ស្រុកកំពង់រោទិ៍, ខេត្តស្វាយរៀង-ដោយមានប្រជាពលរដ្ឋប្រហែល២.៥០០នាក់ធ្វើដំណើរមកជាមួយ កាលពីថ្ងៃអាទិត្យ លោក រៀល ខេមរិន្ទ្រ តំណាងរាស្ត្រគណបក្សប្រឆាំង បានវិលត្រឡប់ទៅកាន់វាលស្រែនៅតាមព្រំដែនខាងកើតដាច់ស្រយាលនៃប្រទេសកម្ពុជា ជាទីដែលលោកមានប្រសាសន៍ថា ជនស៊ីវិលវៀតណាមបានវាយដុំលោកកាលពីខែមុន នៅពេលដែលលោកដឹកនាំដំណើរទៅមើលបង្គោលព្រំដែនដែលមានជម្លោះ។
ជួបជុំគ្នានៅទីលានប្រជាធិបតេយ្យក្នុងក្រុងភ្នំពេញនៅម៉ោងប្រហែល៥ព្រឹក លោក ខេមរិន្ទ្រ និងក្រុមអ្នកគាំទ្រភាគច្រើនក្មេងៗដែលមានចំនួនកើនឡើងយ៉ាងច្រើន បានចូលរួមក្នុងពិធីប្រោះព្រំមួយ មុនពេលឡើងជិះរថយន្តរាប់សិបគ្រឿងដែលកំពុងរង់ចាំ។

មិនសូវមានការផ្គត់ផ្គង់និងមានភ្លៀងមូសុងផងនោះ បានធ្វើឲ្យក្រុមនេះយឺតយ៉ាវ ហើយបានទៅដល់ខេត្តស្វាយរៀងនៅពេលប្រហែលថ្ងៃត្រង់ និងបានបន្តដំណើរទាំងលំបាកតាមផ្លូវដីចង្អៀតនិងជង្ហុកក្រហេងក្រហូង ក្នុងស្រុកកំពង់រោទិ៍បន្ទាប់ពីម៉ោងពីររសៀល។
ការធ្វើដំណើរដ៏ឆ្ងាយនេះមិនបានបង្អាក់ទឹកចិត្តសកម្មជន ដែលបានចុះពីរថយន្តដើរលើផ្លូវភូមិមានទឹកដក់នៅឯរបាំងផ្លូវនគរបាលមួយកន្លែងនៅកំពង់រោទិ៍។ ដើរទៅមុខក្រុមមនុស្ស លោក ខេមរិន្ទ្រ បាននិយាយទៅកាន់មេប៉ូលិសដើម្បីចរចាសុំផ្លូវឲ្យក្រុមរបស់លោកធ្វើដំណើរទៅមុខទៀត។
លោក ខេមរិន្ទ្រ ទាំងទឹកមុខញញិមញញែមបានប្រាប់ក្រុមអ្នកគាំទ្ររបស់លោកថា “បើពួកគេស្តាប់យើងនិយាយ ហើយយើងស្តាប់ពួកគេនិយាយ អ្នកគ្រប់គ្នានឹងសប្បាយចិត្តនិងមានទឹកចិត្ត”។
ដោយមេបញ្ជាការនោះមានការស្រុះស្រួលនឹងតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិរូបនេះ ការធ្វើដំណើរបានចាប់ផ្តើមទៅកាន់បង្គោលព្រំដែនលេខ២០៣ និងវាលស្រែដែលឥតមានដាំស្រូវ គឺទីនោះហើយដែលជនស៊ីវិលវៀតណាម ដែលគាំទ្រដោយទាហានវៀតណាម បានប៉ះទង្គិចជាមួយក្រុមរបស់លោក ខេមរិន្ទ្រ ដែលមានចំនួនប្រហែលមួយភាគដប់នៃក្រុមវៀតណាម នៅថ្ងៃទី២៨ខែមិថុនា។
បន្ទាប់ពីដើរកាត់វាលស្រែប្រហែល៤៥នាទី ក្រុមនេះបានទៅដល់ថ្លុកតូចមួយ នៅក្នុងទឹកដីកម្ពុជាយ៉ាងពិតប្រាកដ ដែលនៅទីនោះហើយ លោក ខេមរិន្ទ្រ និយាយថា លោកត្រូវបានជនជាតិវៀតណាមវាយដុំធ្វើបាប។

ទាហាននិងកម្លាំងរាជអាវុធហត្ថកម្ពុជា ប្រដាប់ដោយកាំភ្លើង បានរង់ចាំសកម្មជនទាំងនោះ។ រួមជាមួយជួរមនុស្សស្លៀកពាក់ស៊ីវិលកាន់ដំបងឈើរង់ចាំសម្លុតផងនោះ ពួកគេឲ្យសញ្ញាដ៏ច្បាស់ថា ក្រុមនេះមិនអាចប្រថុយដើរហួសថ្លុកនេះបានទេ។
ដោយតំបន់នេះនៅចម្ងាយប្រហែលមួយគីឡូម៉ែត្រពីបង្គោលព្រំដែនលេខ២០៣នោះ លោក ខេមរិន្ទ្រ កាលពីសប្តាហ៍មុនបានយល់ស្របជាមួយអាជ្ញាធរខេត្តថា ក្រុមរបស់លោកនឹងឈប់នៅត្រង់នោះ ហើយឲ្យតំណាងតែ១០០នាក់ប៉ុណ្ណោះបន្តដំណើរទៅមុខ ដើម្បីពិនិត្យបង្គោលនោះ។
ក្រុមមនុស្សជាជនជាតិខ្មែរមានកាន់ដំបងផង ដែលរាំងផ្លូវដែលអាចធ្វើដំណើរជុំវិញថ្លុកនោះ និងមានការគាំទ្រពីទាហានរាប់សិបនាក់ បានសើចចំអកដាក់មនុស្ស១០០នាក់ ដែលលោក ខេមរិន្ទ្រ បានជ្រើសរើសឲ្យទៅ។
ដោយបញ្ចេញឫកពាបង្ហាញថាពួកគេនឹងមិនអនុញ្ញាតឲ្យក្រុមនេះឆ្លងកាត់នោះ ការប្រវាយប្រតប់គ្នាមួយប្រាវបានកើតឡើង នៅពេលដែលពួកមានឫកច្រងេងច្រងាងនេះបានជួបតទល់នឹងក្រុមអ្នកគាំទ្របក្សប្រឆាំង ដោយរារាំងការធ្វើដំណើររបស់ពួកគេ។
អ្នករៀបចំវ័យក្មេងបាននិយាយដោយសុំកុំឲ្យក្រុមនេះរុលទៅមុខថា “ពួកគេមានដំបង យើងគ្មានទេ”។
ការប្រវាយប្រតប់គ្នាបានចប់ទៅវិញភ្លាមៗ នៅពេលដែលក្រុមអ្នករៀបចំប្រទាក់ដៃគ្នាទាញក្រុមមនុស្ស១០០នាក់មកកាន់កន្លែងសុវត្ថិភាព។ អ្នកខ្លះបានសួរថា ហេតុអ្វីឥឡូវនេះ ពួកបុរសដែលមើលទៅមានកំហឹងទាំងនេះធ្វើតាមការបញ្ជារបស់វៀតណាម ដោយរារាំងការធ្វើដំណើររបស់ពួកខ្លួនលើទឹកដីខ្មែរទៅវិញ។
ដោយក្រុមអ្នករៀបចំទប់មនុស្ស២.៥០០នាក់មិនឲ្យសម្រុកទៅតំបន់ដីដែលមានភាពតានតឹងកំពុងកើនឡើងនោះ ស្រាប់តែមន្ត្រីនគរបាលម្នាក់បានដើរចូលមកចន្លោះភាគីទាំងពីរ តាមមើលទៅព្យាយាមធ្វើឲ្យពួកអ្នកកាន់ដំបងនិងទាហាននៅស្ងៀមស្ងាត់។
ក្រោយពីរាប់ចំនួនមនុស្សដែលគេអនុញ្ញាត មន្ត្រីនគរបាលរូបនេះបានអនុញ្ញាតឲ្យសកម្មជនដើរកាត់ជួរ និងឆ្ពោះទៅបង្គោលព្រំដែន។
បន្ទាប់ពីក្រុមសកម្មជនបានសម្រុកដើរឆ្លងកាត់វាលស្រែដែលកំពុងដាំដុះ ទាហានវៀតណាមប្រដាប់អាវុធបានឃ្លាំមើល ខណៈដែលពួកគេទៅដល់បង្គោលព្រំដែនលេខ២០៣ ដែលដាំនៅចំកណ្តាលវាលស្រែ។
តោងបង្គោលបេតុងកម្ពស់បីម៉ែត្រ និងអមដំណើរដោយលោក អ៊ំ សំអាន លោក ជាម ច័ន្ទនី និង លោក នុត រំដួល នោះ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក ខេមរិន្ទ្រ បានប្រាប់ក្រុមមនុស្សម្នាថា បង្គោលព្រំដែននេះត្រូវគេដាំនៅទីនេះដោយមិនត្រឹមត្រូវ។
លោក ខេមរិន្ទ្រ បាននិយាយថា “ថ្ងៃនេះជាថ្ងៃប្រវត្តិសាស្ត្រមួយសម្រាប់ប្រទេសកម្ពុជា”។
លោកបាននិយាយដោយសំដៅប្រទេសវៀតណាមថា “យើងអាចបង្ហាញបានថា ពួកគេដាំ[បង្គោលនេះ]ដោយខុសច្បាប់ ដោយភាគីតែម្ខាង និងតាមរយៈចុងកាណុង។ យើងនឹងប្រើអ្វីដែលយើងបានឃើញនៅថ្ងៃនេះដើម្បីប្រៀបធៀបជាមួយផែនទីពិតប្រាកដ ដែលឥឡូវស្ថិតក្នុងដៃរបស់យើង”។
លោកបាននិយាយថា “នេះជា ‘តំបន់ស’ មានជម្លោះ ប៉ុន្តែយួនអាចធ្វើស្រែរបស់ពួកគេនៅទីនេះបាន ចំណែកពលរដ្ឋខ្មែរសូម្បីតែដើរលើដីនេះក៏មិនបានផង”។
លោក សំអាន បាននិយាយ មុនពេលហៅក្រុមអ្នកទៅមើលព្រំដែនធ្វើដំណើរមកវិញថា “បង្គោលនេះស្ថិតក្នុងទឹកដីរបស់យើងយ៉ាងហោចណាស់មួយគីឡូម៉ែត្រ”។
ដោយផ្លូវដីនៅស្រុកកំពង់រោទិ៍មានសភាពកាន់តែលំបាកជាងកាលពីពេលថ្ងៃ ម៉ោង៨យប់ទៅហើយ ទើបរថយន្តតួរីសរាប់សិបគ្រឿងបានបើកមកដល់ក្រុងស្វាយរៀង និងបើកឆ្ពោះមកក្រុងភ្នំពេញវិញ៕ និត