27 C
Phnom Penh

តំណាង​រាស្ត្រ​គណបក្ស​ប្រជាជន​ទៅ​ពិនិត្យ​រោងចក្រ​បន្ទាប់ពី​មាន​ការ​តវ៉ា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បន្ទាប់ពី​កម្មករ​ប្រហែល​២០០​នាក់​បាន​តវ៉ា​ក្នុង​ក្រុង​ភ្នំពេញ​កាលពី​ព្រឹក​ថ្ងៃ​អង្គារ តំណាង​រាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​ម្នាក់​​បាន​និយាយ​ថា លោក​ស្រី​បាន​ធ្វើ​ដំណើរ​ទៅ​រោងចក្រ​កាត់ដេរ​របស់​ថៅកែ​ចិន​មួយ​កន្លែង​នៅ​ខេត្ត​កណ្តាល ដើម្បី​បញ្ចុះ​បញ្ចូល​អ្នក​គ្រប់គ្រង​រោងចក្រ​ឲ្យ​ជួល​កម្មករ​ប្រាំពីរ​នាក់​ធ្វើការ​វិញ ក្នុង​នោះ​មាន​ប្រាំ​មួយ​នាក់​ដែល​និយាយ​ថា ពួកគេ​ត្រូវ​បាន​បណ្តេញ​ចេញ​នៅ​ដើម​ខែ​នេះ ព្រោះតែ​បាន​ចូលរួម​ក្នុង​ការ​តវ៉ា​តូច​មួយ។

យោង​តាម​លោក ហ៊ុន មុនី សមាជិក​សហព័ន្ធ​សហជីព​ការងារ​កម្ពុជា (Cambodian Labour Union Federation) បាន​ឲ្យ​ដឹង​ថា ការ​តវ៉ា​នៅ​រោងចក្រ​កាត់ដេរ ស៊ិកផ្លាស (SixPlus) បាន​ចាប់​ផ្តើម​នៅ​ថ្ងៃ​ទី​៧​ខែ​កក្កដា នៅ​ពេល​ដែល​កម្មករ​ម្នាក់​ឈ្មោះ អឿន ពិសិដ្ឋ ត្រូវ​បាន​គេ​បណ្តេញ​ចេញ​ក្រោយពី​សម្រេច​ចិត្ត​ចាកចេញ​ពី​សហជីព​ដែល​ស្និទ្ធស្នាល​នឹង​រោងចក្រ ហើយ​ចូលរួម​ជាមួយ​សហជីព​ផ្សេងទៀត។

លោក មុនី បាន​មាន​ប្រសាសន៍​ថា “ដំបូង សមាជិក​សហជីព​រូប​នេះ​បាន​លា​ឈប់​ពី​សហជីព​ដែល​ស្និទ្ធស្នាល​នឹង​រោងចក្រ ហើយ​ចូលរួម​ជាមួយ​សហជីព​របស់​ខ្ញុំ បន្ទាប់ពី​គាត់​ដឹង​ថា សហជីព​នេះ​មិនបាន​ជួយ​កម្មករ​ទាល់តែ​សោះ”។ លោក​បាន​បន្ថែម​ថា កម្មករ​ប្រាំ​មួយ​នាក់​ផ្សេង​ទៀត​ត្រូវ​បាន​បណ្តេញ​ចេញ ព្រោះតែ​បាន​ចូលរួម​ជាមួយ​លោក ពិសិដ្ឋ ក្នុង​ការ​តវ៉ា​ខាង​ក្រៅ​រោងចក្រ​នេះ។

លោក មុនី បាន​និយាយ​ថា កម្មករ​ច្រើន​នាក់​ទៀត​បាន​ចាប់​ផ្តើម​ចូលរួម​ក្នុង​ហេតុ​ផល​នេះ និង​បាន​សម្រេច​ចិត្ត​ធ្វើ​ដំណើរ​ទៅ​ក្រុង​ភ្នំពេញ បន្ទាប់ពី​ប៉ូលិស​រាប់​រយ​នាក់​ក្នុង​ស្រុក​មុខ​កំពូល​ដាក់​ពង្រាយ​ដើម្បី​បំបែក​ការ​តវ៉ា​នៅ​មុខ​ខ្លោង​ទ្វារ​រោងចក្រ​នេះ​កាលពី​ថ្ងៃ​ច័ន្ទ។

ទោះជា​ដំបូង​ឡើយ​ត្រូវ​បាន​រារាំង​នៅ​ថ្ងៃ​អង្គារ​ដោយ​ប៉ូលិស​នៅ​ស្ពាន​ជ្រោយចង្វា​ក៏ដោយ​ ក៏​នៅ​ទី​បញ្ចប់​កម្មករ​ត្រូវ​គេ​អនុញ្ញាត​ឲ្យ​ធ្វើ​ដំណើរ​ និង​ដាក់​ញត្តិ​នៅ​ក្រសួង​ការងារ​និង​នៅ​ខុទ្ទកាល័យ​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន មុន​ពេល​ជួប​លោកស្រី ឡោក ខេង តំណាង​រាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​រដ្ឋសភា​។

បន្ទាប់ពី​ស្តាប់​ទុក្ខ​លំបាក​របស់​កម្មករ​ លោកស្រី​ ខេង​ បាន​មាន​ប្រសាសន៍​ថា លោកស្រី​បាន​ធ្វើ​ដំណើរ​ទៅ​ខេត្ត​កណ្តាល ដើម្បី​ស្នើ​រដ្ឋបាល​រោងចក្រ​ឲ្យ​កម្មករ​ប្រាំពីរ​នាក់​នោះ​បាន​ចូល​ធ្វើ​ការ​វិញ។

លោកស្រី ខេង បាន​មាន​ប្រសាសន៍​ថា ៉​ខ្ញុំ​បាន​បញ្ចុះ​បញ្ចូល​និយោជក​ឲ្យ​ទទួល​យក​កម្មករ​ទាំង​ប្រាំពីរ​នាក់​ដែល​ត្រូវ​បណ្តេញ​ចេញ​ និង​ឲ្យ​ពិចារណា​អំពី​ការ​ទាមទារ​របស់​កម្មករ​ ក្នុង​នោះ​មាន​ទាំង​ការ​ដំឡើង​ប្រាក់​សម្រាប់​ថ្ងៃ​ដឹក​ជញ្ជូន​និង​អាហារ​ផង​ដែរ”។

“និយោជក​មិន​ទាន់​បាន​យល់​ព្រម​លើ​ចំណុច​ណាមួយ​ទេ​ ប៉ុន្តែ យើង​នឹង​រង់ចាំ​ដំណោះ​ស្រាយ​ថែម​ទៀត​ ហើយ​ខ្ញុំ​នឹង​ព្យាយាម​សម្រប​សម្រួល​បន្ថែម​ជាមួយ​ពួកគេ​ ដើម្បី​បញ្ចប់​ជម្លោះ​នេះ”។

ក្រៅពី​ការ​ទាមទារ​កម្មករ​ប្រាំពីរ​នាក់​នោះ​ឲ្យ​បាន​ការងារ​ធ្វើ​វិញ​ និង​លក្ខខណ្ឌ​ល្អ​ប្រសើរ​នៅ​រោង​ចក្រ​នេះ​ ញត្តិ​របស់​កម្មករ​បាន​ចោទ​អធិការ​ប៉ូលិស​ស្រុក​មុខ​កំពូល​ លោក​ សំ សីហៈ​ ថា​ បាន “ព្យាយាម​បំភិត​បំភ័យ​និង​ប៉ុន​ប៉ង​ប្រើ​អំពើ​ហិង្សា​លើ​កម្មករ​ដែល​តវ៉ា”។

លោក សីហៈ បាន​បដិសេធ​ការ​ចោទ​ប្រកាន់​ទាំង​នេះ​។

លោក សីហៈ បាន​មាន​ប្រសាសន៍​ថា “កុំ​ជឿ​សហជីព​ទាំង​នោះ​ពេក​។ ពួកគេ​នឹង​ស្បថ​នៅ​ព្រះ​អង្គ​ដងកើ​ ដើម្បី​បញ្ជាក់​ពី​ភាព​ត្រឹម​ត្រូវ”។

កាលពី​ខែ​មុន​ លោក ហ៊ុន សែន បាន​បបួល​លោក​ សម រង្ស៊ី មេ​ដឹក​នាំ​បក្ស​ប្រឆាំង​ស្បថ​នៅ​ទី​សក្ការៈ​ដដែល​នេះ​ ដោយ​ព្រមាន​ថា ប្រសិន​បើ​ការ​អះអាង​របស់​គាត់ ក្នុង​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៣​មិន​ពិត​នោះ ប្រធាន​បក្ស​សង្គ្រោះ​ជាតិ​នឹង​ត្រូវ​ស្លាប់​ដោយ​រន្ទះបាញ់​ និង​គ្រាប់​កាំភ្លើង​៕ និត

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស