27 C
Phnom Penh

ការ​ផ្ទុះ​​​កំហឹ​​​ង​​​កើត​ឡើង​ជុំ​​​វិញ​​​ករណីឧកញ៉ាវាយដំ​​​ពិធីការិនី​​​ សាសា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​ម្សិលមិញ ​កំហឹង​បាន​ផ្ទុះ​ចេញ​​ពី​គ្រប់​​មជ្ឈដ្ឋាន​នៃ​សង្គម​ បន្ទាប់ពី​​​មានការ​ចាក់​ផ្សាយ​​​​រូប​ភាព​វីដេអូ​កាមេរា៉​សុវត្ថិភាព​ដែល​បង្ហាញ​ពី​សកម្មភាពបុរស​​​អ្នក​ជំនួញ​ធំ​ម្នាក់​​ប្រើអំពើ​ហិង្សា​វាយ​ដំ​​​ទៅ​លើពិធី​ការិនី​ទូរទស្សន៍​ម្នាក់​យ៉ាង​​​សាហាវ​នៅឯ​ភោជនីយដ្ឋាន​មួយ​កន្លែង​​​​​ក្នុង​រាជធានី​ភ្នំពេញ ​កាលពី​ដើម​ខែ​នេះ។

រូបពីកាម៉េរ៉ាសុវត្ថិភាព​បង្ហាញ​ សុខ ប៊ុន និង​អង្គរក្សរបស់​គាត់​វាយ​ដំ​ ឯក សុជាតា។​
រូបពីកាម៉េរ៉ាសុវត្ថិភាព​បង្ហាញ​ សុខ ប៊ុន និង​អង្គរក្សរបស់​គាត់​វាយ​ដំ​ ឯក សុជាតា។​

​ក្នុង​កម្មវិធី​ផ្សាយ​​​នៅ​​ល្ងាច​ថ្ងៃ​ពុធ ​ស្ថានីយ​ទូរទស្សន៍​ CNC ​បាន​ចាក់​ផ្សាយ​​រូប​ភាព​​វីដេអូ​ដែល​បង្ហាញ​ពី​​​​លោក សុខ ប៊ុន ​ឧកញ៉ា​អចលន​ទ្រព្យ​ និង​ជា​ប្រធាន​​សមាគម​អ្នក​វាយ​តម្លៃ​អចលន​ទ្រព្យ​កម្ពុជា ធ្វើ​សកម្មភាព​​​ដាល់ ​ទាត់​ធាក់ សម្រាត​ខោអាវ និង​​​ជាន់​ក្បាល​​​កញ្ញា ឯក សុជាតា ​ឬ​ដែលគេ​ស្គាល់​ថា សាសា ដែល​ជា​​អតីត​​ពិធីការិនី​ប្រចាំ​នៅ​ស្ថានីយទូរទស្សន៍ CTN បន្ទាប់​ពី​នាង​​ព្យាយាម​ការ​ពារ​នារី​ម្នាក់​ទៀត​​​មិន​ឲ្យ​​ឧកញ៉ា​រូប​នេះ​ចូលទៅ​រំ​ខាន​នាង​​។

ពេល​ទាក់​ទង​​ទៅ​កាលពី​ម្សិលមិញ កញ្ញា ឯក សុជាតា និយាយ​ថា ​នាង​​បាន​ដាក់​ពាក្យ​បណ្ដឹង​​បទ​ប៉ុន​ប៉ង​មនុស្ស​ឃាតប្ដឹង​បុរស​ពីរ​នាក់​ជុំវិញ​ហេតុការណ៍​នេះ​​ ដែល​បណ្ដា​អ្នក​តស៊ូ​មតិ​ការ​ពារ​សិទ្ធិ​​ស្ត្រី​លើក​ឡើង​ថា​ ឆ្លុះ​បញ្ចាំង​​ពី​ផ្នត់​គំនិត​​ចាក់​ឫស​ក្នុង​សង្គមខ្មែរ ដែល​យល់​ថា​​បុរស​​មាន​ទ្រព្យ​ និង​មាន​អំណាច​​​អាច​ធ្វើ​បាប​ស្ត្រី​បាន​ ជាពិសេសស្ត្រី​ដែល​បម្រើ​ការ​ងារ​នៅ​ក្នុង​​ឧស្សាហកម្ម​សេវា​កម្ម​។

លោក ហ៊ីង ប៊ុនថន ព្រះរាជអាជ្ញារង​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ ​មាន​ប្រសាសន៍​ថា ​លោក សុខ ប៊ុន ត្រូវ​បាន​កោះហៅ​មក​សាក​សួរ​​កាលពី​ថ្ងៃ​ពុធ ជុំវិញ​ហេតុ​ការណ៍​​នេះ​ដែល​បាន​កើត​ឡើង​​​​កាលពី​វេលា​​ទៀប​ភ្លឺឈាន​ចូល​ព្រឹក​ថ្ងៃ​ទី២ ខែ​កក្កដា។

cam-photo-sasa-headshot
សុខ ប៊ុន នៅ​ក្នុង​រូបថត​នៅ​លើ​វិបសាយ​សមាគម​អ្នក​វាយ​តម្លៃ​និង​ភ្នាក់ងារ​អចលន​វត្ថុ​កម្ពុជា​

លោក សុខ ខេមរិន្ទ្រ ប្រធាននាយកដ្ឋាន​នគរ​បាល​ព្រហ្មទណ្ឌ​​នៃ​ក្រសួង​មហាផ្ទៃ បាន​​បញ្ជាក់​ថា ​នាយកដ្ឋាន​របស់​លោក​កំពុង​តាម​ចាប់​ខ្លួន​លោក សុខ ប៊ុន ហើយ​បាន​លើក​ឡើង​ថា ពាក្យ​ចចាមអារ៉ាម​​ដែល​ថាគាត់​បាន​ភៀស​ខ្លួន​ទៅ​​ប្រទេស​សិង្ហបុរី​ ​ អាច​ជា​ការ​​​ពិត។ លោក​បាន​គូស​បញ្ជាក់​ថា “បើ​​គាត់​មិន​រត់​ទេ ក៏​លាក់​ខ្លួន​ដែរ​”។

លោក​បាន​បន្ថែម​​​ថា តាម​ពិត​​កញ្ញា​ ឯក សុជាតា ​បាន​ដាក់​​ពាក្យ​បណ្ដឹង​​បទ​ប្រើ​​​​អំពើ​​​​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស​​​ ប៉ុន្តែ​មិន​ទាន់​មាន​ការ​សន្មត់​ណា​មួយ​នៅ​ឡើយ​​​ទេ លុះ​ត្រា​តែ​លោក សុខ ​​ប៊ុន ចេញ​មុខ​បក​ស្រាយ​។ ​​“ ​យើង​មិន​អាច​ស្ដាប់​តែ​ម្ខាង​បាន​​ទេ។ ពេល​នេះ​យើង​មាន​តែ​ម្ខាង​​​ប៉ុណ្ណោះ”។ ​​លោក​បាន​បន្ត​​​​​ថា ពេល​នេះ​​នគរ​បាល​ក៏កំពុង​តាម​​ចាប់​ខ្លួនរក​អង្គរក្ស​របស់​លោក​ សុខ ប៊ុន ​ដែល​គេ​មិន​ស្គាល់​អត្ត​សញ្ញាណ​​​​​ផង​ដែរ។

កាល​ពី​ម្សិល​មិញ មាន​ការ​រំជើបរំជួល​​​​យ៉ាង​​​​​ខ្លាំង​​តាម​​ប្រព័ន្ធ​​ផ្សព្វ​ផ្សាយ​សង្គម​​ក្នុង​​ប្រទេស​កម្ពុជា ​ដោយសារ​តែ​​រូប​ភាព​វីដេអូ​​ប្រើ​​អំពើ​ហិង្សា​​នេះ​ដែល​បង្ហាញ​​ពី​សកម្ម​ភាព​​​​លោក សុខ ប៊ុន​ ​បោច​សក់​​​កញ្ញា​ ឯក សុជាតា ​អូស​​​​​កាត់​តុ សង្កត់​នាងផ្ទុប​​ទៅ​នឹង​ដី ហើយ​​​​បាន​ដាល់ និង​ទាត់​ធាក់​នាង​យ៉ាង​សាហាវ​​​​ ​​​​នៅ​ពេល​​លោក សុខ ប៊ុន អូស​នាង​ពេញ​បន្ទប់​ ព្រម​ទាំង​​​​ចាប់​សម្រាត​ខោអាវ​របស់​នាង​ទៀត​​​ផង។​​​​​​​​​​​​​​​​​

លោក ហ៊ុន ម៉ានី​​​ កូន​​​ប្រុស​​​ពៅ​​​របស់​​​លោក​​​​នាយក​​​រដ្ឋ​​​មន្ត្រី ហ៊ុន សែន និង​​​ជា​​​តំណាង​​​រាស្ត្រ​​​មណ្ឌល​​​កំពង់​​​ស្ពឺ​​​មក​​​ពី​​​គណបក្ស​​​ប្រជា​​​ជនកម្ពុជា​​​​​​ បាន​​​ចូល​​​ទៅ​​​កាន់​​​ទំព័រ​​​ហ្វេសប៊ុក​​​ត្រង់កន្លែង​​​វីដេអូ​​​ឃ្លីប​​​​​​ត្រូវ​​​បាន​​​គេ​​​ចែក​​​រំលែក​​​​​​​ព្រោង​ព្រាត​​​​ ហើយ​​​បាន​​​សរសេរ​​​មតិ​​​យោបល់​​​​​មួយ​​​ចំនួន​​​ដើម្បី​​​ឲ្យ​​​គេ​​​ដឹង​​​ពី​​​ជំហរ​​​របស់​​​លោក​​​។

លោក​​​បាន​​​សរសេរ​​​នៅលើ​​​ទំព័រ​​​ហ្វេស​​​ប៊ុក​​​​​ផ្ទាល់​​​ខ្លួន​​​​ថា “ មិន​​​ថា បញ្ហា​​​នេះ​​​ជា​​​បញ្ហា​​​អ្វី​​​ទេ​រាល់​​​ការ​ប្រើ​​​​អំពើ​​​ហិង្សា​​​លើ​​​ស្ត្រី​​​ជា​​​ដំណោះ​​​ស្រាយ​​​ គឺ​​​ជា​​​អ្វី​​​ដែល​​​សង្គម​​​មិន​​​អាច​​​ទទួល​​​យក​​​បាន​​​ និង​​​ជា​​​ទង្វើ​​​ដែល​​​ត្រូវ​​​តែ​ថ្កោល​​​ទោស​​​”។

នៅ​​​ក្នុង​​​សេចក្តី​​​ថ្លែង​​​ការណ៍​​​មួយរបស់ខ្លួន​​​​លោក ចម ប្រសិទ្ធ រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​ឧស្សាហ​កម្ម និង​​​សិប្បកម្ម​​​​​​ បាន​​​លើក​​​ឡើង​​​ថា មន្ត្រី​​​ណា​​​មួយ​​​នៅ​​​ក្នុង​​​ក្រសួង​​​របស់​​​លោក​​​ដែល​​​រក​​​ឃើញ​​​​​​​​ថា បាន​​​ប្រើ​​​អំពើ​​​ហិង្សា​​​​លើ​​​ស្ត្រី​​​ ​​​នឹង​ត្រូវ​​​​​​​បណ្តេញ​​​​​ចោល​​​​​​​​​​។
លោក​​​បាន​​​មាន​​​ប្រសាសន៍ទាក់​​​ទិន​​​នឹង​​​ការ​​​សម្រេច​​​របស់​​​លោក​​​ថា “ ខ្ញុំ​​​ត្រូវ​​​តែ​​​ធ្វើ​​​ដូច្នេះ​​​ ខ្ញុំ​​​នឹង​​​ធ្វើ​​​វា​​​។ ខ្ញុំ​​​សូម​​​ប្រកាស​​​នៅ​​​ថ្ងៃ​​​នេះ​​”។

រូបថត ឯក សុជាតា ទទួល​រង​របួស​ដែល​ផ្សព្វ​ផ្សាយ​ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ កាលពី​ម្សិល​មិញ​។
រូបថត ឯក សុជាតា ទទួល​រង​របួស​ដែល​ផ្សព្វ​ផ្សាយ​ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ កាលពី​ម្សិល​មិញ​។

នៅក្នុង​​​កិច្ច​​​សម្ភាសន៍​​​​តាម​​​ទូរស័ព្ទ​​​កាល​​​​ពី​រសៀល​​​ម្សិលមិញ​​​ កញ្ញា ឯក សុជាតា ដែល​​​និយាយ​​​ថា នាង​​​កំពុង​​​​ត្រៀម​ធ្វើ​ដំណើរ​​​ទៅ​​​កាន់​​​​ទីក្រុង​​​បាង​​​កក​​​ ឬ​​​សិង្ហបុរី​​​ ដើម្បី​​​ព្យាបាល​​​​​​របួស​​​ស្នាម ​​​បាន​​​រៀប​​​រាប់​​​ពី​​ហេតុការណ៍​​​​ដែល​​​នាំ​​​ឲ្យ​​​​ឈានដល់​មាន​​​ការ​​​វាយ​​​ដំ​​​នេះ​​​។

កញ្ញា​​​បាន​​​​​​លើក​​​ឡើ​​​ងថា ម្ចាស់​​​ហាង​​​ Le Gand ​​​​​​នៅ​​​កោះ​​​ពេជ្រ​​​ ដែល​​​ជា​ជន​​​ជាតិ​​​ជប៉ុន​ បាន​​​​​ផឹក​​​​​ស្រា​​​ជាមួយ​​​លោក សុខ ប៊ុន និង​​​អង្គរក្ស​​​​​របស់​​​លោក​​​ដើម្បី​​​បំពេញ​​​កាតព្វ​​​កិច្ច​​​ជា​​​ម្ចាស់​​​ហាង​​​។

កញ្ញា​​​និយាយ​​​ថា “ បុរស​​​រូប​​​នោះ ​[លោក ​សុខ ប៊ុន​​​] បាន​​​បង្ខំ​​​ឲ្យ​​​នាង​​​ផឹក​​​ស្រា​​​រហូត​​​ដល់​​​ស្រវឹង​​​ ហើយ​​​បន្ទាប់​​​មក​​​ លោក សុខ ប៊ុន ​​​បាន​​​ហៅ​​​គេ​​​គិត​​​លុយ​​​ ហើយ​​​ដើរ​​​ចេញ​​​ទៅ​​​បាត់​​​​ជាមួយ​​​នឹង​​​អង្គរក្ស​​​”។ កញ្ញាបាន​​​បន្ថែម​​​ថា ស្ត្រី​ជន​​​ជាតិ​​​ជប៉ុនរូបនេះ​​​​ដែល​​​កញ្ញា​​​​​​​មិន​​​ប្រាប់​​​ឈ្មោះ​​​បាន​​​ដេក​​​ដួល​​​នៅ​​​លើ​​​សាឡុង កន្លែង​​​ដែល​​​នាង​​​​បាន​​​ផឹកស្រា​​​។​ប៉ុន្មាន​​​​​​នាទី​​​ក្រោយ​​​មក​​​ បុរ​​​សទាំង​​​ពីរ​​​នាក់​​​នេះ​​​បាន​​​ដើរ​​​ត្រឡប់​​​ចូល​​​​​មក​​​ក្នុ​​​ងហាង​​​វិញ​​​ ដោយ​​​មាន​​​បំណង​​​នាំ​​​ស្ត្រី​​​ជន​​​ជាតិ​​​ជប៉ុន​​​រូប​​​នេះ​​​ទៅ​​​ជាមួយ​​​​​ពួក​​​គេ​​​ ក្នុង​​​​នោះ​មាន​​​ទាំង​​​ការ​​​ប្រើ​​​កម្លាំង​​​បាយ​​​ទៀត​​​ផង​​​។

កញ្ញានិយាយ​​​ទៀត​​​ថា “ អង្គរក្ស​​​រូប​​​​​នោះ​​​​ជេរ​​​ប្រមាថ​​​​ខ្ញុំ​​​ម្តង​​​ហើយ​​​ម្តង​​​ទៀត​​​ ហើយ​​​​ដក​​​កាំភ្លើង​​​ភ្ជង់​​​ខ្ញុំ​​​ ធ្វើ​ឲ្យ​​​​ខ្ញុំ​​​​ទ្រាំមិន​បានក៏យក​​​​​​​​ទូរ​ស័ព្ទ​​​គប់​​​​​​​ដៃ​​​​​​​អង្គរក្សម្នាក់​​​​នោះ​​​​ដើម្បី​​​ឲ្យឈប់​​​ភ្ជង់​​​ខ្ញុំ​​​…​បន្ទាប់មក​​​ពួក​​​គេ​​​បាន​​​ហក់​​​មក​​​វ៉ៃ​​​ខ្ញុំ​​​តែ​​​ម្តង​​​”។

លោក​​​ស្រី ធីតា ឃឹះ​  ​​​នាយិការ​​​អង្គការ​​​មិន​មែន​​​រដ្ឋាភិបាល​​​ និង​​​ជា​​​អ្នក​​​តស៊ូ​​​មតិ​​​ដើម្បី​​​​​​​​​​​សមភាព​​​យេនឌ័រ​​​ដ៏​​​លេច​​​ធ្លោ​​​មួយ​​​រូប​​​​​​លើក​​​ឡើង​​​ថា ហេតុការណ៍​​​​​​នេះ​បង្ហាញ​ឲ្យ​​ឃើញ​ពីសង្គម​​​​​​​​ដែល​​​អ្នក​​​មាន​​​ទ្រព្យ​​​សម្បត្តិ​​​ស្ដុក​ស្ដម្ភ ​និង​​​មាន​​​អំណាច ​​​ចាត់​​​ទុក​​​អ្នក​​​ដែល​​​ធ្វើ​​​ការ​​​នៅ​ក្នុង​​​​ឧស្សាហ​​​កម្ម​​​សេវាកម្ម​​​​ដូច​​​​ទាស​​​ករ​​​។

លោក​​​ស្រី​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ បុរស​​​ទាំង​​​នេះ​​​ធ្វើ​​​ដូច្នេះ​​​ ព្រោះពួក​​​គេ​​គិត​ថា មាន​​​តែ​​​​​​ឯង ​​​ដូ​​​ច​​​ជា​​​បុរស​​​មួយ​​​ចំនួន​​​បាន​​​មើល​​​ងាយ​​​ស្ត្រី​​​ដូច​​​ទាស​​​ករ​​​ផ្លូវ​​​ភេទ​​​ និង​​​ដូច​​​​របស់​​​​លេង​សើច​​​​ដែល​​ពួក​​​គេ​​​ធ្វើ​​​​​អ្វី​ក៏បាន​តាម​​​អំពើ​​​ចិត្ត”។

លោក​​​ស្រី​​​​​​បាន​​​លើក​​​ឡើង​​​​​​បន្ត​​​ថា ខណៈ​​​បណ្តាញ​​​ទំនាក់​​​ទំនង​​​សង្គម​​​អា​ច​​​ជួយ​​​ជំរុញ​​​ឲ្យ​​​តុលាការ​​​​ដោះ​​​ស្រាយ​​​ករណី​​​នេះ​​​ ការ​​​សរ​សេរ​​​​មតិយោបល់​​​តាម​​​ហ្វេសបុ៊ក​​​ក៏បាន​​បង្ហាញ​ឲ្យ​ឃើញ​ពីទស្សនៈ​មួួយចំនួន​ដែរ​​​ជុំវិញ​វិសម​ភាព​យេនឌ័រ​​​​ដែល​​​កើត​មាន​​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​​​​។

លោក​​​ស្រី​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ នារីៗ​​​​បាន​​​សរសេរមតិយោបល់​​​របស់​​​ខ្លួន​​​លើ​​​ទំព័រ​​​ហ្វេស​​​ប៊ុក​​​ដូច​​​ជា​​​ ប្រសិន​​​បើ​​​ពួក​​​គេ​​​ជានារី​ល្អ​​​ ហេតុ​​​អី​​​បាន​​​ជា​​​ចេញ​​​ក្រៅ​​​នៅ​​​​​​ពេល​​​យប់​​​”។

លោក​​​ស្រី​​​បន្ថែម​​​ទៀត​​​ថា បណ្តាញ​​​ទំនាក់​​​ទំនង​​​សង្គម​​​ជួយ​​​​​​ឲ្យ​​​គេ​​​អាច​​​មើល​​​ឃើញ​​​​​​វីដេអូ​​​​កាមេរ៉ាសុវត្ថិភាព​​​​ពណ៌សខ្មៅ​​​នេះ ប៉ុន្តែ អំពើ​​​ហិង្សា​​​បែប​​​នេះ​​​មិ​​​ន​​​មែន​​​ជា​​​រឿង​​​ថ្មី​​​ទេ​​​សម្រាប់​​​​​ស្ត្រី​​​រាប់​​​ពាន់​​​នាក់​​​ដែល​​​ធ្វើ​​​ការ​​​នៅ​​​ក្នុង​​​ឧស្សាហ​​​កម្មសេវាកម្ម។

លោកស្រី​​​បាន​​​មាន​​​ប្រសាសន៍​​​ថា“ ពួក​​​គេ​​​បាន​​​ឃើញ​​​ផ្ទាស់​​​ភ្នែក​​​ជា​​​ច្រើន​​​លើក​​​ច្រើន​​​សា​មក​​​ហើយ​​​។ វា​​​ថ្មី​​​សម្រាប់​​​យើង​​​ដែល​​​មិន​​​ដែល​​​​​ចេញ​​​ទៅ​​​កន្លែង​​​ទាំង​​​នេះ​​​នៅ​​​ពេល​​​យប់​​​”៕ សុខុម និង​​​ ស៊ុយឈាង​​​​​​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស