
ក្រុមមន្ត្រីបាននិយាយថា កម្មករសំណង់ម្នាក់បានស្លាប់ និងពីរនាក់ទៀតរងរបួសនៅក្នុងរាជធានីភ្នំពេញកាលពីម្សិលមិញ នៅពេលរន្ទាប្លង់សេបានបាក់សង្កត់លើពួកគេ។
លោក កែវ សុភា អភិបាលរងខណ្ឌបានមានប្រសាសន៍ថា នៅពេលកម្មករមួយក្រុមប្រហែល២០នាក់កំពុងសាងសង់ពង្រីកជាន់ទី២នៃផ្សារត្រពាំងថ្លឹងក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យនៅម៉ោងប្រហែល៨ព្រឹក ស្រាប់តែបន្ទះកា្តាររន្ទា និងដែកជើងទម្រ ទ្រទម្ងន់ស៊ីម៉ង់ត៍ដែលចាក់កោងតែម្តង។
លោក សុភា បានមានប្រសាសន៍ថា ខណៈកម្មករបីនាក់ឈ្មោះ វ៉ា សុខ អាយុ៥២ឆ្នាំ អ៊ុន អឿ អាយុ៥០ឆ្នាំ និង អ៊ុន អ៊ាម អាយុ ៤៨ឆ្នាំកំពុងតម្រង់ជើងទម្រខាងក្រោមប្លង់សេនោះស្រាប់តែវាបាក់តែម្តង។
លោក កែវ សុធា បានមានប្រសាសន៍ថា “ជើងទម្រនោះមិនសូវមាំទេ”។ លោកបានបន្ថែម ទៀតថា បន្ទាប់ពីបាក់រន្ទាប្លង់សេមក ក្រុមសង្គ្រោះបន្ទាន់មកពីកងពលតូចលេខ៧០នៃកងយោធពលខេមរភូមិន្ទ បានមកជួយកម្មករសំណង់ដទៃទៀតភ្លាមៗដែរ ដោយព្យាយាមកាយយកបុរសទាំងនេះចេញពីគំនរបាក់បែកនោះដោយប្រើដៃ និងប្រើអេស្កាវ៉ាទ័រ។
លោក សុភា បានមានប្រសាសន៍ថា នៅពេលកាយយកពួកគេចេញមក លោក វ៉ា សុខ បានស្លាប់បាត់ទៅហើយនៅកន្លែងកើតហេតុ ចំណែកលោក អឿ ត្រូវបានដឹកទៅកាន់មន្ទីរពេទ្យមិត្តភាព ខ្មែរ-សូវៀត។
លោក សៅ សារិទ្ធ នាយរងប៉ុស្តិ៍ បានមានប្រសាសន៍ថា លោក អ៊ាម ដែលបានរងរបួសធ្ងន់នោះ ត្រូវដឹកទៅព្យាបាលនៅទីបញ្ជាការដ្ឋានកងពលតូចលេខ៧០។
លោក ប៊ិន ស៊ីនាថ ប្រធានការិយាល័យរៀបចំដែនដី និងសំណង់ខណ្ឌ បានបង្ហាញ អត្តសញ្ញាណម្ចាស់ផ្សារនេះថា ឈ្មោះ ទូច ប៊ុនធឿន ជាពាណិជ្ជករក្នុងមូលដ្ឋាន។
លោក ស៊ីនាថ បានមានប្រសាសន៍ថា ដីទន់ រួមផ្សំនឹងទម្ងន់ដ៏ធ្ងន់នៅលើជើងទម្រផងនោះ ទំនងជាមូលហេតុបណ្តាលឲ្យមានការបាក់នេះ។លោកបានបន្ថែមថា បីជាន់ខាងលើផ្សារត្រូវបានការិយាល័យរបស់លោកពិនិត្យមើលហើយ តែការពង្រីកជាន់ទី២មិនបានពិនិត្យមើលទេ។
លោក មូល ណារិន អនុប្រធានមន្ទីររៀបចំដែនដី និងសំណង់រាជធានី បានមានប្រសាសន៍ ថា ការសាងសង់ដែលទីបំផុតនឹងត្រូវប្រែក្លាយជាផ្សារទំនើបនោះ ត្រូវបានបិទដើម្បីរង់ចាំការស៊ើបអង្កេត។
លោកបានមានប្រសាសន៍ថា “ការដ្ឋានសំណង់នេះមានលិខិតអនុញ្ញាត។ប៉ុន្តែនៅក្នុងលិខិតអនុញ្ញាតនោះលើកឡើងថា លោក [ប៊ុនធឿន] ត្រូវជួលក្រុមហ៊ុនសំណង់”។
លោកបានបន្ថែមថា “ប្រសិនបើគាត់មិនបានជួលក្រុមហ៊ុនសំណង់ ហើយគ្រាន់តែជួលកម្មករដោយខ្លួនឯង នោះគាត់អាចប្រឈម មុខនឹងច្បាប់”។
លោក អឿ ដែលបានរងរបួសជើងនៅក្នុងហេតុការណ៍បាក់រន្ទាប្លង់សេនោះ បាននិយាយលើ គ្រែមន្ទីរពេទ្យថា លោក អ៊ាម ត្រូវជាប្អូនប្រុសរបស់គាត់ ហើយប្រហែលជារងរបួសធ្ងន់ត្រង់ខ្នង។ គាត់បាននិយាយថា “គាត់កប់នៅក្នុងគំនរស៊ីម៉ង់ត៍”។
លោក ហាក់ ម៉ៅ មេបញ្ជាការកងពលតូចលេខ៧០បានមានប្រសាសន៍ថា លោកមិនមានព័ត៌មានថ្មីអំពីស្ថានភាពរបស់លោក អ៊ាម ទេ។
លោក យ៉ាន ធី អគ្គលេខាធិការសហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជាបានមានប្រសាសន៍ថា កម្មករទាំងបីនាក់នេះមិនគួរនៅក្រោមប្លង់សេទេនៅពេលកំពុងធ្វើការសាងសង់វា។
លោកបានមានប្រសាសន៍ថា “វាជាកំហុសបច្ចេកទេស។ ប្រសិនបើពួកគាត់ធ្វើការងារនេះឲ្យបានត្រឹមត្រូវ នោះគ្មាននរណាម្នាក់ស្លាប់ឡើយ”។
លោក សុភា បានមានប្រសាសន៍ទៀតថា អាជ្ញាធរកំពុងព្យាយាមទាក់ទងទៅលោក ប៊ុនធឿន ដើម្បីសាកសួរគាត់ជំុវិញហេតុការណ៍នេះ៕សារុន