35 C
Phnom Penh

នគរ​​​បាល​​​ស្នើ​​​សុំ​​​ឲ្យ​​​តុលាការ​​​ចេញ​​​ដីកា​​​ចាប់ខ្លួន​​​ដើម្បី​​​ពង្រីកប្រតិបត្តិ​​​ការ​​​តាម​​​ចាប់​​​​​​ខ្លួន​​​លោក សុខ ប៊ុន​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក សុខ ខេមរិន្ទ មន្ត្រី​​​នគរ​​​បាល​​​​​​ដែល​​​ដឹក​​​នាំ​​​ការ​​​សើុប​​​អង្កេតលើ​​​​លោក សុខ ​​​ប៊ុន ​​​បាន​​​​​​លើក​​​ឡើង​​​កាល​​​ពី​​​ម្សិល​​​មិញ​​​ថា លោក​​​កំពុង​​​រង់​​​ចាំ​​​ដីកា​​​ចាប់ខ​​​្លួន​​​ ដើម្បី​​​ឲ្យ​​​លោក​​​អាច​​​សុំ​​​ជំនួយ​​​​​​ពី​​​នគរ​​​បាល​​​អន្តរ​​​ជាតិ​​​អាំង​​​ទែប៉ូល​​​ និង​​​បញ្ឈប់​កុំឲ្យ​មាន​ការ​​​លើក​​​ឡើង​​​​​​​ថា នគ​​​របាល​​​បាន​​​ឃុប​​​​​​ឃិត​​​ជា​​​មួយ​​​ឧកញ៉ា​​​អចលនទ្រព្យ​​​ដែល​​​កំពុង​​​រត់​​​គេច​​​ខ្លួន​​​រូប​​​នេះ​​​។

កាល​​​ពី​​​ថ្ងៃ អង្គារ លោក ស ខេង រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​មហាផ្ទៃ​​​ និង​​​លោក ខៀវ សុភ័គ អ្នក​​​នាំ ​​​​​​ពាក្យ​​​ក្រសួង​​​នេះ​​​ បាន​​​លើក​​​ឡើង​​​ថា នគ​​​របាល​​​​​​​​​បាន​​​ជួយ​​​លោក​​​ សុខ ប៊ុន ឲ្យ​​​រួច​​​ផុត​​​ពី​​​ការ​​​ចាប់ ខ​​​្លួន​​​ បន្ទាប់​​​ពី​​​រូ​ប​​​ភាព​​​វីដេអូ​​​កាមេរា៉​​​សុវត្ថិភាព​​​​​​ត្រូវ​​​​​​បាន​​​គេ​​​បង្ហោះ​​​យ៉ាង​​​ព្រោង​​​ព្រាត​​​កាល​​​ពី​​​ថ្ងៃ​​​ទី​​​៧​​​ ខែ​​​កក្កដា ​​​ដែល​​​បង្ហាញ​​​ថា ​​​លោក ​​​សុខ ​​​ប៊ុន បាន​​​វាយ​​​ដំ​​​យ៉ាង​​​ព្រៃ​​​ផ្សៃ​​​លើ​​​កញ្ញា ឯក ​​​សុជាតា អតីត​​​ពិធី​​​ការិនី​​​ទូរទស្សន៍​​​ CTN នៅ​​​ឯភោជនីយដ្ឋាន​​​មួយ​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ​​​។​​​ដោយ​​​ឆ្លើយតប​​​​នឹង​​​ការ​​​ចោទ​​​ប្រកាន់​​​កាល​​​ពី​ម្សិលមិញ ឧត្តមសេនីយ៍ទោ សុខ ខេមរិន្ទ ប្រធាន​​​នាយក​​​ដ្ឋាន​​​នគរបាល​ព្រហ្មទណ្ឌ​​​ក្រសួង​​​មហាផ្ទៃ​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា “ខ្ញុំ​​​មិន​​​ដឹង​​​ទេ ខ្ញុំ​​​មិនដឹង​​​​អំពី​​​បញ្ហា​​​នេះ​​​ឡើយ​​​​”។

កាល​​​ពី​​​ថ្ងៃ​​​ទី​​​៨ ខែ​​​កក្កដា ពោលគឺមួយ​​​ថ្ងៃ​​​បន្ទាប់​​​ពី​​​រូបភាព​​វីដេអូ​​​​កាមេរ៉ា​​​​​​​​​សុវត្ថិភាព​ត្រូវ​​​បាន​បង្ហោះ​យ៉ាង​ព្រោង​ព្រាត​​​​​ និង​​​ប្រាំ​​​មួយ​​​ថ្ងៃ​​​​​​បន្ទាប់​​​ពី​​​ជន​​​រង​​​គ្រោះ​​​បាន​​​ដាក់​​​ពាក្យ​​​ប្តឹង​​​ពីបទ​​​ប៉ុន​​​ប៉ង​​​មនុស្ស​​​ឃាតនោះ​​​​ លោក ហីុង ប៊ុន​​​ថន ព្រះរាជ​​​អាជ្ញារង​​​អម​​​សាលា​​​ដំបូង​​​រាជ​​​ធានី​​​ភ្នំ​​​ពេញ​​​បាន​​​ចេញ​​​ដីកា​​​កោះ​​​ហៅ លោក ​​​សុខ ​​​ប៊ុន ដោយ​​​បង្គាប់​​​ឲ្យលោក​​​​ចូល​​​ខ្លួន​​​មក​​​សាក​​​សួរ​​​​​​នៅ​​​ថ្ងៃ​​​ទី​​​២១​​​ ខែ​​​កក្កដា ។

ឧត្តម​​​សេនីយ៍​​​ទោ សុខ ខេមរិន្ទ បាន​​​​​​លើក​​​ឡើង​​​ទៀត​​​ថា លោក​​​កំពុង​​​ខិត​​​ខំ​​​ព្យាយាម​​​យ៉ាង​​​​​​ខ្លាំង​​​ដើម្បីចាប់​​​ខ្លួន​​​លោក សុខ ប៊ុន ទោះ​​​បី​​​ជា​​​លោក​​​​​​​​​​​​បាន​​​និយាយ​​​ថា លោក សុខ ប៊ុន​​​ បានគេច​​​ខ្លួន​​​ទៅ​​​ប្រទេស​​​សិង្ហបុរី​​​កាល​​​ពី​​​ថ្ងៃ​​​ ទី​​​៧ ខែ​​​កក្កដា ​​​ក៏​​​ដោយ។ កាល​​​ពី​​​ម្សិលមិញ ​​​លោក​​​បាន​​​លើក​​​​​​ឡើង​​​ថា​​​ដីកា​​​ចាប់​​​ខ្លួន​​​នេះ​​​នឹង​​​អាច​​​ជួយ​​​ឲ្យ​​​មាន​​​ការ​​​ពង្រីក​​​​ប្រតិបត្តិការ​​​តាមចាប់ខ្លួន​ដោយ​​​មានជំនួយ​​​ពី​​​នគរ​​​បាល​​​អន្តរជាតិ​​​អាំង​​​ទែប៉ូល​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ដីកា​​​កោះ​​​អាច​​​ត្រូវ​​​បាន​​​ប្រើ​​​​​​ក្នុង​​​ប្រទេស ​​​ប៉ុន្តែ ​​​ប្រសិន​​​​​​បើ​​​តុលាការ​​​ចេញ​​​ដីកា​​​ចាប់ខ្លួន យើង​​​អាច​​​បញ្ជូន​​​វា​​​ទៅ​​​នគរ​​​បាល​​​អន្តរ​​​ជាតិ​​​អាំង​​​ទែប៉ូល​​​នៅតាម​​​ព្រំដែន​​​”។

កាល​​​ពី​​​ថ្ងៃ​​​​​​អង្គារ លោក សុខ​​​ ប៊ុន បាន​​​ចេញសេចក្តី​​​បំភ្លឺ​​​ជូន​​​​​​សាធារណជន​​​​​​ដោយ​​​សុំលា​​​ឈប់​ពី​​​ងារ​ជា​​​ឧកញ៉ា​​​​ និង​​​លា​​​ឈប់​​​ពីមុខ​​​​​តំណែង​​​ជា​​​ប្រធាន​​​សមាគម​​​វាយ​​​តម្លៃ​​​ និង​​​ភ្នាក់​​​ងារ​​​អចល​វត្ថុ​​​កម្ពុជា​​​ ក៏ដូចជា​តំណែង​​​ជា​​​នាយក​​​ក្រុម​​​ហ៊ុន TEHO-SBG Development Co. ផង​​​ដែរ​។

លោក​​​ក៏​​​បាន​​​សុំ​​​ការ​​​អនុញ្ញាត​​​ និង​​​ការ​​​យោគ​​​​​​យល់​​​ពី​​​ស្ថាប័ន​​​តុលាការ​​​ដើម្បី​​​ព្យាបាល​​​ជំងឺ​​ស្ត្រេស​​​ដ៏ធ្ងន់​​​ធ្ងរ​​​ផង​​​ដែរ​​​។

នៅ​​​ក្នុង​​​សេចក្តី​​​បំភ្លឺទី២​ជូនសាធារណជន​​កាល​​​ពី​​​ល្ងាច​​​ថ្ងៃអង្គារ លោក សុខ ប៊ុន បាន​​​លើក​​​ឡើង​​​ថា លោក​​​នឹង​​​វិល​​​ត្រឡប់​​​មក​​​កម្ពុជា​​​​​​វិញ​​​ដើម្បី “​​​រក​​​ការ​​​ពិត​​​ និង​​​យុត្តិធម៌​​​សម្រាប់​​​ភាគី​​​ពាក់​​​ព័ន្ធ​​​ទាំង​​​អស់​​​ដោយ​​​ផ្អែក​​​លើ​​​នីតិវិធី​​​របស់​តុលាការ​​​ នៅ​​​ពេល​​​ការ​​​ងារ​​​ និង​​​ការ​​​​ពិនិត្យ​​​សុខភាព​​​របស់​​​ខ្ញុំ​​​​បាន​​​បញ្ចប់ ហើយ​​​​​​សន្តិសុខ​​​​​​ផ្ទាល់​​​ខ្លួន​​​របស់​​​ខ្ញុំ​​​ត្រូវ​​​បាន​​​ធានា​​​ដោ​យ​​​ច្បាប់​​​”។

គេមិនអាច​ទាក់ទង​មន្ត្រី​​​តុលាការ​​​​បាន​ឡើយ​កាល​​​ពី​​​ម្សិលមិញ​​​៕ ស៊ុយ​​​ឈាង​​​​

​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស