កាលពីម្សិលមិញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានទទួលស្គាល់ថា បង្គោលព្រំដែនមួយចំនួនដែលកំណត់ព្រំដែនជាមួយវៀតណាមអាចត្រូវបានបោះមិនត្រឹមត្រូវនៅក្នុងទឹកដីកម្ពុជា ប៉ុន្តែលោកបានលើកឡើងថា រដ្ឋាភិបាលអាចពិនិត្យឡើងវិញ ហើយ“ ទាមទារឲ្យមានការកែតម្រូវ”។
ចាប់តាំងពីខែមុន សមាជិកសភាគណបក្សសង្គ្រោះជាតិបានដឹកនាំយុទ្ធនាការមួយរកឲ្យឃើញពីការទន្ទ្រានចូលរបស់វៀតណាមក្នុងទឹកដីកម្ពុជា ទន្ទឹមនឹងនោះក៏បានចោទប្រកាន់រដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជាថា បានឃុបឃិតក្នុងការបោះបង្គោលព្រំដែននៅក្នុងទឹកដីកម្ពុជាផងដែរ។
លោក ហ៊ុន សែន បានច្រានចោលការអះអាងបែបនេះជាយូរមកហើយ ហើយដែលគួរឲ្យកត់សម្គាល់បំផុតនោះ នៅក្នុងការថ្លែងសុន្ទរកថាដ៏វែងរយៈពេល៥ម៉ោងនៅក្នុងរដ្ឋសភាកាលពីឆ្នាំ២០១២ ប៉ុន្តែលោកបានលើកឡើងកាលពីម្សិលមិញថា បង្គោលព្រំដែននៅតាមព្រំដែនវៀតណាមប្រវែង១.២២៨គីឡូម៉ែត្រប្រហែលជាត្រូវពិនិត្យឡើងវិញ។
លោក ហ៊ុន សែន បានមានប្រសាសន៍អំឡុងពិធីចែកសញ្ញាបត្រមួយក្នុងរាជធានីភ្នំពេញថា “ ឥឡូវបាន៨៣ភាគរយហើយ នៅសល់១៧ភាគរយ ហើយ៨៣ភាគរយនេះ ក៏យើងនៅអាចសើរើបានទៀតត្រូវធ្វើអូឌីតមួយចំនួនទៀត ករណីដែលបោះទៅវាមានលម្អៀង អ៊ីចឹងត្រូវកែ ទាមទារឲ្យមានការកែតម្រូវ”។
ទោះជាយ៉ាងណា លោកនាយករដ្ឋមន្ត្រីបានច្រានចោលការអះអាងរបស់គណបក្សប្រឆាំងដែលថា រដ្ឋាភិបាលរបស់លោកបានបង្កើតឡើងក្រោមការកាន់កាប់ប្រទេសកម្ពុជាពីសំណាក់វៀតណាមក្នុងទសវត្សរ៍ឆ្នាំ១៩៨០។
លោក ហ៊ុន សែន បានមានប្រសាសន៍ថា “ខ្ញុំបានប្រាប់អ្នកចរចាថា៖ បើចរចាមិនត្រូវគ្នា អូសបន្លាយក៏អូសទៅ ប្រសើរជាងបាត់ដី”។
លោកបានបន្ថែមថា “ដាក់ជាសំណួរមួយថា ជិត៣០ឆ្នាំតាំងពីកងទ័ពវៀតណាមនៅស្រុកខ្មែរ ម៉េចក៏មិនបោះឲ្យហើយតែម្តងទៅ ដោយសារខ្មែរមិនព្រម និយាយឲ្យពិត”។
លោក ហ៊ុន សែន ក៏ទំនងជាបានព្រមានដល់ប្រទេសវៀតណាមផងដែរកុំឲ្យគឃ្លើនពេកនៅក្នុងការចរចាជុំវិញការបោះបង្គោលព្រំដែន ឬក្នុងការស្វែងរកទំនុកចិត្តចាំបាច់នៅពេលមានភាពតានតឹងក្នុងពេលបច្ចុប្បន្នរវាងរដ្ឋាភិបាល និងគណបក្សប្រឆាំងក្នុងប្រទេសកម្ពុជា។
លោកបានមានប្រសាសន៍ថា “ខ្ញុំបានផ្ញើសារទៅដៃគូរបស់យើង ប្រទេសជិតខាងថា កម្ពុជាមិនបោះបង់សិទ្ធិក្នុងការទាមទារទៅលើចំណុចមួយចំនួនទៀតឡើយ បើទោះជាកម្ពុជាមិនទាន់បានត្រូវគ្នាទៅលើចំណុចមួយចំនួនផ្ទៃក្នុងក៏ដោយ”។
លោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំងបានមានប្រសាសន៍តាមទូរស័ព្ទថា សុន្ទរកថារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បន្ទាប់ពីការបដិសេធជាច្រើនឆ្នាំដែលថា គ្មានបង្គោលព្រំដែនណាមួយត្រូវបានបោះខុស ហើយបណ្ដាលឲ្យបាត់បង់ទឹកដីប្រទេសកម្ពុជាទៅប្រទេសវៀតណាមនោះ គឺជាការបង្ហាញឲ្យឃើញថា ត្រូវនៃគោលនយោបាយរបស់គណបក្សប្រឆាំងដែលមានជាយូរមកហើយ។
លោក សម រង្ស៊ី បានមានប្រសាសន៍ថា “ខ្ញុំសូមស្វាគមន៍ការទទួលស្គាល់នេះតាង នាមលោកនាយករដ្ឋមន្ត្រី ដែលយ៉ាងហោចណាស់បង្គោលព្រំដែនមួយចំនួនក្នុងចំណោមបង្គោលព្រំដែនជាច្រើនត្រូវបានបោះមិនត្រឹមត្រូវក្នុងទឹកដីកម្ពុជា ហើយនេះបង្ហាញឲ្យឃើញថា ត្រូវពីអ្វីដែលខ្ញុំបានព្យាយាមលើកឡើងជាច្រើនឆ្នាំមកហើយ”។
លោកបានមានប្រសាសន៍បន្ថែមថា “ប្រជាពលរដ្ឋជាច្រើននឹងចាំថា ដំបូងនៅពេលខ្ញុំបាននិយាយថា បង្គោលព្រំដែនទាំងនេះត្រូវបានបោះមិនត្រឹមត្រូវនោះ ខ្ញុំត្រូវផ្ដន្ទាទោសឲ្យជាប់ពន្ធនាគារសរុប១២ឆ្នាំ ដែល១០ឆ្នាំពីបទបំផ្លាញទ្រព្យសម្បត្តិសាធារណៈ និង២ឆ្នាំទៀតពីបទផ្សព្វផ្សាយព័ត៌មានមិនពិត”។
លោក សម រង្ស៊ី បានថ្លែងថា ការកើនឡើងនូវបណ្តាញផ្សព្វផ្សាយសង្គមនៅប្រទេសកម្ពុជាបានបំបែកទីតាំងរឹងមាំរបស់គណបក្សប្រជាជនកម្ពុជានៅតាមប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេស ហើយបានបង្ខំឲ្យដោះស្រាយបញ្ហាព្រំដែនវៀតណាមក្រោមសម្ពាធពីគណបក្សសង្គ្រោះជាតិ។
លោកបានមានប្រសាសន៍បន្ថែមទៀតថា “វាជាបរិយាកាសថ្មី។ មានវិធានថ្មីសម្រាប់រឿងនេះ ហើយគណបក្សប្រជាជនកម្ពុជាមិនអាចធ្វើអ្វីដូចខ្លួនធ្លាប់ធ្វើពីមុនបានឡើយ ពីព្រោះបច្ចេកវិទ្យាអាចរកបានសម្រាប់មនុស្សគ្រប់គ្នា”។
កាលពីម្សិលមិញផងដែរ រដ្ឋាភិបាលបានបញ្ជូនមន្ត្រីមួយក្រុមដឹកនាំដោយលោក ឡុង វីសាលោ រដ្ឋលេខាធិការក្រសួងការបរទេសឲ្យចុះទៅកាន់តំបន់មួយក្នុងស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ដើម្បីពិនិត្យមើលតំបន់ដែលមានវិវាទជាមួយសមភាគីក្រសួងការបរទេសមកពីវៀតណាម។
លោក សាត សាមុត អធិការនគរបាលស្រុកបានមានប្រសាសន៍កាលពីយប់មិញថា “យើងមិនទាន់បានបញ្ចប់នៅឡើយទេ។ ពួកគេមិនទាន់ទទួលយកថា ដីដែលមានវិវាទនោះជារបស់យើងឡើយ ហើយថា វាអាចបន្តនៅថ្ងៃស្អែក”។
កាលពីថ្ងៃអាទិត្យ លោក រៀល ខេមរិន្ទ្រ សមាជិកសភាគណបក្សប្រឆាំងមានគម្រោងដឹកនាំដំណើរទស្សនកិច្ចរបស់លោកលើកទី២ទៅពិនិត្យបង្គោលព្រំដែនលេខ២០២ និង២០៣ នៅតាមព្រំដែនស្ថិតក្នុងស្រុកកំពង់រោទិ៍ ដើម្បីបង្ហាញពីការទន្ទ្រានយកដីពីសំណាក់វៀតណាម។
ព្រះតេជគុណ ប៊ុត ប៊ុនទិញ ជាប្រធានបណ្ដាញព្រះសង្ឃឯករាជ្យ ដើម្បីយុត្តិធម៌សង្គមបានមានសង្ឃដីកាកាលពីម្សិលមិញថា ព្រះអង្គនឹងបញ្ជូនព្រះសង្ឃ៥០អង្គមកពីក្រុមរបស់ព្រះអង្គឲ្យនិមន្តទៅជាមួយលោក រៀល ខេមរិន្ទ្រ។
ព្រះសង្ឃអង្គនេះបានមានសង្ឃដីកាថា ព្រះអង្គរីករាយណាស់ដោយឃើញលោក ហ៊ុន សែន ប្រកាន់ជំហររឹងមាំស្ដីពីការទន្ទ្រានយកដី ប៉ុន្តែថា លោកនាយករដ្ឋមន្ត្រីគួរកែតម្រូវអ្វីដែលលោកបានប្រើកាលពីពេលថ្មីៗទៅលើគូប្រជែងនយោបាយរបស់លោកផងដែរ។
ព្រះតេជគុណ ប៊ុត ប៊ុនទិញ បានមានសង្ឃដីកាទៀតថា ឥឡូវនេះលោក ហ៊ុន សែន និងមន្ត្រីរបស់លោកបានទទួលស្គាល់ថា ពួកគាត់ធ្វើការងារមិនទាន់ល្អនៅឡើយទេ ប៉ុន្តែវាជាការល្អដែលលោកបានលើកឡើងថា លោកនឹងមិនបោះបង់ បើទោះជាមានភាពចម្រូងចម្រាស ខ្លះក៏ដោយ ហើយឥឡូវនេះមានផែនការធ្វើអ្វីៗត្រឹមត្រូវ”។
ព្រះអង្គបានមានសង្ឃដីកាបន្ថែមថា “ឥឡូវ នេះផ្លែឈើទុំហើយ។លោក ហ៊ុន សែន ដឹងថា វាទុំហើយ ដូច្នេះគាត់ត្រូវហូបវា។ ស្របពេលជាមួយគ្នានេះដែរ គាត់គួរឈប់ថ្កោលទោសគណបក្សប្រឆាំងថា ជាអ្នកជាតិនិយមជ្រុលទៀតទៅ។ ប្រសិនបើមិនមែនដោយសារគណបក្សប្រឆាំងទេ គាត់ក៏ប្រហែលជាគ្មានឱកាសល្អនេះដែរ”៕ សារុន (រាយការណ៍បន្ថែមដោយ ម៉ិច ដារ៉ា)