35 C
Phnom Penh

​​ច្បាប់​​​គ្រប់គ្រងគ្រឿង​ស្រវឹង​​នឹងបញ្ជូន​ទៅ​​ទីស្ដីការ​​ចុង​​សប្ដាហ៍​នេះ​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល ​មាន​ប្រសាសន៍​​កាលពី​ម្សិលមិញ​ថា សេចក្ដី​ព្រាង​ច្បាប់​​​គ្រប់​​គ្រង​​​គ្រឿង​ស្រវឹង​ដំបូង​របស់​​ប្រទេស​កម្ពុជា​​ ដែល​​កំណត់​អាយុ​​​អាច​សេព​គ្រឿង​ស្រវឹង​បាន​ចាប់​​ពី២១​ឆ្នាំ​ឡើង​ទៅ និង​ហាម​ប្រាម​​ការ​លក់​គ្រឿង​ស្រវឹង​ចន្លោះពី​ម៉ោង​១២​យប់​​​ដល់​ម៉ោង​៦​ព្រឹក​ ប្រសិន​បើ​ត្រូវ​បាន​អនុម័ត​នោះ នឹង​ត្រូវ​​​បញ្ជូន​ទៅ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ត្រឹម​​ចុង​​សប្ដាហ៍​​​នេះ​។

លោក​ ម៉ម ប៊ុនហេង ដែល​ក្រសួង​​​របស់​លោក​ជា​អ្នក​ធ្វើ​សេចក្ដី​ព្រាង​ច្បាប់​េនះ​ និង​ជា​អ្នក​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​អនុវត្ត​ច្បាប់​នេះ​ បាន​លើក​ឡើង​បន្ត​​ថា គណៈកម្មាធិការ​អន្តរ​ក្រសួង ​​បាន​​​ជួប​​​​ប្រជុំ​គ្នា​រួច​ហើយ​ដើម្បី​

ពិភាក្សា និង​​កែប្រែ​​សេច​ក្តី​ព្រាង​​​ច្បាប់​។ លោក​​​​បាន​បន្ថែម​ថា “ យើង​នឹង​បញ្ជូន​ច្បាប់​នេះ​​ទៅ​​​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​​​ត្រឹម​ចុង​សប្ដាហ៍​នេះ”។

លោក​បាន​​ថ្លែង​ថា ច្បាប់​នេះ​មាន​បំណង​ការ​ពារ​​ប្រជាពល​រដ្ឋខ្មែរ​ កុំ​ឲ្យទទួល​ទាន​គ្រឿង​​​ស្រវឹង​ច្រើន​ពេក​។“ វា​មាន​សារៈសំខាន់​ដែល​​​ច្បាប់​នេះ​ផ្ដោត​លើ​ការ​អប់រំ​ប្រជាពលរដ្ឋ​​ឲ្យ​មាន​​ការ​យល់​ដឹង​​អំពី​របៀប​ប្រើ​ប្រាស់​គ្រឿង​​​ស្រវឹង ពីព្រោះ​ពេល​យើង​ប្រើ​ប្រាស់​គ្រឿង​ស្រវឹង​ច្រើនពេក វា​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​របស់​យើង​”។

ប្រសិន​បើ​ច្បាប់​ដែល​មាន​៣៩​មាត្រា​​នេះ​ត្រូវ​បាន​អនុម័ត​ដោយ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ ហើយ​បន្ទាប់​មក​​អនុម័ត​ដោយ​រដ្ឋសភា​នោះ ​​កម្ពុជា​នឹង​ក្លាយ​ជា​ប្រទេស​មួយ​​ក្នុង​ចំណោម​ប្រទេស​​​ដែល​រឹត​បន្តឹង​បំផុត​ក្នុង​ពិភព​លោក​​ទាក់​ទិន​នឹង​ការ​ប្រើ​ប្រាស់​គ្រឿង​ស្រវឹង​។ អម​​ដោយ​ការ​កំណត់​អាយុ​ដែល​អាច​សេព​គ្រឿង​​​ស្រវឹង​បាន​​ចាប់ពី​២១​ឆ្នាំ​ឡើង​ទៅដែល​​មាន​អនុវត្ត​​តែ​នៅ​ក្នុង​ប្រទេស​មួយ​ចំនួន​តូច​នោះ ច្បាប់​នេះ​ក៏​ដាក់​បម្រាម​​លើ​ការ​ផឹក​ស៊ី​នៅ​តាម​​​ទីសាធារណៈ​​ផង​ដែរ​។

មាត្រា៤​នៃ​សេច​ក្តី​​ព្រាង​ច្បាប់​នេះ​ ​ដែល​គ្របដណ្ដប់​រាល់​​ភេសជ្ជៈ​​មាន​កម្រិត​ជាតិ​​អាល់​កុល​លើស​ពី​១ភាគរយ ​បង្ហាញ​ពី​សារៈ​សំខាន់​​​នៃ​ច្បាប់​នេះ។ មាត្រា​នេះ​ចែង​ថា ​“ ច្បាប់​នេះ​​​ផ្ដោត​លើ​ឧស្សាហកម្ម​​ផលិត​គ្រឿង​ស្រវឹង​ និង​​​​​អ្នក​​ចែក​ចាយ​គ្រឿង​ស្រវឹង មាន​ន័យ​ថា អ្នក​លក់​​​បោះ​ដុំ អ្នក​នាំចូល និង​អាជីវករ​។ ចំណុច​ផ្សេងៗ​​​ទៀត​ដែល​ត្រូវ​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​ គឺ​​សកម្ម​ភាព​ផ្សាយ​ពាណិជ្ជកម្ម ការ​ផ្សព្វ​ផ្សាយ​ ការ​​ធ្វើ​ទីផ្សារ និង​សកម្មភាព​​​ឧបត្ថម្ភ”។

ច្បាប់​នេះ​នឹង​រឹតបន្តឹង​ការ​ប្រើ​ប្រាស់​គ្រឿង​​​ស្រវឹង​នៅ​តាម​ទីសាធារណៈ ​​ក្នុង​នោះ​រួម​មាន ​វិទ្យាស្ថាន​​​សុខាភិបាល គ្រឹះស្ថានអប់រំ សួន​ច្បារ ​​និង​​អគារ​សម្រាប់​បូជា​ចំពោះ​​សាសនា​ជាដើម។

បទ​ប្បញ្ញត្តិ​គួរឲ្យ​កត់​សម្គាល់​មួយ​គឺ​មាត្រា​១៣ដែល​ដាក់​​ “ បម្រាម​លើ​ការ​លក់​រាល់​ភេសជ្ជៈ​​​មាន​ជាតិ​ស្រវឹង​ចន្លោះ​ពី​ម៉ោង​១២​យប់​ដល់​៦ព្រឹក”។ ទោះ​ជាយ៉ាង​ណា ​មាត្រា​នេះ​ចែង​បន្ថែម​ថា“ ​កន្លែង​ធ្វើ​អាជីវកម្មនានា​នឹង​អាច​ដាក់​ពាក្យ​សុំ​​ការ​អនុញ្ញាត​​បើក​ដំណើរ​​​ការ​រកស៊ី​បាន​អំឡុង​ម៉ោង​ទាំង​នោះ​”។

នៅ​​ក្នុង​មាត្រា​ពី៣០​ដល់​មាត្រា​៣៥​ រដ្ឋ​ទទួល​ស្គាល់​ថា ការ​អនុវត្ត​ទោសទណ្ឌ​ទៅ​លើ​​​​អ្នក​សេព​គ្រឿង​ស្រវឹង ​នឹង​មាន​ការ​លំបាក ហើយ​ការ​ផាក​ពិន័យ​​​នឹង​ដាក់​បន្ទុក​បន្ថែម​ទៅ​លើ​ពលរដ្ឋ​ក្រីក្រ​។ ហេតុ​ដូច្នេះ​​ហើយ​ច្បាប់​នេះ​ចែង​ថា​នឹង​​​ដាក់​និយ័ត​កម្ម​លើ​ឧស្សា​ហ​កម្ម​ដែល​​ផលិត​ និង​លក់​គ្រឿង​ស្រវឹង​​។

មាត្រា​៣០​​ចែង​អំពី​ទោស​ទណ្ឌ​​ដាក់​ទៅ​លើ​អ្នក​ដែល​មិន​​បិទ​ព័ត៌មាន​ច្បាស់​​លាស់​ស្ដី​អំពី​​គ្រឿង​ផ្សំ​គ្រោះ​ថ្នាក់​ និង​ផលប៉ះពាល់​​របស់​​វា​​​ចំពោះ​​សុខភាព​នៅ​លើ​ភេសជ្ជៈ​ដែល​មាន​ជាតិ​អាល់កុល។

មាត្រា​នេះ​ចែង​ថា “ អ្នក​ផលិត​ក្នុង​ស្រុក និង​អ្នក​នាំចូល​ពីបរទេស​ដែល​ចែក​ចាយ​ និង​លក់​គ្រឿងស្រវឹង​ដែល​មិន​អនុវត្ត​ច្បាប់​នេះ ប្រឈម​ការ​ជាប់​ពន្ធនាគារ​ចន្លោះពី​១ខែ​ដល់​៦ខែ​ និង​ពិន័យជា​ប្រាក់​ពី​៤លាន​រៀល​ដល់​២០​លាន​រៀល”។

សេចក្ដី​ព្រាង​ច្បាប់​​គ្រប់គ្រង​គ្រឿង​ស្រវឹង​​នេះ​ ត្រូវ​បាន​ប្រកាស​កាលពី​ខែ​មិថុនា នៅ​ក្នុង​​​សន្និសីទ​កាសែត​​មួយ​ដែល​អំឡុង​ពេល​នោះ​ក្រុម​អ្នក​ជំនាញ​បាន​​គូស​បញ្ជាក់​អំពី​ការ​ស្រាវ​ជ្រាវ​ដែល​រក​ឃើញ​ថា ប្រជាពលរដ្ឋ​កម្ពុជា​​៩៦​ភាគរយ​ គាំទ្រ​ឲ្យ​រដ្ឋាភិបាល​ដោះ​ស្រាយ​ការ​សេពគ្រឿង​ស្រវឹង​លើស​កំណត់​ ដែល​អង្គការ​សុខភាព​ពិភព​លោក​​និយាយ​ថា​កំពុង​តែ​កើន​ឡើង​៕ សុខុម​​​​​​​​​​​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស