យោងតាមការិយាល័យនគរបាលអាំងទែប៉ូលកម្ពុជាឲ្យដឹងថា ឧកញ៉ាអចលនទ្រព្យ លោក សុខ ប៊ុន បានធ្វើដំណើរតាមយន្តហោះពីប្រទេសសិង្ហបុរីទៅកាន់ក្រុងប៉ារីសកាលពីថ្ងៃអង្គារ ហើយឥឡូវនេះនគរបាលអាំងទែប៉ូលកំពុងតែស្វែងរកចាប់ខ្លួនគាត់។
និវេទន៍ក្រហមរបស់អាំងទែប៉ូលឥឡូវនេះត្រូវបានចេញដើម្បីចាប់ខ្លួន លោក សុខ ប៊៊ុន ដែលគេឃើញតាមវីដេអូឃ្លីបកាលពីដើមខែនេះ បានវាយដំច្រំធាក់យ៉ាងឃោរឃៅលើពិធីការិនីទូរទស្សន៍ ឯក សុជាតា គឺមានន័យថា រដ្ឋជាសមាជិកនគរបាលអាំងទែប៉ូលទាំង១៩០រដ្ឋបានទទួលការជូនដំណឹងថា ឧកញ៉ារូបនេះត្រូវគេតាមចាប់ខ្លួនពីបទហិង្សា ដោយចេតនា ដោយមានស្ថានទម្ងន់ទោស។
លោក លឹម ឈាងឡេង នាយរងការិយាល័យអាំងទែប៉ូលកម្ពុជាបាននិយាយថា “ការិយាល័យអាំងទែប៉ូលនៅក្នុងប្រទេសសិង្ហបុរីបានរាយការណ៍ឲ្យអាំងទែប៉ូលកម្ពុជាដឹងថា លោក សុខ ប៊ុន បានជិះយន្តហោះអាកាសចរណ៍បារាំងទៅកាន់ក្រុងប៉ារីសនៅថ្ងៃទី១៤ ខែកក្កដា។ ឥឡូវយើងកំពុងធ្វើការលើបញ្ហានេះជាមួយការិយាល័យអាំងទែប៉ូលបារាំង”។
តាមរយៈមេធាវីរបស់លោក គឺលោក យិន សុភី លោក សុខ ប៊ុន កាលពីថ្ងៃអង្គារបានចេញលិខិតចំហពីរច្បាប់ដែលរៀបរាប់អំពីដំណាក់ការមួយចំនួនដែលលោកត្រូវប្រកាន់យកជាការប៉ះប៉ូវសំណងទាក់ទងនឹងការវាយតប់កាលពីរាត្រីនោះ រួមមានការលះបង់ងារជាឧកញ៉ា និងផ្តល់ថវិកាចំនួន១០០.០០០ដុល្លារដល់កញ្ញា សុជាតា ។
កញ្ញា សុជាតា ហៅ សាសា បានច្រានចោលដំណោះស្រាយក្រៅប្រព័ន្ធតុលាការ។
នៅក្នុងលិខិតចំហនោះ លោក សុខ ប៊ុន បានស្នើសុំថា លោកគួរត្រូវគេអនុញ្ញាតឲ្យមានពេលវេលាដើម្បីទទួលការព្យាបាលស្ត្រែសដ៏ធ្ងន់ធ្ងរ ចំណែកឯលិខិតដែលគ្មានកាលបរិច្ឆេទ និងបញ្ជាក់ផ្ទៀងផ្ទាត់ ដែលចុះហត្ថលេខាដោយវេជ្ជបណ្ឌិត ម៉ាហិន ណាដារ៉ាជៈ នៅឯវិទ្យាស្ថានវិទ្យាសាស្ត្រសរសៃប្រសាទជាតិប្រទេសសិង្ហបុរីត្រូវបានផ្សព្វផ្សាយតាមអីុនធឺណិតដោយនិយាយថា លោក សុខ ប៊ុន មិនអាចធ្វើដំណើរទៅណាបានទេក្នុងរយៈពេលប៉ុន្មានខែេនះ ដោយសារតែភាពធ្ងន់ធ្ងរនៃជំងឺ។
លោក សុខ ប៊ុន ក៏បាននិយាយថា លោកនឹងមិនវិលត្រឡប់មកកាន់ប្រទេសកម្ពុជាវិញទេទាល់តែមានការជំនុំជម្រះក្តីត្រឹមត្រូវ និងមានការធានាដល់សុវត្ថិភាពផ្ទាល់ខ្លួនរបស់លោកជាមុនសិន។
កញ្ញា សុជាតា ត្រូវបានសាកសួរដោយលោក ហីុង ប៊ុនថន ព្រះរាជអាជ្ញារងតុលាការក្រុងភ្នំពេញកាលពីថ្ងៃសុក្រ។
ពិធីការិនីរូបនេះបាននិយាយថា នាងបានពន្យល់រឿងរ៉ាវដែលនាំឲ្យមានការវាយតប់ ក្នុងពេលនោះ គេចាប់អូសសក់ក្បាលនាងនៅក្នុងបន្ទប់ ទាត់ ដាល់ និងច្រំ និងសម្រាតសម្លៀកបំពាក់ស្ទើរនៅខ្លួនននលគក។ ពិធីការិនីរូបនេះត្រូវភ្ជង់ក្បាលនឹងកាំភ្លើងខ្លីដោយអង្គរក្សលោក សុខ ប៊ុន ដែលមិនទាន់ដឹងអត្តសញ្ញាណនៅឡើយទេ។
បន្ទាប់ពីសាកសួររួច កញ្ញា សុជាតា បានសំដែងមន្ទិលសង្ស័យដែលថា អ្នកវាយតប់នាងនឹងមិនវិលត្រឡប់មកប្រឈមនឹងតុលាការដូចដែលគាត់បាននិយាយនោះទេ។
កញ្ញា សុជាតា បាននិយាយថា “ខ្ញុំសង្ឃឹមថា គាត់នឹងធ្វើអ្វីដែលគាត់បានសន្យា ប៉ុន្តែ ខ្ញុំបានដឹងថា គាត់នឹងបង្ហាញខ្លួនក្នុងតុលាការតាំងពីបីថ្ងៃ បន្ទាប់ពីរឿងនោះបានកើតឡើងម្លេ៉ះ”។ កញ្ញា សុជាតា បានដាក់ពាក្យបណ្តឹងប៉ុនប៉ងឃាតកម្មនៅថ្ងៃទី២ ខែកក្កដា ជាថ្ងៃនៃការវាយតប់ ប៉ុន្តែ តុលាការមិនបានចេញដីកាកោះហៅលោក សុខ ប៊ុន ទេ ហូតទាល់តែដល់ថ្ងៃទី៨ ខែកក្កដា ជាថ្ងៃដែលវីដេអូឃ្លីបបានលេចឡើង។
លោកឧត្តមសេនីយ៍ទោ សុខ ខេមរិន្ទ ដែលនាយកដ្ឋានរបស់លោកទទួលបន្ទុកសើុបអង្កេតបាននិយាយថា លោក សុខ ប៊ុន បានភៀសខ្លួនទៅប្រទេសសិង្ហបុរីកាលពីថ្ងៃទី៧ ខែកក្កដា។
លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានមានប្រសាសន៍កាលពីថ្ងៃអង្គារថា លោក សុខ ប៊ុន បានគេចផុតពីការចាប់ខ្លួនដោយសារតែមានការជួយជ្រោមជ្រែងពីនគរបាលមួយចំនួន។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានមានប្រសាសន៍កាលពីថ្ងៃព្រហស្បតិ៍ថា មន្ត្រីណាក៏ដោយ មិនថា មានអំណាចប៉ុណ្ណាទេនឹងត្រូវជាប់ខ្នោះ ប្រសិនបើមានការជួយជ្រោមជ្រែងដូច្នេះមែន។
មន្ត្រីក្រសួងមហាផ្ទៃ និងតុលាការមិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេកាលពីថ្ងៃសុក្រ៕ និត