ដើម្បីបញ្ជាក់ជាថ្មីអំពីការផ្សះផ្សាខាងនយោបាយក្នុងពេលថ្មីៗនេះរបស់ខ្លួន លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក សម រង្ស៊ី ប្រធានគណបក្សប្រឆាំង បានពិសាអាហារពេលល្ងាចរួមគ្នាជាមួយក្រុមគ្រួសាររបស់លោកទាំងពីរនៅសណ្ឋាគារកាំបូឌីយ៉ាណា ក្នុងរាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃសៅរ៍ ដោយចាប់ផ្តើមព្រឹត្តិការណ៍នេះជាមួយនឹងការថតរូប “ស៊ែលហ្វី” និងចែករំលែករូបថតទាំងនោះ។
លោក សម រង្ស៊ី ដែលចាប់តាំងពីឆ្នាំមុនបានបំផុសឲ្យមានទស្សនៈថា លោក និងលោក ហ៊ុន សែន អាចបំភ្លេចរឿងជូរចត់កាលពីអតីតកាលបាន ដើម្បីប្រកួតប្រជែងគ្នាដោយយុត្តិធម៌មកនោះ បានបង្ហោះរូបថតក្នុងព្រឹត្តិការណ៍នេះនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនកាលពីម្សិលមិញ ហើយបានមានប្រសាសន៍ថា ការទទួលទានអាហារពេលល្ងាចនេះ គឺជាព្រឹត្តិការណ៍មួយដ៏មានសារៈសំខាន់។
លោកបានសរសេរថា “ កាលពីយប់មិញនេះ ក្រុមគ្រួសារខ្ញុំ និងក្រុមគ្រួសារសម្ដេច ហ៊ុន សែន បានជួបជុំទទួលទានអាហារជាមួយគ្នា។ ការជួបជុំបែបនេះមានលក្ខណៈជាប្រវត្តិសាស្ត្រ ពីព្រោះវាជាលើកទី១ហើយនៅក្នុងប្រទេសកម្ពុជា ដែលមានជំនួបបែបនេះរវាងក្រុមគ្រួសារគណបក្សកាន់អំណាច និងក្រុមគ្រួសារប្រធានគណបក្សប្រឆាំង”។
ប្រធានគណបក្សប្រឆាំងរូបនេះបានលើកឡើងបន្ថែមទៀតថា ការពិសាអាហារពេលល្ងាចរវាងគ្រួសារលោកទាំងពីរ បានបង្ហាញពីការផ្លាស់ប្ដូរវិជ្ជមានសម្រាប់គូប្រជែងខាងនយោបាយនៅក្នុងប្រទេសកម្ពុជា “ ដែលតាមទម្លាប់ពីមុនមក តែងតែឈ្លោះគ្នាឥតប្រណី រហូតដល់កាប់សម្លាប់គ្នាក៏មានដែរ”។
សារនេះត្រូវបានបង្ហោះអមដោយរូបថតដែលមេដឹកនាំទាំងពីរសម្លឹងទៅរកទូរស័ព្ទអាយហ្វូនដែលលោក សម រង្ស៊ី ជាអ្នកកាន់ដើម្បីថតរូប “ ស៊ែលហ្វី”។
លោកស្រី ហ៊ុន ម៉ាណា ដែលជាកូនស្រីរបស់លោក ហ៊ុន សែន បានបង្ហោះរូបថតស៊ែលហ្វីពិតប្រាដកនេះនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនអមដោយរូបថតស៊ែលហ្វីមួយសន្លឹកទៀតដែលបង្ហាញពីកូនៗរបស់មេដឹកនាំទាំងពីរញញឹមយ៉ាងស្រស់ស្រាយ។
ក្រៅពីលោកស្រី ហ៊ុន ម៉ាណា លោក ហ៊ុន ម៉ានី និងលោក ហ៊ុន ម៉ាណែត ដែលជាកូនរបស់លោក ហ៊ុន សែន ក៏មានវត្តមាននៅក្នុងពិធីពិសាអាហារពេលល្ងាចនេះដែរ រួមជាមួយភរិយារបស់មេដឹកនាំទាំងពីរ គឺលោកស្រី ប៊ុន រា៉ានី និងលោកស្រី ជូឡុង សូមួរ៉ា និងកូនប្រុសស្រីរបស់លោក សម រង្ស៊ី ឈ្មោះ សម រ៉ាឆែល និង សម ភែតទ្រីស។
លោកស្រី ហ៊ុន ម៉ាណា បានសរសេរថា“ ខ្ញុំស្រឡាញ់ប៉ាម៉ាក់ និងបងប្អូនប្រុសស្រីរបស់ខ្ញុំ និងលោកអ៊ំ សម រង្ស៊ី ដែលបានមកជួបជុំគ្នាដើម្បីថតរូបជាមួយគ្នា”។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានលើកឡើងថា ការពិសាអាហារពេលល្ងាចកាលពីយប់ថ្ងៃសៅរ៍នេះ បានបង្ហាញពីឱកាសលើកកម្ពស់ទស្សនៈថា លោក ហ៊ុន សែន និងលោក សម រង្ស៊ី អាចប្រកួតប្រជែងដោយគ្មានការស្អប់ខ្ពើមគ្នា ព្រមទាំងដើម្បីឲ្យក្រុមគ្រួសាររបស់លោកទាំងពីរកាន់តែមានភាពស្និទ្ធស្នាលគ្នាថែមទៀតផង។
លោកបន្តថា កន្លងមក ថ្នាក់ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា បានចងមិត្តភាពជាមួយក្រុមនយោបាយផ្សេងៗច្រើនជាងគណបក្សសង្គ្រោះជាតិ។ លោកបានមានប្រសាសន៍ ថា “ យើងមិនគួរចាត់ទុកបងប្អូនរបស់យើងជាសត្រូវទេ ពីព្រោះខ្មែរក្រហម គឺជារបបដ៏ព្រៃ ផ្សៃ ប៉ុន្តែរដ្ឋាភិបាលនៅតែអញ្ជើញពួកគេឲ្យចូលរួមក្នុងសង្គម។ គណបក្សប្រឆាំងមិនដូចខ្មែរក្រហមទេ ដូច្នេះ ហេតុអ្វីបានជាយើងមិនអាចជួបជុំជាមួយពួកគេក្នុងនាមជាបងប្អូនបាននោះ?”៕ សុខុម