34 C
Phnom Penh

ឧកញ៉ា ស​​​ុខ ប៊ុន ត្រូវបាន​​​​​​ចាប់​​​ខ្លួន​បញ្ជូន​ទៅ​ពន្ធនាគារ​​​​​​ព្រៃ​ស បន្ទាប់​​​ពីតុលាការ​​​​​​ចោទ​​​ប្រកាន់​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក សុខ ប៊ុន ដែល​​​ជា​​​ឧកញ៉ា​​​ក្នុង​​​វិស័យ​​​ អចលនទ្រព្យ​​​ ត្រូវ​​​​បា​​​ន​​​ឃុំ​​​​​​ខ្លួន​​​តាម​​​​ការ​​​ចោទ​​​ប្រកាន់​​​ពីបទ​​​ប្រើ​​​អំពើ​​​ហិង្សា​​​ដោយ​​​ចេតនា​​​កាល​​​ពី​​​ថ្ងៃ​​​សៅរ៍ ជុំ​​​វិញ​​​ការប្រើ​​​អំពើ​​​ហិង្សា​​​យ៉ាង​​​សាហាវ​​​ទៅ​​​លើ​​​ពិធី​​ការិនី​​​​ម្នាក់​​​កាល​​​ពី​​​ដើម​​​ខែ​​​នេះ ​​​ដោយ​​​​​រូប​ភាព​​​វីដេអូ​​​​​នៃ​ការ​ប្រើ​អំពើ​ហិង្សា​​នោះ​ត្រូវ​​​គេ​​​ចែក​​​រំលែក​​​ព្រោង​​​​ព្រាតតាម​​​ប្រព័ន្ធ​​​ផ្សព្វ​​​ផ្សាយ​​​សង្គម ​​​ប៉ុន្មាន​​​ថ្ងៃ​​​បន្ទាប់​​​ពី​​​កើតហេតុ។

ចៅក្រម​​​ស៊ើប​​​សួរ​​​ លាង សំណាត បាន​​​មាន​​​ប្រសាសន៍​​​ថា លោក សុខ ប៊ុន ដែល​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​​​​ពេល​​​មក​​​ដល់​​​អាកាស​​​យា​​​ន​​​ដ្ឋាន​​​អន្តរ​​​ជាតិ​​​ភ្នំពេញ​​​ តាម​​​ជើង​​​ហោះ​​​ហើរ​​​ពី​​​ប្រទេស​​​សិង្ហបុរី​​​ កាល​​​ពី​​​ព្រឹក​​​ថ្ងៃ​​​សៅរ៍​​​ ​​​ត្រូវ​​​បានចោទប្រកាន់​​​នៅវេលាម៉ោង​​​ប្រហែល​​​១​​​រសៀល​​​​​​។ចៅ​​​ក្រម​​​រូប​​​នេះ​​​បាន​​​លើក​​​ឡើង​​​​​បន្ថែម​​​ទៀត​​​​ថា ​​​”ខ្ញុំ​​​បាន​​​ចោទ​​​ប្រកាន់​​​គាត់​​ពី​​​បទ​​​ប្រើ​​អំពើ​​​ហិង្សា​​​ដោយ​​​ចេតនា​​​មាន​​​ស្ថាន​​​ទម្ងន់​​​ទោស​​​”។

ប្រសិន​​​បើ​​​ត្រូវ​​​​តុលាការ​កាត់​​ឲ្យជាប់​​​ទោសនោះ លោក សុខ ប៊ុន ​អាច​ប្រឈម​​​ការ​​​ជាប់​​​ពន្ធនាគារ​​​រហូត​​​ដល់​​​​ទៅ​ប្រាំ​​​ឆ្នាំ​​​ និង​​​ពិន័​​​យ​​​ជា​​​ប្រាក់​​​ចំនួន​​​១០លាន​​​រៀល​​​។

លោក ខៀវ សុភ័គ អ្នក​​​នាំពាក្យ​​​ក្រសួង​​​មហាផ្ទៃ​​​ បានមាន​​​ប្រសាសន៍​​​ថា បន្ទាប់​​​ពី​​​តុលាការ​​​​​​​​​ចោទ​​​ប្រកាន់​រួច ​​​លោក សុខ ប៊ុន ត្រូវ​​​បាន​​​បញ្ជូន​​​​​​​​​ទៅ​ឃុំ​ខ្លួន​​​​​នៅ​​​ពន្ធគារ​​​ព្រៃ​​​ស​​​ដើម្បីរង់​​​ចាំ​​​សវនាការ​​​ជំនុំ​ជម្រះ​​ទោស​។

កាល​​​ពីថ្ងៃ​​​ទី​​​៧ ខែ​​​កក្កដា រូបភាព​​​វីដេអូ​​​កាមេរ៉ា​​​សុវត្ថិភាព​​​បានបែក​​​ធ្លាយ​​​ដែល​​​បង្ហាញ​​​​​​​​​ ពី​​​សកម្មភាព​​​លោក សុខ ប៊ុន ដាល់​​ទាត់​​​ធាក់ និង​​​ជាន់​​​យ៉ាង​រន្ថើន​ទៅ​​​លើ​​​សិល្បការិនី​​​ ឯក ​​​សុជាតា ​​​ហៅ ​​​សាសា នៅភោជនីយដ្ឋាន​​​មួយ​​​កន្លែង​​​លើ​​​កោះ​​​ពេជ្រ​​​ក្នុងរាជធានី​​​ភ្នំពេញ​​​កាល​​​ពី​​​ថ្ងៃទី​​​២ ខែកក្កដា ។

កញ្ញា ឯក សុជាតា បាន​​​អះ​​​អាង​​​ថា ​​​ការ​​​ប្រើ​​​អំពើ​​​ហិង្សា​​​នេះ​បាន​កើតឡើង ​​​បន្ទាប់​​​ពី​​​នាង​​​​​​ព្យាយាម​​​រារាំង​​​លោក សុខ ប៊ុន និង​​​អង្គ​​​រក្ស​​​របស់​​​គាត់​​​​​​មិន​​​ឲ្យ​​​នាំ​​​​ខ្លួន​ស្ត្រី​​​​​​ម្ចាស់​​​ភោជ​​​នីយ​​​ដ្ឋាន ជន​ជាតិជប៉ុន ​​​ដែល​​​ដេក​​​សន្លប់​​​នៅ​​​លើ​​​សាឡុង​​​បន្ទាប់​​​ពី​​​ផឹ​​ក​​​សីុ​​​ជាមួយ​​​បុរស​​​ទាំង​​​ពីរ​​​ ចេញ​​​ទៅ​​​ក្រៅ។

យោង​​​តាម​​​ក្រសួង​​​មហាផ្ទៃ​​​បាន​​​ឲ្យ​​​ដឹង​​​ថា លោក សុខ ប៊ុន បាន​​​​​​គេច​​​ខ្លួន​​​ទៅ​​​ប្រទេស​​​សិង្ហបុរី​​​ កាល​​​ពី​​​ថ្ងៃ​​​ទី​​​៧ ខែ​​​កក្កដា មួយ​​​ថ្ងៃ​​​មុន​​​សាលា​​​ដំបូង​​​រាជធានី​​​ភ្នំពេញ​​​កោះ​​​ហៅ​​​គាត់​​​មក​​​សាក​​​សួរ​​​។ បន្ទាប់មក​​​លោក សុខ ប៊ុន បាន​​​ជិះយន្តហោះ​​​ពី​​​ប្រទេស​​​សិង្ហបុរី ឆ្ពោះ​​​​ទៅ​​​ទី​ក្រុងប៉ារី​​​ស​​​ នេះ​​​បើ​​​​​​យោង​​​តាម​​​ការិយាល័យ​នគរ​បាល​​​​អាំងទែប៉ូល​​​​របស់​កម្ពុជា។

ក្នុង​​​សុន្ទរកថា​​​មួយ​​​កាល​​​ពី​​​ថ្ងៃ​​​ព្រហស្បតិ៍ ​​​លោកនាយករដ្ឋ​​​មន្ត្រី ហ៊ុន សែន បាន​​​ប្រកាស​​​ឲ្យលោក សុខ ប៊ុន ដែល​​​កាល​​​ពី​​​សប្តាហ៍​​​មុន​​​បាន​​​បោះ​​​បង់​​​ងារ​​​ជា​​​ “ឧកញ៉ា” របស់​​​ខ្លួន និងសុំ​​​​ផ្តល់​​​សំណង​​​ជំងឺ​ចិត្ត​ដល់​​​កញ្ញា ​​​ឯក ​​​សុជាតា    ចំនួន​​​​​​១០០.០០០ដុល្លារ ចូល​​​ខ្លួន​​​​ដើម្បី​​ដោះ​​​ស្រាយ​​​។

លោក​នាយក​រដ្ឋមន្ត្រី​​​បាន​មាន​ប្រសាសន៍​​នៅ​​ពេល​នោះ​ថា  ”​បើ​យើង​មើល​តាម​ឃ្លីប​វីដេអូ ​​​​អំពើ​ហិង្សា​បែប​នេះ​គឺ​វា​ហួស​ហេតុ​ពេក​​​​ហើយ​​​​​ជាមួយ​ស្ដ្រី​ដែល​មាន​ភាព​ទន់​ខ្សោយ​ម្នាក់​។ កុំគិត​ថា ​ដោយ​សារ​អ្នក​ឯង​មាន​លុយ​អាច​ដោះស្រាយ​បញ្ហា​បាន​នោះ”។

លោក​ ខៀវ សុភ័គ បាន​លើក​ឡើង​កាល​​ពី​​ម្សិលមិញ​ថា លោក សុខ ប៊ុន ​​មិន​មែន​ត្រូវ​​បាន​​​​ចាប់​ខ្លួន​នៅ​ក្នុង​ទីក្រុងបា៉រីស​ទេ ​គឺ​គាត់​​បាន​​​វិល​​​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ​ដោយ​ស្ម័គ្រ​ចិត្ត​​ បន្ទាប់ពី​ក្រុម​គ្រួសារ​របស់​​គាត់​បាន​ប្រាប់​គាត់​​អំពី​សុន្ទរកថា​របស់​លោកនាយក​​​រដ្ឋ​​​មន្ត្រី ​ហ៊ុន សែន។

លោក​មាន​ប្រសាសន៍​ថា ”បន្ទាប់ពី​​សម្ដេច​​​នាយក​រដ្ឋមន្ត្រី​​អំពាវ​នាវ​ឲ្យ​គាត់​ចូល​ខ្លួន​​ ក្រុម​គ្រួសារ​របស់​គាត់​បាន​ប្រាប់​ឲ្យ​គាត់​ត្រឡប់​មក​​​វិញ។ បន្ទាប់ពី​ទទួល​បាន​ដំណឹង​ពី​ក្រុម​គ្រួសារ​​​​​របស់​គាត់ ហើយ​បាន​ទៅ​ទទួល​គាត់​នៅ​ឯ​អាកាសយានដ្ឋាន និង​​បញ្ជូន​គាត់​ទៅ​តុលា​ការ​​​​តែ​ម្ដង​កាលពី​ព្រឹក​ថ្ងៃ​សៅរ៍”។

លោក​បាន​លើក​ឡើង​ទៀត​ថា អង្គរក្ស​របស់​លោក សុខ ប៊ុន ដែល​លោក​​បដិសេធ​មិន​​ប្រាប់​អត្តសញ្ញាណ និង​ដែល​​​ក្នុង​​រូបភាព​​វីដេអូ​កាមេរ៉ា​សុវត្ថិភាព​​គេ​​ឃើញ​កាន់​កាំភ្លើង​​​​ច្រងេង​ច្រងាង ហើយ​​ភ្ជង់​ក្បាល​កញ្ញា ឯក សុជាតា ​នោះ ​កំពុង​រត់​គេច​ខ្លួន​នៅឡើយ​។

លោក​​បាន​មាន​ប្រសាសន៍​ថា ”ឥឡូវ​នេះ​យើង​កំពុង​តែ​រង់ចាំ​ដីកា​ចាប់​ខ្លួន​ពី​តុលាការ​ ហើយ​ខ្ញុំ​ជឿជាក់​ថា ​គាត់​មិន​ទាន់​ទៅ​ណា​​ឆ្ងាយ​​​​ទេ”។ លោក​បាន​បន្ថែម​ថា លោក​មិន​ដឹង​ថា​បុរស​រូប​នេះ​​កំពុង​ស្ថិត​​​ក្នុង​ប្រទេស​នៅ​ឡើយ​ ឬក៏​អត់​នោះ​ទេ​។

ពេល​ទាក់​ទង​កាលពី​ម្សិលមិញ កញ្ញា ឯក សុជាតា បាន​គូស​បញ្ជាក់​​ជា​ថ្មី​​ថា នាង​​នឹង​មិន​ដោះ​ស្រាយ​បញ្ហានេះ​​​​ជាមួយ​លោក សុខ ប៊ុន ​នៅ​ក្រៅ​ប្រព័ន្ធ​តុលាការ​ឡើយ​​​ មិន​ថា​គាត់​​ផ្ដល់​ប្រាក់​ប៉ុន្មាន​នោះ​ទេ​។

កញ្ញា​បាន​និយាយ​ថា “​​ខ្ញុំ​នៅ​តែ​ទាម​ទារ​ឲ្យ​​​​ចាត់​វិធានការ​ផ្លូវ​ច្បាប់​លើ​រូប​គាត់​​​ ហើយ​​ខ្ញុំ​នឹង​មិន​ធ្វើ​ការ​សម្រប​សម្រួល​ណាមួយ​ក្រៅ​ប្រព័ន្ធ​តុលាការ​ឡើយ។ ខ្ញុំ​ឈាន​​ទៅមុខ​​​ហើយ ​​​ដូច្នេះ​​ខ្ញុំ​នឹង​មិន​ថយ​ក្រោយ​វិញ​​ទេ​”៕ ​សុខុម និង ស៊ុយឈាង (រាយការណ៍​បន្ថែម​ដោយ​ Chris Mueller)

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស