អាជ្ញាធរនៅក្នុងរាជធានីភ្នំពេញបានចាប់ខ្លួន និងដោះលែងសកម្មជនប្រាំនាក់កាលពីថ្ងៃសៅរ៍ពីបទចែកចាយខិត្តប័ណ្ណជំរុញឲ្យពលរដ្ឋ “និយាយថា ទេ” ចំពោះច្បាប់ស្ដីពីអង្គការមិនមែនរដ្ឋាភិបាល ដែលបណ្ដាអ្នករិះគន់ព្រួយបារម្ភថាវានឹងត្រូវបានប្រើប្រាស់ដើម្បីរារាំងមិនឲ្យមានការរិះគន់គណបក្សប្រជាជនកម្ពុជា។
ច្បាប់នេះត្រូវបានអនុម័តដោយសមាជិកសភាមកពីគណបក្សប្រជាជនកម្ពុជាកាលពី១សប្ដាហ៍មុន ចំពេលមានការធ្វើពហិការពីគណបក្សសង្គ្រោះជាតិដែលមានសំឡេងភាគតិចនៅក្នុងសភា ហើយកំពុងតែរង់ចាំការបោះឆ្នោតនៅព្រឹទ្ធសភាដែលគ្រប់គ្រងដោយគណបក្សកាន់អំណាចដែរ។

នៅម៉ោងប្រហែល៨ព្រឹកថ្ងៃអាទិត្យ សកម្មជនប្រហែល៥០នាក់បានចាប់ផ្ដើមហែក្បួនចេញពីផ្សាររាត្រីតាមមាត់ទន្លេក្នុងរាជធានីភ្នំពេញ ឆ្ពោះទៅភាគនិរតី ដើម្បីចែកខិត្តប័ណ្ណដែលសរសេរថា ”និយាយថាទេ” ចំពោះច្បាប់ស្ដីពីអង្គការមិនមែនរដ្ឋាភិបាលនៅតាមផ្សារផ្សេងៗដែលពួកគេបានហែក្បួនឆ្លងកាត់។
ដល់ម៉ោងប្រហែល១០ព្រឹក ពួកគេបានទៅដល់ផ្សារអូរឫស្សីក្បែរពហុកីឡដ្ឋានជាតិអូឡាំពិក ដែលនៅទីនោះសន្តិសុខខណ្ឌ និងសន្តិសុខផ្សារបានចាប់ខ្លួនស្ត្រីប្រាំនាក់ក្នុងចំណោមសកម្មជនទាំងអស់នេះ។ ពួកគេត្រូវបាននាំខ្លួនទៅកាន់ប៉ុស្ដិ៍នគរបាលសង្កាត់ មុនពេលត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌដើម្បីធ្វើការសាកសួរបន្ថែម ហើយត្រូវបានដោះលែងវិញនៅវេលាម៉ោងប្រហែល៥ល្ងាច។
លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីបានមានប្រសាសន៍កាលពីម្សិលមិញថា “យើងត្រូវតែចាប់ខ្លួនពួកគាត់ ព្រោះពួកគាត់ហែក្បួនតាមផ្លូវ និងទីសាធារណៈដោយគ្មានការអនុញ្ញាត។ នៅប្រទេសផ្សេងៗ ពលរដ្ឋគាំទ្រ និងអបអរសាទរ នៅពេលច្បាប់ថ្មីត្រូវបានបង្កើតឡើង។ ប៉ុន្តែនៅទីនេះ ពួកគាត់បែរជាប្រឆាំងការបង្កើតច្បាប់ទៅវិញ”។
លោកបានបន្ថែមថា ការហែក្បួននេះ”ធ្វើឲ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈ ហើយបង្កការកកស្ទះចរាចរណ៍។ វាក៏ធ្វើឲ្យប៉ះពាល់ដល់បរិស្ថានដែរ ព្រោះបន្ទាប់ពីពលរដ្ឋអានវា [ខិត្តប័ណ្ណ] រួច ពួកគាត់នឹងបោះវាចោលពាសវាលពាសកាល”។
លោក ឡុង ឌីម៉ង់ បានចោទប្រកាន់ស្ត្រីទាំងប្រាំនាក់ដែលសុទ្ធតែជាសកម្មជនប្រឆាំងការបណ្ដេញចេញដ៏លេចធ្លោថា ជា”អ្នកតវ៉ាអាជីព និងគ្រប់វិស័យ”។ លោកបានលើកឡើងថា ពួកគេត្រូវបានដោះលែង បន្ទាប់ពីសន្យាថានឹងឈប់ចែកខិត្តប័ណ្ណតទៅទៀត។
អ្នកស្រី សុង ស្រីលាភ ដែលស្ថិតនៅក្នុងចំណោមស្ត្រីដែលត្រូវបានចាប់ខ្លួនបានលើកឡើងថា អាជ្ញាធរបានសួរពួកគាត់ថា តើខិត្តប័ណ្ណទាំងនេះបោះពុម្ពនៅកន្លែងណា ប៉ុន្តែពួកគាត់មិនព្រមប្រាប់ទីតំាងឡើយ ហើយអាជ្ញាធរបានចោទប្រកាន់ពួកគាត់ថា ការហែក្បួននេះធ្វើឡើងតាមបញ្ជាពីមេដែលមិនបញ្ចេញឈ្មោះ។
អ្នកស្រីបាននិយាយថា ”ខ្ញុំបានប្រាប់ពួកគេថា គ្មានអ្នកណាបញ្ជាឲ្យយើងធ្វើទេ វាគឺជាឆន្ទៈរបស់ពលរដ្ឋដែលនាំគ្នាតវ៉ាប្រឆាំងច្បាប់ដែលមិនការពារប្រយោជន៍របស់ពលរដ្ឋ”។
អ្នកស្រីបានលើកឡើងទៀតថា អ្នកស្រីបានចុះកិច្ចសន្យាដើម្បីឲ្យគេដោះលែងអ្នកស្រី ប៉ុន្តែនឹងបន្តការតវ៉ាប្រឆាំងច្បាប់ស្ដីពីអង្គការមិនមែនរដ្ឋាភិបាលតទៅទៀត។
លោក អំ សំអាត អ្នកគ្រប់គ្រងផ្នែកបច្ចេកទេសនៅអង្គការសិទ្ធិមនុស្សលីកាដូ បានលើកឡើងថា លោកបានឃ្លាំមើលការហែក្បួននេះ ហើយបានឃើញការចាប់ខ្លួននេះ។
លោកបានមានប្រសាសន៍ថា ”រាល់ថ្ងៃ យើងឃើញសាលារៀន ក្រុមហ៊ុន គ្លីនិក និងភោជនីយដ្ឋានចែកខិត្តប័ណ្ណនៅតាមផ្លូវ ប៉ុន្តែយើងមិនដែលឃើញអាជ្ញាធរឃាត់ឬចាប់ខ្លួនពួកគេឡើយ”។
ច្បាប់ស្ដីពីអង្គការមិនមែនរដ្ឋាភិបាល នឹងតម្រូវឲ្យអង្គការមិនមែនរដ្ឋាភិបាលនៅក្នុងប្រទេសទាំងអស់ចុះបញ្ជីជាមួយរដ្ឋាភិបាល និងដាក់ជូនរបាយការណ៍ប្រចាំឆ្នាំស្ដីពីសកម្មភាព និងហិរញ្ញវត្ថុរបស់ខ្លួន។
រដ្ឋាភិបាលលើកឡើងថា កម្ពុជាត្រូវការច្បាប់នេះជាចាំបាច់ ដើម្បីប្រយុទ្ធប្រឆាំងការលាងលុយ និងអំពើភេរវកម្ម។ បណ្ដាអ្នករិះគន់លើកឡើងថា ទឡ្ហីករណ៍នេះធ្វើឡើងដើម្បីបង្វែរការចាប់អារម្មណ៍ ហើយពួកគេព្រួយបារម្ភថារដ្ឋាភិបាលនឹងប្រើប្រាស់បទ-ប្បញ្ញត្តិមិនច្បាស់លាស់ស្ដីអំពីការរក្សាអព្យាក្រឹតភាពផ្នែកនយោបាយ និងការគោរពប្រពៃណីជាតិ ជាលេសដើម្បីបិទអង្គការណាដែលរិះគន់គណបក្សប្រជាជនកម្ពុជា។
អង្គការសហប្រជាជាតិ សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប សុទ្ធតែបានជំរុញឲ្យគណបក្សប្រជាជនកម្ពុជាពិចារណាឡើងវិញចំពោះច្បាប់នេះ៕ ស៊ុយឈាង