30.7 C
Phnom Penh

លោក​ ស ខេង ​​បាន​បញ្ជាក់​ថា ​​​​លោក​ដឹង​ថា មាន​​នគរ​បាល​ឃុប​​​​ឃិត​​ជាមួយ​ឧកញ៉ា សុខ ប៊ុន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក សុខ ប៊ុន បោះបង់​​ងារ​ជា​ឧកញ៉ា​ ហើយ​និយាយ​ថា ជម្លោះ​ ‘ធ្វើ​ឲ្យ​មាន​របួស​ស្នាម​ទាំង​សង​ខាង’

លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ បាន​មាន​ប្រសាសន៍​​កាលពី​ម្សិលមិញ​ថា មន្ត្រី​នគរ​​បាល​​​បាន​ឃុប​ឃិត​​ជាមួយ​លោក សុខ ប៊ុន ​ឧកញ៉ា​អចលនទ្រព្យ​ ដើម្បី​ជួយ​ឲ្យ​​​គាត់​​គេច​ផុត​ពី​ការ​ចាប់​ខ្លួន​ មួយ​សប្ដាហ៍​​បន្ទាប់ពី​​​បែក​ធ្លាយ​រូប​ភាព​វីដេអូ​កាមេរ៉ា​សុវត្ថិភាព​​ដែល​បង្ហាញ​​​ពី​សកម្មភាព​គាត់​ប្រើ​អំពើ​ហិង្សា​យ៉ាង​​ព្រៃផ្សៃ​ទៅ​លើ​​ពិធីការិនី​ទូរទស្សន៍​​ម្នាក់​នៅ​ភោជនីយដ្ឋានមួយ​កន្លែង​ក្នុង​រាជធានី​ភ្នំពេញ។

អំឡុង​​ពេល​ថ្លែង​​សុន្ទរកថា​នៅ​ក្រសួង​មហា​ផ្ទៃ​​ អំពី​វិវាទ​ព្រំដែន​ជាមួយ​វៀតណាម​ លោក ស ខេង បាន​​បញ្ជាក់​​ថា លោក​ដឹង​​ថា​​មាន​​​មន្ត្រី​មួយ​ចំនួន​​​ជួយ​លោក សុខ ប៊ុន ​ដែល​បាន​គេច​ខ្លួន​ទៅ​ប្រទេស​សិង្ហបុរី។

លោក​​​បាន​​​មាន​ប្រសាសន៍​ថា“ ខ្ញុំ​ដឹង​ដែរ​ មន្ត្រី​យើង​ណា​ខ្លះ​​លាក់​ ។មិន​មែន​​មិន​ដឹង​ទេ ​​អ្នក​រារាំង​ [ការ​ចាប់​ខ្លួន​លោក សុខ ប៊ុន]។ ​នៅ​ត្រង់​ណា​ក៏​ដោយ ត្រូវ​តាម​ចាប់ឲ្យ​បាន។​ទោះ​​​បី​យើង​​ស្គាល់​រាប់​​អាន​​មិត្តភក្ដិ​​អី​ក៏​ដោយ តែ​​យើង​កុំ​ទៅ​ឃុប​ឃិត​​នឹង​​រឿងដែលគេ​​ធ្វើ​ខុស​”។ លោក​បាន​លើក​ឡើង​បន្ថែម​ថា ការ​ឃុប​ឃិត​​បែប​នេះ ​គឺ​ស្មើ​នឹង​​ការ​ជេរ​ប្រមាថ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​កម្លាំង​នគរ​បាល​​​ទាំង​មូល។

លោក សុខ ខេមរិន្ទ ​ប្រធាន​​​នាយក​ដ្ឋាន​នគរ​បាល​ព្រហ្មទណ្ឌ​​​នៃ​ក្រសួង​មហាផ្ទៃ កំពុង​​​​ដឹកនាំ​ការ​ស៊ើបអង្កេត​​លើ​លោក សុខ ប៊ុន យកដី។

លោក ស ខេង បាន​ទទួល​ស្គាល់ពី​ភាព​លំបាក​ក្នុងការ​ចរចា​ពី​បញ្ហាព្រំដែន​​ជាមួួ​យ​វៀត​​​​ណាមដល់​មន្ត្រី​ប្រហែល​៤០០នាក់​ដែលបាន​ចូលរួម គឺ​ពី​​នគរបាល​ព្រំដែន​រហូត​ដល់​​អភិបាល​ខេត្ត​។

លោក​បានមាន​ប្រសាសន៍ថា “​ការ​ដោះ​​​ស្រាយ​បញ្ហា​ព្រំដែន​ជារឿង​ស្មុគស្មាញ ដែល​​​​ទាម​ទារ​ឲ្យ​មាន​ការ​អត់​ធ្មត់ និង​ការ​តស៊ូ​យ៉ាង​ស្វិត​ស្វាញ។

បញ្ហាស្មុគស្មាញ​បែប​នេះ​មិន​អាច​ត្រូវ​បាន​ដោះ​ស្រាយ​ដូច​ភាគី​មួយច​ំនួន​ចង់​​​បាននោះទេ ប៉ុន្តែ​លុះណាតែភាគី​ទាំង​ពីរ​​​ព្រមព្រៀង​គ្នា​។ យើង​ប្រឹង​ប្រែង​ធ្វើ​​​ការយ៉ាង ខ្លាំង​​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ធំ​ៗ​មួយច​ំនួន​​ជាមួយ​វៀត​ណាម​ ហើយ​នៅ​មាន​បញ្ហា​ មួយ​ចំនួនទៀត​​​​ដែលមិន​ទាន់ត្រូវ​បាន​ដោះ​​​ស្រាយ​នៅឡើយ”។

លោក ស ខេង​ បានមាន​ប្រសាសន៍ថា ស្របពេល​ជាមួយ​គ្នានេះដែរ មន្ត្រី​មូលដ្ឋាន​ត្រូវ​ប្រកាន់​ខ្ជាប់នូវ​វិធាន​មូលដ្ឋាន​មួយ​ចំនួន​គឺ​ទី១ហើយ​សំខាន់បំផុត​​ ត្រូវ​បញ្ឈប់ការ​ចរចា​អំពី​បញ្ហា​បន្ទាត់​ព្រំដែន​ដោយ​ខ្លួន​ឯង​ជាមួយ​​មិត្តភក្តិ​មកពី​ប្រទេស​វៀត​ណាម។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ” មាន​​​ប្រជា​​​ពល​​​រដ្ឋ​​​មួយ​​​ចំនួន ​​​នៅ​​​ពេល​​​មិត្ត​​​ភក្តិ​​​របស់​​​ខ្លួន​​​មក​​​ស្នើ​​សុំ​​​ឲ្យ​​​​មាន​​​ការ​​​ព្រម​​​ព្រៀង​​​នៅ​​​​​កន្លែង​​​មួយ​​​ចំនួន​​​ដែល​ពួកគេ​​​បាន​​​ធ្វើ​​​ហើយ​​​។ ​​​ប៉ុន្តែ  យើង​​​មិន​​​អាច​​​ធ្វើ​​​​​​តាមអ្វី​​​​​​ដែល​​​យើង​​​ចង់​​​បាន​​​នោះ​​​ទេ​​​។ យើង​​​ត្រូវ​​​ស្នើទៅថ្នាក់ជាតិ​សិន​​​​បើ​​​មិន​​​ដូច្នេះ​​​ទេ​​​វា​​​នឹង​​​ប៉ះពាល់​​​ដល់​​​ទំនាក់​​​ទំនង​​​”។

លោក​​​រដ្ឋ​​​មន្ត្រី​​​ក៏​​​បាន​​​បញ្ជាឲ្យ​​​ក្រុម​​​មន្ត្រី​​​ធ្វើ​​​ឲ្យ​​​ប្រាកដ​​​ថា ម្ចាស់​​​ដី​​​នៅ​​​តាម​​​ព្រំដែន​​​ឈប់​​​ជួល​​​ដីធ្លី​​​​របស់​​​ខ្លួន​​​ទៅ​​​ឲ្យ​​​ជន​ជាតិ​វៀតណាម​​​ដែល​​​រស់​​​នៅ​​​ខាង​​​ភាគី​​​ម្ខាង​​​ទៀត​​​​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា​​​ ផ្ទះ​​​សំបែង​​​និង​​​ដីស្រែ​​​ចម្ការ​​​ត្រូវ​​​ស្ថិត​​​នៅ​​​កន្លែង​​​ដដែល​​​។ ​​​មិន​​​ចាំបាច់​​​ពង្រីក​​​លំនៅដ្ឋាន​​​​ ឬ​​​រាន​​​ដី​​​ព្រៃ​​​នោះ​​​ ឡើយ​​​។ ឈប់​​​សាង​​​សង់​​​ហេដ្ឋារចនា​​​សម្ព័ន្ធ ​​​និង​​​សំណង់​​​ដែល​​​ប៉ះ​​​ពាល់​​​​​​ដល់​​​ស្ថាន​​​ភាព​​​នេះ។

លោក​​​រដ្ឋ​​​មន្ត្រី​​​បាន​​ប្រកាស​ប្រាប់​​​​មន្ត្រី​​​ដែល​​​ចូល​​​រួម​​​ឲ្យ​​​​​​បិទ​​​ច្រក​​​របៀង​​​ក្រៅ​​​ផ្លូវ​​​ការ​​​​​​នៅ​​​តាម​​​បណ្តោយ​​​ព្រំដែនទាំង​​​អស់​​​ និង​​​ចាប់​​​ខ្លួន​​​អ្នក​​​ដែល​​​ព្យាយាម​​​ឆ្លង​​​ព្រំដែន​​​ដោយ​​​ ខុស​​​ច្បាប់​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា កន្លែង​ដែល​​​មានការឡើង​កម្តៅ​រឿង​បញ្ហាព្រំដែន​​​ “ទី​​​១​​​អាជ្ញាធរ​​​របស់​​​យើងដែល​​​បាន​​​ឈរ​​​ជើង​​​នៅ​​​តំបន់​​​នោះ​​​ត្រូ​​​វទំនាក់​​​ទំនង​​​ភ្លាម​​​ៗ​​​ជា​​​មួយ​​​វៀត​ណាម​​​ដើម្បី​​​បញ្ឈប់​រឿង​នេះ​​​​។ ទី​​​២​​​ពួក​​​គេ​​​ត្រូវ​​​ផ្ញើ​​​របាយការណ៍​​​ទៅ​​​ថ្នាក់​​​ឃុំ​​​ ថ្នាក់​ស្រុក​​​និង​​​ខេត្ត​​​ភ្លាម​​​ៗ។

ទោះ​​​ជា​​​យ៉ាង​​​ណា ​​​កិច្ច​​​ប្រជុំ​​​នេះ​​​ យូរ​ៗម្តង​មាន​​​ភាព​​​ក្តៅ​គគុក​​​ជា​​​ពិសេស​​​រវាង​​​រដ្ឋ​​​មន្ត្រី​​​ទទួល​​​​​​បន្ទុក​​​កិច្ច​​​ការ​​​ព្រំដែន គឺ​​​លោក ​​​វ៉ា ​​​គឹម​​​ហុង និង​​​មន្ត្រី​​​មួយ​​​ចំនួន​​​ទៀតដែលមាន​​​ការ​​​ស្រងាក​​​ចិត្ត​​​។

លោក ជៀង អំ អភិបាល​​​ខេត្ត​​​ស្វាយ​​​រៀង ​​​បាន​​​ត្អូញ​​​ត្អែរ​​​អំពីការ​ដែលលោក​មិន​​​ត្រូវ​​​ បាន​​​ប្រាប់​​​ច្បាស់លាស់​​​​ថា តើ​តំប​ន់ណាខ្លះ​នៅ​តាម​​​​បណ្តោយ​​​ព្រំដែន​​​ជា​របស់ប្រទេស​កម្ពុជា​​​នោះ​​​។

លោក វ៉ា គឹមហុង​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា វា​​​គឺជា​​​កំហុស​​​ផ្ទាល់​​​របស់​​​អភិបាល​​​​​​ខេត្ត​​​រូប​​​នេះ​​ចំពោះការ​មិន​បំពេញ​តួនាទីជា​​​សេនា​​​ធិការ​​​គណៈកម្មាធិការ​​​ព្រំដែន​​​ក្នុងខេត្ត​​​របស់​​​ខ្លួនផ្ទាល់​​​​។

លោក​​​ ​​​វ៉ា​​​ គឹម​​​ហុង បាន​​​លើកឡើង​​​ថា ​​​”ឯក​​​ឧត្តម​​​ភ្លេច​​​សេចក្តី​​​សម្រេច​​​របស់​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ដែល​​​បាន​​​បង្កើត​​​អនុ​​​គណៈកម្មធិការ​​​ព្រំដែន។ ឯកឧត្តម​​ជា​​​សេនាធិការ​​​គណៈ​កម្មា​ធិការ​​​ព្រំដែន​​​ ទាំង​​​អស់​​​ហ្នឹង​​​ឯកឧត្តម​​​មិន​​​បាន​​​ធ្វើ​​​ទេ​​​”។

នៅ​​​ក្នុង​​​ការ​អភិវឌ្ឍ​ទាក់​​​ទង​​​គ្នា​​​នេះ​​​ដែរ​​​ លោក ហេង​​​ សំរិន ប្រធាន​​​រដ្ឋ​​​សភា​​​បាន​​​បដិ​​​សេធ​​​មិន​​​ព្រម​​​ចារ​​​លើ​​​​​​លិខិត​​​មួយ​​​ច្បាប់​​​របស់​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ស្នើ​​​ឲ្យ​​​រដ្ឋាភិបាល   ​​​​​​ផ្អា​​​ក​​​​​​ការ​​​ងារ​​​កំណត់​​​ព្រំដែន​​​របស់​​​ខ្លួនសិន​ ​​​រហូត​​​ដល់​​​ក្រោយ​ការ​​​បោះឆ្នោត​​​ទូទៅ​​​លើក​​​ក្រោយ​​​​​​​​​នៅ​​​ឆ្នាំ​​​២០១៨​​​។

លោក​​​ ឡេង​​​ ប៉េង​​​ឡុង អគ្គលេខា​​​ធិការ​​​រដ្ឋ​​​សភា​​​បាន​​​សរសេរ​​​លិខិត​​​ឆ្លើយ​​​តប​​​ផ្ញើ​​​ជូន​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​វិញ​​កាល​​​ពីម្សិល​​​មិញ​​​ថា “​​​សម្តេច​​​ ហេង សំរិន ប្រធាន​​​រដ្ឋ​​​សភា​​​មិន​​​អាច​​​ចុះ​​​ហត្ថលេខា​​​លើ​​​សំណើ​​​នេះ​​​បាន​​​ទេ ​​​ពីព្រោះ​​​រដ្ឋ​​​សភា​​​បាន​​​សម្រេច​​​អនុញ្ញាត​​​ឲ្យ​​​រដ្ឋាភិបាល​​​បង្កើត​​​គណៈកម្មាធិការ​​ជាតិ​​​ដោះ​​​ស្រាយ​​​បញ្ហា​​​​ព្រំដែនឡើយ​​​​​​​​​​​​​​​​​​”។

លោក អ៊ំុ សំអាន បាន​​​មានប្រសាសន៍​​​ថា លោក និង​​​​​​សមាជិក​​​សភា​​​គណបក្ស​​​ប្រឆាំង​​​១០​​​រូប​​​ទៀត​​​បាន​​​ធ្វើ​​​សំណើ​​​នេះ​​​ដោយ​​​សង្ឃឹម​​​ ​​​ថា ការ​​​បោះ​​​ឆ្នោត​​​នៅ​​​ខាង​​​មុខ​​​នឹង​​​ផ្តល់​​​អំណាច ​​​ដល់​​​គណបក្ស​​​ថ្មី​​​នូវ​​​សមត្ថភាព​​​បន្ថែម​​​ទៀត​​​ក្នុង​​​ការ​​​​​​ដោះ​​​ស្រាយ​​​បញ្ហា​​​នេះ​។

លោក​​​បាន​​​ចោទ​​​ប្រកាន់​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​​​​ថា បាន​​​ព្យាយាម​​​កំណត់​​​ព្រំដែន​​​​​​ដោយ​​​ប្រើ​​​ប្រាស់​​​ផែន​​​ទី​​​ក្លែង​​​ក្លាយ​​​ដែល​​​ផ្តល់​​​ដោយ​​​ប្រទេស​​​វៀតណាម​​​ និង​​​អនុញ្ញាត​​​ឲ្យ​​ក្រុង​​​ហាណូយ​​​បណ្តុះ​​​បណ្តាល​​​​​​ប្រជា​​​ជន​​​កម្ពុជា​​​​​​​​ធ្វើ​​​ការងារ​​​នេះ​​​។

លោក អ៊ំុ សំអាន បាន​​​មាន​​​ប្រសាសន៍​​​ថា ការ​​​បដិសេធរបស់លោក​ ហេង សំរិន​ ​​​មិន​​​ព្រម​​​ចារ​​​លើ​​​សំណើ​​​របស់​​​ខ្លួន​​​​​​ ក៏​អាច​រំលោភ​​មាត្រា​​​៩៦​​​នៃ​​​រដ្ឋ​​​ធម្មនុញ្ញដែរ ​​​​ដែល ​​​អនុ​​​ញ្ញាត​​​ឲ្យ​​​បណ្តា​​​សមាជិក​​​សភា​​​ចោទ​​​សួរ​​​ទៅរាជ​​​​​​រដ្ឋាភិ​​​បាល​​​។

លោ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “យើង​​​នឹង​​​ពិភាក្សា​​​ជាមួយ​​​សមាជិក​​​សភា​​​ដទៃ​​​ទៀត​​​ថា​​​ត្រូវ​​​​​​ស្នើ​​​សុំ​​​ឲ្យ​​​ក្រុមប្រឹក្សា​​​ធម្មនុញ្ញ​​​បក​​​ស្រាយ​​​មាត្រា​​​៩៦​​​ ឬ​​​យ៉ាង​​​ណា​​​​​​”៕សារុន ​​​(រាយការណ៍​​​បន្ថែម​​​ដោយ​​​ ឃួន ណារីម)

 

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស