27 C
Phnom Penh

គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​ការ​​​ពារ​​​ច្បាប់ស្តីពី​​​ ​​​NGO នៅឯសិក្ខាសាលា​​​ខណៈ​​​​គណបក្ស​​​ប្រឆាំង​​​ដើរ​​​ចេញ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

cam-photo-front-channa5
លោក​ ទូច ណារុថ ប្រធាន​នាយកដ្ឋាន​អង្គរក្ស​ក្រសួង​មហាផ្ទៃ​ (ស្តាំ) និយាយទៅ​កាន់​ក្រុម​ស្ត្រីដែល​មាន​បំណង​បញ្ចេញ​មតិ​នៅ​ក្នុង​សិក្ខាសាលា​ស្តីពី​ច្បាប់​អង្គការ​រដ្ឋាភិបាល​នៅឯ​សភា​ជាតិ​ក្នុង​ក្រុង​ភ្នំពេញ​ កាលពី​ម្សិលមិញ។ រូបថតៈ ស៊ីវ ចាន់ណា/The Cambodia Daily

សមាជិក​​​សភា​​​ និង​​​មន្ត្រី​​​មក​​​ពី​​​គណ​​​បក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​ បាន​​​បន្ត​​​ការ​​​ពារ​​​សេចក្តី​​​ព្រាង​​​ច្បាប់​​​ដ៏​​​ចម្រូង​​​ចម្រាស​​​របស់ខ្លួន​​​ដែល​​​មាន​​​បំណង​​​គ្រប់គ្រង​​​អង្គការ​​​មិន​​​មែន​​​រដ្ឋាភិបាល​​​​​​​​នៅ​​​ក្នុង​​​ប្រទេស​​​​​​នៅឯ​​​សិក្ខាសាលា​​​មួយ​​​ធ្វើ​​​ឡើង​​​ក្នុង​​​រដ្ឋ​​​សភា​​​កាល​​​ពី​​​ម្សិលមិញ​​​ ទោ​​​ះ​​​បី​​​ជា​​​មាន​​​ការ​​​ធ្វើ​​​ពហិកា​​​រ​​​ពី​​​អង្គការ​​​មិន​​​មែន​​​រដ្ឋា​​​ភិ​​​បាល​​​​​​មួយ​​​ចំនួន និង​​​គណបក្ស​​​ប្រឆាំង​​​​​​ដែល​​​​​​​​​ចាត់​​​ ទុក​​​ព្រឹត្តិការណ៍​​​​​​នេះ​​​ថា “គ្មានន័យ” ​​​ក៏​​​​​​ដោយ ។

គណ​​​បក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​​​​​​​បាន​​​រៀប​​​ចំ​​​សិក្ខា​​​សាលា​​​នេះមុន​​​ការ​​​បោះ​​ឆ្នោត​​​ដែល​​​ជិត​​​មកដល់​​​​​​ ដើម្បី​​​ស្តាប់​​​​​​មតិយោបល់​​​បន្ថែមពី​​​អ្នក​​​ចូល​​​រួម​​​​​​ជុំវិញ​​​សេចក្តី​​​​​​ព្រាង​​​ច្បាប់​​​នេះ​​​ ដែល​​​អង្គការ​​​មិន​​​មែន​​​រដ្ឋាភិបាល​​​ព្រួយ​​​បារម្ភ​​​ខ្លាច​​​ក្រែង​​​រដ្ឋាភិបាល នឹង​​​ប្រើ​​​ប្រាស់​​​ដើម្បី​​​បំបិទ​​​សិទ្ធិ​​​រិះ​​​គន់​​​របស់​​​ខ្លួន​​​។ ប៉ុន្តែ ខណៈ​​​សិក្ខា​​​សាលា​​​​​​នេះ​​​កំពុង​​​ដំណើរ​​​ការ​​​ សមាជិក​​​សភា​​​មក​​​​​ពី​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​បាន​​​​​​ដើរ​​​ចេញ​​​នៅ​​​ក្នុង​​​ចំណោម​​​អ្នក​​​ចូល​​​រួម​​​ជា​​​ច្រើន​​​ ដើម្បី​​​ស​​​ការ​​​តវ៉ា​​​។

លោក សុន ឆ័យ សមាជិកសភា​​​មក​​​ពី​​​​​​គណ​​​បក្ស​​​ប្រឆាំង​​​បាន​​​ថ្លែង​​​តាម​​​ក្រោយ​​​ថា “យើង​​​ធ្វើ​​​ពហិការ​​​ព្រោះ​​​សិក្ខាសាលា​​​នេះ​​​​​​គ្មាន​​​ន័យ​​​អ្វី​​​ទេ​​​​​​​​​។ វា​​​មិន​​​មែន​​​ជា​​​កិច្ច​​​ប្រជុំ​​​ដែល​​​អនុញ្ញាត​​​ឲ្យ​​​ពល​​​រដ្ឋ​​​ចូល​​​រួម​​​ឡើយ​​​​​​…វា​​​គ្រាន់​​​តែ​​​ជា​​​កិច្ច​​​ប្រជុំ​​​​​​​​​ឲ្យ​​​ល្អ​​​មើល​​​តែ​​​ប៉ុណ្ណោះ​​​។ វា​​​នឹង​​​មិន​​​ផ្តល់​​​ឱកាស​​​ឲ្យ​​​មាន​​​ការ​​​កែប្រែ​​​ច្បាប់​​​នេះ​​​ឡើយ​​​”។

គណៈកម្មាធិការ​​​អចិន្ត្រៃយ៍​​​នៃ​​​រដ្ឋ​​​សភា​​​​​​បាន​​​បដិសេធ​​​មិន​​​ឲ្យ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​​​​​​​ចូល​​​រួម​​​ពាក់​​​ព័ន្ធ​​​នៅ​​​ក្នុង​​​ការ​​​រៀប​​​ចំ​​​សិក្ខា​​​សាលា​​​​​​នេះទេ​​​ ​​​នៅ​​​ពេល​​​ខ្លួន​​​បាន​​​សម្រេច​​​មិន​​​ឲ្យគណៈ​​​កម្មការ​​​ណា​​​មួួ​​​យ​​​នៃ​​​រដ្ឋ​​​សភា​​​ដែលមាន​​​​សមា​​​ជិក​​​​​​មក​ពី​​​គណបក្ស​​​ប្រឆាំង​​​ធ្វើ​​​ជា​​​ប្រធាន​​​នោះ​​​​ ​​​ពិនិត្យ​​​​​​មើល​​​សេចក្តី​​​ព្រាង​​​ច្បាប់​​​នេះ។ គណ​​​បក្ស​​​សង្គ្រោះ​​​ជាតិ​​​​​​​​​បាន​​​អំពាវ​​​នាវ​​​សុំ​​​ឲ្យ​​​មាន​​​ពេល​​​វេលា​​​ច្រើន​​​បន្ថែម​​​ទៀត​​​ដើម្បី​​​ពិភាក្សា​​​ដេញ​​​ដោល​​​អំពី​​​ច្បាប់​​​នេះ​​​ ដែល​​​រង​​​ការ​​​រិះគន់​​​យ៉ាង​​​ខ្លាំង​​​ពី​​​អង្គការ​​​មិន​​​មែន​​​រដ្ឋាភិ​​​បាល​​​រាប់​​​រយ​​​ ក៏​​​ដូច​​​ជា​​​អង្គការ​​​សហប្រជា​​​ជាតិ សហរដ្ឋ​​​អាមេរិក​​​ និង​​​សហភាព​​​អឺរ៉ុប​​​ផង​​​ដែរ។

លោក សុន ឆ័យ បាន​​​ថ្លែង​​​បន្ថែម​​​ថា “ តើ​​​យើង​​​អាច​​​ធ្វើ​​​វាត្រឹម​​​តែ​​​មួយ​​​ព្រឹកបាន​​​ដោយ​​​​​​​​​របៀប​​​​​​ណា​​​ទៅ​​​?”។

លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី ហ៊ុន សែន បាន​​​ជំរុញ​​​ឲ្យ​​​សេចក្តី​​​ព្រាង​​​ច្បាប់​​​នេះ​​​មាន​​​ដំណើរ​​​ការ​​​ទៅ​​​មុខ​​​​​​ដោយ​​​លោក​​​ចាត់​​​ទុក​​​ថា វា​​​ជា​​​របាំង​​​​​​ដ៏​​​សំខាន់​​​ដើម្បី​​​ទប់​​​ស្កាត់​​​កុំ​​​ឲ្យ​​​ហិរញ្ញប្ប​​​ទាន​​​ភេរវកម្ម​​​ហូរ​​​ចូល​​​មក​​​ក្នុង​​​ប្រទេស​​​តាម​​​រយៈ​​​​​​អង្គការ​​​មិន​​​​​​មែន​​​រដ្ឋាភិបាល​​​។

រដ្ឋាភិបាល​​​បាន​​​លើក​​​ឡើង​​​ថា ខ្លួន​​​គ្រាន់​​​តែ​​​ចង់​​​ឲ្យ​​​អង្គការ​​​មិន​​​មែន​​​រដ្ឋាភិបាល​​​ធ្វើ​​​ខ្លួន​​​ឲ្យ​​​មាន​​​តម្លាភាព​​​ប៉ុណ្ណោះ​​​។ តែ​​​ទោះជា​​​យ៉ាង​​​ណា​​​ រដ្ឋាភិបាល​​​ខ្លួន​​​ឯង​​​ជារឿយៗ​​​តែ​ង​​​តែ​​​ទទួល​​​បានពិន្ទុ​​​​​​ដ៏ទាប​​​​​​​ក្នុង​​​ការ​​​ដាក់​​​ចំណាត់​​​ថ្នាក់​​​​ទូទាំង​​​ពិភព​​​លោក​​​ផ្នែក “​​​តម្លាភាព”​​​។ចំណែក​​​ឯ​​​អង្គការ​​​តម្លា​​​ភាព​​​អន្តរជាតិ​​​វិញ​​​មិន​​​ត្រូវ​​​បាន​​​គេ​​​អញ្ជើញ​​​ឲ្យ​​​មក​​​ចូល​​​រួ​ម​​​ក្នុង​​​សិក្ខាសាលា​​​កាល ពី​​​ម្សិលមិញឡើយ​​​។លោក​​​ ព្រាប​​​ កុល ដែល​​​ជា​​​ប្រធាន​​​​​​​​​អង្គ​​​ការ​​​នេះ​​​​​​​​បាន​​​លើក​​​ឡើង​​​ថា គេ​​​មិន​​​​​​​​​អញ្ជើញ​​​លោក​​​ទេ ហើយលោក​​​​​​មិន​​​ត្រូ​​វ​​​បាន​​​អនុញ្ញាត​​​ឲ្យ​​​ចុះ​​​ឈ្មោះ​​​ឡើយ ព្រម​​​ទាំង​​​ត្រូវ​​​បាន​​​គេ​​​បណ្តេញ​​​ចេញ​​​ទៀត​​​ផង​​​ នៅ​​​ពេល​​​​​​​​​លោក​​​បង្ហាញ​​​មុខ​​​នៅ​​​ក្នុង​​​រដ្ឋសភា​​​កាល​​​ពី​​​ម្សិលមិញ​​​។

អង្គការ​​​មួយច​​​ំនួន​​​ដែល​​​រិះ​​​គន់​​​ធ្ងន់​​​ៗ​​​លើ​​​រដ្ឋាភិបាល​​​​​​រួម​​​មាន​​​ដូច​​​ជា អង្គការ​​​សិទ្ធិ​​​មនុស្ស​​​អាដ​​​ហុក​​​ និង​​​អង្គការ​​​លីកាដូ​​​ជា​​​ដើម ​​​​​​​​​បាន​​​សម្រេចមិន​​​ចូល​​​រួម​​​សិក្ខា​​​សាលា​​​នេះទេ​​​​​​​​​។ ដូច​​​ គណ​​​បក្ស​​​​​​សង្គ្រោះ​​​ជាតិ​​​ដែរ​​​ ពួក​​​គេ​​​បាន​​​ចាត់​​​ទុក​​​ការ​​​អញ្ជើញ​​​​​របស់​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​ឲ្យ​​​សាធារណជន​​​មក​​​ផ្តល់​​​មតិយោ​​​បល់​​​ថា ពុំ​​​សូវ​​​ជាមាន​​​ភាព​​​ស្មោះ​​​ត្រង់​​​​​​។

នៅ​​​ក្នុង​​​រដ្ឋសភា​​​កាល​​​ពី​​​ម្សិលមិញ​​​ លោក ឈាង វុន សមាជិក​​​សភា​​​មក​​​ពី​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​ បាន​​​រៀប​​​ចំ​​​សិក្ខាសាលា​​​នេះ​​​យ៉ាង​​​ប្រុង​​​ប្រយ័ត្ន​​​ ដោយ​​​​​​បាន​​​ហៅ​​​ឈ្មោះ​​​អ្នក​​​​​​ចូល​​​រួម​​​ដែល​​​មាន​​​នៅ​​​ក្នុង​​​បញ្ជី​​​ និង​​​ដែល​​​បាន​​​ដាក់​​​ជូន​​​សំណួរ​​​ និង​​​ការ​​​ផ្តល់​​​មតិ​​​យោបល់​​​ជាមុន​​​។ គេ​​​បាន​​​បើក​​​ឱកាស​​​ឲ្យ​​​មាន​​​ការ​​​សួរ​​​សំណួរ​​​ និង​​​ផ្តល់​​​មតិ​​​យោបល់រយៈ​​​ពេល​​​១ម៉ោង​​​ ដោយ​​​អ្នក​​​ចូល​​​រួមនីមួយ​​​ៗ​​​​​​​​​មាន​​​ពេល​​​៣​​​នាទី​​​សម្រាប់​​​សួរ​​​សំណួរ​​​ ឬ​​​ផ្តល់មតិយោបល់​​​។

​​​នៅ​​​ក្នុង​​​បញ្ជី​អ្នក​​​ចូល​​​រួម​​​ ​​រួម​​​មាន​​​ដូច​​​ជា​​​អ្នក​​​រិះ​​​គន់​​​​​​សេចក្តី​​​ព្រាង​​​ច្បាប់​​​នេះ​​​ជា​​​ដើម​​​ ប៉ុន្តែ ​​​​​​គេ​​​បាន​​​ផ្តល់​​​ឱកាស​​​​​​ឲ្យ​​​អ្នក​​​ដែល​​​ទំនងជា​​​​​​គាំទ្រ​​​សេចក្តីព្រាង​​​ច្បាប់​​​េនះ​​​ច្រើន​​​ជាង​​​ ក្នុង​​​នោះ​​​មាន​​​​​​សមាជិក​​​មួយ​​​ចំនួន​​​មក​​​ពី​​​អង្គការ​​​យុវជន​​​។

ក្នុង​​​ចំណោម​​​អ្នក​​​ដែលត្រូវ​​​បាន​​​អនុ​​​ញ្ញាត​​​ឲ្យ​​​ឡើង​​​និយាយ​​​ គឺ​​​និស្សិត​​​ ជា ឆេង ដែល​​​​​​សិក្សា​​​នៅ​​​សាកល​​​វិទ្យាល័យ​​​​​​ភូមិន្ទ​​​នីតិសាស្ត្រ និង​​​វិទ្យាសាស្ត្រ​​​សេដ្ឋកិច្ច​​​ និង​​​ដែល​​​មាន​​​សម្ព័ន្ធ​​​ភាព​​​ជាមួយ​​​​​​សហភាព​​​សហព័ន្ធ​​​យុវជន​​​កម្ពុជា ដែល​​​មាន​​​ទំនាក់​​​ទំនង​​​ជាមួយ​​​គណបក្ស​​​ប្រជា​​​ជនកម្ពុជា និង​​​ដែលត្រូវ​​​​​​បាន​​​ដឹក​​​នាំដោយ​​​លោក ហ៊ុន ម៉ានី [កូន​​​ប្រុស​​​របស់​​​លោក ហ៊ុន សែន] ដែល​​​ខ្លួន​​​លោក​​​ផ្ទាល់​​​ក៏​​​ជា​​​សមាជិក​​​សភា​​​មួយ​​​រូប​​​ដែរ​​​នោះ​​​។

និស្សិត​​​រូប​​​នេះ ​​​បាន​​​ជំរុញ​​​ឲ្យ​​​​​​សមាជិក​​​សភា​​​អនុម័ត​​​ច្បាប់​​​នេះ​​​ និង​​​បាន​​​រិះ​​​គន់​​​​​អង្គការ​​​មិន​​​មែន​​​រដ្ឋាភិបាល​​​ថា បាន​​​ធ្វើ​​​បាតុកម្ម​​​ប្រឆាំង​​​គោល​​​នយោបាយ និង​​​ការ​​​អនុវត្ត​​​របស់​​​រដ្ឋា ភិ​​​បាល ខណៈ​​​ទទួល​​​បាន​​​ជំនួយ​​​ពី​​​ក្រៅ​​​ប្រទេស​​​។

និស្សិត​​​រូប​​​នេះ បាន​​​និយាយ​​​ថា “ អ៊ីចឹង​​​ ប្រសិន​​​បើ​​​យើង​​​គ្មាន​​​ច្បាប់​​​ តើ​​​នរណា​​​គ្រប់​​​គ្រង​​​នរណា​​​?។ ប្រសិនបើ​​​គ្មាន​​​ច្បាប់​​​គ្រប់​​​​​​គ្រង​​​អង្គការ​​​ក្រៅ​​​រដ្ឋា​​​ភិបាល​​​ តើ​​​ពួក​​​គេ​​​អាច​​​មាន​​​អព្យាក្រឹត្យ​​​ភាព ​​​តម្លាភាព និង​​​ការ​​​ទទួល​​​ខុស​​​ត្រូវ​​​តាម​​​របៀប​​​ណា​​​?”។

រីឯអ្នក​​​ចូល​​​រួម​​​ម្នាក់​​​ទៀត​​​ឈ្មោះ ឡាយ សុវណ្ណ មក​​​ពី​​​សមាគម​​​សិស្ស​​​​​​​​​និស្សិត​​​​​​បញ្ញវន្ត​​​ក្មេង​​​វត្ត​​​​​​​​​បាន​​​និយាយ​​​ថា ច្បាប់​​​នេះនឹងក្លាយ​​​​​​ជា​​​ឧបករណ៍​​​ដ៏​​​មាន​​​ប្រយោជន៍​​​សម្រាប់​​​ប្រឆាំង​​​​​​ដូច​​​ជា​​​លោក​​​ស្រី​​​ ម៉ម សុម៉ាលី​​​ ដែលជា​​​ប្រធាន​​​អង្គការ​​​មាន​​​ឈ្មោះ​​​អាស្រូវ​​​ទាក់​​​ទិន​​​នឹង​​​ការ​​​ប្រឌិត​​​រឿង​​​អតីត​​​កាល​​​របស់​​​ខ្លួន​​​​​​ និង​​​ការ​​​បង្រៀន​​​ស្ត្រី​​​ក្មេងៗ​​​​​​ឲ្យ​​​ចេះ​​​ភូត​​​កុហក​​​ដូច​​​ខ្លួន​​​ដើម្បី​​​ទាក់​​​ទាញ​​​ជំនួយ​​​ជា​​​ដើម​​​។

លោក សុវណ្ណ ​​​បាន​​​និយាយ​​​ថា “ ពួក​​​គេ​​​បាន​​​​​​ទាញ​​​យក​​​ប្រយោជន៍​​​សម្រាប់​​​ខ្លួន​​​ដោយ​​​​​កេ​​​ង​​​ចំណេញ​​​ពីជន​​​រងគ្រោះ​​​”។ លោក សុវណ្ណ ក៏​​​បាន​​​អំពាវ​​​នាវ​​​ឲ្យ​​​សមាជិក​​​សភា​​​បង្កើត​​​ច្បាប់​​​ឲ្យ​​​កាន់តែ​​​តឹង​​​រឹុង​​​​​​ថែម​​​ទៀត​​​ផង​​​ដែរ​​​ ដោយ​​​ដាក់​​​ពិន័យ​​​យ៉ាង​​​ធ្ងន់​​​ធ្ងរ​​​លើ​​​អង្គការ​​​មិនមែន​​​រដ្ឋាភិបាល​​​ណា​​​ដែល​​​ប្រព្រឹត្ត​​​អំពើ​​​ពុក​​​រលួយ​​​។

សេចក្តី​​​ព្រាង​​​ច្បាប់​​​នេះ​​​នឹង​​​តម្រូវ​​​ឲ្យ​​​អង្គការ​​​​​​មិន​​​មែន​​​រដ្ឋាភិបាល និង​​​សមាគម​​​ទាំង​​​អស់​​​ចុះ​​​បញ្ជី​​​ជាមួយ​​​រដ្ឋាភិបាល​​​ដើម្បី​​​បន្ត​​​ប្រតិបត្តិការ​​​របស់​​​ខ្លួន​​​ ហើយ​​​ត្រូវ​​​ដាក់​​​របាយការណ​​៍​​​ប្រចាំ​​​ឆ្នាំ​​​អំពី​​​សកម្មភាព​​​ និង​​​ហិរញ្ញ​​​វត្ថុ​​​របស់ខ្លួន​​​ជូន​​​រដ្ឋាភិបាល​​​។

អ្នក​​​រិះគន់​​​បាន​​​លើក​​​ឡើង​​​ថា ច្បាប់​​​នេះ​​​​​​រំលោភសិទ្ធិ​​​សេរីភាព​​​ក្នុង​​​ការ​​​ជួប​​​ជុំ​គ្នា​​​​​របស់​​​ពួក​​​គេ​​​ដែល​​​មាន​​​ចែង​​​នៅ​​​ក្នុង​​​រដ្ឋ​​​ធម្ម​​​នុញ្ញ​​​។ ពួក​​​គេ​​​ព្រួយ​​​បារម្ភ ខ្លាច​​​ក្រែង​​​រដ្ឋាភិ​​​បាល​​​នឹង​​​​​​ប្រើ​​​ច្បាប់​​​​​​មិន​​​ច្បាស់​​​លាស់​​​នេះ​​​ ដើម្បី​​​បំបិទ​​​សិទ្ធិ​​​រិះ​​​គន់​​​ និង​​​រារាំង​​​ពួក​​​គេ​​​មិន​​​ឲ្យ​​​ចុះ​​​បញ្ជី​​​។

អង្គ​ការ​សហ​ប្រជា​ជាតិ  និងសហរដ្ឋ​អាមេរិក​​ បាន​ជំរុញឲ្យ​រដ្ឋាភិ​​បាល​ពិចារណា ឡើងវិញ​ចំពោះ​​​​ការ​ត្រូវ​ការ​របស់​ខ្លួន​នូវ​ច្បាប់​​នេះ​។ នៅឯ​សិក្ខាសាលា​កាល​ពី​ម្សិលមិញ លោក អាឡាំង វ៉ាដឺស្មីសសេន (Alain Vandersmissen) ភារធារី​រង​របស់​សហ​ភាព​​អឺរ៉ុបក៏​បាន​​​ចូល​រួម​ជា​មួយ​ពួកគេដែរ។

អ្នក​ចូលរួម​សិក្ខាសាលា​ស្តីពី​ច្បាប់​អង្គការ​ក្រៅ​រដ្ឋាភិបាល​នៅឯ​សភាជាតិ​ក្នុង​ក្រុុង​ភ្នំពេញ កាលពីម្សិលមិញ។ រូបថតៈ ស៊ីវ ចាន់ណា/The Cambodia Daily
អ្នក​ចូលរួម​សិក្ខាសាលា​ស្តីពី​ច្បាប់​អង្គការ​ក្រៅ​រដ្ឋាភិបាល​នៅឯ​សភាជាតិ​ក្នុង​ក្រុុង​ភ្នំពេញ កាលពីម្សិលមិញ។ រូបថតៈ ស៊ីវ ចាន់ណា/The Cambodia Daily

លោកបានថ្លែង​ថា សហ​ភាព​អឺរ៉ុប យល់​ពី​​​​ក្តី​បារម្ភ​របស់​រដ្ឋាភិបាល​​ចំពោះ​​ការ​បំពាន​សន្តិសុខ។ “ ទោះ​ជាយ៉ាង​ណា បន្ទាប់​ពី​ការ​វិភាគ​ដោយ​ប្រុង​​ប្រយ័ត្ន​លើ​សេចក្តីព្រាង​ច្បាប់​​​នេះ​នៅ​ចំពោះ​មុខយើង យើងបាន​សន្និដ្ឋាន​ថា ​សេចក្តី​ព្រាង​ច្បាប់​នេះ​មាន​​បទប្បញ្ញត្តិ​​តិច​តួច​ណាស់​ដែល​​អាច​បញ្ជាក់​ថា​សម​ហេតុ​ផល​​សម្រាប់​​​ពាក្យពេចន៍​បច្ចុប្បន្ន​របស់​វា​​ពាក់​ព័ន្ធ​​​នឹង​ក្តី​បារម្ភ​សន្តិសុខ​ស្របច្បាប់​។ យើង​ហាក់​ដូចជា​​យល់​ថា តុល្យ​ភាព​រវាង​​ក្តីបារម្ភ​ស្រប​ច្បាប់​​ទាំង​នេះ​ គឺ​ជា​បញ្ហា​មួយ ហើយ​សិទ្ធិ​​របស់​​​​សមា​ជិក​សង្គម​ស៊ីវិល​គឺជា​បញ្ហា​មួយ​ទៀត​”។

លោក​​មាន​ប្រសាសន៍​ទៀតថា ក្រម​ព្រហ្ម​​ទណ្ឌ​​បាន​គ្រប​ដណ្ដប់​ក្តី​បារម្ភផ្នែក​សន្តិសុខ​របស់​រដ្ឋាភិបាល​រួច​ទៅ​ហើយ ​ហើយ​បាន​ជំរុញ​ឱ្យ​ក្រុម​តំណាង​រាស្ត្រ​​ចំណាយ​ពេល​​បន្ថែម​ទៀត​​លើ​ការ​​​ព្រាង​ច្បាប់​នេះ​។ លោក​បានគូស​បញ្ជាក់​ថា​ ច្បាប់​នេះ​​គឺជា​ឱកាស​មួយ​ដើម្បី​ការពារ​​បណ្តា​អង្គការ​ក្រៅ​រដ្ឋាភិបាល “ ប៉ុន្តែ​​ស្ថិត​ក្នុង​ទម្រង់​បច្ចុប្បន្ន​​របស់​វា ច្បាប់​នេះ​​នឹង​​​រារាំង​​ការងារ​​​នេះ ដែល​​ធ្វើ​ឱ្យ​ខូច​មុខ​មាត់​របស់​កម្ពុជា”។

ដំណើរ​ការ​ដែល​រៀបចំ​ឡើង​ដោយ​​ប្រុង​​ប្រយ័ត្ន​​​នេះ​​ត្រូវបាន​​រំខាន​មួយភ្លែត​​ដោយ​ស្ត្រី​​​ពីរ​នាក់​មកពី​​សហ​គមន៍​បឹង​កក់ ​​កន្លែង​ដែល​ប្រជាពល​រដ្ឋ​រាប់​ពាន់​គ្រួសារ​​ត្រូវ​​​​​បាន​បង្ខំ​​ឱ្យ​​​​ចាក​ចេញ​ពី​ផ្ទះ​សំបែង​របស់​ខ្លួន​ដើម្បី​បើក​ផ្លូវ​​សម្រាប់​​គម្រោង​អចលន​ទ្រព្យ​​​លំដាប់​ខ្ពស់​របស់​សមាជិក​ព្រឹទ្ធ​សភា​មួយ​​​រូប​មក​ពី​គណ​បក្ស​ប្រជាជន​កម្ពុជា។ គ្រួសារ​ទាំង​នេះ​​ទទួល​បានការ​គាំទ្រ​​​​យ៉ាង​​ខ្លាំង​ពី​​បណ្តា​អង្គ​ការ​សិទ្ធិ​​មនុស្ស​​ទាំង​នៅ​ក្នុង​ស្រុក និង​​​ក្រៅ​ស្រុក​។

អ្នក​ស្រី ច្រាយ នីម ដែល​​ស្ថិត​ក្នុង​ចំណោម​​​ស្ត្រី​​​ទាំង​ពីរ​នាក់​នោះ គ្មាន​ឈ្មោះ​នៅ​ក្នុងបញ្ជី​ឈ្មោះ​ភ្ញៀវ​ដែល​ទទួល​បាន​ការ​​​អញ្ជើញ​របស់​​លោក ឈាង វុន ​ទេ ហើយ​បាន​​កញ្ឆក់​មីក្រូ​ហ្វូន​​​​និយាយ​ប្រាប់​លោក​​​​ថា ​ច្បាប់​​ស្តី​ពី​អង្គការ​មិន​​មែន​​រដ្ឋា​ភិបាល​នេះ​​គំរាម​​រា​រាំង​ការ​គាំទ្រ​នោះ​។ស្ត្រី​រូប​នេះ​​និយាយ​ថា “ អង្គ​ការ​ក្រៅ​រដ្ឋាភិបាល​ជួយ​យើង​។ នៅ​​​កម្ពុជា ​បើ​គ្មាន​​អង្គ​ការ​ក្រៅ​រដ្ឋាភិបាល​ជួយ​យើង​ទេ គេ​មើល​​​មិនឃើញ​​​ទុក្ខ​វេទនា​​របស់​ពល​រដ្ឋ​ឡើយ​”។

លោក ឈាង វុន ​បាន​ឱ្យ​​ពេល​​អ្នក​ស្រី ច្រាយ នីម ​និយាយ​ពីរ​បីនាទី​ ហើយ​​លោក​នឹង​​យក​​ពាក្យ​សម្តី​របស់​ស្ត្រី​រូប​នេះ​ទៅ “ពិចារណា”។ ប៉ុន្តែ​​លោក​ ឈាង វុន និង​​មន្ត្រី​​រដ្ឋាភិបាល​​ដែល​នៅ​អែប​នឹង​លោក នៅ​​តែ​ធ្វើ​ធម្ម​តាហាក់​​ដូច​​​គ្មាន​រឿង​អ្វី​កើត​ឡើង​ចំពោះ​​​អ្នក​រិះ​គន់​​​សេច​ក្តី​ព្រាង​ច្បាប់​នេះ​ដែល​​​​ចង់​​លុប​ច្បាប់​​នេះ​ចោល។

លោក ប៉ុល លឹម ​រដ្ឋ​លេខា​ធិការ​​ក្រសួង​មហា​ផ្ទៃ បាន​មាន​ប្រសាសន៍​ថា ​កម្ពុជាត្រូវ​ការ​​​​ច្បាប់​នេះ​​ ពីព្រោះ​​អង្គការ​មិនមែន​រដ្ឋាភិបាល​​​​មួយ​ចំនួន​​​ធ្វើ​ហួស​​សិទ្ធិ​​របស់​ខ្លួន ​និង​ដោយ​សារតែ​​មាន​ច្រើន​​ពេក​ រដ្ឋាភិបាល​និយាយ​ថា ​មាន​ជាង​ ៥.០០០​ ​ប៉ុន្តែ​អង្គ​ការ​មិន​​មែន​រដ្ឋា​ភិបាល​និយាយ​ថា ​​មានតែ​​​ប្រហែល​១ភាគ​៥​ប៉ុណ្ណោះ​នៃ​អង្គ​ការ​​​ទាំង​​នោះ​ដែល​​ធ្វើ​សកម្ម​ភាព​សកម្ម។

លោក​បាន​​​បន្ត​​ថា ​ក្រុម​​អ្នក​ធ្វើ​សេចក្តី​ព្រាង​​​​​ច្បាប់​បាន​សិក្សា​អំពី​​ច្បាប់ស្តីពី​អង្គ​ការ​មិនមែន​រដ្ឋា​ភិបាល​​នៅ​ក្នុង​ប្រទេស​ចំនួន​ប្រាំ​​បួន​ផ្សេង​ទៀត​​​យ៉ាង​​ប្រុង​ប្រយ័ត្ន​​​​​ ហើយ​​ថា ​សំណៅ​​សេចក្តី​​ព្រាង​ដែល​ពួក​គេ​សម្រេច​យក មិនតឹង​រ៉ឹង​ខ្លាំង​​​​ដូច​​ច្បាប់​​នៅ​​ក្នុង​ប្រទេស​មួយ​ចំនួន​នោះ​ទេ ពីព្រោះ​​​វា​​នៅ​តែ​អនុញ្ញាត​ឱ្យ​​​អង្គ​ការ​មិន​មែន​​​រដ្ឋាភិបាល​រក្សា​ទុក​​ម្ចាស់​ជំនួយ​បរទេស​របស់​ខ្លួន​​ដដែល​។

​ពាក់​ព័ន្ធ​នឹង​ការ​ព្រួយ​បារម្ភ​​ថា ​រដ្ឋាភិបាល​​​នឹង​ប្រើ​ប្រាស់​អំណាចរបស់​ខ្លួន​​ក្នុង​ផ្លូវ​មិន​ត្រឹម​ត្រូវ​​ក្រោម​ច្បាប់​នេះ​ដើម្បី​សម្រេច​ថា តើ​អ្នក​ណា ឬ​អ្វី​​​បាន​បង្ក​ការ​គំរាម​​​កំហែង​ដល់ “ សន្តិសុខ​សាធារណៈ” ឬ​“ ប្រពៃណី” របស់​កម្ពុជានោះ ​លោក​​បាន​មាន​ប្រសាសន៍​​ថា ​នឹង​​មាន​​ការ​ធានា​​​ថា “ អ្នក​ជំនាញ​” ត្រៀម​ខ្លួន​​រួច​ជា​ស្រេច​​ដើម្បី​ពិនិត្យ​មើល​ហានិភ័យ​។

បណ្តា​អង្គ​ការ​មិនមែន​រដ្ឋាភិបាល​​ក៏​មាន​ការ​ព្រួយ​បារម្ភដែរ​ថា ​ច្បាប់​នេះ​នឹង​​អនុ​វត្ត​លើ​អង្គការ ​សមាគមតូចៗ​​​​រាប់​ពាន់​នៅ​​តាម​មូល​ដ្ឋាន​​ទូទាំង​ប្រទេស​ ដែល​នឹង​ជួប​ការ​លំបាក​ក្នុង​​​ការ​បំពេញ​​​កាតព្វ​កិច្ច​ចុះ​បញ្ជី និង​ធ្វើ​របាយ​ការណ៍​។

លោក សក់ សេដ្ឋា រដ្ឋលេខា​ធិការ​មួយ​រូប​ទៀត​នៅ​ក្រសួង​មហា​ផ្ទៃ​ថ្លែង​ថា អង្គ​ការ​សមាគម​​មូលដ្ឋាន​ទាំ​​ង​នោះ​នឹង​ទទួល​បាន​ការ​​​លើក​លែង។

គម្រោង​​បណ្តោះ​អាសន្នដែល​​ត្រូវ​ដាក់​​សេច​ក្តីព្រាង​ច្បាប់​នេះ​​សម្រាប់​ការ​បោះ​ឆ្នោត​​​​អនុម័ត​នៅ​ថ្ងៃ​សុក្រ ត្រូវបាន​លុប​ចោលវិញ ហើយ​លោក ឈាង វុន បាន​មាន​ប្រសាសន៍​ថា មិន​ទាន់​មាន​ការ​​កំណត់​​កាលបរិច្ឆេទ​​ថ្មី​នៅ​ឡើយ​ទេ៕ ស៊ុយឈាង និង សុខុម

 

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស