ប័ណ្ណសារ

រដ្ឋា​​​ភិបាល​​​ថៃ​​​ពន្យារ​​​​​​ពេល​​​កំណត់​​​សម្រាប់​​​ប័ណ្ណ​​​ការ​​​ងារ​​​

By

July 14, 2015

ក្រសួង​​​ការ​​​បរទេស​​​កម្ពុជា​​​បាន​​​និយាយ​​​នៅ​​​ក្នុង​​​សេចក្តី​​​ថ្លែង​​​ការណ៍​​​​​​កាលពី​​​ថ្ងៃ​​​ចន្ទ​​​ថា រដ្ឋា​​​ភិបាល​​​​​​ថៃ​​​​​​បាន​​​ផ្តល់​​​រយៈ​​​ពេល​​​ពន្យា​​​រ​​​​​​៩​​​ខែ​​​​​​ដល់​​​កម្មករ​​​ចំណាក​​​ស្រុក​​​​​​ខ្មែរ​​​​​​​​​នៅ​​​ក្នុង​​​ប្រទេស​​​ថៃ​​​ ដែល​​​មិន​​​ទាន់​​​បាន​​​​​​បន្ត​​​ប័ណ្ណ​​​ការងារ​​​បណ្តោះ​​​អា​​​សន្ន​​​​​​របស់​​​ខ្លួន​​​នៅ​​​ឡើយ។

សេចក្តី​​​ថ្លែង​​​ការណ៍​​​បាន​​​និយាយ​​​ថា ជា​​​ផ្នែក​​​នៃ​​​បេសកកម្ម​​​ផ្នែក​​​ការ​​​ទូត​​​ទៅ​​​កាន់​​​ប្រទេស​​​ថៃ​​​កាល​​​ពី​​​សប្តាហ៍​​​មុន រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​ការ​​​បរទេស​​​ លោក ហោ ណាំហុង​​​ បាន​​​ជួប​​​​​​កាល​​​ពី​​​ថ្ងៃ​​​សៅរ៍​​​ជា​​​មួយ​​​សមភាគី​​​ថៃ​​​ ដែល​​​បាន​​​យល់​​​ព្រម​​​ពន្យារ​​​​​រយៈ​​​ពេល​​​ស្នាក់​​​នៅ​​​បណ្តោះ​​​អាសន្ន​​​របស់​​​កម្ម​​​ករ​​​ខ្មែរ​។​​​

លោក ជុំ សុន្ទរី​​​ អ្នក​​​នាំ​​​ពាក្យ​​​ក្រ​​​សួង​​​ការ​​​បរទេស​​​បាន​​​និយាយ​​​ថា កម្មករ​​​ខ្មែរ​​​ប្រ​​​មាណ​​​៥០.០០០​​​នាក់​​​ ដែល​​​ប្រឈម​​​នឹង​​​ការ​​​បណ្តេញ​​​ចេញ​​​ពី​​​ប្រ​​​ទេស​​​ថៃ បន្ទាប់​​​ពី​​​កំណត់​​​ពេល​​​ពី​​​មុន​​​បាន​​​​​​បាន​​​កន្លង​​​ផុត​​​ទៅ​​​​​​កាល​​​ពី​​​ថ្ងៃ​​​ទី​​​៣០ ខែ​​​មិថុនា​​​ ឥឡូវ​​​នេះ​​​​​​បាន​​​​​​ពន្យារ​​​​​​​​​រហូត​​​ដល់​​​ថ្ងៃ​​​ទី​​​៣១ ខែ​​​មីនា ឆ្នាំ​​​២០១៦។​​​​​​

លោក សុន្ទរី​​​ បាន​​​និយាយថា “មាន​​​មនុស្ស​​​​​​ប្រ​​​ហែល​​​៥០.០០០​​​នាក់​​​មិន​​​ទាន់​​​បាន​​​បន្ត​​​ប័ណ្ណ​​​ស្នាក់​​​នៅ​​​បណ្តោះ​​​អា​​​សន្ន​​​​​​នៅ​​​ក្នុង​​​ប្រទេស​​​ថៃ​​​នៅ​​​ឡើយ”។​​​​​​

លោក ជៀម ឡាម៉ាទីន ទី​​​ប្រឹក្សា​​​ទទួល​​​បន្ទុក​​​ពលករ​​​ទេសន្ត​​​ប្រវេសន៍​​​​​​នៅ​​​ឯ​​​ស្ថាន​​​ទូត​​​កម្ពុជា​​​ក្នុង​​​ក្រុង​​​បាង​​​កក បាន​​​និយាយ​​​ថា មាន​​​ពលករ​​​ទេសន្ត​​​ប្រវេសន៍​​​​​​ខ្មែរ​​​ប្រ​​​ហែល ៧៣០.០០០​​​នាក់​​​បាន​​​ចុះ​​​ឈ្មោះ​​​នៅ​​​ក្នុង​​​ប្រទេស​​​ថៃ។​​​

លោក ឡាម៉ាទីន បាន​​​និយាយ​​​សំដៅ​​​លើ​​​ប័ណ្ណ​​​ការងារ​​​បណ្តោះ​​​អាសន្ន​​​ថា “ក្នុង​​​ចំណោម​​​នោះ មាន​​​៥០០.០០០​​​នាក​​់​​​​​​មាន​​​ប័ណ្ណ​​​ពណ៌ផ្កា​​​ឈូក​​​ដែល​​​ពន្យារ​​​ពេល​​​រួច​​​ហើយ”។​​​​​​

លោក ឡាម៉ាទីន បាន​​​និយាយ​​​ថា រដ្ឋា​​​ភិបាល​​​ថៃ​​​បាន​​​ប៉ាន់​​​ប្រ​​​មាណ​​​ថា មានកម្មករ​​​​​​ចំនួន​​​១០០.០០០​​​នាក​​់​​​ក្នុង​​​ចំណោម ២៣០.០០០​​​នាក់​​​​​​បាន​​​ចាក​​​ចេញ​​​ពី​​​ប្រទេស​​​ថៃ​​​រួច​​​ហើយ និង​​​ថា​​​កម្មករ​​​ផ្សេង​​​ទៀត​​​​​​អាច​​​ចុះ​​​ឈ្មោះ​​​​​​ច្រើន​​​ដង​​​ ដោយ​​​លោក​​​បាន​​​បញ្ជាក់​​​ថា វា​​​ពិបាក​​​នឹង​​​​​​ដឹង​​​ប្រាកដ​​​​​​ប្រជា​​​ចំពោះ​​​ការ​​​បា៉ន់​​​ប្រមាណ​​​បែបហ្នឹង។​​​​​​

លោក ឡាម៉ាទីន បាន​​​និយាយ​​​ថា “គ្មាន​​​នរណា​​​ដឹង​​​អំពី​​​ចំនួន​​​នេះ​​​ទេ។​​​ កម្មករ​​​ទេសន្ត​​​ប្រវសន៍​​​​​​ចូល​​​មក​​​តាម​​​ច្រក​​​របៀង​​​នានា​​​ ហើយ​​​ក៏​​​មិន​​​​​​ចូ​​​ល​​​តាម​​​ច្រក​​​ព្រំដែន​​​អន្ត​​​រ​​​ជាតិ​​​ដែរ”។

លោក ឡាម៉ាទីន បាន​​​និយាយ​​​ថា អ្នក​​​កាន់​​​ប័ណ្ណ​​​ពណ៌ផ្កា​​​ឈូក​​​ទាំង​​​អស់​​​ត្រូវ​​​តែ​​​មាន​​​ប័ណ្ណ​​​ការងារ​​​ផ្លូវ​​​ការ​​​​​​ត្រឹម​​​ថ្ងៃ​​​ទី​​​៣១ ខែ​​​មី​​​នា ហើយ​​​​​​លោក​​​មិន​​​ដឹង​​​ថាតើ​​​នឹង​​​មាន​​​រឿង​​​អ្វី​​​កើត​​​ឡើង​​​ទេ​​​ចំពោះ​​​​​​កម្មករ​​​ចំណាក​​​ស្រុក​​​​​​ដែល​​​មិន​​​មាន​​​ប័ណ្ណ​​​ការ​​​ងារ​​​ផ្លូវ​​​ការ​​​នោះ។​​​​​​

លោក ឡាម៉ាទីន បាន​​​និយាយ​​​ថា “យើង​​​​​​​​​ស្នើ​​​​​​ក្រសួង​​​ការ​​​ងារ​​​ថៃ​​​​​​ឲ្យ​​​ពន្យារ​​​ពេល​​​កំណត់​​​។ ប៉ុន្តែ​​​​​​អាជ្ញា​​​ធរ​​​ថៃ​​​​​​បាន​​​និយាយ​​​ថា ‘ចូរ​​​ទុក​​​ពេល​​​កំណត់​​​នៅ​​​ដដែល ពី​​​ព្រោះ​​​ប្រ​​​សិន​​​បើ​​​​​​យើង​​​នៅ​​​តែ​​​ពន្យារ​​​ពេល​​​ ក៏​​​គ្មាន​​​នរណា​​​គោរព​​​ច្បាប់​​​ដែរ​​​'”។​​​​​​

លោក​​​ អានឌី ហល សកម្ម​​​ជន​​​សិទ្ធិ​​​កម្ម​​​ករ​​​ទេសន្ត​​​ប្រវេសន៍​​​នៅ​​​ក្នុង​​​ប្រទេស​​​ថៃ បាន​​​និយាយ​​​នៅ​​​ក្នុង​​​សារ​​​​​​អ៊ីម៉ែល​​​កាល​​​ពី​​​ថ្ងៃ​​​អាទិត្យ​​​​​​ថា យោង​​​តាម​​​តួលេខ​​​​​​ពី​​​ក្រសួង​​​ការងារ​​​ថៃ​​​ឲ្យ​​​ដឹង​​​ថា មាន​​​កម្មករ​​​ទេសន្ត​​​ប្រវសន៍​​​​​​ខ្មែរ​​​ប្រហែល​​​​​​១៧១.០០០​​​នាក់​​​ បាន​​​បញ្ចប់​​​ដំណើរ​​​ការ​​​ផ្ទៀង​​​ផ្ទាត់​​​សញ្ជាតិ​​​របស់​​​ប្រ​​​ទេស​​​ថៃ ដែល​​​តម្រូវ​​​ឲ្យ​​​ទទួល​​​បាន​​​ប័ណ្ណការងារ។​​​  រើន (រាយការណ៍​​​បន្ថែម​​​ដោយ អ៊ូច សូនី)