38.1 C
Phnom Penh

រដ្ឋាភិបាល​បញ្ចេញ​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​​សុវត្ថិភាព​ចំណី​អាហារ​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​ម្សិលមិញ ក្រសួង​ពាណិជ្ជកម្ម​​បាន​បញ្ចេញ​សេចក្ដី​ព្រាង​​ច្បាប់​​​​ស្តីពី​សុវត្ថិ​ភាព​ចំណី​​​អាហារ​ដំបូង​របស់​កម្ពុជា ដែល​​នឹង​បង្កើត​ឲ្យ​មាន​អាជ្ញាធរ​​​សុវត្ថិភាព​ចំណីអាហារ​ ទទួល​​បន្ទុក​​កិច្ច​ការ​ពារ​​​សុវត្ថិភាព​របស់​អ្នក​​ទទួល​​ទាន​​​​ក្នុង​ស្រុក និង​ការ​ធានា​ថា ការ​នាំចេញ​ស្រប​តាម​​​​​បទដ្ឋាន​អន្តរជាតិ​។

ច្បាប់​ដែល​គេ​រំពឹង​ថានឹង​​ព្រាង​ចប់​រួច​រាល់​ ហើយ​បញ្ជូន​​ទៅ​ទីស្ដីការគណៈរដ្ឋមន្ត្រី​​ត្រឹម​ដំណាច់​ខែ​នេះ ​ចែង​អំពី​បទល្មើស​ផ្ដន្ទា​ទោស​​​ជាច្រើន​ ក្នុង​នោះ​រួម​មាន​ទាំង​ការ​លក់​ចំណី​អាហារ​ដែល​ផ្ទុក​​សារធាតុ​គ្រោះ​ថ្នាក់ ការ​បិទ​ស្លាក​​​សញ្ញា​​មិន​បាន​ត្រឹម​ត្រូវលើ​ចំណីអាហារ ការ​ត្រៀម​ ឬ​ការ​លក់​ចំណីអាហារ​ក្នុង​ស្ថាន​​ភាព​​​គ្មាន​អនាម័យ និង​​​ការ​ដំណើរ​ការ​​​​អាជីវកម្ម​​ចំណីអាហារ​ដោយ​គ្មាន​អាជ្ញាប័ណ្ណ​ផង​ដែរ​។

បន្ទាប់ពី​​សិក្ខាសាលា​មួយ​ស្ដីពី​ច្បាប់​នេះ ដែល​​បាន​​រៀប​ចំ​ឡើង​នៅ​សណ្ឋាគារ​អាំង​ទែ​​​កុង​ទីណង់តាល់ ក្នុង​រាជធានី​ភ្នំពេញ លោកស្រី ​​នីណា ប្រែ៊នស្ត្រាប់ (Nina​ Brandstrup) តំណាង​​​​ប្រចាំប្រទេស​កម្ពុជា​​ នៃ​អង្គការ​​ស្បៀង​អាហារ​ ​​និង​កសិកម្ម​ (FAO) របស់​អង្គការ​សហ​ប្រជា​ជាតិ​ បាន​មាន​ប្រសាសន៍​កាលពី​ម្សិលមិញ​​ “ ​ច្បាប់​នេះ​​​គឺចាំបាច់ណាស់​​ ពីព្រោះ​តែ​​មិន​​ទាន់​មាន​​វា​នៅ​ឡើយ​​។ កម្ពុជា​ ​មាន​​​មហិច្ឆតា​​ចង់​ក្លាយ​ជា​ប្រទេស​នាំចេញ​​ចំណីអាហារ​ដ៏ធំ​ ហើយ​ដើម្បី​អាច​ធ្វើ​បែប​នេះ​ទៅ​បាន ពួកគេ​ចាំបាច់​ត្រូវ​​គោរព​ច្បាប់​ចំណីអាហារ​របស់​ប្រទេស​ផ្សេងៗ​ ហើយ​ពួកគេ​អាច​ធ្វើ​បាន​​លុះ​ត្រា​តែ​​ពួកគេ​មាន​ច្បាប់​ចំណីអាហារ​ដែល​អនុវត្ត​បាន​ល្អ​នៅ​ក្នុង​ប្រទេស​​កម្ពុជា​”។

លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជ​កម្ម​ ដែល​នឹង​​ទទួល​​បន្ទុក​​​តែង​តាំង​​​​ប្រធាន​​អាជ្ញា​​ធរ​សុវត្ថិភាព​ចំណីអាហារ​​ ដែល​ត្រូវ​​មាន​សមាសភាព​តំណាង​មក​ពី​ក្រសួង​ផ្សេងៗ បាន​មាន​ប្រសាសន៍​ថា ច្បាប់​នេះ​មាន​សារៈ​សំខាន់​​ណាស់​​ចំពោះ​ការ​​​ធ្វើ​ឲ្យ​អ្នក​​​ទទួល​ទាន​មាន​ទំ​នុក​ចិត្ត​​លើ​​ចំណីអាហារ​​ដែល​​​មាន​ដាក់​លក់​នៅ​ក្នុង​ប្រទេស​កម្ពុជា​។

លោក​​​បាន​មាន​ប្រសាសន៍​ទៀត​ថា “ អ្វី​ដែល​​សំខាន់​បំផុត​គឺ​​សុវត្ថិភាព​​របស់​ប្រជា​ជន​​យើង​ និង​សុវត្ថិភាព​សម្រាប់​យើង​ទាំង​អស់​គ្នា​។ យើង​​ជា​អ្នក​​ទទួល​ទាន​​​ចំណីអាហារ ដូច្នេះ​វា​មាន​សារៈ​​សំខាន់​​​ណាស់​ដែល​​យើង​មាន​អារម្មណ៍​​ស្រួល​​ក្នុង​ចិត្ត​ នៅ​ពេល​យើង​ទទួល​ទាន​អាហារ ហើយ​​​យើង​ប្រាកដ​ក្នុង​ចិត្ត​​​ថា ​អាហារ​នោះ​ល្អ​ និង​មាន​ជាតិ​គីមីតិច​ដែល​អាច​បំផ្លាញ​សុខភាព​របស់​យើង​”។

លោក​បាន​លើក​ឡើង​បន្ថែម​ទៀត​ថា ច្បាប់​​​នេះ​នឹង​ពង្រឹង​ការ​អនុវត្ត​បទប្បញ្ញត្តិ​​ដែល​មាន​ស្រាប់​​ស្ថិត​ក្រោម​​រង្វង់​សមត្ថកិច្ច​របស់​កាំកុងត្រូល ដែល​ជា​អង្គភាព​អធិការកិច្ច​គយ​របស់​ក្រសួង​ពាណិជ្ជកម្ម​។

លោក គាម មករាឌី នាយក​កម្មវិធី​សុខ​ភាព​ ​នៃ​អង្គការ​មជ្ឈមណ្ឌល​សិក្សា  និង​អភិវឌ្ឍន៍​​កសិកម្ម​កម្ពុជា ហៅ​កាត់​ថា សេដាក ដែល​ជា​អង្គការ​មិន​មែន​រដ្ឋាភិបាល​​​ធ្វើ​ការងារ​ផ្នែក​កសិកម្ម​ បាន​មាន​ប្រសាសន៍​ថា ​ការ​អនុវត្ត​​របស់​កាំកុងត្រូល​នៅ​ក្នុង​ការ​ធានាសុវត្ថិភាព​​​ការ​នាំចេញនាំចូល​ចំណីអាហារ គួរ​តែ​ធ្វើ​​ឲ្យ​ប្រសើរ​ឡើង​ជា​​​​យូរ​មក​ហើយ​។

លោក​ថ្លែង​ថា “ ការ​ងារ​ដែល​កាំកុង​ត្រូល​​​បានធ្វើ​​គឺ​តិច​តួច​ នៅ​មាន​កម្រិត និង​មិន​ពេញ​លេញ​​​ទេ​។ ផលិត​ផល​គ្មាន​សុវត្ថិភាព​មួយ​ចំនួន​​​​​បាន​ធ្វើ​ចរាចរលើ​ទីផ្សារ​រួច​ទៅ​ហើយ ដូច្នេះ​អ្នក​​​ទទួល​ទាន​ប្រឈម​បញ្ហា​សុខភាព ​នៅ​ពេល​​ទទួល​ទាន​ និង​ប្រើ​ប្រាស់​ផលិត​ផ​ល​គ្មាន​​​សុវត្ថិភាព​ទាំង​នោះ​”។

​ការងារ​​ព្រាង​ច្បាប់​នេះ​​ដែល​ធ្វើ​ឡើង​​ដោយ​អង្គការ FAO និង​​ក្រសួង​ពាក់​ព័ន្ធ​ដែល​​បាន​ពិគ្រោះ​យោបល់​ជាមួយ​​មេធាវីជាតិ និង​​​អន្តរជាតិ​ រួម​ជាមួយ​តំណាង​មក​ពី​វិស័យ​ឯក​ជន បាន​ចាប់​ផ្ដើម​​នៅ​ខែ​មករា ឆ្នាំ​២០១៤ ហើយ​​​​តាម​ការ​រំពឹង​ទុក​ថា សេចក្ដី​​ព្រាង​ចុង​ក្រោយ​នឹង​ចប់​រួច​រាល់​ក្នុង​រយៈ​ពេល​៦សប្ដាហ៍។

អំឡុង​ម៉ោង​​សំណួរ​ និង​​ចម្លើយ​នៅ​ចុង​បញ្ចប់​នៃ​សិក្ខាសាលា​​​ដែល​​ធ្វើ​ឡើង​​កាលពី​ម្សិលមិញ អ្នក​ចូល​រួម​បាន​សួរ​ថា តើ​​ច្បាប់​នេះ​នឹង​ត្រូវ​អនុវត្ត​​ដោយ​របៀបណា តើ​ការ​អនុវត្ត​ច្បាប់​នេះ​ទទួល​បាន​មូលនិធិ​​តាម​ណា ហើយ​អ្នក​ណា​ជាអ្នក​ទទួល​ខុស​ត្រូវ​ចំពោះ​​ការ​​​ព្រាង​អនុក្រឹត្យ​ជាក់​លាក់​​បន្ថែម​ទៅ​លើ​បទប្បញ្ញត្តិ​មិន​ច្បាស់​លាស់​​ក្នុង​ច្បាប់​នេះ។​

លោកស្រី អុីមែនូអែល​ បចវ័រ (Emmanuelle Bourgois) ​អ្នក​ផ្ដល់​ប្រឹក្សា​ផ្នែក​ច្បាប់​ដែល​បាន​ជួយ​ធ្វើ​សេចក្ដី​ព្រាង​ច្បាប់​នេះ មាន​ប្រសាសន៍​​ថា សេចក្ដី​លម្អិត​អាច​នឹង​​ដោះ​ស្រាយ​​បាន​បន្ទាប់ពី​ច្បាប់​នេះ​ត្រូវ​បាន​អនុម័ត​ ដែល​ធ្វើ​ឲ្យ​កម្ពុជា កាន់​តែ​ស្រប​ទៅ​តាម​លក្ខខណ្ឌ​តម្រូវ​​​របស់​អន្តរជាតិ​សម្រាប់​ការ​នាំចេញ​ចំណី​អាហារ​។ លោកស្រី​បាន​​គូស​បញ្ជាក់​ថា “អាច​នឹង​មាន​​​បទប្បញ្ញត្តិ​បន្ថែម​ទៀត​ដែល​ត្រូវ​អភិវឌ្ឍក្រោម​​​អាជ្ញាធរ​សុវត្ថិភាព​ចំណី​អាហារ​”។

ចំណែក​ឯ​លោកស្រី នីណា ប្រែ៊នស្ត្រាប់ ដែល​មកពី​អង្គការ​ FAO បាន​ថ្លែង​​ថា លោក​ស្រី​អាច​យល់​បាន​ចំពោះ​​ក្ដី​បារម្ភ​ដែល​លើក​ឡើងនៅ​​​​ក្នុង​ម៉ោង​សំណួរ​ចម្លើយ​​​​នៅ​ឯ​សិក្ខា​សាលា​​​នោះ។

លោកស្រី​បាន​មាន​ប្រសាសន៍​ថា “ សំណួរ​​​​ខ្លះ​ឆ្លុះ​បញ្ចាំង​ថា ប្រជាជន​មាន​ការ​​​ព្រួយ​បារម្ភ​​ចំពោះ​ការ​អនុវត្ត ហើយ​ខ្ញុំគិត​ថា​ នេះ​ជា​ក្ដី​បារម្ភ​ដែល​សម​ហេតុ​ផល​។ការ​មាន​​ច្បាប់​នេះ​​​គឺ​ជា​​រឿង​មួយ អ្នក​អាច​មាន​ច្បាប់​ដែល​ល្អ​បំផុត​នៅ​ក្នុង​ពិភព​លោក​ ប៉ុន្តែ​​ប្រសិន​​​បើ​មិន​អាច​អនុវត្ត​​បាន​ នោះ​​វា​ពិត​ជា​គ្មាន​ប្រយោជន៍​​​​ទាល់​តែសោះ ហើយ​ចាំបាច់​ត្រូវ​មាន​ការ​កែ​​​សម្រួល​ចេញ​ខ្លះ​​”៕ សុខុម​​​​​​​​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស