27 C
Phnom Penh

វៀតណាម​យល់​ព្រម​​ផ្អាក​គម្រោង​​សាងសង់​នៅ​តាម​តំបន់​ព្រំដែន​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួង​ការ​បរទេស​​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ បាន​ចេញ​សេចក្ដី​ជូន​ព័ត៌មាន​​មួយ​កាល​ពី​ថ្ងៃ​សុក្រ​ ដោយ​​​​លើក​ឡើង​នូវ​ការ​ឆ្លើយ​តប​របស់​រដ្ឋាភិបាល​ក្រុង​ហាណូយ ចំពោះ​កំណត់ទូត​ចំនួន​បី​ដែល​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​​បាន​ផ្ញើទៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​សប្ដាហ៍​ថ្មី​ៗ​នេះ​ទាក់​ទិន​នឹង​ការ​ទន្ទ្រាន​​ចូល​ព្រំដែន​ ​ដោយ​ប្រទេស​វៀតណាម​​ទំនង​ជា​ព្រមតាម​ការ​ទាមទារ​​ទាំង​នោះ​។

សេចក្ដីជូន​ព័ត៌មាន​នេះ​​ធ្វើ​ឡើង​បន្ទាប់ពី​​កិច្ចប្រជុំ​គណៈកម្មការ​​ចម្រុះ​​កិច្ច​ការ​ព្រំដែន​​រយៈ​ពេល​បី​ថ្ងៃ​នៅ​សប្ដាហ៍​នេះ​ ដែល​ធ្វើ​​ជា​សហប្រធាន​ដោយ​លោក វ៉ា គឹមហុង រដ្ឋមន្ត្រី​ទទួល​បន្ទុក​កិច្ច​ការ​ព្រំដែន និង​លោក ហូរ ស៊័ន សឺន អនុរដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​វៀតណាម​។

ក្រោយពី​ការ​ប្រជុំ​ដែល​បញ្ចប់​ទៅ​ដោយ​មាន​ពិធី​ចុះ​ហត្ថលេខា​កាលពី​ថ្ងៃ​ព្រហស្បតិ៍​នោះ គណៈប្រតិភូ​មិន​បាន​ផ្ដល់​សេចក្ដី​ពិស្ដារ​អំពី​អ្វី​ដែល​បាន​ពិភាក្សា​គ្នា​នោះ​ទេ​។

ប៉ុន្តែ​ សេចក្ដី​ជូន​ព័ត៌មាន​របស់​​ក្រសួង​ការ​បរទេស​​ផ្ដល់​ការ​ឆ្លើយ​តប​របស់​វៀតណាម​ទៅ​នឹង​ការ​តវ៉ា​ចំនួន​បី​ផ្សេង​គ្នា​ពី​ប្រទេស​កម្ពុជា​ទាក់​ទិន​នឹង​ការ​រំលោភ​ព្រំដែន​នៅ​ខេត្ត​រតនគិរី ខេត្ត​កណ្ដាល និង​ខេត្ត​ស្វាយរៀង។

យោង​តាម​សេចក្ដី​ជូន​ព័ត៌មាន​ដដែល​បាន​ឲ្យ​ដឹង​ថា ដោយ​ឆ្លើយ​តប​ទៅ​នឹង​ការ​តវ៉ា​របស់​ប្រទេស​កម្ពុជា​អំពី​ស្រះ​ទឹក​​ធំៗ​ចំនួន​ប្រាំបី​​នៅ​ជិត​ចម្ការ​វៀតណាម​តាម​ព្រំដែន​ខេត្ត​រតនគិរី ប្រទេស​វៀតណាម​បាន​សន្យា​​ថា​នឹង​លុប​ស្រះ​ចំនួន​បី​ ​ហើយ​នឹង​បញ្ជូន​ក្រុម​បច្ចេកទេស​ចម្រុះ​ចុះ​ទៅ​ពិនិត្យ​ស្រះ​ចំនួន​ប្រាំ​ផ្សេងទៀត​។

យោង​តាម​សេចក្ដី​ជូន​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ចំពោះ​ការ​សង់​ប៉ុស្តិ៍​យោធា​ក្បែរ​ព្រំដែន​ក្នុង​ខេត្ត​កណ្ដាល​វិញ លោក​ សឺន អនុរដ្ឋមន្ត្រី​​ក្រសួង​ការ​បរទេស​វៀតណាម​បាន​និយាយ​ថា ​ការ​សាង​សង់​នេះ​បាន​ផ្អាក​រួច​ហើយ​។ ប្រទេស​វៀតណាម​​ក៏​បាន​យល់​ព្រម​ថា​នឹង​បញ្ឈប់​ការ​សាងសង់​ផ្លូវ​នៅជិត​ព្រំដែន​ក្នុង​ខេត្ត​ស្វាយរៀង​ដែរ​។

លោក រ៉ូ ផលរិទ្ធ ប្រធាន​រដ្ឋបាល​​ខេត្ត​ស្វាយរៀង​​បាន​និយាយ​ថា លោក ជៀង អំ អភិបាល​ខេត្ត​​ស្វាយរៀង បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​កាលពី​ព្រឹក​ថ្ងៃ​សុក្រ​ទៅ​​អភិបាល​ខេត្ត​ឡុង​អាន ​ទាក់​ទិន​នឹង​ការ​សាង​សង់​ផ្លូវ​​ក្បែរ​ព្រំដែន​នេះ។

លោក ផលរិទ្ធ បាន​និយាយ​ថា “​កាលពី​ម្សិលមិញ ពួកគេ​​ [វៀតណាម​] នៅ​ឈូស​ឆាយ​ផ្លូវ​នៅឡើយ​​ ដែល​ស្ថិត​នៅ​ក្នុង​ទឹក​ដី​ខ្មែរ​ក្បែរ​បង្គោល​ព្រំដែន​លេខ​២០៣​។ ប៉ុន្តែ​នៅ​ព្រឹក​នេះ​​ពួកគេ​បាន​បញ្ឈប់​ការ​ឈូស​ផ្លូវ​នេះ​ហើយ”។

លោក លី វិន អភិបាល​រង​ខេត្ត​រតនគិរី​​បាន​មាន​ប្រសាសន៍​ថា លោក​បាន​ដឹង​​អំពី​ការ​​ព្រមព្រៀង​ការ​ទូត​នេះ​ ប៉ុន្តែ​ “​មិន​ទាន់​បានទទួល​​ការ​ណែនាំ​ពី​រដ្ឋាភិបាល​” អំពី​​របៀប​ត្រូវ​ធ្វើ​យ៉ាង​ម៉េច​ទេ​។

លោក​បាន​មាន​ប្រសាសន៍​ថា “​ស្ថានការណ៍​បច្ចុប្បន្ន​គឺ​ថា ប្រទេស​វៀតណាម​​គ្មាន​សកម្មភាព​​” ក្នុង​តំបន់​ដែល​​ជីក​ស្រះទឹក​។

លោក​ ម៉ៅ ភិរុណ អភិបាល​ខេត្ត​កណ្ដាល​​មិន​​អាច​ទាក់​ទង​សុំ​ការ​អត្ថាធិប្បាយ​បាន​ទេ។

លោក អ៊ុំ សំអាន តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​​ដែល​បាន​​ជួយ​ដឹកនាំ​យុទ្ធនាការ​គណបក្ស​ប្រឆាំង​ដើម្បី​ផ្ដោត​លើ​តំបន់​នានា​ ដែល​ប្រទេស​វៀតណាម​កំពុង​រំលោភ​បំពាន​ព្រំដែន​ជាប់​ជាមួយ​ប្រទេស​កម្ពុជា​ បាន​មាន​ប្រសាសន៍​ថា លោក​ស្វាគមន៍​ការ​សន្យា​ដែល​បាន​ប្រកាស​ឲ្យ​ដឹង​កាលពី​ថ្ងៃ​សុក្រ។

លោក​បាន​មាន​ប្រសាសន៍​ថា “​យើង​នឹង​តាម​ដាន​មើល​ ថាតើ​​ប្រទេស​វៀតណាម​ធ្វើ​តាម​ការ​សន្យា​របស់​គេ​ឬយ៉ាង​ណា​។ យើង​នឹង​ទុក​ពេល​ឲ្យ​គេ​ពីរ​សប្ដាហ៍​ ឬ​១ខែ​ ប្រសិន​បើ​ពួកគេ​មិន​ធ្វើ​តាម​ការ​សន្យា​​ទេ​នោះ ​មាន​ជម្រើស​ល្អ​បំផុត​គឺ​ត្រូវ​ប្ដឹង​ទៅ​​តុលាការ​​យុត្តិធម៌​អន្តរជាតិ”៕ មានិត​​​​​​​​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស