង្កេតក្នុងសំណុំរឿងចាប់ជំរិតហើយសម្លាប់នេះ ក៏បានលើកឡើងផងដែរថា លោកវង្វេងវង្វាន់អស់ហើយដោយសារតែការបន្ធូរបន្ថយការចោទប្រកាន់នេះ។
លោកបានមានប្រសាសន៍ថា“ ខ្ញុំមិនយល់សោះ ហេតុអ្វីបានជាតុលាការកែប្រែការចោទប្រកាន់លើពួកគេ។ បន្ទាប់ពីការស៊ើបអង្កេតរបស់យើង យើងបានរកឃើញថា សេង សុខ ក៏ជាឃាតករដែរ”។ លោកបានបន្ថែមថា ឥន្ធ រស្មី យ៉ាងហោចណាស់ក៏មានជាប់ពាក់ព័ន្ធនៅក្នុងឃាតកម្មនេះដែរ។
លោក វុទ្ធី ក៏បានលើកឡើងទៀតផងដែរថា នគរបាលកំពុងតែតាមស្វែងរកជនសង្ស័យទី៤នៅឡើយ គឺឈ្មោះ វឹត សុធារ៉ា ដែលលោកចាត់ទុកថា ជាមេខ្លោងនៅក្នុងផែនការជំរិតទារប្រាក់ពីគ្រួសារដែលមានហាងនំប៉័ងយីហោ ហេង ចេង ជាច្រើនសាខា។
លោក ឡុង លន់ មេធាវីរបស់ ចន្ធី បានលើកឡើងកាលពីម្សិលមិញថា កូនក្ដីរបស់ខ្លួនបានសារភាពដោយសារមានការធ្វើទារុណកម្ម។
រីឯលោក ណាច ទ្រី មេធាវីរបស់ សេង សុខ វិញ លើកឡើងថា បន្ទាប់ពីមានការពន្យារពេលម្ដងហើយម្ដងទៀតនៅក្នុងសំណុំរឿងនេះ លោកមិនបានយកចិត្តទុកដាក់នឹងរឿងចូលរួមក្នុងការផ្ដន្ទាទោសកាលពីថ្ងៃច័ន្ទឡើយ ហើយក៏មិនបានដឹងពីសាលក្រមនេះដែរ។
គេមិនអាចទាក់ទងចៅក្រម វ៉ាន់ធីណា ដើម្បីសុំការធ្វើអត្ថាធិប្បាយបានឡើយ៕ ស៊ុយឈាង