
អគ្គិសនីកម្ពុជា (EdC) បានចេញសេចក្តីជូនដំណឹងកាលពីថ្ងៃអង្គារ ដោយ អះអាងថា វិក្កយបត្រអគ្គិសនីកើនឡើងដោយសារអាកាសធាតុក្តៅ មិនមែនដោយសារការប្រែប្រួលអត្រា តម្លៃដែលគិតថ្លៃពីអតិថិជន នោះឡើយ។
សេចក្តីជូនដំណឹងដែលចុះហត្ថលេខាដោយលោក កែវ រតនៈ អគ្គនាយក EdC បានលើកឡើងថា “កាលពីខែមេសា ឧសភា និងខែមិថុនា វាជារដូវក្តៅ ដូច្នេះអ្នកប្រើប្រាស់អគ្គិសនីតែងតែប្រើច្រើន។ រដ្ឋាភិបាលមិនមានគម្រោងបោកប្រាស់អតិថិជនទេ។ ប្រសិនបើអតិថិជនមានចម្ងល់អំពីការប្រើប្រាស់អគ្គិសនីនៅលើកុងទ័រអគិ្គសនីរបស់ខ្លួនពួកគាត់អាចមកកាន់ការិយាល័យធ្វើការតវ៉ាបាន”។
នៅក្នុងរាជធានីភ្នំពេញ លោក អា៊ាន សាវុធ អនុប្រធានសាខា EdC ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យថ្លែងថា ការិយាល័យរបស់លោកទទួលបានលិខិតតវ៉ានៅឆ្នាំនេះច្រើនជាងឆ្នាំមុន។ លោកបានបន្តថា “យើងទទួលបានលិខិតតវ៉ាពីអតិថិជនអំពីកុងទ័រអគ្គិសនី និងការកើនឡើងតម្លៃយ៉ាងខ្លាំងនៅលើវិក្កយបត្រប្រើប្រាស់អគ្គិសនី”។
លោកបានបន្ថែមថា “ខ្ញុំយល់ស្របថា វិក្កយបត្រអគ្គិសនីបានកើនឡើងគ្រប់កន្លែងក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត។ សូម្បីនៅផ្ទះរបស់ខ្ញុំក៏កើនឡើងដែរ”។
ទោះជាយ៉ាងណា លោក សាវុធ បាននិយាយឡើងវិញថា វិក្កយបត្រអគ្គិសនីកើនឡើងដោយសារតែអាកាសធាតុក្តៅខ្លាំងនៅក្នុងរយៈពេលប៉ុន្មានខែនេះ។
សេចក្តីជូនដំណឹងរបស់EdC បណ្តាលឲ្យមានការចោទសួរយ៉ាងច្រើនជុំវិញវិក្កយបត្រអគ្គិសនីដែលកើនឡើងបែបនេះ ទាំងតាមប្រព័ន្ធអីុធើណិត និងការមកដោយផ្ទាល់។
នៅការិយាល័យកណ្តាលរបស់ EdC នៅជិតវត្តភ្នំកាលពីថ្ងៃសុក្រ ម៉ុន សុខា ជានិស្សិតសាកលវិទ្យាល័យម្នាក់ដែលជួលអាផាតមិនក្នុងរាជធានីភ្នំពេញបានលើកឡើងថា ការកើនឡើងតម្លៃប្រើប្រាស់នៅលើវិក្កយបត្រអគ្គិសនី គឺខ្ពស់ណាស់មិនអាចមិនអើពើបានឡើយ។
សុខា បាននិយាយមុនពេលដាក់ពាក្យ បណ្តឹងនៅ EdC ថា “ប្រសិនបើវាកើនឡើងបន្តិចបន្តួច ខ្ញុំក៏មិនមកតវ៉ាដែរ ប៉ុន្តែ វាកើនឡើងខ្លាំងពេក។ និស្សិតរូបនេះបានបន្តថា “តាមធម្មតាខ្ញុំបង់ប្រាក់ប្រហែល១១២ដុល្លារក្នុងមួយខែ ប៉ុន្តែ រយៈពេលពីរខែចុងក្រោយនេះ ខ្ញុំបង់ប្រហែល១៨៥ដុល្លារ ដោយប្រើរបស់ប្រើប្រាស់ដដែល”។
តុលា ជា និង ជា នា ដែលផ្លាស់មករស់នៅក្នុងប្រទេសកម្ពុជាពីអូស្ត្រាលីកាលពីឆ្នាំមុន និងបើកអាជីវកម្មផ្ទាល់ខ្លួនក្នុងរាជធានីភ្នំពេញបានលើកឡើងថា វិក្កយបត្រអគ្គិសនីកាលពីខែមុនគឺប្រហែល២៥ភាគរយខ្ពស់ជាងធម្មតា។
លោក ជា បានមានប្រសាសន៍ ថា ដោយមិនអាចពិនិត្យមើលកុងទ័ររបស់ខ្លួនបាន ដែលគេដាក់នៅលើបង្គោលខ្ពស់ ពួកគាត់មិនអាចកំណត់ថា ពួកគាត់ប្រើប្រាស់អគ្គិសនីអស់ច្រើន ឬគេយកតម្លៃលើសពីពួកគាត់នោះឡើយ។
អ្នកស្រី នា បាននិយាយថា វិក្កយបត្រអគ្គិ សនីចុងក្រោយរបស់ពួកគាត់ស្មើទៅនឹងអ្វីដែលពួកគាត់បានបង់ក្នុងប្រទេសអូស្ត្រាលី។ “បើយើងប្រៀបធៀបតម្លៃនេះទៅនឹងប្រាក់ខែអ្នកមកពីប្រទេសក្រីក្រវិញ វាគួរឲ្យអស់សំណើចមែនទេ?”៕សារុន