27 C
Phnom Penh

លោកនាយក​​​រដ្ឋ​​​មន្ត្រី ហ៊ុន​​​ សែន អំពាវ​​​នាវ​​​ឲ្យ​​​ចាប់ខ្លួន​​​ឧកញ៉ាអចលនទ្រព្យ​​​  សុខ ប៊ុន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​​​តាម​​​មន្ត្រីមួយ​​​រូប​​​បាន​​​ឲ្យ​​​ដឹង​​​ថា ​កាល​​​​​​ពីម្សិលមិញ លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន សែន ​បាន​​​លើក​​​ឡើង​​​ថា ឋានៈ​​​ ឬ​​​ប្រាក់​​​មិន​​​អាច​​​ជួយ​​​លោក​​​ សុខ ប៊ុន ឲ្យ​​​រួច​​​ផុត​​​ពី​​​ការ​​​ប្រឈម​​​នឹង​​​ការ​​​​​ផ្តន្ទាទោស​​​ពី​​​បទ​​​វាយ​​​ដំ​​​លើ​​​កញ្ញា ឯក ​សុជាតា ​​ហៅ សាសា អតីត​​​ពិធីការិនី​​​ទូរទស្សន៍​​​កាល​​​ពី​​ដើម​​​ខែ​​​នេះ​​​បាន​​​ឡើយ​​​ ខណៈ​​​ទីបំផុត​ដីកា​​​ចាប់​​​ខ្លួ​​​ន​​​​​​ត្រូវ​​​បាន​​​ចេញ​​​សម្រាប់​​​ប្រតិបត្តិការ​​​តាម​​​ចាប់​​​ខ្លួន​​​ឧកញ៉ា​​​អចលនទ្រព្យ​​​ដែល​​​កំពុង​​​រត់​​​គេច​​​ខ្លួន​​​រូបនេះ​​​។​​​

ថ្លែង​​​ក្នុង​​​ពិ​​​ធី​​​​​​​​​ប្រគល់​​​សញ្ញាបត្រ​​​ដល់សាមណ​​​​​​និស្សិត​​ ​ពុទ្ធិកសាកល​​​វិទ្យាល័យ​​​ព្រះសីហនុ​​​រាជ​​​​​នៅឯ​​​វិទ្យាស្ថានជាតិអប់រំ​​​​​ក្នុង​​​​រាជធានី​​​ភ្នំពេញ​​​ លោក ហ៊ុន សែន​​​ ​​​​លើក​​​ឡើង​​​ថា គេ​​​បាន​​​ដឹង​​​​​​ថា មន្ត្រី​​​នគរ​​​បាល​​​បាន​​​ឃុប​​​ឃិត​​​ដើម្បី​​​ជួយ​​​ឲ្យ​​​លោក សុខ ប៊ុន គេច​​​ខ្លួន​​​​ដែល​​​បើ​​​តាម​​​​​​ការ​​​លើក​​​​ឡើង​របស់​លោក​​​ ស ខេង រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​មហា​​​ផ្ទៃ​​​​ ពួក​​​គេ​​​ក៏​អាច​​​នឹង​​​ត្រូវ​​​ចាប់​​​ដាក់​​​​​ពន្ធនាគារ​​​ដែរ​។

លោក​​​ ហ៊ុន​​​ សែន បាន​​​មាន​​​ ប្រសាសន៍​​​​ថា “ឥឡូវ​​​ ខ្ញុំ​​​សូម​​​​អំពាវ​​​នាវ​​​ឲ្យ​​​​​​ចេញ​​​មក​​​ ឲ្យ​​​ឆាប់​​​។ ​កុំ​​​ចាំ​​​គេ​​​យក​​​ខ្នោះ​​​ទៅ​​​ដាក់​​​”។

លោក​​មាន​ប្រសាសន៍បន្ថែម​ទាក់​​​ទិន​​​នឹង​​​ហេតុការណ៍​​​វាយ​​​ដំ​​​លើ​​​កញ្ញា សាសា​ប្រហែល​​​​​​មួយ​​​នាទី​​​ដែល​​​ថត​​​​បាន​​​ដោយ​​​​​​កាមេរ៉ា​​​សុវត្ថិ​ភាព​​​​​នៅ​​​ភោជនីយដ្ឋាន​​​មួយ​​​ក្នុង​​​រាជធានី​ភ្នំពេញ​​​កាល​​​ពី​​​ថ្ងៃទី​​​២ ខែ​​​កក្កដា​​​ថា “ ចេញ​​​ឲ្យលឿន​​​រក​​​វិធី​​​ណា​​​ក៏​​​ដោយ​​​ចុះ​​​ ដើម្បី​​​ទៅ​​​តាម​​​ផ្លូវ​​​តុលា​ការ​​​ ហើយ​​​រឿង​​​នេះ​​​បើ​​​យើង​​​មើល​​​តាម​​​ឃ្លីប​​​វីដេអូ​​​ គឺ​​​វា​​​ហួស​​​ហេតុ​​​​​​ពេក​​​ហើយ ហិង្សា​​​បែប​​នេះ​​​គឺ​​​វា​​​ហួស​​​ហេតុ​​​ពេក​​​ហើយ​​​ជាមួយ​​​ស្ត្រី​​​​​​ដែល​​​​​​មាន​​​ភាព​​​ទន់​​​ខ្សោយ​​ម្នាក់​”។​​​​​​​​​​​​

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​បន្ថែម​​​ថា “ កុំ​​​គិត​​​​​ថា ដោយ​​​សារ​​​អ្នក​​​ឯង​​​មាន​​​លុយ​​​​​​អាច​​​ដោះ​​​ស្រាយ​​​បញ្ហា​​​បាន​​​នោះ​​​”។

លោក សុខ ប៊ុន បាន​​​លើក​​​ឡើង​​​ថា លោក​​​នឹង​​​វិល​​​ត្រឡប់​​​មក​​​កម្ពុជា​​​វិញ​​​ ប៉ុន្តែ លុះត្រា​​​តែ​​​​​​មាន​​​ការ​​​ធានា​​​ពី​​​សុវត្ថិភាពផ្ទាល់​​​ខ្លួន​​​របស់​​​លោក​​​ និង​​​ការកាត់​​​ក្តី​​​ដោយ​​​យុត្តិធម៌​​​​​​​​​។ ការ​​​ផ្តល់​​​ប្រាក់​​​រហូត​​​ដល់​​​ទៅ​​​១០០.០០០ដុល្លារ​​​ដើម្បី​​​ដោះ​​​ស្រាយ​​​ជម្លោះ​នៅ​ក្រៅប្រព័ន្ធ​​​តុលាការ​​​ត្រូវ​​​បាន​​​​​​កញ្ញា ឯក សុជាតា ច្រាន​​​ចោល​​​។

លោក សុខ ខេមរិន្ទ មន្ត្រី​​​ក្រសួង​​​មហាផ្ទៃ​​​ដែល​​​ដឹក​​​នាំ​​​ការ​​​សើុប​​​អង្កេ​​ត​​​​​​បាន​​​លើក​​​ឡើង​​​ថា លោក សុខ ប៊ុន បាន​​​គេច​​​ខ្លួន​​​ទៅ​​​ប្រទេស​​​សិង្ហបុរី កាល​​​ពីថ្ងៃ​​​ទី​​​៧ ខែកក្កដា គឺថ្ងៃ​មុន​​​​ពេលលោក​ត្រូវ​​​​​​​សាលា​​​ដំបូង​​​រាជធានីភ្នំពេញ​​​​​​​​​​កោះ​​​ហៅ​​​​ឲ្យ​​​ចូល​​​ខ្លួន​​​​​​​​​មក​​​សាក​​​សួរ​​​។

កាល​​​ពីម្សិលមិញ ​ឧត្តមសេនីយ៍ទោ ​សុខ ​ខេមរិន្ទ ​​​មាន​​​ប្រសាសន៍​​​ថា ដីកា​​​ចាប់​​​ខ្លួន​​​ត្រូវ​​​បានចេញ​​​ហើយ​​​ ពោល​​​គឺ​​​ពីរ​​​សប្តាហ៍​​​បន្ទាប់​​​ពី​​​កញ្ញា ឯក សុជាតា បានដាក់​​​ពាក្យ​​​បណ្តឹង​​​ប្តឹង​​​ពី​​​បទ​​​ប៉ុនប៉ង​​​មនុស្ស​​​ឃាត​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា“ យើង​​​ទទួល​​​​​បាន​​​ដីកា​​​ចាប់​​​ខ្លួន​​​នៅម៉ោង​​​ប្រហែល​​​២​​​រសៀល ​​ហើយ​​​យើង​​​កំពុង​​​ធ្វើ​​​ការ​​​ជាមួយ​​​នគរ​​​បាល​​​អន្តរ​​​​​ជាតិ​​​អាំង​​​ទែប៉ូល​​​លើ​​​សំណុំ​​​រឿង​​​នេះ​​​។ ឥឡូវ​​​នេះ​​​គាត់​​​នៅ​​​ក្រៅ​​​ប្រទេស​​​ ប៉ុន្តែ យើង​​​មិន​​​ដឹង​​​ថា នៅ​​​ប្រទេស​​​ណា​​​ទេ​​​”។

ឧត្តមសេនីយ៍​​​ទោ​​​រូប​​​នេះ តែង​​​តែ​​​បង្វែរ​​​សំណួរ​​​អំពី​​​ការ​​​ជ្រៀត​​​ជ្រែក​​​របស់​​​នគរ​​​បាល​​​។

​​​លោក លឹម ឈាងឡេង​​​ ជំនួយ​​​ការ​​​ប្រធាន​​​​​ការិយាល័យ​​​នគរ​​​បាល​​អាំងទែប៉ូល​​​កម្ពុជា​​​បាន​​​​​បញ្ជាក់​​​ថា ដីកា​​​​​​ចាប់​​​​​​ខ្លួន​​​នេះ​​​ត្រូវ​​​បាន​​​បញ្ជូន​​​មក​​​ដល់​​​ការិយាល័​យ​​​របស់​​​លោក​​​ហើយ​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា“ ឥឡូវ​​​នេះ​​​ យើង​កំពុង​​​ស្នើ​​​អគ្គលេខាធិការនគរបាល​​​​អាំង​​​ទែប៉ូល​​​​​​ឲ្យ​​​ចេញ​​​និវេទន៍​​​​​​ក្រហម” ដែល​​​អាច​​​ធ្វើ​​​ឲ្យ​​​កង​​​កម្លាំង​​​នគរ​​​បាល​​​ទូទាំង​​​ពិភព​​​លោក​​​បាន​​​ដឹង​​​អំពីការ​​​គេច​​​ខ្លួន​​​របស់​​​លោក ​​សុខ ប៊ុន”។

យោង​​​តាម​​​កញ្ញា ឯក សុជាតា និង​​​រូបភាព​​​វីដេអូ​​​កាមេរ៉ា​​​សុវត្ថិភាព​​​ ការ​​​វាយ​​​ដំ​​​នេះ​​​បាន​​​កើត​​​ឡើង​​​ បន្ទាប់​​​ពី​​​កញ្ញា​​​បាន​​​ធ្វើ​​​អន្តរាគមន៍​​​ខណៈ​​​លោក សុខ ប៊៊ុន និង​​​អង្គរក្ស​​​របស់​​​លោក ប៉ុន​​​ប៉ង​​​ទាញ​​​ស្ត្រី​​​ដែល​​​កំពុង​​​ស្រវឹង​​​ស្រា​​​ជោក​​​ជាំ​​​ម្នាក់​​​ចេញ​​​ពីភោជនីយដ្ឋាន​​​។

​​​​​​ក្នុង​​​បទ​​​សម្ភាសន៍​​​​​​ដោយ​​​ស្ថាន​​​ីយទូរ​ទស្សន៍ ​​PNN កាល​​​ពី​​​ម្សិលមិញ កញ្ញា ឯក សុជាតា បាន​​​លើក​​​ឡើង​​​ម្តង​​​ទៀត​​​ថា ​​​ប្រាក់​​​មិន​​​អាច​​​ធ្វើ​​​ឲ្យ​​​កញ្ញា​​​ឈប់​​​ប្តឹង​​​បាន​​​ឡើយ​​​។

កញ្ញា​​​បាន​​​និយាយ​​​ថា “ ថ្ងៃ​​​មួយ​​​ដែល​​​ខ្ញុំ​​​ជួប​​​មុខ​​​គាត់​​​ គឺ​​​ជា​​​លើក​​​ទី​​​មួយ​​​​​​ក្នុង​​​ឆាក​​​ជីវិត​​​​​​ ហើយ​​​បែរ​​​ជាគាត់​​​ធ្វើ​​​អំពើ​​​មិន​​​ល្អ​​​ដែល​​​ធ្វើ​​​ឲ្យខ្ញុំ​​​ពិបាក​​​ក្នុង​​​ការ​​​បំភ្លេច​​​”។

កញ្ញា​​​បាន​​​និយាយ​​​បន្ថែម​​​ថា “ បន្ទាប់ពី​​​រឿង​​​​​នេះ​​​ ដោះ​​​ស្រាយ​​​រួច​​​រាល់​​​ហើយ ប្រហែល​​​ជា​​​​​នាង​​​ខ្ញុំ​​​​​​ត្រូវ​​​ទៅ​​​នៅ​​​ក្រៅ​​​ប្រទេស​​​មួួ​យ​​​រយៈ​​​សិន​​​ដើម្បី​​​បំភ្លេច​​​សុបិនដ៏អាក្រក់​​​នេះ​​​”៕

ស៊ុយ​​​ឈាង​​​​​​​​​​​​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស