នគរបាលដែលដឹកនាំការស្វែងរកចាប់ខ្លួនឧកញ៉ាអចលនទ្រព្យ ដែលគេឃើញតាមវីដេអូឃ្លីបវាយដំយ៉ាងព្រៃផ្សៃលើស្ត្រីពិធីករទូរទស្សន៍ បាននិយាយកាលពីថ្ងៃសុក្រថា ពួកគេបានដំណឹងថា គាត់បានរត់ភៀសខ្លួនទៅប្រទេសសិង្ហបុរី ក៏ប៉ុន្តែស្ត្រីម្នាក់នៅភូមិគ្រឹះរបស់គាត់ក្នុងក្រុងភ្នំពេញបាននិយាយថា ឧកញា៉រូបនេះមិនបានចាកចេញពីទីក្រុងនេះទេ។
រូបភាពកាមេរ៉ាសុវត្ថិភាពដែលបានលេចឡើងកាលពីថ្ងៃពុធ បង្ហាញឲ្យឃើញលោក សុខ ប៊ុន ដែលមានងារជាឧកញ៉ា វាយដំពិធីករ ឯក សុជាតា ហៅ សាសា ក្នុងសកម្មភាពទាត់ធាក់ ដាល់ និងច្រំក្បាលប្រហែល១នាទីនៅភោជនីយដ្ឋានមួយកន្លែងក្នុងក្រុងភ្នំពេញ នាពេលរំលងអធ្រាត្រចូលថ្ងៃទី២ ខែកក្កដា។
ឧត្ដមសេនីយ៍ទោ សុខ ខេមរិន្ទ្រ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៃក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា ការតាមស្វែងរកបានចាប់ផ្ដើមនៅថ្ងៃទី២ ខែកក្កដា នៅពេលដែលកញ្ញា សុជាតា បានដាក់ពាក្យប្ដឹងទាក់ទិននឹងការវាយធ្វើបាបនេះ ប៉ុន្តែរហូតមកដល់ពេលនេះមិនទាន់រកឃើញទេ។
លោកបានមានប្រសាសន៍ថា “យើងបានចាប់ផ្ដើម [ស្វែងរក] បន្ទាប់ពីយើងបានទទួលពាក្យបណ្ដឹង ប៉ុន្តែយើងមិនអាចរកឧកញ៉ា សុខ ប៊ុន ឃើញ។ យើងឮថា គាត់បានរត់ភៀសខ្លួនទៅប្រទេសសិង្ហបុរីបាត់ហើយ។
ព្រះរាជអាជ្ញារងតុលាការក្រុងបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា លោកបានកោះហៅលោក ប៊ុន មកសាកសួរកាលពីថ្ងៃពុធ។ លោក ខេមរិន្ទ្រ បានមានប្រសាសន៍កាលពីថ្ងៃសុក្រថា តាំងពីពេលនោះមកលោកបានស្នើសុំដីកាចាប់ខ្លួនលោក ប៊ុន។
ព្រះរាជអាជ្ញារង ហ៊ីង ប៊ុនថន បានបដិសេធមិនអត្ថាធិប្បាយទេកាលពីថ្ងៃសុក្រ លោក ឡេង ណាង ក្រឡាបញ្ជីរបស់លោកក៏មិនអត្ថាធិប្បាយដែរ។
ការចុះទៅដល់ក្រុមហ៊ុន សុខ ប៊ុន គ្រុប របស់លោក ប៊ុន អ្នកយកព័ត៌មានបានទៅដល់ភូមិគ្រឹះមួយក្នុងខណ្ឌចំការមន ដែលនៅទីនោះស្ត្រីម្នាក់បានឆ្លើយទូរស័ព្ទពីខ្លោងទ្វារ បានបដិសេធថា លោក ប៊ុន មិនបានភៀសខ្លួនទៅប្រទេសសិង្ហបុរីទេ។ ស្ត្រីរូបនេះបាននិយាយដោយមិនអធិប្បាយច្រើន ឬប្រាប់ឈ្មោះខ្លួនឯងនោះថា “គាត់ទើបតែចេញពីផ្ទះអំបាញ់មិញ”។
កញ្ញា សុជាតា បាននិយាយកាលពីថ្ងៃសុក្រថា កញ្ញាស្ថិតនៅក្នុងមន្ទីរពេទ្យក្រុងបាងកក ដើម្បីព្យាបាលរបួសដែលទំនងជារបួសសើៗ និងស្នាមជាំ។
តារាទូរទស្សន៍រូបនេះបានបដិសេធសេចក្ដីរាយការណ៍ក្នុងកាសែតជាភាសាខ្មែរដែលថា កញ្ញាបានទារសំណង១.០០០.០០០ដុល្លារពីលោក បុ៊ន នោះ។
កញ្ញាបាននិយាយតាមរយៈសារថា “យើងមិនទាន់គិតអំពីប្រាក់ទេ”។
ក្រោយពីការវាយដំធ្វើបាបនៅក្នុងភោជនីយដ្ឋានមួយនៅកោះពេជ្រ កញ្ញា សុជាតា បាននិយាយថា កញ្ញាការពារមិត្តរបស់ខ្លួនគឺម្ចាស់ហាងជនជាតិជប៉ុន ពីការបំពារបំពានពីលោក ប៊ុន។
រូបភាពបង្ហាញឲ្យឃើញថា កញ្ញា សុជាតា អន្តរាគមន៍ខណៈដែលលោក ប៊ុន និងអង្គរក្សរបស់គាត់ប៉ុនប៉ងនាំយកស្ត្រីជប៉ុន ដែលទំនងជាដេកលក់លើសាឡុង ចេញពីភោជនីយដ្ឋាននោះបន្ទាប់ពីផឹកស្រវឹងជោកជាំជាមួយបុរសទាំងពីរនាក់។
ក្នុងពេលវាយដំដែលកញ្ញា សុជាតា ត្រូវគេបោចសក់អូសទម្លាក់តុនោះ អង្គរក្សបានដកកាំភ្លើងខ្លីហើយភ្ជង់ក្បាលនាង ដោយរារាំងបុគ្គលិកម្នាក់មិនឲ្យចូលជួយ។
នគរបាលបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា គេក៏កំពុងស្វែងរកចាប់អង្គរក្សដែលមិនទាន់ស្គាល់ភិនភាគនៅឡើយ។
ក្នុងបទសម្ភាសមួយកាលពីថ្ងៃព្រហស្បតិ៍ កញ្ញា សុជាតា បានបដិសេធមិនប្រាប់ភិនភាគស្ត្រីជប៉ុននោះ ព្រោះបារម្ភអំពីសុវត្ថិភាពរបស់នាង។
កញ្ញាបាននិយាយដោយសំដៅលើការខ្វះការការពារសាក្សី និងជនរងគ្រោះក្នុងប្រទេសនេះថា “ខ្ញុំជឿថា គ្រប់ជនជាតិខ្លាចប្រព័ន្ធច្បាប់របស់ប្រទេសកម្ពុជា”។
កញ្ញា សុជាតា បាននិយាយថា “សូម្បីខ្ញុំកំពុងប្ដឹងលោក សុខ ប៊ុន នាងក៏បារម្ភអំពីខ្ញុំដែរ”។
នាងសោកស្ដាយចំពោះខ្ញុំដែលនាងមិនអាចជួយខ្ញុំ ហើយនាងបាននិយាយថា នាងមិនអាចធ្វើអ្វីកើតទេក្រៅតែពីលាក់ខ្លួន ឬទៅប្រទេសជប៉ុនវិញ៕ មានិត (រាយការណ៍បន្ថែមដោយ ហួត ចាន់ប៉ាវ និង Matt Blomberg)