31.4 C
Phnom Penh

​​កិច្ច​ប្រជុំ​ព្រំដែនបញ្ចប់​​ដោយ​ការ​បើក​សំប៉ាញ ប៉ុន្តែ​គ្មានលទ្ធផល

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

cam-photo-meeting-channa-800x533នៅ​ចុង​បញ្ចប់​​នៃ​ថ្ងៃ​ទី៣​  និង​ជា​ថ្ងៃ​ចុង​ក្រោយ​​​នៃ​កិច្ច​ប្រជុំ​របស់​គណៈកម្មាធិការ​ព្រំដែន​ចម្រុះ​នៅ​ក្នុង​រាជធានី​ភ្នំពេញ​កាលពី​ម្សិលមិញ គណៈប្រតិភូ​កម្ពុជា និង​វៀតណាម​បាន​ជល់​កែវ​ស្រាសំប៉ាញ អំឡុង​ពិធី​ចុះ​ហត្ថ​លេខា​ជា​សាធារណៈ ហើយ​បាន​​ចាក​ចេញ​ទៅ​វិញ​ដោយ​​មិន​ផ្ដល់​ព័ត៌មាន​លម្អិត​ជុំវិញ​ការ​ពិភាក្សា​​​របស់​ភាគី​ទាំងពីរ​ឡើយ​​។

ដោយ​បន្ត​រក្សា​ភាព​ស្ងាត់​ស្ងៀម​មិន​​និយាយ​​អ្វី​សោះ​អំពី​​ការ​ចរចា​​​នេះ លោក វ៉ា គឹមហុង រដ្ឋមន្ត្រី​​​​ទទួល​បន្ទុក​កិច្ច​ការ​ព្រំដែន​ បានដើរ​ប្រជ្រៀត​​ក្រុម​អ្នក​យក​ព័ត៌មាន​​ចូល​ទៅ​ក្នុង​ជណ្ដើរ​យន្ត​ បន្ទាប់ពី​​​កិច្ច​​ប្រជុំ​នៅ​ឯ​ទីស្ដី​ការ​គណៈរដ្ឋមន្ត្រី​។

លោក វ៉ា គឹមហុង បាន​ថ្លែង​ទៅ​កាន់​​ក្រុម​អ្នក​យកព័ត៌មាន​ក្រោយ​ពី​កិច្ច​ប្រជុំ​ដែល​មាន​រយៈ​ពេល​ជាង​​៣ម៉ោង​នេះ​ថា “ វា​ស្ថិត​នៅ​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​​​។ ខ្ញុំ​បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​​រួច​ហើយ ដូច្នេះ​សូម​ទៅ​មើល​វា​ទៅ​។ យើង​បាន​ពិភាក្សា​គ្នា​​​​អស់​ហើយ​”។

ចំណែក​ឯ​លោក ហូ ស៊័ន សឺន អនុរដ្ឋមន្ត្រី​ការ​បរទេស​វៀតណាម ​​ដែល​ជា​ប្រធាន​​គណៈ​​ប្រតិភូ​របស់​វៀតណាម​​​ ដែល​ចូល​រួម​នៅ​ក្នុង​ការ​ពិភាក្សា​នេះ ​បដិសេធ​មិន​ផ្ដល់​បទ​សម្ភាស​​ទេ ដោយ​និយាយ​ជា​ភាសា​អង់គ្លេស​​ទៅ​កាន់​ក្រុម​អ្នក​យក​ព័ត៌មាន​ថា “ ​ខ្ញុំ​ត្រូវ​ទៅ​អាកាស​យាន​ដ្ឋាន​ហើយ​”។

