
បន្ទាប់ពីការចរចាថ្ងៃទី២ជាមួយប្រទេសវៀតណាមជុំវិញបញ្ហាព្រំដែនដែលមានវិវាទនៃប្រទេសទាំងពីរលោក វ៉ា គឹមហុង រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការព្រំដែនរបស់រដ្ឋាភិបាលកាលពីម្សិលមិញបានច្រានចោលការទាមទាររបស់សមាជិកសភាគណបក្សសង្គ្រោះជាតិឲ្យលោកចុះចេញពីតំណែង។
លោក វ៉ា គឹមហុង ដែលជាប្រធានគណៈកម្មាធិការព្រំដែនរួម និងលោក ហូ ស៊័ន សឺន អនុរដ្ឋមន្ត្រីការបរទេសវៀតណាម បានរងការរិះគន់ពីគណបក្សសង្គ្រោះជាតិកាលពីខែមុនដែលតាមចោទថា បានប្រើប្រាស់ផែនទីមិនស្របតាមរដ្ឋធម្មនុញ្ញ ដែលបោះបង្គោលព្រំដែនក្នុងទឹកដីកម្ពុជា ជាមូលដ្ឋានសម្រាប់ការចរចាជាមួយវៀតណាម។
បន្ទាប់ពីកិច្ចប្រជុំនៅអគារទីស្ដីការគណៈរដ្ឋមន្ត្រីក្នុងរាជធានីភ្នំពេញកាលពីម្សិលមិញ លោក វ៉ា គឹមហុង បានបដិសេធមិននិយាយទៅកាន់អ្នកយកព័ត៌មានទេបន្ទាប់ពីកិច្ចប្រជុំកាលពីថ្ងៃអង្គារ ហើយបានផ្ដល់ព័ត៌មានលម្អិតតិចតួចអំពីអ្វីដែលបានលើកឡើងនៅក្នុងកិច្ចប្រជុំសម្ងាត់នោះ។
លោកថ្លែងថា “ យើងកំពុងចរចា យើងមិនអាចឆ្លើយបានទេ ពីព្រោះវាមិនទាន់ចប់នៅឡើយ។ យើងនឹងបញ្ចប់នៅថ្ងៃស្អែក”។
គណៈកម្មាធិការព្រំដែនទ្វេភាគីដែលបានបង្កើតឡើងថ្មីៗ ទទួលបន្ទុកចរចាពីការកំណត់ព្រំដែនកម្ពុជា-វៀតណាម ដែលចាប់តាំងពីដើមខែមុននោះ ក្លាយជាកង្វល់មួយនៅក្នុងចំណោមកង្វល់ស្ដីពីគោលនយោបាយដ៏សកម្មបំផុតរបស់គណបក្សសង្គ្រោះជាតិ។
ដឹកនាំដោយក្រុមសមាជិកសភាមានលោក អ៊ុំ សំអាន លោក រៀល ខេមរិន្ទ្រ និងលោក ម៉ៅ មុនីវណ្ណ គណបក្សប្រឆាំងបានចុះទៅកាន់ខេត្តភាគខាងកើតចំនួនបួនដើម្បីពិនិត្យមើលការរំលោភយកដីធ្លីដូចដែលបានអះអាង។
កាលពីម្សិលមិញ លោក វ៉ា គឹមហុង បានច្រានចោលការទាមទាររបស់លោក អ៊ុំ សំអាន ឲ្យលោកលាលែងពីតំណែង ដោយសារតែលោកពុំមានសមត្ថភាពទប់ស្កាត់ការរំលោភបំពាន។
លោក វ៉ា គឹមហុង បាននិយាយទៅកាន់អ្នកយកព័ត៌មានថា “ វាអាស្រ័យលើលោកនាយករដ្ឋមន្ត្រី។ វាមិនមែនអាស្រ័យលើលោក អ៊ុំ សំអាន ឲ្យដកខ្ញុំចេញទេ”។ លោកបន្ថែមថា លោកក៏មិនទទួលយកការអញ្ជើញរបស់លោក រៀល ខេមរិន្ទ្រ ឲ្យលោកចូលរួមធ្វើដំណើរទៅកាន់ព្រំដែនក្នុងខេត្តស្វាយរៀងដែរ។
លោកថ្លែងថា “ ខ្ញុំគ្មានកាតព្វកិច្ចអីទៅគោរពឯកឧត្ដមហ្នឹងទេ។ ខ្ញុំនៅខាងរដ្ឋាភិបាលនៅក្នុងស្ថាប័ននីតិប្រតិបត្តិ ហើយគាត់នៅក្នុងស្ថាប័ននីតិប្បញ្ញត្តិ។ ចុះទៅមើលដោយខ្លួនឯងទៅ”។
នៅពេលទាក់ទងតាមទូរស័ព្ទលោក អ៊ុំ សំអាន បានថ្លែងថា ការបដិសេធរបស់លោក វ៉ា គឹមហុង មិនបង្ហាញផែនទីសាធារណៈដែលរដ្ឋាភិបាលប្រើ ដើម្បីបង្ហាញថា វាជាផែនទីដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញនោះ ជាមូលហេតុដែលទាមទារឲ្យរូបលោកចុះចេញពីតំណែង។
លោកបានថ្លែងថា “នេះគឺជាបញ្ហារបស់ប្រទេសជាតិទាំងមូល ហើយជាបញ្ហាដែលអ្នកភូមិចង់ដឹង នៅពេលគាត់ព្យាយាមលាក់បាំងព័ត៌មាន វាមានន័យថា គាត់កំពុងឃុបឃិតកាត់ដីឲ្យយួន”។
បញ្ហាដាច់ដោយឡែកមួយទៀត លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានថ្លែងនៅពិធីមួយនៅទីស្ដីការក្រសួងកាលពីម្សិលមិញថា នឹងមានវគ្គបណ្ដុះបណ្ដាលមួយអំពីបញ្ហាព្រំដែនដល់អភិបាលខេត្ត នគរបាល និងកងរាជអាវុធហត្ថនៅថ្ងៃអង្គារ។
លោកបានថ្លែងថា “ នឹងមាន…វគ្គបណ្ដុះបណ្ដាលមួយស្ដីពីការចុះពិនិត្យមើលព្រំដែន ដើម្បីឲ្យមនុស្សគ្រប់គ្នាដឹងថា តើត្រូវគ្រប់គ្រងស្ថានការណ៍នៅតាមព្រំដែនដូចម្ដេច ពីព្រោះពួកគេមិនអាចគ្រប់គ្រងព្រំដែនទាំងពួកគេមិនដឹងថា តើផ្នែកណាមួយជារបស់យើង ហើយផ្នែកណាមួយជារបស់គេនោះបានឡើយ”។
លោក ស ខេង បានបន្ថែមថា មន្ត្រីក្រសួងមហាផ្ទៃ និងសមាជិកគណៈកម្មាធិការរបស់លោក វ៉ា គឹមហុង នឹងរៀបចំវគ្គបណ្ដុះបណ្ដាលនេះ៕ សារុន (រាយការណ៍បន្ថែមដោយ ម៉ិច ដារ៉ា)