អង្គការសហប្រជាជាតិ និងសកម្មជនសិទ្ធិមនុស្សបានឲ្យដឹងថា កាលពីម្សិលមិញ អង្គការសហប្រជាជាតិបានជួយសម្រួលដល់អ្នកស្វែងរកសិទ្ធិជ្រកកោនជនជាតិភាគតិចម៉ុងតាញ៉ាចំនួន១២នាក់ ដែលស្ម័គ្រចិត្តវិលត្រឡប់ទៅកាន់ប្រទេសវៀតណាមវិញ បន្ទាប់ពីជនជាតិភាគតិចម៉ុងតាញ៉ាមួយក្រុមនេះបានចំណាយពេលរស់នៅក្នុងរាជធានីភ្នំពេញអស់ជាច្រើនខែ ដោយរំពឹងថា នឹងទទួលបានឋានៈជាជនភៀសខ្លួននោះ។
ជនជាតិភាគតិចម៉ុងតាញ៉ាជាង១៦០នាក់បានភៀសខ្លួនពីតំបន់ខ្ពង់រាបនៃប្រទេសវៀតណាមមកកាន់កម្ពុជាតាំងពីខែតុលាមកម្លេ៉ះ ក្នុងនោះភាគច្រើនបានមកដល់រាជធានីភ្នំពេញជាទីដែលពួកគេកំពុងរង់ចាំនាយកដ្ឋានជនភៀសខ្លួននៅក្រសួងមហាផ្ទៃវាយតម្លៃអំពីការស្នើសុំសិទ្ធិជ្រកកោនរបស់ពួកគេ។
លោកស្រី វីវៀន តាន មន្ត្រីផ្នែកព័ត៌មានប្រចាំតំបន់នៃឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន(UNHCR)បានលើកឡើងកាលពីម្សិលមិញថា អ្នកស្វែងរកសិទ្ធិជ្រកកោនចំនួន១២នាក់បានស្នើសុំជំនួយក្នុងការវិលត្រឡប់ទៅវៀតណាមវិញ។
លោកស្រីលើកឡើងតាមរយៈអីុម៉េលមួយថា “ ដោយផ្អែកលើសំណើ និងមូលហេតុពិសេសរបស់ពួកគេ យើងបានជួយសម្រួលដល់ការវិលត្រឡប់ទៅកាន់តំបន់ខ្ពង់រាបភាគកណ្តាលប្រទេសវៀតណាមវិញរបស់អ្នកស្វែងរកសិទ្ធិជ្រកកោនជនជាតិភាគតិចម៉ុងតាញ៉ាចំនួន១២នាក់ បន្ទាប់ពីបានផ្ទៀងផ្ទាត់ថា ពួកគេជ្រើសរើសបែបនេះដោយស្ម័គ្រចិត្ត”។
លោកស្រីបានលើកឡើងបន្ថែមថា“ រដ្ឋាភិបាលវៀតណាមបានយល់ព្រមទទួលពួកគេហើយបានធានាថា ខ្លួននឹងមិនរើសអើង ឬដាក់ទោសទណ្ឌលើពួកគេឡើយ។ វាក៏មានការធានាផងដែរថា ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួននឹងអាចទៅសួរសុខទុក្ខពួកគេបាន បន្ទាប់ពីពួកគេទៅដល់ស្រុកកំណើតវិញ”។
យោងតាមលោកស្រី វីវៀន តាន បានឲ្យដឹងទៀតថា ជនជាតិភាគតិចម៉ុងតាញ៉ា “ បាននិយាយថា ហេតុផលដែលធ្វើឲ្យពួកគេចង់វិលត្រឡប់ទៅវិញគឺដោយសារការលំបាកនៅក្នុងប្រទេសកម្ពុជា”។
លោក ឡុង រុក្ខា ប្រធាននគរបាលអន្តោប្រវេសន៍ច្រកព្រំដែនអូរយ៉ាដាវនៅក្នុងខេត្តរតនគិរីបានលើកឡើងថា ជនជាតិភាគតិចម៉ុងតាញ៉ាបានទៅដល់ព្រំដែននៅម៉ោងប្រហែល៥និង៣០នាទីល្ងាចម្សិលមិញ ប៉ុន្តែ ពួកគេមិនត្រូវបានអនុញ្ញាតឲ្យឆ្លងកាត់ព្រំដែនឡើយ។
លោកមានប្រសាសន៍ថា “ ខ្ញុំមិនអនុញ្ញាតឲ្យអ្នកទាំងនោះឆ្លងកាត់ព្រំដែន ដោយសារពួកគេគ្មានឯកសារផ្លូវច្បាប់។ ឥឡូវនេះយើងបានឲ្យពួកគេស្នាក់នៅក្នុងក្រុងបានលុងមួយយប់ ហើយទាក់ទងអាជ្ញាធរខេត្តដើម្បីស្នើសុំលិខិតអនុញ្ញាត”។
ពេលទាក់ទងម្តងទៀតនៅម៉ោងប្រហែល៧និង៤០នាទីយប់ លោកស្រី វីវៀន តានបានលើកឡើងថា ជនជាតិភាគតិចម៉ុងតាញ៉ាទាំងនេះបានឆ្លងកាត់ច្រកព្រំដែនហើយ។
លោកស្រីបានមានប្រសាសន៍ថា“ តាមខ្ញុំដឹង ពួកគេបានឆ្លងកាត់ច្រកព្រំដែននោះហើយ ហេតុដូច្នេះវាអស់បញ្ហាហើយ”។
ជនជាតិភាគតិចម៉ុងតាញ៉ភាគច្រើនដែលបានចូលមកកម្ពុជា បានឆ្លងកាត់ខេត្តរតនគិរី ហើយក្នុងករណីខ្លះបានចំណាយពេលរាប់សប្តាហ៍លាក់ខ្លួននៅក្នុងព្រៃដើម្បីគេចពីការចាប់ខ្លួន។ កាលពីខែធ្នូ ជនជាតិភាគតិចម៉ុងតាញ៉ាចំនួន១៣នាក់ដែលបានលាក់ខ្លួននៅក្នុងខេត្តនេះបានមកដល់រាជធានីភ្នំពេញ ហើយរដ្ឋាភិបាលបានផ្តល់ឋានៈជាជនភៀសខ្លួនដល់ពួកគេនៅខែមីនា។
ជោគជ័យនៃក្រុមដំបូងហាក់ដូចជាបានលើកទឹកចិត្តជនជាតិភាគតិចម៉ុងតាញ៉ាឲ្យចូលប្រទេសកម្ពុជាថែមទៀត ប៉ុន្តែរហូតមកទល់ពេលនេះគ្មានអ្នកផ្សេងទៀតត្រូវបានគេទទួលស្គាល់ជាជនភៀសខ្លួន ឬអនុញ្ញាតឲ្យដាក់ពាក្យសុំសិទ្ធិជ្រកក្រោនទៅនាយកដ្ឋានជនភៀសខ្លួនឡើយ។
លោក ឆាយ ធី អ្នកសម្របសម្រួលនៅអង្គការសិទ្ធិមនុស្សអាដហុកប្រចាំខេត្តរតនគិរី បានលើកឡើងថា មនុស្ស១២នាក់ដែលបានត្រឡប់ទៅប្រទេសវៀតណាមវិញកាលពីម្សិលមិញនោះ ដំបូងឡើយបានភៀសខ្លួនទៅប្រទេសថៃ ហើយបានធ្វើដំណើរមកក្រុងភ្នំពេញកាលពីខែមេសា ដោយសង្ឃឹមថា នឹងទទួលបានសិទ្ធិជ្រកកោននយោបាយ។
យោងតាមលោក ឆាយ ធី បានឲ្យដឹងទៀតថា ជនជាតិភាគតិចម៉ុងតាញ៉ាចំនួន១៩នាក់ផ្សេងទៀតដែលបានធ្វើដំណើរពីប្រទេសថៃមកដល់រាជធានីភ្នំពេញ បានវិលត្រឡប់ទៅប្រទេសវៀតណាមវិញហើយ។
លោកនិយាយថា “ ខ្ញុំទទួលបានដំណឹងថា ជនជាតិភាគតិចម៉ុងតាញ៉ាទាំងនោះបានស្ម័គ្រចិត្តត្រឡប់ទៅស្រុកវិញ ហើយថា គ្មាននរណាម្នាក់បានបង្ខំពួកគេឲ្យទៅវិញនោះទេ”។
កាលពីខែមិថុនា លោក ខៀវ សុភ័គ អ្នកនាំាពាក្យក្រសួងមហាផ្ទៃបាននិយាយថា រដ្ឋាភិបាលជឿជាក់ថា ជនជាតិភាគតិចម៉ុងតាញ៉ាក្នុងប្រទេសកម្ពុជាមិនមែនជាអ្នកស្វែងរកសិទ្ធិជ្រកកោនស្របច្បាប់ឡើយ។
ទាំងឧត្ដមសេនីយ៍ ខៀវ សុភ័គ ទាំងលោក សុខ ផល អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ មិនអាចទាក់ទងសុំការអធិប្បាយបានទេកាលពីម្សិលមិញ។
ក៏ប៉ុន្តែលោក កែម សារិន ប្រធានការិយាល័យជនភៀសខ្លួន បាននិយាយថា លោកបានទទួលលិខិតមួយច្បាប់ពីឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនប្រហែល១សប្ដាហ៍មកហើយ ដោយជូនដំណឹងមកលោកថា មនុស្ស១២នាក់នឹងត្រូវអមដំណើរទៅប្រទេសវៀតណាម។
ក្នុងរបាយការណ៍មួយដែលចេញកាលពីខែមុន អង្គការឃ្លាំមើលសិទ្ធិមនុស្ស បាននិយាយថា អាជ្ញាធរវៀតណាមកំពុងអនុវត្តកម្មវិធីជាប្រព័ន្ធដើម្បីចាប់ខ្លួន ឃុំខ្លួន និងធ្វើទារុណកម្ម ដោយផ្ដោតលើជនជាតិភាគតិចម៉ុងតាញ៉ា ដែលជាមូលហេតុបង្ខំឲ្យពួកគេឆ្លងព្រំដែន។
អង្គការការពារសិទ្ធិជនជាតិភាគតិចម៉ុងតាញ៉ាដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកអះអាងថា បងប្អូនរបស់ខ្លួនត្រូវបានគេធ្វើទុក្ខបុកម្នេញ ដោយហេតុថា ពួកគេបានគាំទ្រអាមេរិកអំឡុងសង្គ្រាមឥណ្ឌូចិនលើកទី១៕ ស៊ុយឈាង និង មានិត(រាយការណ៍បន្ថែមដោយ Chris Mueller)