32 C
Phnom Penh

​សេចក្ដី​ជូន​ដំណឹង​ធ្វើ​ឲ្យ​អ្នក​រស់​នៅ​ក្នុង​​អគារ​ប៊ូឌីង​បារម្ភ​អំពី​ការ​បណ្ដេញ​ចេញ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

​​​ក្មេងស្រីមួយ​​​ក្រុម​​​ដើរ​​​កាត់​​​អគារប៊ូឌីង ដ៏​​​ចាស់​​​ទ្រុឌ​​​ទ្រោម​​​ ក្នុង​​​ខណ្ឌចំការមន រាជធានីភ្នំពេញ កាល​​​ពី​​​ម្សិលមិញ។ ពល​​​រដ្ឋ​​​រស់នៅ​​​ក្នុង​​​អគារ​​​នេះ​​​ព្រួយ​​​បារម្ភ​​​ជា​​​ថ្មី​​​អំពីការ​​​បណ្តេញ​​​ចេញ​​​​​​ពី​​​លំនៅ​​​ដ្ឋាន​​​របស់​​​ខ្លួន។ រូបថតៈ ស៊ីវ ចានណា/The Cambodia Daily
​​​ក្មេងស្រីមួយ​​​ក្រុម​​​ដើរ​​​កាត់​​​អគារប៊ូឌីង ដ៏​​​ចាស់​​​ទ្រុឌ​​​ទ្រោម​​​ ក្នុង​​​ខណ្ឌចំការមន រាជធានីភ្នំពេញ កាល​​​ពី​​​ម្សិលមិញ។ ពល​​​រដ្ឋ​​​រស់នៅ​​​ក្នុង​​​អគារ​​​នេះ​​​ព្រួយ​​​បារម្ភ​​​ជា​​​ថ្មី​​​អំពីការ​​​បណ្តេញ​​​ចេញ​​​​​​ពី​​​លំនៅ​​​ដ្ឋាន​​​របស់​​​ខ្លួន។ រូបថតៈ ស៊ីវ ចានណា/The Cambodia Daily

ប្រជាពលរដ្ឋ​​នៅ​អគារ​ប៊ូឌីង​ ក្នុង​​​រាជធានី​ភ្នំពេញ បាន​និយាយ​កាលពី​ម្សិលមិញ​ថា ពួក​​​គាត់​​​​ព្រួយ​​​បារម្ភ​ជាថ្មី​ម្ដង​ទៀត​​អំពី​ការ​បណ្ដេញ​ចេញ បន្ទាប់ពី​ចៅសង្កាត់​​​បាន​ចេញ​លិខិត​មួយ​​​​ច្បាប់​​​នៅ​ខែ​នេះ ស្នើ​ឲ្យ​ពួកគាត់​​​​ចាក​ចេញ​​​​ពី​ផ្ទះ​របស់​ខ្លួន​​ ដោយ​​​លើក​ឡើង​អំពី​​ការ​​​​​គ្មាន​សុវត្ថិភាព​នៅ​អគារ​ចាស់​ទ្រុឌទ្រោម​នេះ​។

អនាគត​នៃ​អគារ​ទ្រុឌទ្រោម​នេះ​​ជា​គម្រោង​ លំនៅដ្ឋាន​​តម្លៃ​ថោក​ ដែល​ត្រូវ​បាន​​​​សាង​សង់​​ក្រោម​ការ​ដឹកនាំ​របស់​​សម្ដេច នរោត្តម សីហនុ កាលពី​ឆ្នាំ​១៩៦៣​ ហើយ​ឥឡូវ​នេះ​ជា​លំនៅ​ដ្ឋានរបស់​ប្រជាពលរដ្ឋ​​រាប់​រយ​គ្រួសារ​នោះ មិន​ប្រាកដ​ប្រជា​​ជាង​១ឆ្នាំ​មក​ហើយ​។

លោក ប៉ា សុជាតិវង្ស អភិបាល​ក្រុង​​បាន​​មាន​ប្រសាសន៍​​កាលពី​ខែ​កញ្ញា​ថា អគារ​នេះ​គ្រោង​នឹង​ត្រូវ​វាយ​ចោល​ ​មុន​ពេល​ក្រឡាស់​សម្ដី​​ ហើយ​និយាយ​ថា អគារ​នេះ​នឹង​ទុក​នៅ​ដដែល​ ប៉ុន្តែ​អ្នក​រស់​នៅ​នឹង​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ថែរក្សា​វា​។

នៅ​ដើម​ខែ​នេះ ចៅសង្កាត់​​ទន្លេបាសាក់ ​លោក ខាត់ ណារិទ្ធ បាន​ចេញ​សេចក្ដី​ជូន​ដំណឹង​​​​មួយ​ដល់​ប្រជាពលរដ្ឋ​៥៤៧​គ្រួសារ​នៅ​អគារ​នោះ ដោយ​ព្រមាន​ពួកគេ​ថា អគារ​នេះ​គ្មាន​សុវត្ថិភាព និង​បាន​ណែនាំ​អ្នក​ទាំង​នោះ​ឲ្យ​​ចាក​ចេញ​ជា​បណ្ដោះ​អាសន្ន​សិន។

លោក ណារិទ្ធ បាន​និយាយ​កាលពី​ម្សិល​​​មិញ​ទាក់​ទិន​នឹង​លិខិត​​ចុះ​កាលបរិច្ឆេទ​ថ្ងៃ​ទី១ ខែ​កក្កដាថា “​យើង​មិន​​បង្ខំ​ពួកគាត់​ឲ្យ​ចាក​ចេញ​ ទេ។ យើង​ណែនាំ​អ្នក​រស់​នៅ​ឲ្យ​ចាក​ចេញ​ និង ​ធ្វើ​ការ​ជួសជុល​ ពីព្រោះ​យើង​មិន​ចង់​ឲ្យ​ពួក​​​គាត់​​កើត​មាន​គ្រោះ​ថ្នាក់​ណាមួយ​នោះ​​​ឡើយ​​​”។

លាត ចិន្តា អាយុ​៣០​ឆ្នាំ បាន​និយាយ​ថា អ្នក​ស្រី​ជឿ​ថា ការ​ព្រមាន​អំពី​សុវត្ថិភាព​ និង​ការ​ ណែនាំ​ឲ្យ​ចាក​ចេញ​ជា​បណ្ដោះ​អាសន្ន​ គឺ​ជា​ការ​ប៉ុន​ប៉ង​រឹបអូស​​​យក​​​ផ្ទះ​​​របស់​​​អ្នកស្រី​​​។cam-photo-white-building

អ្នកស្រី​បាន​និយាយ​ថា “​ប្រសិន​បើ​យើង​ចាក​ចេញ ពួកគេ​ [សាលា​រាជធានី​​​] នឹង​មិន​អនុញ្ញាត​ឲ្យ​យើង​ត្រឡប់​ចូល​ផ្ទះ​របស់​យើង​វិញ​ទេ​”។

ស៊ា វួចអេង អាយុ​៤៩​ឆ្នាំ បាន​គាំទ្រ​​​គំនិត​​របស់​អ្នក​ជិត​ខាង​របស់​គាត់ ហើយ​បាន​ប្ដេជ្ញា​​ស្នាក់​នៅ​ក្នុង​អគារ​នោះ​រហូត​ទាល់​តែ​ស្លាប់​។

អ្នក​ស្រី​បាន​និយាយ​ថា “​ខ្ញុំ​ស៊ូស្លាប់​​បើ​អគារ​នេះ​​រលំ​សង្កត់​ខ្ញុំ​ ប៉ុន្តែ​ខ្ញុំ​គ្មាន​ប្រាក់​ឯណា​ដើម្បី​​រើចេញ​ជាបណ្ដោះ​អាសន្ន ហើយ​ធ្វើ​ការ​ជួសជុល​ទេ​”។

លោក ឡុង ឌីម៉ង់ អ្នក​នាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​បាន​និយាយ​ថា លិខិត​នោះ​គ្រាន់​តែ​ជា​ការ​ព្រមាន​មួយ​ដល់​ប្រជាជន​​ថា អគារ​នោះ​គ្មាន​សុវត្ថិភាព​ ​ហើយ​លោក​បាន​បន្ថែម​ថា ​ការ​ជួស​ជុល​មិន​មែន​ជា​ការ​ទទួល​ខុស​ត្រូវ​របស់​សាលា​រាជធានី​​​​ទេ។

លោក​បាន​សួរ​ថា “​តើ​បង​ប្អូន​នឹង​សុំ​ឲ្យ​រដ្ឋ​ជួសជុល​ផ្ទះ​របស់​បង​ប្អូន​ឬ? វា​ជា​ផ្ទះ​របស់​បង​ប្អូន ដូច្នេះ​បង​ប្អូន​ត្រូវ​ជួស​ជុល​វា​ដោយ​ខ្លួនឯង​”៕ មានិត (រាយការណ៍​បន្ថែម​ដោយ Alex Consiglio)​​​​​​​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស