លោក ម៉ាក ហាម៉ុន សហចៅក្រមសេីុបអង្កេតអន្តរជាតិទី៤នៅសាលាក្តីខ្មែរក្រហមបានប្រកាសលាលែងពីតំណែងនៅសប្តាហ៍នេះ ដោយសម្រេចបានអ្វីៗដែលចៅក្រមមុនៗធ្វើមិនបាននោះ គឺការចេញដីកាចាប់ខ្លួននៅក្នុងសំណុំរឿង០០៣ និង០០៤ដែលត្រូវបានជំទាស់ដោយរដ្ឋាភិបាល។
ឯកសារដែលត្រូវបានចេញផ្សាយកាលពីពេលថ្មីៗនេះបង្ហាញថា ទោះយ៉ាងណា ដីកាចាប់ខ្លួនរបស់ចៅក្រម ហាមុ៉ន នេះមិនត្រូវបានយកចិត្តទុកដាក់ពីសំណាក់នគរបាលទេដោយបង្ហាញយ៉ាងច្បាស់ពីអ្វីដែលត្រូវបានគេសន្និដ្ឋានជាយូរមកហើយថា រដ្ឋាភិបាលកម្ពុជាគ្មានឆន្ទៈសហការជាមួយអង្គការសហប្រជាជាតិនៅក្នុងការផ្តន្ទាទោសជនសង្ស័យក្រៅ ពីអ្នកដែលត្រូវបានកាត់ទោសនាពេលបច្ចុប្បន្នឡើយ។
ប៉ុន្តែ បើទោះជាចៅក្រមដែលនឹងលាលែងពីតំណែងរូបនេះបានសម្រេចបន្តការសើុបអង្កេតដោយស្ងាត់ៗពុំមានការសហការពីសំណាក់សមភាគីកម្ពុជារបស់លោកចាប់តាំងពីលោកមកកាន់ការងារនៅសាលាក្តីនេះកាលពីខែកក្កដាឆ្នាំ២០១២ក៏ដោយ ក៏អង្គការសហប្រជាជាតិនៅតែមិនអើពើអំពីភាពអសកម្មរបស់រដ្ឋាភិបាលដែរហើយ ចៅក្រម ហាមុ៉ន បានលើកឡើងពីហេតុផលផ្ទាល់ខ្លួនពេលលោកបានប្រកាសលាលែងពីតំណែងនេះកាលពីថ្ងៃអង្គារ ។

យោងតាមអ្នកឃ្លាំមើលសាលាក្តីបានឲ្យដឹងថា កេរដំណែលរបស់លោក ហាម៉ុន គឺជាអ្នកដ៏សំខាន់មួួយរូបដែលចៀសវាងមិននិយាយពីភាពចម្រូងចម្រាសបើទោះណា ជាមិនបានស្វែងរកចាប់ខ្លួនជនសង្ស័យក្រៅពីសំណុំរឿង០០២ក៏ដោយ ក៏លោកបានធ្វើឲ្យមានការវិវឌ្ឍទៅមុខក្នុងពេលមានការជ្រៀតជ្រែកខាងនយោបាយផងដែរ។
លោកស្រី ហីុតឌ័រ រ៉ាយអ៊ែន អ្នកឃ្លាំមើលសាលាក្តីមកពីអង្គការគំនិតផ្តួចផ្តើមយុត្តិធម៌សង្គមសាធារណៈបានលើកឡើងតាមអីុម៉េលថា ” មិនដូចចៅក្រមមុនៗ ទេ ខ្ញុំគិតថា ចៅក្រម ហាមុ៉ន នឹងត្រូវគេចងចាំថា ជាចៅក្រមសើុបសួរមួយរូបដែលមានសមត្ថភាពបន្តការសើុបអង្កេតសំណុំរឿង០០៣និង០០៤ឲ្យបោះជំហានទៅមុខបានប៉ុន្មានជំហានដែរ”។
យោងតាមលោកស្រី រ៉ាយអ៊ែន បានឲ្យដឹងថា មិនដូចលោក ឡូរ៉ង់ កាស្ពើអានសឺមេត ជាចៅក្រមមុនលោកឡើយលោក ហាមុ៉ន រក្សា “ការគោរពវិជ្ជាជីវៈ” ជាមួយលោក យូ ប៊ុនឡេង សហចៅក្រមសើុបសួរខាងភាគីកម្ពុជា ខណៈពេលលោកបានសើុបអង្កេតជនសង្ស័យមួយចំនួនរួមមាន មាស មុត អតីតមេបញ្ជាការកងទ័ពជើងទឹកខ្មែរក្រហម អឹុម ចែម ចៅហ្វាយស្រុក និង តា អាន លេខារងភូមិភាគកណ្តាល។
លោកស្រីបានថ្លែងថា “បើទោះណាជាករណីេនះ អនុញ្ញាតឲ្យលោកវិវឌ្ឍទៅមុខនៅក្នុងការស៊ើបអង្កេតក៏ដោយ ក៏វាមិនបានផ្លាស់ប្តូរដើមហេតុពិតនៃការបដិសេធរបស់ភាគីកម្ពុជានៅសាលាក្តីក្នុងការមិនសហការសើុបអង្កេត និងមិនមានផលប៉ះពាល់ជាក់ស្តែងទៅលើការជំទាស់របស់រដ្ឋាភិបាលកម្ពុជាមិនអនុញ្ញាតឲ្យសំណុំរឿង០០៣ បញ្ចប់ តាមផ្លូវច្បាប់បើទោះជាភ័ស្តុតាងគាំទ្រការចោទប្រកាន់និងការកាត់ក្តីចុងចោទម្នាក់ក្នុងចំណោមចុងចោទជាច្រើនទៀតក៏ដោយ”។
ការជំទាស់ជាសាធារណៈរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅនឹងសំណុំរឿង០០៣ និង០០៤នេះ ត្រូវបានលើកឡើងជាថ្មីកាលពីខែកុម្ភៈ នៅពេលលោកបាននិយាយអំពីការពង្រីកវិសាលភាពសាលាក្តីហួសពីសំណុំរឿង០០២ប្រឆាំងនឹងលោកនួន ជា (បងធំទី២) និងលោក ខៀវ សំផន ប្រមុខរដ្ឋសម័យខ្មែរក្រហម នឹងបង្ខំឲ្យប្រជាជន”រត់ចូលព្រៃ”។
កាលពីឆ្នាំ២០០៩ លោកនាយករដ្ឋមន្ត្រីបានទស្សន៍ទាយថា ករណីទាំងនេះអាចធ្វើឲ្យប្រទេសកម្ពុជាធ្លាក់ចូលសង្គ្រាមស៊ីវិល ដែលអាចសម្លាប់មនុស្សអស់”២០០.០០០ទៅ៣០០.០០០នាក់”។
លោកស្រី រ៉ាយអ៊ែន បានមានប្រសាសន៍ថា ការបដិសេធមិនលើកឡើងជាសាធារណៈរបស់អង្គការសហប្រជាជាតិ ពីការជ្រៀតជ្រែកនយោបាយនេះបានធ្វើឲ្យមានការចាប់អារម្មណ៍ថា វាត្រូវបានបោកប្រាស់ដោយរដ្ឋាភិបាលកម្ពុជា។
លោកស្រី រ៉ាយអ៊ែន បានថ្លែងថា “ដោយសារសកម្មភាពកំពុងតែបន្តរបស់ភាគីកម្ពុជានៅសាលាក្តី និងរដ្ឋាភិបាលកម្ពុជាទាក់ទងសំណុំរឿង០០៣ និង០០៤នោះ វាពិបាករកឲ្យឃើញថា តើអង្គការសហប្រជាជាតិ ឬប្រទេសផ្តល់ជំនួយជឿថា ភាគីកម្ពុជានឹងផ្លាស់ប្តូរចិត្ត្តរបស់ខ្លួនត្រង់ចំណុចមួយចំនួន ហើយចាប់ផ្តើមសហការជាមួយនឹងការបោះជំហានទៅមុខជាមួយសំណុំរឿងនានា ឬយ៉ាងណានោះ ។
លោកស្រីបានបន្ថែមថា ប្រសិនបើផែនការរបស់អង្គការសហប្រជាជាតិពេញចិត្តនឹងការសើុបអង្កេត ហើយមិនបារម្ភថា តើភាគីកម្ពុជាអាចទប់ស្កាត់ការកាត់ក្តីចុងចោទណាមួយ ដែលអាចត្រូវបានចោទប្រកាន់ឬយ៉ាងណានោះ ក៏ពួកគេត្រូវចាប់ផ្តើមរៀបចំផែនការពីឥឡូវនេះទៅ ហើយត្រូវស្មោះត្រង់ជាមួយប្រជាជនកម្ពុជាអំពីអ្វីដែលពួកគេកំពុងធ្វើដែរ”។
លោកស្រី អាន ហេនដេល សហអ្នកនិពន្ធ សៀវភៅដែលមានចំណងជើងថា ”យុត្តិធម៌កូនកាត់៖អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា” បានលើកឡើងថា ការជ្រៀតជ្រែករបស់រដ្ឋាភិបាលត្រូវគេមើលឃើញតាំងពីចាប់ផ្តើមបង្កើតសាលាក្តីមកម្លេ៉ះដែលវិធានមួយចំនួនអនុញ្ញាតឲ្យចៅក្រមសេីុបសួរខាងភាគីអន្តរជាតិបន្តដោយគ្មានការយល់ព្រមពីសហសេវិកខាងភាគីកម្ពុជារបស់ខ្លួន។
យោងតាមលោកស្រី ហេនដេល ដែលជាទីប្រឹក្សាច្បាប់នៅមជ្ឈមណ្ឌលឯកសារកម្ពុជាផងដែរបានឲ្យដឹងថា បញ្ហានេះនាំឲ្យការជ្រៀតជ្រែកខាងនយោបាយក្លាយជាការពិតនៅក្នុងសាលាក្តីនេះ។
លោកស្រីបានលើកឡើងនៅក្នុងអីុម៉េលថា “តាមច្បាប់ វាអនុញ្ញាតឲ្យមានការសើុបអង្កេតសុំណុំរឿង០០៣ និង០០៤ពីសំណាក់អន្តរជាតិតែមួយគត់រយៈពេលជាច្រើនឆ្នាំក្នុង ពេលដែលមានការជំទាស់ពីភាគីកម្ពុជា។ ប៉ុន្តែ និយាយជាក់ស្តែង វិធានទាំងនោះមិនអាចរារាំងការជំទាស់ពីភាគីកម្ពុជាបានទេ ដូចដែលគេឃើញការបរាជ័យរបស់នគរបាលយុត្តិធម៌មិនអនុវត្តដីកាចាប់ខ្លួនជាដើម”។
លោកស្រី ហេនដេល បានចាត់ទុកចៅក្រម ហាមុ៉ន ថា ជា “អ្នកដែលត្រូវបានតែងតាំងដ៏ស័ក្តិសមបំផុតរបស់អង្គការសហប្រជាជាតិ” ដែលលោកអាចដំណើរការសេើុបករណី ដ៏ចម្រូងចម្រាសដោយមិនងាកចេញពីសំណុំរឿង០០២ដ៏សំខាន់របស់សាលាក្តីដែលនៅក្នុងនោះ លោក នួន ជា និងលោក ខៀវ សំផន ត្រូវបានផ្តន្ទាទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិតកាលពីឆ្នាំមុនពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។
លោកស្រី បានមានប្រសាសន៍ថា”គោលដៅចម្បងរបស់អង្គការសហប្រជាជាតិ គឺចង់ឲ្យសាលាក្តីបញ្ចប់សំណុំរឿង០០២និងចៀសវាងកុំឲ្យមានរឿងអាស្រូវដែលអាចរារាំងដល់សំណុំដែលសំខាន់ ហើយអំឡុងពេលកាន់តំណែងប្រកបដោយភាពស្ញៀមស្ងាត់របស់ចៅក្រមហាម៉ុនបានជួយសាលាក្តីក្នុងការគ្រប់គ្រងកុំឲ្យមានការចោទប្រកាន់កាន់តែច្រើនឡើងទាក់ទិននឹងការជ្រៀតជ្រែកផ្នែកនយោបាយក្នុងសំណុំរឿង០០៣ និង០០៤ ដែលអាចធ្វើឲ្យគេមិនយកចិត្តទុកដាក់លើការកាត់ក្តីមេដឹកនាំកំពូលៗ”។
លោក ឡាស អូលសេន អ្នកនាំពាក្យសាលាក្តី បានបដិសេធមិនធ្វើអត្ថាធិប្បាយលើការងាររបស់លោក ហាម៉ុន ក្នុងរយៈពេលបីឆ្នាំកន្លងមកនេះឬកេរដំណែលអ្វីដែលលោកបានបន្សល់ទុកសម្រាប់សាលាក្តីនេះឡើយ។
លោក មៃ៉ឃើល កាណាវ៉ាស មេធាវីការពារ ក្តីរបស់លោក មាស មុត ដែលកាលពីខែមុនបានចាត់ទុកការសម្រេចចោទប្រកាន់កូនក្តីរបស់លោកថា ”ពុំត្រឹមត្រូវ” នោះ បានរិះគន់ចំពោះការស៊ើបអង្កេតរបស់ចៅក្រម ហាម៉ុន ថាមានភាពលាក់បាំងនិងខ្វះតម្លាភាព។
លោក កាណាវ៉ាស បានមានប្រសាសន៍ថា ”លោក ហាម៉ុន ពិតជាខិតខំធ្វើការមែន ប៉ុន្តែ ខិតខំលើបញ្ហាអ្វី?។ តាមការយល់ឃើញរបស់ខ្ញុំ គាត់បានធ្វើលើសពីតួនាទីជាព្រះរាជអាជ្ញា ហើយពុំសូវគោរពតួនាទីជាចៅក្រៅស៊ើបសួរឡើយ។គាត់បានបដិសេធមិនឲ្យយើងទទួលបានព័ត៌មានអំពីសំណុំនេះជាច្រើនឆ្នាំមកហើយ ហើយមិនសូវជាឆ្លើយតបនូវអ្វីដែលយើងបានដាក់ជូនឡើយ ព្រមទាំងធ្វើការស៊ើបអង្កេតដោយខ្លះតម្លាភាពទៀតផង”។
ដោយលោក ហាម៉ុនបានលាលែងពីតំណែងចំពេលដែលគេមិនយកចិត្តទុកដាក់ចំពោះដីកាចាប់ខ្លួននោះ អនាគតនៃសំណុំរឿង០០៣និង០០៤នៅតែមានភាពមិនច្បាស់លាស់។លោកស្រី ហេនដេល បានអំពាវនាវឲ្យម្ចាស់ជំនួយដើរតួនាទីសំខាន់បន្ថែមទៀតក្នុងការជំរុញឲ្យអង្គការសហប្រជាជាតិសំដែងការជំទាស់នឹងការជ្រៀតជ្រែកផ្នែកនយោបាយ។
លោកស្រី ហេនដេល បានមានប្រសាសន៍ថា”ខ្ញុំជឿជាក់ថាអង្គការសហប្រជាជាតិនឹងមិនដកថយឡើយ ព្រោះខ្លួននិងម្ចាស់ជំនួយបានចំណាយប្រាក់និងទុនផ្នែកនយោបាយយ៉ាងច្រើនដើម្បីកុំឲ្យសាលាក្តីនៅជាប់គាំង”។
លោកស្រីបានមានប្រសាសន៍បន្ថែមថា”[ម្ចាស់ជំនួយ]គឺជាអ្នកផ្តល់មូលនិធិដល់សាលាក្តី ហើយពួកគេគួរតែទទូចឲ្យអង្គការសហប្រជាជាតិស៊ើបអង្កេតថា តើហេតុអ្វីបានជាគេមិនអនុវត្តដីកាចាប់ខ្លួន ហើយបែរជាទទួលយកភាពអសកម្មរបស់កម្ពុជាដោយបើកប្រាក់បៀវត្សរ៍ឲ្យសហចៅក្រមស៊ើបសួរអន្តរជាតិទី៥ដែលគ្មានអំណាចទៅវិញ”៕ សារុន និង ស៊ុយឈាង