លោកស្រី គុយ ពិសី ​អនុប្រធាន​គណៈ​កម្មាធិការ​​ព្រំដែន​ចម្រុះ​របស់​​​កម្ពុជា បាន​មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​ច័ន្ទ​ថា កិច្ច​ប្រជុំ​នេះ​នឹង​ដោះ​ស្រាយ​​ការ​កំណត់​ព្រំដែន​​ដែល​មិន​ទាន់​​ចប់​រួច​រាល់ ព្រមទាំង​បាតុភាព​មួយ​ចំនួន​ដែល​បាន​ផ្ទុះ​ឡើង​កាលពី​ពេល​ថ្មីៗ​នេះ​នៅ​តាម​បណ្ដោយ​​​​​ព្រំដែន នៅពេល​គណបក្ស​សង្គ្រោះ​​​ជាតិ​បាន​ដឹកនាំ​​ការ​ធ្វើ​ដំណើរ​ចុះ​​ទៅ​ពិនិត្យ​មើល​បង្គោល​ព្រំដែន​ផង​ដែរ​។

ទោះ​ជាយ៉ាង​ណា  សេចក្ដី​ថ្លែង​ការណ៍​​​សង្ខេប​ដែល​ត្រូវ​បាន​ចែក​ជូន​​បន្ទាប់ពី​កិច្ច​​ប្រជុំ​ចុង​ក្រោយ​កាលពី​ម្សិលមិញ​នេះ​ មិន​បាន​បង្ហាញ​លទ្ធផល​ជាក់​លាក់​​​នោះ​ទេ។ ​​​​​​​​

សេចក្តី​ថ្លែង​ការណ៍​នេះមានខ្លឹម​សារ​ដូច្នេះ​​​​​ថា “ ប្រជុំ​នេះ​បាន​​ដំណើរ​ការ​​​ទៅ​ប្រកប​ដោយ​​​បរិយាកាស​ស្និទ្ធស្នាល​ ឈរ​លើ​មូលដ្ឋាន​ និង​ស្មារតី​គោរព​គ្នា​​ទៅ​វិញ​ទៅមក​​នូវ​ឯក​រាជ្យ អធិប​​​​​​តេយ្យ​​ភាព​  និង​បូរណ​ភាព​​ទឹក​ដី​​នៃ​​​ប្រទេស​នីមួយៗ​។

ទី​១ ភាគី​​ទាំង​ពីរ​​​ទទួល​ស្គាល់​​​ថា ការងារ​ខណ្ឌ​សីមា​ និង​បោះ​បង្គោល​ព្រំដែន​គោក​​រវាង​ប្រទេស​ទាំង​ពីរ​មាន​ភាព​ស្មុគស្មាញ​​ច្រើន ​ទោះ​​​ជា​​ភាគី​​​ទាំង​ពីរ​​បាន​​បោះ​បង្គោល​​ព្រំ​ដែន​​​​​បាន​ចំនួន​ប្រមាណ​៨៣ភាគរយរួច​​ហើយ​ក៏​ដោយ​។ ភាគី​ទាំងពីរ​​ឯក​ភាព​​គ្នា​ថា​នឹង​ខិត​ខំ​​បញ្ចប់​​​កិច្ច​ការ​ព្រំដែន​​ឱ្យ​បាន​​​ចប់​នា​ពេល​​ខាង​មុខ​។

ទី​២ ​ភាគី​​ទាំង​ពីរ​ឯក​​ភាព​​អនុ​ម័ត​​ឱ្យ​បាន​​ម៉ឺង​​ម៉ាត់​តាម​ស្មារតី​​នៃ​​សេច​ក្តី​ប្រកាស​​​ព័ត៌​មាន​​​​រួម​​ចុះ​ថ្ងៃ​ទី​១៧ ខែ​មករា ឆ្នាំ​១៩៩៥ ស្តីពី​​ការ​រក្សា​​ស្ថាន​ភាព​​បច្ចុប្បន្ន​នៅ​តាម​​​បណ្តោយ​ព្រំដែន។

ទី​៣ ​ភាគី​ទាំង​ពីរ​​ឯក​​ភាព​​ឱ្យ​​​ក្រុម​បច្ចេក​ទេស​​ចម្រុះ​ព្រំដែន ក៏​ដូច​ជា​​អាជ្ញា​ធរ​​ពាក់​ព័ន្ធ​​នៅ​តាម​បណ្តា​ខេត្ត​​ជាប់​ព្រំដែន​​នៃ​ប្រទេស​​ទាំង​ពីរ ​សហ​ការគ្នា​​ដោះស្រាយ​​ឱ្យ​មាន​​ប្រសិទ្ធ​​ភាព​ រាល់​បាតុ​ភាព​​ដែល​កើត​​មាន​​ឡើង​​តាម​​​​​បណ្តោយ​​ព្រំដែន​ ដើម្បី​ទប់​ស្កាត់​ និង​បញ្ចៀស​​​​ការ​រីក​រាល​ដាល ដែល​នាំ​​ឱ្យ​ប៉ះ​ពាល់​​ដល់​ទំនាក់​ទំនង​​​ល្អ​រវាង​ប្រទេស​ទាំង​ពីរ”។

លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​​​​ជាតិ​ បាន​មាន​ប្រសាសន៍តាម​ទូរស័ព្ទ​បន្ទាប់​ពី​កិច្ច​ប្រជុំ​នេះ​ថា សេចក្ដី​ថ្លែងការណ៍​ផ្លូវ​ការ​នេះ​បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា ភាគី​ទាំង​ពីរ​​មិន​បាន​ដោះ​ស្រាយ​បញ្ហា​ព្រំដែន​​ដែល​កើត​ឡើង​កាលពី​ពេល​ថ្មីៗ​នេះ​ទេ។

លោក​បាន​លើក​ឡើង​ថា “ សេចក្ដី​ថ្លែង​ការណ៍​របស់​ពួកគេ​បង្ហាញ​ថា ​មាន​បញ្ហា​ដែល​​​មិន​ទាន់​បាន​ដោះ​ស្រាយ​​។ របៀប​​សរសេរ​សេចក្ដី​ថ្លែងការណ៍​នេះ​បង្ហាញ​ថា ពួកគេ​មិន​អាច​ឈាន​ដល់​កិច្ច​ព្រមព្រៀង​នោះ​ទេ”។

ប៉ុន្តែ​លោក​បាន​​ថ្លែង​ថា លោក​សង្ឃឹម​ថា នោះ​ជា​សញ្ញា​បង្ហាញ​ថា លោក វ៉ា គឹមហុង និង​អ្នក​ចរចា​ផ្សេង​ទៀត​ដែល​តំណាង​ឲ្យ​ភាគី​​​កម្ពុជា​ បាន​បដិសេធ​​មិន​ធ្វើ​តាម​ការ​ទាម​ទារ​​របស់​ភាគីវៀតណាម​។
លោក​បាន​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា“ ​គណបក្ស​សង្គ្រោះ​​ជាតិ​គាំទ្រ​​រដ្ឋាភិបាល​ដរាប​ណា​រដ្ឋាភិបាល​ប្រើ​ប្រាស់​ឥរិយាបថ​រឹងមាំ​ប្រកប​ដោយ​ភាព​ត្រឹម​ត្រូវ​។ យើង​ចង់​ជំរុញ​ឲ្យ​ពួកគេ​​រក្សា​​ជំហរ​រឹងមាំ និង​

កាន់​តែ​រឹងមាំឡើង​ ហើយ​យើង​នឹងរួម​បញ្ចូល​ការ​ខំ​ប្រឹង​ប្រែង​របស់​យើង​ជាមួយ​ការ​ខំប្រឹង​ប្រែង​​​របស់​រដ្ឋាភិបាល​ ដើម្បី​គោល​បំណង​ការ​ពារ​​​បូរណភាព​ទឹក​ដី​របស់​កម្ពុជា​”៕សុខុម (រាយការណ៍​បន្ថែម​ដោយ Alex Willemyns)​
​​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស