31 C
Phnom Penh

​​បុរស​ពីរ​នាក់​ត្រូវ​ចាប់​ខ្លួន​ក្នុង​ករណី​រំលោភ​អនីតិជន​ ដោយ​ក្នុង​នោះ​ជនរងគ្រោះ​ម្នាក់​ជា​ក្មេងប្រុស

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នៅ​ក្នុង​ករណី​ដាច់​ដោយ​ឡែក​ពីរ​កាលពី​ថ្ងៃ​អង្គារ នគរ​បាល​បាន​ចាប់​ខ្លួន​បុរស​​កសិករ​វ័យ​៦១​ឆ្នាំ​ម្នាក់​​ក្នុង​ខេត្ត​ពោធិ៍សាត់ បន្ទាប់ពី​​​ប្ដី​​​ប្រពន្ធ​ពីរ​នាក់​​ចោទ​ប្រកាន់​គាត់​​ថា​ ​បាន​រំលោភ​​​កូនស្រី​អាយុ​១២​ឆ្នាំ​របស់​ខ្លួន​ ខណៈ​អាជ្ញាធរ​ខេត្ត​ក្រចេះ​បាន​ឃាត់​ខ្លួន​បុរស​​វ័យ​២៨​ឆ្នាំ​ម្នាក់​​​​​ទៀត​ពី​បទ​រំលោភ​ក្មេង​ប្រុស​អាយុ​៨​ឆ្នាំ។

នគរ​បាល​ខេត្តពោធិ៍សាត់​បាន​ចាប់​ខ្លួន​​ឈ្មោះ ចាន់ សាវិន នៅ​ក្នុង​ឃុំស្នាអន្សា ស្រុក​ក្រគរ បន្ទាប់ពី​ទទួល​បាន​ពាក្យ​បណ្ដឹង​​ពី​ឪពុក​ម្ដាយ​របស់​ក្មេងស្រី​អាយុ​១២​ឆ្នាំ នេះ​បើ​យោង​តាម​ការ​​ឲ្យ​ដឹង​ពី​លោក កែ សុគន្ធា ស្នង​ការ​រង​ខេត្ត​នេះ​។ លោក​បាន​លើក​ឡើង​​​ទៀត​ថា ឪពុក​ម្ដាយ​​របស់​ក្មេងស្រី​​​រងគ្រោះ​បាន​ប្រាប់​នគរ​បាល​ថា ឈ្មោះ ចាន់ សាវិន បាន​រំលោភ​កូន​ស្រី​របស់​ខ្លួន​លើក​ទី​១​កាលពី​ថ្ងៃ​សុក្រ និង​​លើក​ទី២​កាលពី​ថ្ងៃ​អង្គារ​។

លោក​​បន្ត​ថា “ ជន​​ល្មើស​​បាន​គំរាម​សម្លាប់​​​​ក្មេងស្រី​រងគ្រោះ​​ ​បើ​នាង​ប្រាប់​ម្ដាយ​នាង​ ឬ​នរណា​ម្នាក់​​​នៅ​ក្នុង​មូលដ្ឋាន​​​ ដូច្នេះ​ហើយ​ក្មេងស្រី​រងគ្រោះ​ក៏​​លាក់​បាំង​ព័ត៌មាន​នេះ​រហូត​ដល់​ម្សិលមិញ”។ ពេល​ម្ដាយ​​​ក្មេងស្រី​រងគ្រោះ​​​ទៅ​ដល់​ផ្ទះ​របស់​ខ្លួនវិញ​​កាលពី​ថ្ងៃ​អង្គារ ​​សង្កេត​​ឃើញ​កូនស្រី​របស់​គាត់​ស្លេក​ស្លាំង​យ៉ាង​ខ្លាំង​​ ហើយ​ក៏​​បាន​បញ្ចុះ​បញ្ចូល​នាង​​​​​ឲ្យ​ប្រាប់​គាត់​​ថា ​​តើ​មាន​អ្វី​កើត​ឡើង​។

លោក​​បន្ថែម​ទៀត​ថា “ បុរស​ចំណាស់​​​​រូប​នោះ​បាន​រំលោភ​ក្មេងស្រី​រង​គ្រោះ​ចំនួន​ពីរ​ដង​ [កាលពី​ថ្ងៃ​អង្គារ] ព្រោះ​ឪពុក​ម្ដាយ​របស់​នាង​បាន​​ទុក​នាង​ឲ្យ​​នៅ​តែ​ឯង​។ ជន​សង្ស័យ​ជា​បុរស​ពោះ​ម៉ាយ ដូច្នេះ​ហើយ​ទើប​បានជា​គាត់​ទប់​អារម្មណ៍​មិន​បាន​ នៅ​ពេល​គាត់​ឃើញ​​​ក្មេងស្រី​រងគ្រោះ​នៅ​តែ​ម្នាក់​ឯង​”។ លោក​បាន​បញ្ជាក់​ថា ឈ្មោះ ចាន់ សាវិន ត្រូវ​​បាន​​ឃុំ​ខ្លួន​នៅ​ស្នង​ការដ្ឋាន​ខេត្ត​ ហើយ​នឹង​ត្រូវ​បញ្ជូន​​​ខ្លួន​ទៅ​តុលាការ​នៅ​ថ្ងៃ​នេះ។

នៅ​ខេត្ត​ក្រចេះ​ នគរ​បាល​ចាប់​ខ្លួន​ឈ្មោះ ​យ៉ា ថន អាយុ​២៨​ឆ្នាំ នៅ​ផ្ទះ​របស់​ជន​សង្ស័យ​​ក្នុង​ឃុំ​កំពង់ចាម  ស្រុក​សំបូរ  ​បន្ទាប់ពី​ឪពុក​ម្ដាយ​​របស់​ក្មេង​ប្រុស​​​អាយុ​៨​ឆ្នាំ ​ដែល​ជា​អ្នក​ជិត​ខាង​របស់​ខ្លួន​ បាន​ដាក់​ពាក្យ​បណ្ដឹង​ចោទ​ប្រកាន់​ខ្លួន​ពីបទ​រំលោភ​កូន​ប្រុស​របស់​ពួក​គាត់​ នេះ​បើ​យោង​តាម​ការ​លើក​ឡើង​របស់​លោក ឈិន សំបូរ អធិការ​រង​ស្រុក​សំបូរ។

លោក​បាន​ថ្លែង​ថា ករណី​រំលោភ​នេះ​បាន​​កើត​​ឡើង​កាលពី​យប់​​ថ្ងៃ​ច័ន្ទ បន្ទាប់​ពី​ឈ្មោះ យ៉ា ថន ​ដែល​ជា​មនុស្ស​ទាត់​ខ្យល់​​ បាន​បញ្ចុះ​បញ្ចូល​​ក្មេង​ប្រុស​​រងគ្រោះ​ឲ្យ​​​ទៅ​មាត់​ទន្លេ​ជាមួយ​ខ្លួន​នៅ​ក្បែរ​ផ្ទះ​របស់​ពួកគេ។“ នៅ​ម៉ោង​ប្រហែល​១០​យប់​ថ្ងៃ​ច័ន្ទ ​ជន​ល្មើស​បាន​បញ្ចុះ​បញ្ចូល​ក្មេង​ប្រុស​រង​គ្រោះ​​​​ឲ្យ​ទៅ​មាត់​ទន្លេ ហើយ​ក៏​រំលោភ​​ក្មេង​ប្រុស​​រងគ្រោះ​នៅ​ទីនោះ។ អ្នក​ភូមិ​បាន​បញ្ចាំង​ភ្លើង​​ចំ​មុខ​ជន​ល្មើស​ ហើយ​ពេល​នោះ​ជន​ល្មើស​ក៏​បាន​រត់​គេច​ខ្លួន​ពី​កន្លែង​កើត​ហេតុ​ភ្លាមៗ”។

ក្រោយ​ពី​ត្រូវ​ចាប់​ខ្លួន​នៅ​ផ្ទះ​របស់​ជន​ល្មើស​ក្នុង​ថ្ងៃ​បន្ទាប់ ឈ្មោះ យ៉ា ថន​ ​សារ​ភាព​​ថា ខ្លួន​ពិត​ជា​បាន​រំលោភ​ក្មេង​ប្រុស​រងគ្រោះ​មែន។ លោក​ ឈិន សំបូរ បាន​​លើក​ឡើង​អំពី​មូល​ហេតុ​ដែល​នាំ​ឲ្យ​ជន​ល្មើស​ប្រព្រឹត្ត​បទ​ល្មើស​ថា “ ជន​ល្មើស​ស្រវឹង​ស្រា គ្មាន​ប្រពន្ធ ហើយ​មិន​អាច​ទប់​អារម្មណ៍​បាន​”។ លោក​បាន​បញ្ជាក់​ថា ឈ្មោះ យ៉ា ថន នឹង​ត្រូវ​បញ្ជូន​ខ្លួន​ឡើង​តុលាការ​នៅ​ថ្ងៃ​នេះ៕ សុខុម​​​​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស