30.1 C
Phnom Penh

ទីស្ដីការគណៈរដ្ឋមន្ត្រី​​​រិះគន់​លោក សម រង្ស៊ី ជុំវិញ​ផែន​ទី​ទិញ​​ពី​បារាំង​ក្នុង​តម្លៃ​​ត្រឹម​តែ​​១៦៨​ដុល្លារ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ទីស្ដីការគណៈរដ្ឋមន្ត្រី​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ​​កាលពី​ថ្ងៃ​សុក្រ​ រិះគន់​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​​ ខ្លាំង​ៗ​ជុំវិញ​ផែន​ទី​​មួយ​ផលិត​ដោយ​បារាំង​ ដែល​លោក​បាន​បង្ហោះ​តាម​បណ្ដាញ​​ទំនាក់​ទំនង​សង្គម​ហ្វេសប៊ុក ដោយ​អះអាង​ថា ប្រធាន​គណបក្ស​ប្រឆាំង​រូប​នេះ​មិន​គោរព​បូរណ​ភាព​​​ទឹក​ដី​របស់​កម្ពុជា​។

ទីស្ដីការគណៈរដ្ឋមន្ត្រី​បាន​លើក​ឡើង​ថា ​​លោក សម រង្ស៊ី បាន​​​ធ្វើ​ឲ្យ​ការ​ពិភាក្សា​​​ជុំវិញ​បញ្ហា​​ព្រំដែន​​របស់​កម្ពុជា ​ជាមួយ​​វៀតណាម មាន​​​​​​​​ភាព​ស្មុគស្មាញ​​ដោយ​​ការ​បង្ហោះ​​​ចែក​រំលែក​ផែន​ទី​​ដែល​លោក ហុង សុខហួរ សមា​ជិក​ព្រឹទ្ធសភា​មក​ពី​គណបក្ស​ប្រឆាំង ​​​បាន​​ទិញ​​ពី​វិទ្យាស្ថាន​​ជាតិ​ភូមិសាស្ត្រ​​របស់​បារាំង​​​​ ក្នុង​តម្លៃ​១៦៨​ដុល្លារ​។

សេចក្ដីថ្លែងការណ៍​នេះ​​មាន​ខ្លឹមសារ​ដូច្នេះ​​​​​​ថា ​”​[លោក សម រង្ស៊ី​] ក៏​មាន​បំណង​បង្ហាញ​ថា ផែន​ទីដែល​គាត់​បាន​ទិញ​ពី​ផ្សារ​មួយ​នៅ​បារាំង​​ ​​មាន​តម្លៃ​ជាង​ផែនទី​ផ្លូវ​ការ​​ដែល​រដ្ឋាភិបាល​​បាន​​​និង​កំពុង​​ប្រើ​ប្រាស់​” ដើម្បី​កំណត់​ព្រំដែន​​​​ជាមួយ​វៀតណាម​។ សេចក្ដី​ថ្លែងការណ៍​ដដែល​​​​​​​នេះ​បន្ត​ថា “​តើ​តម្លៃ​អធិបតេយ្យ​របស់​កម្ពុជា ​នៅ​ក្នុង​​​ក្រសែ​ភ្នែក​​របស់​ឯក​ឧត្ដម សម រង្ស៊ី និង​គណបក្ស​សង្គ្រោះ​ជាតិ​ មាន​តម្លៃ​ត្រឹម​តែ​១៦៨​ដុល្លារ​ទេ​ឬ​?”។

យោង​តាម​លោក សម រង្ស៊ី បាន​ឲ្យ​ដឹង​ថា លោក ហុង សុខហួរ បាន​ទិញ​ផែន​ទី​នេះ​​ដើម្បី​​​​ឲ្យ​គណបក្ស​ប្រឆាំង​អាច​កំណត់​​​ដឹង​​ថា តើ​រដ្ឋា​ភិបាល​បាន​បោះ​បង្គោល​​​តាម​បណ្ដោយ​ព្រំដែន​​​ជាមួយ​វៀតណាម​​ ត្រឹម​ត្រូវ​ដែរ​ឬទេ។

ក្នុង​រយៈ​ពេល​១សប្ដាហ៍​ដែល​គណបក្ស​​សង្គ្រោះ​ជាតិ​​បាន​ប្រកាស​​​ថា ខ្លួន​មាន​ផែន​​ទី​នេះ លោក វា៉ គឹមហុង រដ្ឋមន្ត្រី​ទទួល​បន្ទុក​កិច្ច​​​ការ​ព្រំដែន ​បាន​​​ធ្វើ​សន្និសីទ​កាសែត​​​ដើម្បី​​​​​បង្ហាញ​​​​​ផែន​ទី​របស់​រដ្ឋាភិបាល ដោយ​លា​ត្រដាង​​​​វា​​នៅ​លើ​កម្រាល​ព្រំ​នៅ​ទីស្ដីការ​គណៈ​​​​រដ្ឋមន្ត្រី​។

បន្ទាប់ពី​​​បាន​ច្រាន​ចោល​កំហុស​ឆ្គង​នៅ​ក្នុង​​​​ការ​ងារ​​កំណត់​ព្រំដែន​របស់​រដ្ឋាភិបាល​ក្នុង​រយៈ​ពេល​រាប់​ទសវត្សរ៍​មក​នេះ លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន បាន​ទទួល​ស្គាល់​កាលពី​សប្ដាហ៍​មុន​ថា ​បង្គោល​ព្រំដែន​មួយ​ចំនួន​​​របស់​វៀតណាម​ប្រហែល​ជា​បាន​​បោះ​ចូល​ក្នុង​ទឹក​ដី​របស់​​ប្រទេស​កម្ពុជា ហើយ​ថា រដ្ឋាភិបាល​​នឹង​ “​ទាម​ទារ​​​ឲ្យ​កែតម្រូវ​​ “​នៅ​ក្នុង​ករណី​បែប​នេះ​។

លោក សម រង្ស៊ី បាន​មាន​ប្រសាសន៍​កាល​​ពី​ម្សិលមិញ​ថា លោក​បាន​បង្ហោះ​​ចែក​រំលែក​​ផែនទី​ដែល​​ទិញ​​នៅ​ក្នុង​ទីក្រុង​បា៉រីស​នេះ ដើម្បី​បង្ហាញ​ថា​ផែន​ទី​​​ព្រំដែន​របស់​កម្ពុជា​ ដែល​រដ្ឋធម្មនុញ្ញ​ចែង​​​ឲ្យ​​ប្រកាន់​ខ្ជាប់​​តាម​ជានិច្ច​នោះ គឺ​ងាយ​​ស្រួល​រក​ណាស់​។

ដោយ​ចាត់​ទុក​​ការ​បក​ស្រាយ​របស់​ទីស្ដី​ការ​គណៈរដ្ឋមន្ត្រី​​​ចំពោះ​សេចក្ដី​សម្រេច​របស់​លោក​ថា “​ខុស​ឆ្ងាយ​” នោះ លោក សម រង្ស៊ី លើក​ឡើង​បន្ត​ថា ”​ខ្ញុំ​គិត​ថា​​វា​មាន​​ប្រយោជន៍​​​សម្រាប់​​​អ្នក​ដែល​​ការ​ពារ​ផល​ប្រយោជន៍​របស់​កម្ពុជា​ ដឹង​ថា​ផែនទីបែប​នេះ​គឺ​អាច​រក​បាន មិនពិបាក​ទេ​​”៕ សុខុម​ (រាយការណ៍​បន្ថែម​ដោយ Colin Meyn)​​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស