27.5 C
Phnom Penh

អ្នក​​​ឃ្លាំ​​​មើល​​​សិទ្ធិ​​​មនុស្ស​​​ត្រូវ​​​បានតុលាការ​​​​​​សាក​​​សួរ​​​ជុំ​​​វិញ​​​បទ​​​បរិហារ​​​កេរ្តិ៍​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​​​ពីម្សិលមិញ សាលា​​​ដំបូង​​​រាជ​​​ធានី​​​ភ្នំពេញ​​​បាន​ចាប់​​​ផ្តើម​​​សាក​​​សួរ​​​អ្នក​ឃ្លាំ​មើល​​​​សិទ្ធិ​​​មនុស្ស​​​ដ៏​​​លេច​​​ធ្លោ​​​មួយ​​​រូប​​​ដែល​​​ប្រឈម​​​នឹ​​ង​​​ការ​​​ចោទ​ប្រកាន់​​​ពី​​​បទ​​​បរិហារ​​​កេរ្តិ៍ និង​​​ប៉ុន​​​ប៉ង​​​ជ្រៀត​​​ជ្រែក​​​​​​យុត្តាធិការ​​​របស់​​​មន្ត្រី​​​តុលាការ​​​ចំនួន​​​ពីរ​​​រូប​​​​​​ជុំ​​​វិញ​​​វិវាទ​​​ដីធ្លី​​​នៅ​​​ក្នុង​​​ខេត្ត​​​សៀម​​​រាប​​​។

អំឡុង​​​ការ​​​សាក​​​សួរ​​​បិទ​​​ទ្វារ​​​ លោក​​​ សៀង ​​​សុខ ព្រះរាជ​​​អាជ្ញារង​អម​សាលា​ដំបូង​​​រាជ​​​ធានី​​​​​ បាន​​​សាក​​​​សួរ​​​លោក នី ចរិយា ប្រធាន​​​ផ្នែក​​​ឃ្លាំ​​​មើល​​​នៅ​​​អង្គការ​​​សិទ្ធិ​​​មនុស្ស​​​អាដ​​​ហុក​​​​​​ជុំ​​​វិញ​​​ការ​​​អះ​​​អាង​​​ដែល​​​លោក​​​បាន​​​លើក​​​ឡើង​​​អំឡុង​​​សន្និសីទ​​​កាសែត​​​ចំនួន​​​​​​ពីរ​​​លើក​កាល​​​ពីខែ​​​ឧសភា​​​ថា ចៅ​​​ក្រម​​​សើុប​​សួរ​​​មួួ​​យ​​​រូប​​​ និង​​​ព្រះ​​​រាជ​​​អាជ្ញា​​​មួយ​​​រូប​​​បាន​​​ចាប់​​​​​​ខ្លួន​​​​​​​​​​​​​​​កសិករ​​​ចំនួន​​​ពីរ​​​នាក់ ដែល​​​មាន​​​វិវាទ​​​ដីធ្លី​ជា​​​មួយ​​​​​​ក្រុមហ៊ុន​​​កសិ​​​​កម្ម​​​មួយ​​​ក្បែរ​​​ភូមិ​​​របស់​​​ពួក​​​គេ​នៅ​​​ក្នុង​​​ស្រុក​​​ស្វាយ​​​លើ​​​ដាក់​​​ពន្ធនាគារ​​​ដោយ​​​មិន​​​ត្រឹម​​​ត្រូវ​​​។

កសិករ​​​ទាំង​​​ពីរ​​​នាក់​​​នេះ​​​ត្រូវ​​​បាន​​​បញ្ជូន​​​ទៅ​​​​​ពន្ធនាគារ​​​កាល​​​ពីខែ​​​មករា​​​ បន្ទាប់​​​ពី​​​សាលា​​​ដំបូង​​​​​​ខេត្ត​​​សៀម​​​រាប​​​បាន​​​ចោទ​​​ប្រកាន់​​​ពួក​​​គេ​​​ពី​​​បទ​​​បំផ្លិច​​​បំផ្លាញ​​​ផល​​​ដំណាំ​​​របស់​​​ក្រុមហ៊ុន​​មួយ​ឈ្មោះ​សហគមន៍​​​តាខ្មៅ​ដែល​​​ទទួល​​​បាន​សិទ្ធិ​កាន់កាប់​​​​ដី​​​សម្បទាន​​​សង្គម​​​ទំហំ​​​៤១៩​​​ហិកតា​​​នៅ​​​ក្នុង​​​ស្រុក​​​វ៉ារិន ដែល​​​នៅ​​​ជាប់​​​ភូមិ​​​របស់​​​​​​​កសិករ​​​ទាំង​​​ពីរ​​​នាក់​​​នេះ​​​កាល​​​ពី​​​ឆ្នាំ​​​២០១២។

កសិករ​​​ទាំង​​​ពីរ​​​នាក់​​​នេះ​​​ត្រូវ​​​បាន​​​រក​​​ឃើញ​​​ថា មាន​​​ទោស​​​កំហុស​​​កាល​​​ពី​​​​​​ឆ្មាំ​​​មុន​​​ ហើយ​​​ត្រូវ​​​បាន​​​ផ្តន្ទា​​​ទោស​​​​​​ឲ្យ​​​ជាប់​​​ពន្ធនាគារ​​​រយៈ​​​ពេល​​​​​​ពីរ​​​ឆ្នាំ​​​[ដោយ​​​កសិករ​​​ពី​​​រនាក់​​​​​​ផ្សេង​​​ទៀត​​​​​​ត្រូវ​​​បាន​​​ផ្តន្ទាទោស​​​ដោយ​​​កំបាំង​​​មុខ]​​​ ប៉ុន្តែ ​​​ទោស​​​ជាប់​​​ពន្ធនាគារ​​​​​​របស់​​​ពួក​​​គេ​​​ត្រូវ​​​លោក​​​កូយ សៅ ចៅ​​​ក្រម​​​ប្រធាន​​​ក្រុម​​​​​​ប្រឹក្សា​​​ជំនុំ​​​ជម្រះ​​​​​​ព្យួរ​​​ស្ទើរ​​​តែ​​​ទាំង​​​អស់​​​។

ក្រោយ​​​ការ​​​សាក​​​សួរ​​​នៅ​​​សាលា​​​ដំបូង​​​រាជ​​​ធានី​​​រួច​​​កាល​​​ពី​​​ម្សិលមិញ​​​ លោក នី ចរិយា បាន​​​លើក​​​ឡើង​​​ថា លោក​​​បាន​​​បង្ហាញ​​​ភ័ស្តុ​​​តាង​​​ដើម្បី​​​បញ្ជាក់​​​ថា កសិករ​​​ទាំង​​​ពីរ​​​នាក់​​​នេះ​​​ត្រូវ​​​បាន​​​ចាប់ខ្លួន​​​ដោយ​​​មិន​​​ត្រឹម​​​ត្រូវ​​​ ក្នុងនោះ​រួម​​មាន​​​​លិខិត​​​ចុះ​​​ថ្ងៃ​​​ទី​​​៦ ខែ​​​សីហា មួយ​​​ច្បាប់​​​ពី​​​លោក​​​ ឃឹម ប៊ុន​​​សុង​​​ អភិបាល​​​ខេត្ត​​​សៀម​​​រាប​​​ដែល​​​លើក​​​ឡើង​​​ថា សហគមន៍​​​​​តាខ្មៅ​​​បាន​ប្រើ​​​​​ប្រាស់​​​ផែន​​​ទី​​​ខុស​​ពី​​​ដី​​​ដែល​​​គេលៃទុក​ឲ្យ​​​​។

លិខិត​​​នេះ​​​មាន​​​ខ្លឹម​​​សារ​​​ដូច្នេះ​​​ថា “​​​ អាជ្ញាធរ​​​​​​ខេត្ត​​​មិន​​​អាច​​​អនុញ្ញាត​​​ឲ្យ​​​សហគមន៍​​​នេះ​​​បន្ត​​​ការ​​​អភិវឌ្ឍ​​​នៅ​​​លើ​​​ដី​​​នេះ​​​ទៀត​​​បាន​ឡើយ​​​ដោយ​​​ចេញ​​​បញ្ជា​​​ឲ្យ​​​សហគមន៍​​​នេះ​​​ផ្អាក​​​សកម្ម​​​ភាព​​​របស់​​​ខ្លួន​​​”។

លោក​​​ នី​​​ ចរិយា បានមាន​​​ប្រសាសន៍​​​ថា ​​​”ភ័ស្តុតាង​​​ដែល​​​ខ្ញុំ​​​បាន​​​ផ្តល់​​​នេះ​​​បង្ហាញ​​​ថា អ្នក​​​ទាំង​​​នោះ​​​ត្រូវ​​​បាន​​​ចាប់​​​​​​ខ្លួន​​​ដោយ​​​ខុស​​​ច្បាប់​​​ ដោយ​​​​​​ព្រះរាជ​​​អាជ្ញារង​​​ សុខ កែវ​​​បណ្ឌិត និង​​​ត្រូវ​​​បាន​​​ឃុំ​​​ខ្លួន​​​ដោយ​​​​​​ខុស​​​ច្បាប់​​​ដោយ​​​ចៅ​​​ក្រម​​​ស៊ើប​​​សួរ គី រិទ្ធី “។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​បន្ថែម​​​ថា “មិន​​​មាន​​​ធាតុ​​​ផ្សំបទ​​​ល្មើស​​​គ្រប់​​​គ្រាន់​​​មក​​​ចោទ​​​ប្រកាន់​​​ខ្ញុំ​​​ពីបទ​​​បរិហារកេរ្តិ៍ បរិហារ​​​បង្កាច់​​​កេរ្តិ៍ ឬ​​​ប៉ុន​​​ប៉ង​​​ជ្រៀត​​​ជ្រែក​​​យុត្តាធិការ​​​របស់​​​មន្ត្រី​​​តុលាការ​​​ឡើយ​​​”។

លោក លី គឹមហ៊ុន ប្រធាន​​​សហគមន៍​​​តាខ្មៅ​​​ បាន​​​អះ​​​អាង​​​ថា វិវាទ​​​ដីធ្លី​​​នៅ​​​ក្នុង​​​ខេត្ត​​​សៀម​​​រាប​​​បាន​​​កើត​​​ឡើង​​​ បន្ទាប់ពី​​​មាន​​​ការ​​​ផ្លាស់​​​ប្តូរ​​​ព្រំ​​​ប្រទល់​​​ស្រុក​​​ ហើយ​​​ថា​​​​​​លោក​​​បាន​​​បញ្ជាក់​​​​​​​​​​​​​​​​​​ទី​​​តាំង​​​របស់​​​លោក​​​ជាមួយ​​​សាលា​​​ស្រុក​​​ស្វាយ​​​លើ ដែល​​​បាន​​​អនុញ្ញាត​​​ឲ្យ​​​លោក​​​បន្ត​​​គម្រោង​​​រួច​​​ហើយ។

អាជ្ញាធរ​​​មូល​​​ដ្ឋាន​​​មិន​​​អាច​​​បញ្ជាក់​​​ពី​​​អ្វី​​​ដែល​​​លោក លី គឹមហ៊ុន បាន​​​លើក​​​ឡើង​​​ឡើយ ហើយ​​​ទាំង​​​លោក លី គឹម​​​ហ៊ុន និង​មន្ត្រី​​​សាលា​​​ ស្រុក​​​​​​​សុទ្ធតែ​​​មិន​​​អាច​​​ទាក់​​​ទង​​​បាន​​​កាល​​​ពី​​​ម្សិលមិញ​​​។

លោក លី សំរ៉េត ប្រធាន​​​រដ្ឋបាល​​​សាលា​​​ខេត្ត​​​សៀម​​​រាប ​​​​​​ក៏​​​មិន​​​អាច​​​ពន្យល់​​​អំពី​​​ការ​​​ផ្លាស់​​​​​ប្តូរ​​​ព្រំប្រទល់​​​នេះ​​​ដែរ ប៉ុន្តែ​​​ មាន​​​ការ​​​សង្ស័យ​​​ចំពោះ​​​ភាពស្រប​​​ច្បាប់​​​នៃ​​​ប្រតិបត្តិការ​​​​របស់​​​សហគមន៍​​​តាខ្មៅ។

លោក​​​​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ខ្ញុំ​​​មិន​​​ច្បាស់​​​ ទេ​​​ថា តើ​​​ព្រំប្រទល់​​​ត្រូវ​​​បាន​​​ផ្លាស់​​​ប្តូរ​​​ឬយ៉ាង​​​ណា​​​នោះ​​​”។ លោ​​​កបាន​​​បន្ថែម​​​ថា សហគមន៍​​​តាខ្មៅ នៅ​​មិនទាន់​​​មាន​​​អាជ្ញា​​​ប័ណ្ណ​​​ត្រឹម​​​ត្រូវ​​​នៅ​​​ឡើយ​​​ទេ​​​។

លោក លី សំរ៉េត បាន​​​បង្វែរ​​​សំណួរ​​​បន្ថែម​​​ទៅ​​​លោក​​​ ប៊ុន ថារិទ្ធ​ អភិបាល​​​រង​​​ខេត្ត​​​េនះ​​​ ដែល​​​បដិសេធ​​​មិន​​​ធ្វើ​​​អត្ថាធិប្បាយ​​​ ព្រោះ​​​លោក​​​ “មិន​​​មែនជាអ្នក​ទទួល​​​​​​ខុស​​​ត្រូវ​​​ក្នុង​​​សំណុំ​​​រឿង​​​នេះ​​​”។

លោក​​​អភិបាល​​​ខេត្ត​​​ ឃឹម ប៊ុន​​​សុង ក៏​​​បាន​​​បដិសេធ​​​មិន​​​ធ្វើ​​​អត្ថាធិប្បាយ​​​ដែរ​​​ ក៏​​​ដូច​​​ជា​​​មន្ត្រី​​​សាលា​​​ដំបូង​​​ខេត្ត​​​ចំនួន​​​ពីរ​​​រូប​​​ទៀត​​​គឺ​​​លោក សុខ​​​ កែវបណ្ឌិត និង​​​ចៅក្រម​​​ គី រិទ្ធី ​​​ដែលបាន​​​​ដាក់​​​ពាក្យ​​​ប្តឹង​​​លោក​​​ នី ចរិយា​​​។

លោក វ៉ែន ឡន​ កសិករ​​​ម្នាក់​​​ក្នុង​​​ចំណោម​​​កសិករ​​​​​​ចំនួន​​​ពីរ​​​នាក់​​​ដែល​​​ជាប់​​​ពន្ធនាគារ​​​ត្រូវ​​​បាន​​​ដោះ​​​លែង​​​​​​នៅ​​​ថ្ងៃ​​​ទី​​​៣ ខែ​​​កក្កដា នេះ​​​បើ​​​យោង​​​តាម​​​​​​លោក ពូក យ៉ារ៉ាន់ មេធាវី​​​របស់​​​កសិករ​​​រូប​​​នេះ​​​។ កសិករ​​​ទី​​​២​​​ឈ្មោះ បឿន ​​​សុខ​​​ ​​​គ្រោង​​​នឹង​​​ត្រូវ​​​ដោះ​​​លែង​​​នៅ​​​ខែ​​​ក្រោយ​​​​​​​​​៕ ​​​ស៊ុយឈាង​​​​​​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស