38 C
Phnom Penh

អំឡុង​ខួប​លើ​កទី​២២​នៃ​ការ​បង្កើត​កង​រាជអាវុធ​ហត្ថ លោក សៅ សុខា លើក​​សរសើរ​មន្ត្រី​​​របស់​ខ្លួន​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​ម្សិលមិញ លោក សៅ សុខា មេបញ្ជា​​​ការ​កង​រាជអាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​រៀប​​​​រាប់​ពី​ស្ថានភាព​ដ៏ល្អ​ប្រសើរ​​នៅ​ក្នុង​ប្រទេស​អំឡុង​ពិធី​មួយ​នៅ​​ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​ប្រារព្ធ​ខួប​លើក​ទី២២​នៃ​ការ​បង្កើត​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស ​​ដែល​​​តែង​តែ​ត្រូវ​បាន​​ប្រើ​ប្រាស់​​​ដើម្បី​បង្ក្រាប​ក្រុម​ប្រឆាំង​។

មន្ត្រី​រាប់​រយ​រូប​បាន​នាំគ្នា​ទៅ​ជួបជុំ​​នៅ​ឯ​ទីបញ្ជាការដ្ឋាន​​កង​រាជអាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​ក្នុង​ខណ្ឌ​ទួលគោក ដើម្បី​​ស្ដាប់នាយ​​​ឧត្ដម​សេនីយ៍ សៅ សុខា ប្រកាស​​​សមិទ្ធ​ផល​ដែល​​សម្រេច​បាន​នៅ​ក្នុង​ឆ្នាំ​មុន។

លោក​មាន​​ប្រសាសន៍​ថា“ យើង​ប្រារព្ធ​​ខួប​លើក​ទី​២២​​​នៃ​ការ​បង្កើត​កង​រាជអាវុធ​ហត្ថ​លើ​​​​​ផ្ទៃ​ប្រទេស​​ នៅ​ពេល​ដែល​ប្រទេស​កម្ពុជា​​​​​​មាន​​​សន្តិភាព ស្ថិរភាព​នយោបាយ​ សន្តិសុខ​ សណ្ដាប់​​​ធ្នាប់​សាធារណៈ​ និង​កំណើន​សេដ្ឋ​កិច្ច​៧ភាគ​រយ​”។

​​បន្ត​រៀបរាប់​ពី​សមិទ្ធផល​សំខាន់ៗ​​បំផុត​ដែល​កង​រាជអាវុធ​ហត្ថ​សម្រេច​បាន​កាល​​​ពី​ឆ្នាំ​មុន លោក​បាន​​លើក​ឡើងទៀត​​ថា មន្ត្រី​កង​រាជអាវុធ​​​ចំនួន​១៧៥​នាក់​​ ត្រូវ​បាន​​ដំឡើង​​​​​​ឋានន្តរ​ស័ក្ដិ​​ ខណៈ​​ឧក្រិដ្ឋ​ជន​ដែល​ជាប់​សង្ស័យ​​​​​​​ចំនួន​១.៩៣៣​នាក់​​ត្រូវ​បាន​ចាប់​ខ្លួន​ដោយ​មន្ត្រី​កង​រាជអាវុធ​ហត្ថ ហើយ​បញ្ជូន​ទៅ​តុលាការ​។

បន្ទាប់ពី​​នាយ​ឧត្ដម​សេនីយ៍ សៅ សុខា បាន​បញ្ចប់​​​ការ​ថ្លែង​សុន្ទរកថា​របស់​ខ្លួន​ នាយ​ឧត្ដម​សេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការ​កង​យោធពល​ខេមរភូមិន្ទ​​ បាន​​ក្រោក​​ឈរ​ឡើង​សរសើរ​កង​រាជអាវុធ​ហត្ថ។

លោក​​មាន​ប្រសាសន៍​ថា “ ​កង​រាជអាវុធ​​ហត្ថ​បាន​ខិត​ខំ​អស់​ពីកម្លាំង​កាយ​ចិត្ត​ ហើយ​បំពេញ​តួនាទី​របស់​ខ្លួន​…​ដើម្បី​ជួយ​សង្គ្រោះ​ពលរដ្ឋ​ពី​គ្រោះ​មហន្តរាយ​ ហើយ​បាន​ប្រកាន់​​​យ៉ាង​ខ្ជាប់​ខ្ជួន​នូវ​បទ​បញ្ជា​របស់​រដ្ឋាភិបាល​”។

កង​រាជអាវុធ​ហត្ថ​​តែង​តែ​ត្រូវ​បាន​ប្រើ​ប្រាស់​ដើម្បី​រារាំង​ការហែក្បួន និង​បង្ក្រាប​ការ​​តវ៉ា។ អំឡុង​បាតុកម្ម​​ទ្រង់​ទ្រាយ​ធំ​ប្រឆាំង​​​រដ្ឋាភិបាល​កាលពី​​ខែ​មករា​ឆ្នាំ​មុន កង​រាជ​អាវុធ​​​ហត្ថ​បាន​បាញ់​ស្លាប់​កម្មករ​កាត់​ដេរ​យ៉ាង​តិច​​ប្រាប់​​នាក់ និង​ធ្វើ​ឲ្យ​របួស​​មនុស្ស​ជាង​៤០​នាក់​​​ផ្សេង​​​ទៀត​​បន្ទាប់ពី​ការ​​​តវ៉ា​បាន​ផ្ទុះ​ជា​អំពើ​ហិង្សា​នៅ​តំបន់​ឧស្សាហកម្ម​​ជាយ​រាជធានី​។

លោក ប្រេដ អាដាម (Brad Adams) ប្រធាន​​​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​ប្រចាំ​តំបន់​អាស៊ី​​ បាន​លើក​ឡើង​នៅ​ក្នុង​អុីម៉េល​មួយ​កាលពី​ម្សិលមិញ​ថា “ កង​រាជអាវុធ​ហត្ថ​មិន​ត្រូវ​បាន​​ធ្វើ​កំណែទម្រង់​ទាល់​តែ​សោះ”។

លោក​បាន​មាន​ប្រសាសន៍​បន្ត​ថា“​ទោះបី​ជា​​មាន​ការ​សម្លាប់​អ្នក​តវ៉ា​កាលពី​ឆ្នាំ​មុន ហើយ​​​មាន​ប្រវត្តិ​រំលោភ​បំពាន​ជាយូរ​មក​ហើយ​​ចាប់​​តាំង​​វាត្រូវ​​​ការ​​បង្កើត​​ឡើង​​​ដោយ​បារាំង​មក​…​មេ​ដឹកនាំ​​របស់វា​​​​នៅ​តែ​ដដែល​ ហើយ​គ្មាន​យន្ត​​​ការ​​គណនេយ្យ​​ភាព​​​ផ្ទៃ​​ក្នុង​ ឬខាង​ក្រៅ​ឲ្យ​បាន​​ម៉ឺង​ម៉ាត់​​ឡើយ​”។

លោក ធន សារាយ ប្រធាន​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក បាន​លើក​ឡើង​ថា កង​រាជ​អាវុធ​ហត្ថ​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ឲ្យ​ឃ្លាំ​មើល​កង​កម្លាំង​ប្រដាប់​អាវុធ ប៉ុន្តែ​​​បែ​រ​ជា​អនុវត្ត​​​ខុស​តួនាទី​​របស់​ខ្លួន​។​

លោក​បាន​​​មាន​ប្រសាសន៍​ថា “ អំឡុង​​ឆ្នាំ​១៩៩៥​ឬ​១៩៩៦​​​​ផ្នត់​គំនិត​បែប​នេះ​​បាន​ផ្លាស់​ប្តូរ​ ហេតុ​ដូច្នេះ​កង​រាជអាវុធ​ហត្ថ​​​បែរ​ជា​​មក​ឃ្លាំ​មើល​ពលរដ្ឋ​វិញ ហើយ​ឥឡូវ​ក្លាយ​​ជា​ផ្នែក​នៃ​នគរ​បាល​​យុត្តិធម៌​”។ លោក​បាន​មាន​​ប្រសាសន៍​​បន្ថែម​ថា ការ​ផ្លាស់​ប្ដូរ​ដូច្នេះបាន​ធ្វើ​ឲ្យ​មាន​ការ​ច្រណែន​​​ថ្នាំងថ្នាក់​គ្នា​រវាង​កង​កម្លាំង​ទាំង​ពីរ​។

លោក​បាន​មាន​ប្រសាសន៍​បន្ថែម​ថា“ នគរ​​​បាល​​បាន​ប្រាប់​ខ្ញុំ​ថា មាន​ការ​ច្រណែន​ និង​ប្រកួត​​​​ប្រជែង​គ្នា​​ ដោយសារ​មើល​ទៅ​កង​រាជ​អាវុធ​​​ហត្ថ​ហាក់​បី​ដូច​ជា​មាន​អំណាច​ជាង​ មានសិទ្ធិ​​ជាង​ ហើយ​​​ទទួល​បាន​សម្ភារ​ល្អ​ៗ​​ជាង​ក្នុង​ការ​បំពេញ​​​​ការ​ងារ​របស់​ខ្លួន​ដែល​គួរ​តែ​ជា​ការ​ងារ​របស់​នគរ​បាល”។

​តែ​ទោះ​ជាយ៉ាង​ណា លោក ម៉ក់ ជីតូ អគ្គ​ស្នងការ​រង​នគរ​បាល​ជាតិ​​បាន​​លើក​ឡើង​ថា ​គ្មាន​​អារម្មណ៍​ថ្នាំង​ថ្នាក់​គ្នា​​ទេ​រវាង​កង​កម្លាំង​ទាំង​ពីរ​។

លោក​​មាន​ប្រសាសន៍​ថា “កង​រាជ​អាវុធ​ហត្ថ​មាន​ទំនាក់​ទំនង​ល្អ​ជាមួយ​នគរ​បាល​របស់​​យើង”៕ ស៊ុយឈាង​​​​​​​​​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស