29 C
Phnom Penh

អ្នក​​​ជំនាញ​​​សហ​​​ប្រ​​​ជា​​​ជាតិ​​​ជំរុញ​​​ឲ្យ​​​ព្រឹទ្ធ​​​សភា​​​ទាត់​​​ចោល​​​ច្បាប់​​​អង្គ​​​ការ​​​ក្រៅ​​​រដ្ឋាភិបាល​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​​​ជំនាញ​​​សិទ្ធិ​​​មនុស្សសហប្រជាជាតិ​​​ លោក ម៉ៃណា គីអៃ កាលពី​​​ម្សិលមិញ​​​បាន​​​ជំរុញ​​​ឲ្យ​​​ព្រឹទ្ធសភា​​​កម្ពុជា​​​ កំុ​​​អនុម័ត​​​ច្បាប់​​​ស្តីអំពី​​​អង្គការ​​​ក្រៅ​​​រដ្ឋាភិបាល​​​ដ៏ចម្រូង​​​ចម្រាស​​​ ដែល​​​សភាជាតិ​​​បាន​​​អនុម័ត​​​នៅ​​​សប្តាហ៍នេះ​​​ ដោយព្រមាន​​​ថា ច្បាប់នេះ​​​នឹង​​​មាន​​​ផល​​​ប៉ះពាល់​​​ដ៏គ្រោះថ្នាក់។

ច្បាប់​​​នេះ​​​នឹង​​​តម្រូវ​​​ឲ្យ​​​ក្រុម​​​អង្គការ​​​ក្រៅរដ្ឋាភិបាល​​​ទាំង​​​អស់​​​ លើក​​​លែង​​​តែ​​​អង្គការ​​​សហគមន៍​​​តូចតាច​​​​​​បំផុត​​​ប៉ុណ្ណោះ​​​ ចុះ​​​ឈ្មោះ​​​ជាមួយ​​​រដ្ឋ​​​ ហើយ​​​រាយ​​​ការណ៍​​​សកម្មភាព​​​ជាប្រចាំ​​​និង​​​របាយការណ៍​​​ហិរញ្ញវត្ថុ​​​។ ក្រុម​​​អ្នក​​​រិះគន់​​​ព្រួយ​​​បារម្ភ​​​ថា គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​នឹង​​​ប្រើ​​​មាត្រា​​​ដែល​​​មិន​​​ច្បាស់លាស់​​​​​​ដើម្បី​​​បំបិទមាត់​​​អ្នករិះ​​​គន់​​​របស់​​​ខ្លួន​​​។

ទោះបីជា​​​​​​​​​តំណាង​​​រាស្ត្រ​​​គណបក្ស​​​ប្រឆាំង​​​ទាំង​​​៥៥​​​រូប​​​​​​ធ្វើ​​​ពហិការ​​​​​​​​​ក៏ដោយ​​​ ក៏​​​គណបក្ស​​​ប្រជាជនកម្ពុជា​​​​​​បាន​​​ប្រើ​​​ចំនួន​​​ភាគច្រើន​​​របស់​​​ខ្លួន​​​ក្នុងការ​​​អនុម័ត​​​ច្បាប់​​​នោះ​​​កាលពី​​​ថ្ងៃ​​​ច័ន្ទ ដោយ​​​បញ្ជូន​​​ច្បាប់​​​នោះ​​​ទៅ​​​កាន់​​​ព្រឹទ្ធសភា​​​ប្រថាប់​​​ត្រា​​​ ដែល​​​គណបក្ស​​​ប្រជាជន​​​ក៏​​​គ្រប់​​​គ្រង​​​ដែរ​​​។

លោក គីអៃ អ្នក​​​រាយ​​​ការណ៍​​​ពិសេស​​​របស់​​​អង្គការ​​​សហប្រជាជាតិ​​​ស្តីពី​​​សិទ្ធិ​​​សេរីភាព​​​នៃ​​​ការ​​​ជួបជុំ​​​ដោយ​​​សន្តិវិធី​​​និង​​​ការ​​​បង្កើត​​​សមាគម​​​ ​​​បាន​​​និយាយ​​​នៅ​​​ក្នុង​​​សេចក្តី​​​ថ្លែង​​​ការណ៍​​​មួយ​​​កាលពី​​​ម្សិលមិញ​​​ថា ច្បាប់​​​នោះ “​​​គំរាម​​​​​​កំហែង​​​យ៉ាង​​​ច្បាស់​​​ក្រឡែត​​​​​​ដល់​​​អត្ថិភាព​​​នៃ​​​សង្គម​​​ស៊ីវិល​​​សេរីនិង​​​ឯករាជ្យ​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា”​​​។​​​

អ្នក​​​ជំនាញ​​​អង្គការ​​​សហប្រជាជាតិ​​​រូប​​​នេះ​​​បាន​​​និយាយ​​​ថា “ប្រសិន​​​បើ​​​សេចក្តី​​​ព្រាងច្បាប់​​​នេះ​​​ត្រូវ​​​បាន​​​អនុម័ត​​​ ក្រុម​​​ដែល​​​តស៊ូ​​​មតិ​​​ដើម្បីសិទ្ធិ​​​មនុស្ស​​​ សេរី​ភាព​​​មូលដ្ឋាន​​​ និង​​​អភិបាល​​​កិច្ច​​​ល្អ​​​ អាច​​​ត្រូវ​​​គេ​​​បិទ​​​ចោល​​​ និង​​​ ដាក់​​​ឲ្យ​​​ទៅ​​​ជា​​​បទ​​​​​​ព្រហ្មទណ្ឌ​​​។ ច្បាប់​​​នេះ​​​ជាទី​​​បញ្ចប់​​​នឹង​​​ជះ​​​ឥទ្ធិពល​​​ដ៏គ្រោះ​​​ថ្នាក់​​​ដល់​​​​​​ការ​​​ចូលរួម​​​បែប​​​ប្រជាធិ​​​បតេយ្យ​​​របស់​​​ពល​​​រដ្ឋ​​​ខ្មែរ ក្នុង​​​ការ​​​ជំរុញ​​​កិច្ច​​​អភិវឌ្ឍ​​​នៃ​​​ប្រទេស​​​ជាតិ​​​”។

ក្រុម​​​សិទ្ធិមនុស្ស​​​ក្នុង​​​ស្រុក​​​​​​និង​​​បណ្តាញ​​​សហគមន៍​​​រាប់សិប​​​ក្រុម បាន​​​ចេញ​​​សេចក្តី​​​ថ្លែងការណ៍​​​រួម​​​មួយ​​​កាលពី​​​ថ្ងៃ​​​អង្គារ​​​ ដោយ​​​ជំរុញ​​​ឲ្យ​​​ព្រឹទ្ធសភា​​​ទាត់​​​ចោល​​​ច្បាប់​​​នោះ​​​។

កាលពី​​​ម្សិលមិញ​​​ លោក គង់ គាំ បាន​​​មាន​​​ប្រសាសន៍ថា រូប​​​លោក​​​និង​​​ព្រឹទ្ធសភា​​​គណបក្ស​​​ សម រង្ស៊ី ១០នាក់​​​ផ្សេង​​​ទៀត​​​ បាន​​​ស្នើ​​​សុំ​​​គណៈកម្មាធិការ​​​ព្រឹទ្ធសភាពីរ ​​​ដឹក​​​នាំ​​​ដោយ​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា ដែល​​​កំពុង​​​ពិនិត្យ​​​មើល​​​ច្បាប់​​​នោះ​​​ឲ្យ​​​បញ្ជូន​​​ច្បាប់​​​នោះ​​​ត្រឡប់​​​ទៅ​​​សភាវិញ​​​។

លោក គាំ​​​ បាន​​​និយាយ​​​ថា “យើង​​​កំពុង​​​ស្នើ​​​គណៈកម្មាធិការ​​​ជំនាញ​​​ដើម្បី​​​បញ្ជូន​​​ច្បាប់​​​នោះ​​​ត្រឡប់​​​ទៅ​​​សភាវិញ​​​​​​ ដើម្បី​​​​​​ពិភាក្សា​​​បន្ថែម​​​ទៀត​​​ជាមួយ​​​សមាគម អង្គការ​​​ក្រៅ​​​រដ្ឋាភិបាលនានា​​​​​​ និង​​​តំណាង​​​រាស្ត្រ​​​គណបក្ស​​​ប្រឆាំង​​​ ហើយ​​​ត្រូវ​​​បន្ថែម​​​យោបល់​​​របស់​​​គេ​​​។ បើ​​​មិន​​​ដូច្នេះ​​​ទេ​​​ យើង​​​នឹង​​​ធ្វើ​​​ពហិការ​​​មិន​​​ចូល​​​រួម​​​ប្រជុំ​​​ពេញអង្គ​​​ដើម្បី​​​បោះ​​​ឆ្នោត​​​ទេ​​​”។

អ្នក​​​នាំពាក្យ​​​ព្រឹទ្ធសភា​​​ លោក ម៉ម ប៊ុននាង បាន​​​និយាយថា មិនទាន់​​​មាន​​​ការ​​​ដាក់​​​កាលវិភាគ​​​សម្រាប់​​​អនុម័ត​​​ច្បាប់​​​នោះទេ​​​។

តំណាង​​​រាស្ត្រ​​​គណ​​​បក្ស​​​ប្រជាជន​​​កម្ពុជា​​​បាន​​​និយាយ​​​ថា ច្បាប់​​​នោះ​​​នឹង​​​មិន​​​បំពាន​​​លើ​​​ិសិទ្ធិ​​​នៃ​​​អង្គការ​​​ក្រៅ​​​រដ្ឋាភិបាល​​​នានា​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​ទេ​​​​​ ហើយ​​​ថា ប្រទេសជាតិ​​​​​​ត្រូវ​​​ការ​​​ច្បាប់​​​នេះ​​​ដើម្បី​​​ ប្រយុទ្ធ​​​​​​ការ​​​លាង​​​លុយ​​​កខ្វក់​​​និង​​​អំពើ​​​ភេរវកម្ម​​​៕ រើន​​​​​​​​​​​​​​​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស