ការជំនុំជម្រះមនុស្ស១១នាក់ដែលត្រូវចាប់ខ្លួនពីបទកុបកម្ម បន្ទាប់ពីមានការតវ៉ាប្រឆាំងនឹងរដ្ឋាភិបាលបានក្លាយទៅជាការវាយតប់គ្នាក្នុងឆ្នាំ២០១៤ បានបន្តកាលពីថ្ងៃអង្គារ ដោយមានសន្តិសុខបួននាក់ ដែលថាត្រូវគេវាយដំបានផ្តល់សក្ខីកម្មជាលើកដំបូង។
កងសន្តិសុខ៧នាក់នៃកម្លាំងសន្តិសុខខណ្ឌដូនពេញ និងមេពួកគេ គឺគីម វុត្ថា បានអង្គុយក្នុងបន្ទប់សវនាការ ក្នុងពេលដែលមេធាវីចុងចោទ បានសួរសំណួរពួកគេទាក់ទងនឹងព្រឹត្តិការណ៍កាលពីថ្ងៃទី១៥ ខែកក្កដាឆ្នាំមុន នៅពេលដែលការតវ៉ាក្លាយទៅជាហិង្សា បន្ទាប់ពីសន្តិសុខហែកបដាដែលសរសេរថា “ដោះលែងទីលានប្រជាធិបតេយ្យ”។

សន្តិសុខ ដែលគេដឹងថាប្រើកម្លាំងហួសហេតុនិងឥតរើសមុខតទល់នឹងអ្នកតវ៉ាដោយសន្តិវិធី បានសើចដាក់មេធាវី និយាយក្នុងសវនាការ ហើយបានបង្ហាញការមិនគោរពតុលាការ ដែលធ្វើឲ្យចៅក្រមព្រមានពួកគេ។
អ៊ុក គង្គា មានវ័យ២៨ ឆ្នាំផ្តល់សក្ខីកម្មមុនគេ ដោយនិយាយថា ខ្លួនបានទៅដល់កន្លែងដែលមានការប៉ះទង្គិចគ្នា ដើម្បីសម្រួលចរាចរណ៍ នៅពេលនោះ ខ្លួនត្រូវរងការវាយតប់ពីក្រុមអ្នកតវ៉ា ដែលកំពុងទាមទារឲ្យដករបងលួសបន្លានិងកម្លាំងប៉ូលិសចេញពីទីលានប្រជាធិបតេយ្យ។
នៅពេលដែលចៅក្រម នូ វាសនា សួរលោក គង្គា ថានរណាបានវាយលើខ្លួន សន្តិសុខរូបនេះក៏បានបែរមុខ ចង្អុលទៅកាន់ អ៊ុក ពេជ្រសំណាង អ្នកបើកទុកទុក និងជាសកម្មជនគណបក្សប្រឆាំងដែលបានចូលរួមក្នុងការតវ៉ាដែរ។
ខឹងច្រឡោត លោក ពេជ្រសំណាងក្រោកឈរឡើង ហើយក៏ចង្អុលដាក់ដើមចោទ គឺសន្តិសុខម្នាក់ក្នុងចំណោមសន្តិសុខ៣៩នាក់ដែលបានប្តឹងចុងចោទទាំង១១នាក់ ក្នុងពេលនោះចៅក្រមក៏បានអន្តរាគមន៍។
ចៅក្រម វាសនា បានសួរលោក គង្គាថា “តើលោកច្រឡំឬយ៉ាងម៉េច?”
សន្តិសុខរូបនេះបានដកសម្តីវិញដោយឆ្លើយថា “បាទ ខ្ញុំច្រឡំមែន”។
បន្ទាប់មក ចៅក្រមជំនំុជម្រះ លឹម មករន្្ទ បានស្តីបន្ទោសសន្តិសុខរូបនោះដោយសារតែបញ្ចេញអាកប្បកិរិយានៅក្នុងសវនាការ។
ចៅក្រមរូបនេះ បាននិយាយថា “នេះជាពេលសវនាការ។ មិនមែនពេលលោកមកអង្គុយញញិមទេ”។
គីម ដេត មានវ័យ៣០ឆ្នាំ និង យុល ព្រិច មានវ័យ២៦ឆ្នាំ មិនអាចបង្ហាញអត្តសញ្ញាណនូវអ្នកវាយពួកខ្លួនទេ។
ចៅក្រម វាសនា បានសួរលោក ព្រិច ដែលបែរមុខទៅរកចុងចោទទាំង១១នាក់ ដែលបានជាប់ពន្ធនាគារជាច្រើនខែថា “មើលមើល៍ នរណាវាយលោក?”។
លោក ព្រិច បាននិយាយថា “ខ្ញុំអត់ចាំទេ ពីព្រោះគេពាក់ពួកសុវត្ថិភាព និងពាក់ម៉ាស់ ហើយខ្ញុំក៍ពាក់មួកសុវត្ថិភាពដែរ”។
ទោះបីជាត្រូវដាក់ពង្រាយជាច្រើនលើកច្រើនសា ដើម្បីបង្ក្រាបដោយហិង្សាលើការតវ៉ាក្នុងពេលប៉ុន្មានខែមុននឹងមាន”កុបកម្ម”នៅឯទីលានប្រជាធិបតេយ្យក៏ដោយ ក៏ដើមចោទបាននិយាយថា ពួកគេមិនបានទទួលបញ្ជាដើម្បីវាយដំបាតុករកាលពីថ្ងៃទី១៥ ខែកក្កដាទេ។
នៅពេលដែលមេធាវីតំណាងចុងចោទបានសួរលោក ព្រិច ថាតើគាត់នឹងអនុវត្តតាមបញ្ជាដើម្បីប្រើហិង្សាឬយ៉ាងណា លោក កែវ សុជាតិ ព្រះរាជអាជ្ញារងបានអន្តរាគមន៍ ដោយនិយាយថា វាជាសំណួរមិនសមរម្សទេ។ ចៅក្រម វាសនា បានយល់ស្រប។
នៅខាងក្រៅតុលាការ លោក ឃឹម ពៅ មានវ័យ៣៨ឆ្នាំ ដើមចោទចុងក្រោយដែលផ្តល់សក្ខីកម្ម បានសម្តែងការសោកស្តាយចំពោះព្រឹត្តិការណ៍កាលពីថ្ងៃទី១៥ ខែកក្កដា និងចំពោះការសម្រេចចិត្តឈប់លក់ការ៉ែមកាលពីឆ្នាំ២០០០នៅឯផ្សារថ្មី ដើម្បីចូលធ្វើសន្តិសុខខណ្ឌដូនពេញ។
សន្តិសុខរូបនេះបាននិយាយថា គាត់មានកំហឹង ព្រោះថាកម្លាំងប៉ូលិសដែលយាមការពារទីលានប្រជាធិបតេយ្យមិនបានចូលធ្វើអន្តរាគមន៍ទាល់តែសោះ ក្នុងពេលដែលក្រុមបាតុករបានវាយតតបនិងឈ្នះសន្តិសុខ។
លោក ពៅ បាននិយាយថា “ខ្ញុំសោកស្តាយណាស់ ពីព្រោះយើងធ្វើការជាសន្តិសុខ ហើយនៅពេលដែលគេវាយយើង គ្មាននរណាមកជួយយើងសោះ។ ខ្ញុំប្រហែលឈប់ធ្វើហើយ បន្ទាប់ពីរឿងក្តីនេះចប់”៕ រើន