30.1 C
Phnom Penh

តំណាង​រាស្ត្រ​អំពាវនាវ​ឲ្យ​សហ​ប្រជាជាតិ​ជួយ​អ្នក​ជាប់​ឃុំ​នៅ​ព្រៃ​ស្ពឺ​បាន​ទៅ​ផ្ទះ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បន្ទាប់ពី​មាន​អធិការ​កិច្ច​នៅ​មណ្ឌល​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​ពោធិ៍​សែនជ័យ នៅ​ក្រុង​ភ្នំពេញ​កាលពី​ថ្ងៃ​អង្គារ តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង លោក​ស្រី កែ សុវណ្ណរតន៍ កាលពី​ថ្ងៃ​ពុធ​បាន​មាន​ប្រសាសន៍​ថា លោក​ស្រី​កំពុង​ស្វះស្វែង​សុំ​ជំនួយ​ពី​អង្គការ​សហ​ប្រជាជាតិ ក្នុង​ការ​ដឹក​ជញ្ជូន​ទៅ​ផ្ទះ​វិញ​នូវ​អ្នក​ជាប់​ឃុំ​រាប់​សិប​នាក់​នៅ​កន្លែង​ឃុំ​ខ្លួន​ដែល​មាន​ឈ្មោះ​អាក្រក់ ដែល​សុំ​អង្វរ​ឲ្យ​មាន​ការ​​ដោះ​លែង​អំឡុង​ទស្សនកិច្ច​របស់​លោក​ស្រី។

លោក​ស្រី សុវណ្ណរតន៍ បាន​មាន​ប្រសាសន៍​ថា “ខ្ញុំ​គិត​ថា ប្រសិនបើ​យើង​ធ្វើការ​ជាមួយ​អង្គការ​សហ​ប្រជាជាតិ វា​នឹង​លឿន​ជាង​ធ្វើការ​ជាមួយ​មន្ទីរ​សង្គម​កិច្ច​រាជ​ធានី ពីព្រោះ​មន្ទីរ​សង្គម​កិច្ច​នឹង​ចាំបាច់​ត្រូវ​បំពេញ​ឯកសារ​ថែមទៀត ដើម្បី​ដោះ​លែង​និង​ដឹក​ជញ្ជូន​អ្នក​ជាប់​ឃុំ”។

កាលពី​រសៀល​ថ្ងៃ​អង្គារ នៅ​ពេល​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​និង​គណបក្ស​ប្រជាជន​កម្ពុជា ​ក្នុង​គណៈកម្មការ​សុខាភិបាល​របស់​សភា បាន​ធ្វើ​ដំណើរ​ចុះ​ពិនិត្យ​មណ្ឌល​នេះ ដែល​គេ​ស្គាល់​ថា ព្រៃ​ស្ពឺ នោះ មនុស្ស​ជាច្រើន​ក្នុង​ចំណោម​ជិត​១០០​នាក់​នៅ​មណ្ឌល​នេះ បាន​អង្វរ​សុំ​ឲ្យ​ដោះលែង​ពួកគេ។ លោក​ស្រី សុវណ្ណរតន៍ ដែល​ជា​ប្រធាន​គណៈកម្មការ​នេះ បាន​សន្យា​នឹង​ពួកគេ​ថា លោក​ស្រី​នឹង​ទាក់ទង​អង្គការ​សហ​ប្រជាជាតិ​នៅ​ព្រឹក​ស្អែក។

យោង​តាម​អ្នក​ជាប់​ឃុំ​និង​ក្រុម​សិទ្ធិ​មនុស្ស​បាន​ឲ្យ​ដឹង​ថា ការ​រំលោភ​បំពាន​លើ​ផ្លូវ​កាយ​និង​ផ្លូវ​ភេទ​កើត​ឡើង​ច្រើន​នៅ​ព្រៃ​ស្ពឺ រីឯ​ស្ថានភាព​សុខភាព​និង​អនាម័យ​វិញ​អាក្រក់​ហួស​ពី​ការ​ស្មាន។ ការ​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​គឺ​គ្មាន​ទេ​នៅ​ទី​នោះ។

ទាក់ទង​កាលពី​ថ្ងៃ​ពុធ លោក​ស្រី សុវណ្ណរតន៍ បាន​មាន​ប្រសាសន៍​ថា លោក​ស្រី​មិន​អាច​ទាក់ទង​មន្ត្រី​នៅ​អង្គការ​សហ​ប្រជាជាតិ ដែល​លោក​ស្រី​មិន​បាន​ប្រាប់​ឈ្មោះ​បាន​ទេ។

លោក​ស្រី​បាន​មាន​ប្រសាសន៍​ថា លោក​ស្រី​បាន​និយាយ​ជាមួយ​ប្រធាន​មន្ទីរ​សង្គម​កិច្ច​រាជធានី លោក សន សុផល ដែល​បាន​ប្រាប់​លោក​ស្រី​ថា លោក​កំពុង​ដំណើរការ​រៀបចំ​ការ​ដឹក​ជញ្ជូន​អ្នក​ជាប់​ឃុំ​មួយ​ចំនួន ដើម្បី​ឲ្យ​ពួកគេ​អាច​ត្រឡប់​ទៅ​ខេត្ត​កំណើត​របស់​ខ្លួន​វិញ។

ទាក់ទង​ដោយ​អ្នក​យក​ព័ត៌មាន​កាលពី​ម្សិលមិញ លោក សុផល បាន​អះអាង​ថា អ្នក​នៅ​មណ្ឌល​នេះ​ទាំង​អស់​ដែល​ចង់​ទៅ​ផ្ទះ​វិញ ត្រូវ​បាន​ដោះ​លែង​អស់​ហើយ។

លោក​បាន​និយាយ​ថា “ខ្ញុំ​បាន​អនុញ្ញាត​ឲ្យ​ពួកគេ​ចាកចេញ​ហើយ។ ខ្ញុំ​មិន​ដឹង​ថា នៅ​សល់​មនុស្ស​ប៉ុន្មាន​ទៀត​ទេ។ ខ្ញុំ​មិន​ដឹង​ថា​នៅ​មាន​មនុស្ស​ប៉ុន្មាន​នាក់​នៅ​ទីនោះ​ទេ ពីព្រោះ​ខ្ញុំ​មិន​បាន​រាប់​ពួកគេ”។

លោក​ស្រី វ៉ាន ហ៊ីលី តំណាង​ការិយាល័យ​ស្នងការ​ជាន់​ខ្ពស់​របស់​អង្គការ​សហ​ប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស (OHCHR) បាន​មាន​ប្រសាសន៍​តាម​រយៈ​សារ​អេឡិចត្រូនិក​កាលពី​ថ្ងៃ​ពុធ​ថា លោក​ស្រី សុវណ្ណរតន៍ មិន​បាន​ទាក់ទង​ការិយាល័យ​របស់​លោក​ស្រី​ទេ ប៉ុន្តែ​នឹង​ជួយ​ជន​ជាប់​ឃុំ​ឲ្យ​បាន​ត្រឡប់​ទៅ​ផ្ទះ​វិញ បើ​មាន​ការ​ស្នើ​សុំ។

លោក​ស្រី​បាន​មាន​ប្រសាសន៍​ថា “OHCHR ទៅ​មើល​ព្រៃ​ស្ពឺ​ជា​ទៀងទាត់ ហើយ​យើង​តែងតែ​ត្រៀម​ជួយ​អ្នក​ដែល​ចង់​ចាក​ចេញ”។ លោក​ស្រី​បាន​បន្ថែម​ថា ស្ថានការណ៍​នៅ​ព្រៃ​ស្ពឺ និង​មណ្ឌល​ឃុំ​ខ្លួន​ស្រដៀង​នេះ នៅ​តែ​ជា​កង្វល់​នៅ​ឡើយ។

លោក​ស្រី លី បាន​មាន​ប្រសាសន៍ ដោយ​អំពាវនាវ​ឲ្យ​ពិនិត្យ​ការ​អនុវត្ត​នៃ “ការ​ប្រមូល​និង​ឃុំ​ខ្លួន​មនុស្ស​ដែល​មិន​បាន​ប្រព្រឹត្ត​កំហុស ដោយ​គ្រាន់តែ​មើល​ឃើញ​ភាព​ក្រីក្រ​និង​គ្មាន​ផ្ទះ​សំបែង​នោះ​ថា “សេចក្តី​ត្រូវ​ការ​នៅ​តែ​បន្ទាន់ យ៉ាង​ហោច​ណាស់​ទាក់ទិន​នឹង​ថ្នាំ​ពេទ្យ អាហារ និង​អនាម័យ របស់​អ្នក​ដែល​ត្រូវ​គេ​ចាប់​ប្រមូល​និង​ឃាត់​ទុក​នៅ​តាម​មណ្ឌល​នានា”៕ និត (រាយការណ៍​បន្ថែម​ដោយ Alex Consiglio)

 

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស