មន្ត្រីមួយរូបបាននិយាយកាលពីម្សិលមិញថា នគរបាលកំពុងតាមចាប់ខ្លួនពេទ្យធ្មេញគ្មានអាជ្ញាប័ណ្ណម្នាក់អាយុ២៦ឆ្នាំនៅខេត្តត្បូងឃ្មុំ ដែលគេគិតថា បានប្រើខ្សែរឹតកអ្នកជំងឺម្នាក់រហូតដល់ស្លាប់នៅគ្លីនិករបស់ខ្លួន ដើម្បីប្លន់យកគ្រឿងអលង្ការ និងម៉ូតូរបស់អ្នកជំងឺ រួមជាមួយនឹងប្រាក់ប្រហែល៣.០០០ដុល្លារ។
យោងតាមលោក ប៉េស ចំរើន នាយប៉ុស្តិ៍បានឲ្យដឹងថា សពអ្នកស្រី ឡៃ សំអាន អាយុ៤០ឆ្នាំ ត្រូវបានគេរកឃើញច្រកក្នុងបាវនៅខាងក្នុងបន្ទប់មួយនៅគ្លីនិករបស់ ហ៊ុយ សេង ក្នុងឃុំដា ស្រុមមេមត់ នៅម៉ោងប្រហែល៧យប់ថ្ងៃអាទិត្យ។
លោក ចំរើន បាននិយាយសំដៅដល់លទ្ធភាពដែលឈ្មោះ សេង បានឲ្យថ្នាំស្ពឹកលើសកម្រិតទៅជនរងគ្រោះថា “ ការសន្និដ្ឋានដំបូងរបស់យើងគឺថា ប្រហែលជាជនសង្ស័យខ្លាច បន្ទាប់ពីអ្នកជំងឺស្រែកឡើងនៅពេលដែលអ្នកជំងឺប្រតិកម្មយ៉ាងខ្លាំងទៅនឹងថ្នាំលើសកម្រិតច្រើនពេក ហើយជនសង្ស័យក៏រឹតកសម្លាប់អ្នកជំងឺតែម្តង”។
បន្ទាប់ពីការពិនិត្យសពអ្នកស្រី ឡៃ សំអាន លោកបាននិយាយថា ក្រុមនគរបាលសើុបអង្កេតមកពីថ្នាក់ឃុំ ស្រុក និងថ្នាក់ខេត្តបានកំណត់ថា ជនរងគ្រោះត្រូវបានរឹតកសម្លាប់ដោយខ្សែវែង។
លោក ចំរើន បាននិយាយថា “យើងរកមិនឃើញខ្សែណាមួយជាភ័ស្តុតាងទេ ប៉ុន្តែ យើងអាចសន្និដ្ឋានបានថា ជនសង្ស័យបានសម្លាប់អ្នកជំងឺដោយការរឹតក… ដោយប្រើខ្សែ ពីព្រោះយើងបានឃើញស្នាមជាំជុំវិញកជនរងគ្រោះ”។ លោកបានបន្ថែមថា ដោយសារតែក្រុមអ្នកសើុបអង្កេតនៅពេលនោះរកមិនឃើញភ័ស្តុតាងណាមួយបញ្ជាក់ថា ស្ត្រីនោះត្រូវបានគេដាក់ថ្នាំស្ពឹក ឬបានធ្វើធ្មេញឡើយ មុនពេលគាត់ស្លាប់ ។
លោកបាននិយាយថា “ការសន្និដ្ឋានទី២របស់យើងគឺថា នេះជាអំពើប្លន់ ពីព្រោះនគរបាលបានទទួលសេចក្តីរាយការណ៍ពីអ្នកជិតខាងគ្លីនិកនេះថា ឈ្មោះ សេង បានចាញ់ល្បែងអស់ប្រាក់យ៉ាងច្រើន”។ លោកបានបន្ថែមថា ឈ្មោះ សេង គ្មានអាជ្ញាប័ណ្ណបើកកន្លែងធ្វើធ្មេញទេ។
លោក ចំរើន បានឲ្យដឹងទៀតថា ឥឡូវនេះ នគរបាលកំពុងស្វែងរកចាប់ជនសង្ស័យដែលបានរត់គេចខ្លួនបាត់ទៅហើយ។
លោក ឆេង ប៊ុនរ៉ា អភិបាលស្រុកមេមត់និយាយថា ឈ្មោះ សេង បានប្រកបមុខរបបជាពេទ្យធ្មេញក្នុងតំបន់នេះអស់រយៈពេលប្រហែលពីរឆ្នាំហើយ ប៉ុន្តែថា លោកមិនបានដឹងអ្វីផ្សេងទៀតទេអំពីជនសង្ស័យនេះ។
លោក ចំរើន បាននិយាយថា លោក ឆន វី ជាប្តីរបស់អ្នកស្រី ឡៃ សំអាន បានប្រាប់នគរបាលថា មុនពេលភរិយារបស់លោកស្លាប់ គាត់មានលុយប្រហែល៣.០០០ដុល្លារជាប់នឹងខ្លួនសម្រាប់ចំណាយលើសម្ភារចម្ការម្រេចរបស់ខ្លួន។ ប៉ុន្តែ ក្រោយពីការពិនិត្យសព នគរបាលបានរកឃើញប្រាក់ដុល្លារតែ៥១៣ដុល្លារប៉ុណ្ណោះ និងប្រាក់ខ្មែរ៥៩០.០០០រៀលក្នុងកាបូបរបស់គាត់។
នាយប៉ុស្តិ៍បាននិយាយថា ស្វាមីក៏បានប្រាប់ នគរបាលដែរថា អ្នកស្រី ឡៃ សំអាន មានពាក់ខ្សែក ចិញ្ចៀន ខ្សែដៃ និងក្រវិល សរុបប្រហែល៧ជីមាស និង៦ជីប្លាទីន ដែលបានបាត់ដែរ នៅពេលគេបានរកឃើញជនរងគ្រោះ។
នៅពេលអ្នកកាសែតបានហៅទូរស័ព្ទលេខរបស់លោក វី ដែលផ្តល់ឲ្យដោយនគរបាល បុរសម្នាក់ដែលប្រាប់ថា ខ្លួនឈ្មោះ ឡៃ ម៉េងហុង អាយុ៣២ជាប្អូនប្រុសរបស់ជនរងគ្រោះបាននិយាយថា បងថ្លៃរបស់ខ្លួនមានទុក្ខធំណាស់មិនអាចនិយាយអ្វីបានទេ។
លោក ម៉េងហុង បាននិយាយថា បងស្រីរបស់លោក ដែលលោកបានរស់នៅជាមួយ បានទៅគ្លីនិករបស់ឈ្មោះ សេង ចំនួនពីរលើក ដើម្បីដាក់ធ្មេញ។ លោកបានបន្ថែមថា អ្នកជិតខាងបានប្រាប់លោកថា មុនពេលបងស្រីរបស់លោកបានចាកចេញទៅគ្លីនិកនេះ បងស្រីរបស់លោកបានឮលោក សេង ទូរស័ព្ទហៅបងស្រីរបស់លោកម្តងហើយម្តងទៀត និងបានស្នើឲ្យគាត់ទៅបង្ហើយការដាក់ធ្មេញ។
លោក ម៉េងហុង បាននិយាយថា “ បងស្រី របស់ខ្ញុំមិនចង់ទៅទេ ពីព្រោះគាត់រវល់ ប៉ុន្តែ ពេទ្យធ្មេញនេះចេះតែទូរស័ព្ទហៅគាត់។ អ្នកជិតខាងរបស់ខ្ញុំបានឮបងស្រីខ្ញុំនិយាយជាមួយពេទ្យធ្មេញ ហើយបន្ទាប់មកបានឃើញបងស្រីរបស់ខ្ញុំជិះម៉ូតូចេញទៅជួបពេទ្យធ្មេញនោះ”។
លោក ម៉េងហុង បាននិយាយថា នៅពេល មិនឃើញអ្នកស្រី ឡៃ សំអាន ត្រឡប់មកផ្ទះវិញ លោកបានទូរស័ព្ទទៅឈ្មោះ សេង នៅម៉ោងប្រហែល៥ និង៣០នាទីល្ងាច។
លោកបាននិយាយថា “ ខ្ញុំបានទូរស័ព្ទហៅពេទ្យធ្មេញដើម្បីសួរថា បងស្រីរបស់ខ្ញុំនៅទីណា ហើយគាត់បាននិយាយថា បងស្រីរបស់ខ្ញុំបានត្រឡប់ទៅផ្ទះវិញហើយ។ ខ្ញុំបានសួរគាត់ ’អ៊ីចឹងអ្នកនៅឯណា?’ ។ ពេទ្យធ្មេញរូបនេះបាននិយាយថា “ ខ្ញុំនៅខេត្តកំពង់ចាម”។
បន្ទាប់ពីការស្វែងរកបងស្រីនៅផ្សារ និងហាងលក់ដូរក្បែរៗនោះ លោក ម៉េងហុង បាននិយាយថា លោកបានទៅគ្លីនិកនោះ។ លោកបាននិយាយថា នៅខាងក្រៅគ្លីនិក ស្ត្រីម្នាក់បានប្រាប់លោកថា គាត់បានឃើញឈ្មោះ សេង ជិះម៉ូតូរបស់បងស្រីលោកចេញទៅនៅម៉ោងប្រហែល៤ល្ងាច។
លោកបាននិយាយថា “ ខ្ញុំមានអារម្មណ៍ថា បងស្រីរបស់ខ្ញុំស្ថិតនៅខាងក្នុងគ្លីនិកធ្វើធ្មេញនោះ ដូច្នេះយើងបានប្តឹងទៅនគរបាល។ នេះគឺជាអំពើប្លន់ ពីព្រោះពេទ្យធ្មេញនេះបានមើលឃើញថា បងស្រីរបស់ខ្ញុំមានប្រាក់ច្រើន”៕និត