26 C
Phnom Penh

ក្រុម​ហ៊ុន​កម្មវិធី Spyware សង្ឃឹម​ទទួល​​បាន​​ឱកាស​​​​លក់​មក​ឲ្យ​កម្ពុជា​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​តាម​អុីម៉េល​ផ្ទៃ​ក្នុង​ដែល​​​​គេហ​ទំព័រ​​​​តម្លាភាព​វីគីលីក ​(Wikileaks) បានទម្លាយ​ក្នុង​ពេល​ថ្មីៗនេះ​បង្ហាញថា​​ ក្រុមហ៊ុន​ហ៊ែកឃីង​ ធីម​​​​(Hacking Team) ជា​ក្រុមហ៊ុន​លក់​កម្មវិធី​Spyware (កម្មវិធី​សូហ្វវែដែល​លួច​​ពត៌មាន​​សម្ងាត់​) របស់​អុីតាលី បាន​ព្យាយាម​​ធ្វើ​យ៉ាង​ណា​ឲ្យ​ទទួល​បាន​​ “ កិច្ចព្រមព្រៀង​ដែល​អាច​សម្រេច​បាន​” ជា​មួយ​​​​អតិថិជន​នៅ​ក្នុង​ប្រទេស​​​មួយ​ចំនួន​នៅ​អាស៊ី​អាគ្នេយ៍​ ក្នុងនោះ​រួម​មាន​ទាំង​កម្ពុជា​ផង​​អស់​​រយៈពេល​បីឆ្នាំមក​ហើយ​​។

គេ​មិន​​​ដឹងឡើយ​​​​ថា តើ​មាន​កិច្ច​ព្រមព្រៀង​​ណាមួយ​​ត្រូវ​បាន​លាក់បាំងឬក៏អត់​​នោះ​ទេ​។

ក្រុម​ហ៊ុន​ហ៊ែកឃីង ធីម ដែល​មាន​​ការិយា​ល័យ​ប្រចាំ​តំបន់​នៅ​សិង្ហបុរី​​នោះ  ​កំពុង​​ធ្វើ​រដ្ឋាភិបាល​ដែល​ចង់​​ទទួល​បាន​​​ព័ត៌មានស្ដីពី​ការ​ទាក់​​ទង​​គ្នា​​ណាមួយ​ដោយ​សម្ងាត់​។

ប័ណ្ណ​​ផ្សព្វផ្សាយ​​តាម​​អុីនធឺណិត​​របស់​ក្រុម​​​ហ៊ុន​នេះ​មាន​ខ្លឹមសារ​ដូច្នេះ​ថា “ ជន​សង្ស័យ​​​របស់​អស់​លោក​អ្នក​​អាច​​មាន​នៅ​គ្រប់ទីក​ន្លែង​​​នា​​ពេល​សព្វ​ថ្ងៃ​។ អ្វី​ដែល​អស់​លោក​អ្នក​ត្រូវ​ការ​ គឺ​មធ្យោបាយ​មួយ​ដើម្បី​ចូលទៅ​កាន់​ព័ត៌មាន​សម្ងាត់​ ប្រមូល​ទិន្នន័យ​ពាក់ព័ន្ធ​ និង​ឃ្លាំមើល​គោល​ដៅ​របស់អស់​លោក​អ្នក​ ទោះបី​ជា​ពួកគេ​នៅ​ទីណា​ក៏ដោយ​ ​ទោះបី​ជា​នៅ​ក្រៅ​ដែន​ឃ្លាំមើល​របស់​អស់​លោក​អ្នក​ក្ដី”។

ប័ណ្ណ​ផ្សព្វផ្សាយ​​នេះ​មាន​ខ្លឹមសារ​បន្ត​ដូច្នេះ​​​ថា “ ចូរ​គ្រប់គ្រង​គោល​ដៅ​របស់​អស់​លោក​អ្នក ហើយ​ឃ្លាំមើល​ពួកគេ​​ មិនថា​​មានជាប់​លេខ​​​​សម្ងាត់ ឬ​ទូរស័ព្ទ​ចល័ត​ក៏ដោយ។ មិន​ថា​​​គេ​​កំពុង​ប្រើ​ទូរស័ព្ទ​ដើរ​ដោយ​ប្រព័ន្ធ​ប្រតិ​បត្តិ​​​ការ​ Android ឬ​ Window ក៏ដោយ​ អស់​លោក​អ្នក​អាច​ឃ្លាំមើល​គ្រប់​ឧបករណ៍​អេឡិច​​​ត្រូនិច​ទាំង​អស់​”។

យោង​តាម​​អុីម៉េល​មួយ​ចំនួន​របស់​ក្រុម​ហ៊ុន​នេះ ដែល​គេហទំព័រ​តម្លាភាព​វីគីលីក​បាន​​បង្ហោះ​នៅ​លើ​គេហទំព័រ​របស់​ខ្លួន​កាលពី​ដើម​​​ខែ​នេះ ក្រុម​ហ៊ុន​ហ៊ែកឃីង ធីម ​បាន​​តែ​ព្យាយាម​លក់​កម្មវិធី​របស់​ខ្លួន​មក​ឲ្យ​កម្ពុជា​​​តាំង​ពី​ឆ្នាំ​២០១២​មក​ម្លេ៉ះ។

អុីម៉េល​​ផ្ញើទៅ​កាន់​តំណាង​ក្រុមហ៊ុន​នៅ​សិង្ហបុរី​ពី​ក្រុម​ហ៊ុន​មួយ​ទៀត​​ដែល​កំពុង​ចែក​ចាយ​កម្មវិធី​នេះ​កាលពី​ថ្ងៃទី​៨ ខែ​វិច្ឆិកា ឆ្នាំ​២០១២ បាន​លើក​ឡើង​ថា “ យើង​ក៏​កំពុង​តែ​​​​ព្យាយាម​សម្រេច​​កិច្ចព្រមព្រៀង​ដែល​អាច​ធ្វើ​​​ទៅបាន​ជាមួយ​អតិថិជន​ដូច​ជា ប្រទេស​​​​កាតា មីយ៉ាន់ម៉ា កម្ពុជា ឡាវ ព្រុយ​ណេ និង​ប្រទេស​ជាច្រើន​ផ្សេងៗ​ទៀត​ដែរ​​”។

នៅ​ក្នុង​អុីម៉េល​កាលពី​ថ្ងៃទី​២៣ ខែ​វិច្ឆិកា តំណាង​​ក្រុម​ហ៊ុន​ ហ៊ែកឃីង ធីម នៅ​សិង្ហបុរី​ដដែល​នេះ​ បាន​​បន្ត​បង្ហាញ​​ចំណាប់អារម្មណ៍​របស់​ខ្លួន​លើ​កម្ពុជា​បន្ត​ទៀត​​ដល់​បុគ្គលិក​ម្នាក់​នៅ​ឯ​ក្រុមហ៊ុន Placing Value​ ជា​ក្រុម​ហ៊ុន​ដែល​​កំពុង​ផ្សព្វ​ផ្សាយ​ខ្លួនឯង​ថា ជា​​​ក្រុម​ហ៊ុន​នាំមុខ​គេ​​​​នៅ​ប្រទេស​ថៃ​ផ្នែក​បច្ចេកវិទ្យា​សម្រាប់​កង​កម្លាំង​ប្រដាប់​អាវុធ​ នគរបាល និង​​អ្នក​ផ្ដល់​សន្តិសុខ​ផ្សេងៗ​​ទៀត​។

បន្ទាប់ពី​លើក​ឡើង​ពី​អតិថិជន​មួយ​ផ្សេង​ទៀត​ ​តំណាង​ក្រុម​ហ៊ុន ហ៊ែកឃីង ធីម បាន​សរសេរ​ថា “ សូម​ទាក់​ទង​ឲ្យ​បាន​ជាប់​ជានិច្ច​​មក​ប្រទេស​កម្ពុជា ព្រោះ​ប្រទេស​នេះ​គឺ​ជា​ទីផ្សារ​មួយ​ដែល​ខ្ញុំ​កំពុង​ចាប់​អារម្មណ៍​”។ ​​​​​​​​

កាល​​​ពី​​​ថ្ងៃ​​​ទី​​​១៨ ខែ​​​កុម្ភៈ ឆ្នាំ​​​២០១៣   អ្នក​​​​​តំណាង​​​ក្រុម​​​នេះ​​​សរសេរ​​​ទៅ​​​កាន់​​​អ្នក​​​ផ្សេង​​​​​​ដើម្បី​​​សួរ​​​ថា៖“ ចំពោះ​​​ប្រទេស​​​វៀត​​​ណាម​​​ និង​​​​​​​​​​​​កម្ពុជា ​​​តើ​​​​​​អ្នក​​​មាន​​​ការ​​​ចាប់​​​អារម្មណ៍​​​​ណា​​​មួយ​​​លើ​​​ដំណោះស្រាយ​​​របស់​​​យើង​​​ទេ​​​?”។

ក្រោយ​​​មក​​​ នៅថ្ងៃ​​​ទី​​១១ ខែ​​​មីនា ឆ្នាំ​​​២០១៤ អ្នកគ្រប់​​​គ្រង​​​ហ៊ែក​​​ឃីង​​​ធីម បាន​​​ផ្ញើ​​​អីុម៉េល​​​មួយ​​​មាន​​​បញ្ជី​​​ប្រតិភូ​​​បរទេស​​​ ដែល​​​ពួក​​​គេ​​​មាន​​​ផែន​​​ការ​​​​​​នឹង​​​ជួប​​​គ្នា​​​នៅឯ​​​សន្និសីទ​​​​ស្ដីពី​សេវា​​​ការពារ​​​នា​​​ពេល​​​ខាង​​​មុខ​​​ក្នុង​​​ប្រទេស​​​​​​​​​​​ម៉ាឡេស៊ី​​​។ បញ្ជី​​​ឈ្មោះ​​​នោះ​​​រួម​​​មាន​​​មន្ត្រី​​​នគរ​​​​​​​បាល​​​ជាន់​​​ខ្ពស់​​​ជា​​​ច្រើន​​​រូប​​​មក​​​ពី​​​ប្រទេស​​​ប្រាំពីរ​​​​​​​នៅ​​​អាស៊ី​​​ ដែល​ក្នុង​​​នោះ​មាន​​​​​​ប្រទេស​​កម្ពុជា​​​ដែរ​​​។

គ្មាន​​​អីុម៉េល​​​ណា​​​មួយ ផ្តល់​​​សេចក្តី​​​ពិស្តារ​​​បន្ថែម​​​​​​អំពី​​​នរណា​​​នៅ​​​ប្រទេស​​​កម្ពុជា​​​​​​ដែល​​​ក្រុមហ៊ុន​​​នេះ​​​សង្ឃឹម​​​ថា នឹង​​​លក់​​​ឲ្យ​​​ ឬ​​​ថាតើ​​​ពួក​​​គេ​​​បាន​​​លក់​​​ខ្លះ​​​ហើយ​​​ឬ​​​យ៉ាង​​​ណា​​​នោះ​​​​ទេ។

លោក​​​ ខៀវ សុភ័គ អ្ន​​​ក​​​នាំពាក្យ​​​​​ក្រសួង​​​មហា​​​ផ្ទៃ​​​​​​បាន​​​មាន​​​ប្រសាសន៍​​​កាល​​​ពីម្សិល​​​មិញ​​​​​ថា លោក​​​​​​មិន​​​ដែល​​​បាន​​​ឮ​​​អំពី​​​ ហែក​​​ឃីង​​​​​​ធីម​​​ទេ​​​។ ​​លោក​​​ ទិត្យ ម៉ូនីន ជា​​​មន្ត្រី​​​មួយ​រូប​​​​នៅ​​​​​ការិយា​ល័យ​​​ឧក្រិដ្ឋកម្ម​​​អីុនធឺណិត​​​របស់​​​នគរ​​​បាល​​​ជាតិ​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​មិន​​​បាន​​​ដឹង​​​​​អំពី​​​ការ​​​ទាក​​​់ទង​​​ណា​​​មួយ​​​​​​រវាង​​​ក្រុម​​​ហ៊ុន​​​នេះ​​​ និង​​​កម្លាំ​​​ង​​​របស់​​​លោក​​​ទេ​​​ ហើយ​ក៏​​​​មិន​​​បាន​​​ដឹង​​​អំពី​​​ការ​​​ទាក​​​់ទង​​​ណា​​​មួយ​​​ជាមួយ​​​ក្រុម​​​ហ៊ុន​​​​​​ផ្តល់​​​កម្មវិធី​​​ឈ្លប​​​យក​​​ព័ត៌​​​មាន​​​ឯកជន​​​ដែរ​។

ក៏​​​ប៉ុន្តែ កាល​​​ពីខែ​​​ធ្នូ​​​ រដ្ឋាភិបាល​​​បាន​​​បញ្ចេញ​​​​​​ផែនការ​​​ដំឡើង​​​ឧបករណ៍​​​ឃ្លាំ​​​មើល​​​​​​លើ​​​​​បណ្តាញ​​​​​​​​ក្រុមហ៊ុន​​​ទូរស័ព្ទ​​​ចល័ត​​​ និង​​​ក្រុម​​​ហ៊ុន​​​ផ្តល់​​​សេវា​​​​​​អីុនធឺណិត​​​របស់​​​ប្រទេស​​​កម្ពុជា។

លោក​​​ ព្រាប កុល នាយក​​​​​​អង្គការ​​​តម្លា​ភាព​​​​​​កម្ពុជា​​​បានលើក​​​ឡើង​​​ កាល​​​ពី​​​ម្សិលមិញ​​​ថា លោក​​​មិន​​​បាន​​​ដឹង​​​ថា ក្រុម​​​ហ៊ុន​​​ម៉ៅការ​​​ឯក​ជន​​​​ណា​​​ខ្លះ​​​បាន​​​ជួយ​​​រដ្ឋា​​​ភិបាល​​​ក្នុង​​​ការ​​​ឈ្លប​​​យក​​​ព័ត៌​​​មាន​​​នោះទេ​​​ ប៉ុន្តែយ៉ាងណា​​​ក៏​​​ដោយ​​​ លោក​​​​​បាន​​​ព្រមាន​​​អំពី​​​កង្វះ​​​ការ​​​ត្រួត​​​ពិនិត្យ​​​ដែល​​​គួរ​​​ឲ្យ​​​ជឿជាក់​​​។

លោក​​​ ព្រាប កុល បាន​​​លើក​​​ឡើង​​​ថា ក្រសួង​​​ ​​​ទូរគមនាគមន៍​​​បាន​​​ព្រាង​​​ច្បាប់​​​មួយ​​​​​​មាន​​​ប្បញ្ញត្តិ​​​មួយ​​​ចំនួន​​​ អនុញ្ញាត​​​ឲ្យ​​​រដ្ឋាភិបាល​​​តាម​​​ដាន​​​ការ​​​ទាក់​​​ទង​​​ឯកជន​​​តាម​​​អេឡិចត្រូនិក​​​ដើម្បី​​​ប្រយុទ្ធ​​​ប្រឆាំង​​​ឧក្រិដ្ឋ​​​កម្ម​​​ ប៉ុន្តែ ច្បាប់​​​នេះ​​​​​​នៅ​​​មិន​​​ទាន់​​​ច្បាស់​​​នៅឡើយ​​​អំពី​​​ការ​​​​​​ត្រួត​​​ពិនិត្យមើល​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍ថា “ ហើយ​​​​​​ប្រសិន​​​បើ​​​​​​គ្មាន​​​យន្តការទេនោះ​​​​​​​​​ វា​​​អាច​​​មាន​​​ការ​​​រំលោភ​​​…ចំពោះ​​គោល​​​បំណង​​​ណា​​​មួយ​​​ហួស​​​ពី​​​ឧក្រិដ្ឋ​​​កម្ម ឬ​​​ភេរវកម្ម​​​ទៅទៀត​​​”។

ក្រុម​​​ហ៊ែកឃីង​​​ធីម​​​មិន​​​បាន​​​ឆ្លើយ​​​តប​​​ទៅ​​​នឹង​​​សំណើ​​​សុំ​​​ការ​​​ពន្យល់​​​​​​ទេ​​​៕ស៊ុយឈាង និង និត (រាយការណ៍​​​បន្ថែម​​​ដោយ​​​ កង​​​ សុធា)

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស