32 C
Phnom Penh

តុលាការ​ពន្លឿនការ​ជំនុំជម្រះ​​ចុង​ចោទ​ពាក់ព័ន្ធនឹង​ការ​ប៉ុនប៉ង​ធ្វើ​​កុបកម្ម​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

​​​លោក គឹម វុត្ថា (រូប​​​មុខ​​​ខាង​​​ឆ្វេង​​​​​​) ប្រធាន​​​សន្តិសុខ​​​​​​ខណ្ឌ​​​ដូន​​​ពេញ​​​ និង​​​សន្តិ​​​សុខ​​​ខណ្ឌ​​​ឈ្មោះ ណម ផល្លា (កណ្តាល) ពេល​​​ចាក​​​ចេញ​​​ពី​​​សាលា​​​ដំបូង​​​រាជ​​​ធានីភ្នំពេញ​​​ កាល​​​ពីម្សិលមិញ។ រូបថតៈ ស៊ីវ ចាន់ណា/The Cambodia Daily
​​​លោក គឹម វុត្ថា (រូប​​​មុខ​​​ខាង​​​ឆ្វេង​​​​​​) ប្រធាន​​​សន្តិសុខ​​​​​​ខណ្ឌ​​​ដូន​​​ពេញ​​​ និង​​​សន្តិ​​​សុខ​​​ខណ្ឌ​​​ឈ្មោះ ណម ផល្លា (កណ្តាល) ​​​ចាក​​​ចេញ​​​ពី​​​សាលា​​​ដំបូង​​​រាជ​​​ធានីភ្នំពេញ​​​ កាល​​​ពីម្សិលមិញ។ រូបថតៈ ស៊ីវ ចាន់ណា/The Cambodia Daily

មួយ​​​ឆ្នាំ បន្ទាប់ពី​​​ការ​​​តវ៉ា​​​នៅទី​​​លាន​​​ប្រជា​​​ធិបតេយ្យ​​​ដែល​​​បាន​​​ប្រែ​​​ក្លាយ​​​ជា​​​ហិង្សា​​​ និង​​​ត្រូវ​​​បាន​​​ចាត់​​​ថា​​​ការ​​​ប៉ុនប៉ង​​​ធ្វើ​​​កុបកម្ម​​នោះ កាល​​​ពី​​​ម្សិលមិញ សាលា​​​ដំបូង​​​រាជធានី​​​ភ្នំពេញ​​​​​​បាន​​​ប្រកាស​​​ថា ខ្លួន​​​​​​នឹង​​​ពន្លឿន​​​សវនាជំនុំ​​​ជម្រះ​​​​រឿងក្តី​​​បុរស​​​១១នាក់​​​ ដែល​​​ត្រូវ​​​បាន​​​​​​ចាប់​​​​​​ខ្លួន​​​ក្រោយ​មក ហើយ​​​បាន​​​បង្គាប់​​​ពួក​​​គេ​​​មិន​ឲ្យ​​​ចាក​​​ចេញ​​​ពី​​​ប្រទេស​​​។

សន្តិសុខ​​​រដ្ឋាភិបាល​​​៣៩​​​នាក់​​​ គឺ​​​ជា​​​ដើម​​​ចោទ​​​នៅ​​​ក្នុង​​​ករណី​​​នេះ​​​ ហើយពួកគេ​​​​ម្នាក់​​​ៗ​​​កំពុង​​​ស្វែង​​​រក​​​សំណង​​​ជា​​​ប្រាក់​​​រាប់​​​ពាន់​​​ដុល្លារ​​​ពី​​​ចុង​​​ចោទ​​​ទាំង​​​នោះ គឺ​​​សកម្មជន​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ ដែល​​​ត្រូវ​​​បាន​​​ចោទ​​​ប្រកាន់​​​ពីបទ​​​ញុះ​​​ញង់​​​ និង​​​បង្ក​​​អំពើ​​​ហិង្សា​​​អំឡុងពេល​​​ធ្វើ​​​​​​ការ​​​តវ៉ា​​​ទាម​​​ទារ​​​ឲ្យ ​​​”​ដោះ​​​លែង​​​ទីលាន​​​ប្រជា​​​ធិបតេយ្យ​​​​​​”។

មុន​​​ពេល​​​ចាប់​​​ផ្តើម​​​នៅថ្ងៃទី២ នៃការ​សាក​​​​​​សួរ​​​សន្តិ​​​សុខ​​​ទាំង​​​នោះ ដែល​​​​ឥឡូវ​​​នេះ​​​សន្តិ​​​សុខ​​​៩នាក់​​​បាន​​​រៀប​​​រាប់​​​ពី​​​ហេតុ​​​ការណ៍​​​របស់​​​ខ្លួន លោក លឹម មករន្ទ ចៅ​​​ក្រម​​​ប្រធាន​​​ក្រុម​​​ប្រឹក្សា​​​ជំនុំ​​​ជម្រះ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ​​​ករណី​​​​​​នេះ​​​នឹង​​​បន្ត​​​ក្រោម​​​​លក្ខខណ្ឌ​​​ថ្មី​​​។

លោក លឹម មករន្ទ ​​​បាន​​​មាន​​​ប្រសាសន៍​​​ ថា “តុលាការ​​​មិន​​​អនុញ្ញាត​​​ឲ្យ​​​ចុង​​​ចោទ​​​ទាំង ១១​​​​​​នាក់​​​ ចាក​​​ចេញ​​​ពី​​​ប្រទេស​​​កម្ពុជា​​​ឡើយ​​​​ ពីព្រោះ​​​តុលាការ​​​​​​នឹង​​​បើក​​​សវនាការ​​​រាល់​​​ថ្ងៃ​​​រហូត​​​ដល់ដោះស្រាយសំណុំ​​​រឿង​​​នេះ​​​​ចប់​​​សព្វ​​​គ្រប់​​​”។

លោក ជូង ជូងី មេធាវី​​​តំណាង​​​ចុង​​​ចោទ​​​ទាំង​​​នោះ​​​បាន​​​ជំទាស់​​សេចក្តី​​​សម្រេច​​​េនះ ​​​ដោយ​​​លើក​​​ឡើង​​​ពី​​​ការ​​​ណាត់​​​ជួប​​​របស់​​​​​​គ្រូ​​​ពេទ្យ​​​​​​នៅ​ថ្ងៃ​​​ទី​​​៥ ខែ​​​សីហា នៅឯសហរដ្ឋ​​​អាមេរិក​​​​​​ដើម្បី​​​​​​ព្យាបាល​​​លោក មាជ ​​​សុវណ្ណារ៉ា ​​​ប្រធាន​​​ផ្នែក​​​ព័ត៌​​​មាន​​​របស់​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ដែល​​​បាន​​​រង​​​របួស​​​ក្នុង​​​គ្រោះ​​​ថ្នាក់​​​រថយន្ត​​​កាល​​​ពី​​​ខែ​​​មិថុនា។

លោក​​​ក៏​​​បាន​​​​​​លើក​​​ឡើង​​​ផង​​​ដែរ​​​ថា លោក​​​​​​មានសំណុំ​​​រឿង​​​​​​ផ្សេង​​​ទៀត​​​ត្រូវ​​​ដោះ​​​ស្រាយ​​​ហើយ​​​​​​លោក​មិន​​​អាច​​​ធានា​​​ថា កូន​​​ក្តី​​​របស់​​​លោក​​​នឹង​​​ចូលរួមនៅ​​​​​​ក្នុង​​​តុលាការ​​​​​​ឡើយ​​​ ​​​។

ដោយ​​​ធ្វើ​​​ការ​​​សាក​​​សួរ​​​ដំបូងគេ​​​​កាល​​​ពី​​​ម្សិលមិញ​​​ គឺ​​​លោក​​​ ណម ផល្លា​​​ អាយុ​​​៣០​​​ឆ្នាំ ​​​ជាសន្តិ​​​សុខ​​​​​​ម្នាក់​​​ដែល​​​បាន​​​និយាយ​​​ថា លោក​​​ត្រូ​​វ​​​ក្រុម​​​សកម្មជន​​​ព្រួត​​​វាយ​​​ ​​​បន្ទាប់ពី​​​ត្រូវ​​​បាន​​​បញ្ជា​​​ដោយ ​​​សន្តិសុខ​​​មួយ​​​ក្រុម​​​មក​​​ពី​​​សង្កាត់​​​ផ្សារ ​​​ថ្មី​​​ខណ្ឌ​​​ដូន​​​ពេញ​​​ឲ្យទៅ​​​ពិនិត្យ​​​មើល​ការ​​​​​​តវ៉ា​​​នោះ​​​។

ដោយ​​​សំដៅ​​​ដល់​​​អ្នក​​​ដែល​​​ត្រូវ​​​បាន​​​​​​ដាក់​​​ពង្រាយ​​​ដើម្បី​ញុះញង់​ឲ្យ​ប្រើ​អំពើហិង្សា​និង​​​ពាក្យ​​ដែល​គេ​ប្រើ​ដើម្បី​​​​​​​ប្រមាថ​​​ទៅ​​​លើ​​​ជន​​​ជាតិ​​​វៀតណា​​​ម​​​បែប​រើស​អើង​នោះ លោក ​​​ផល្លា បាន​​​និយាយ​​​ថា “ខ្ញុំ​​​បាន​​​ឮពួក​​​គេ​​​ស្រែក​​​ថា ខ្ញុំ​​​គឺជា​​​ជន​​​បាត​​​ដៃ​​​ទី​​​៣ និង​​​ជា​​​យួន”។

លោក​​​បាន​​​និយាយ​​​ថា “ដៃ​​​ស្តាំ​​​របស់​​​ខ្ញុំ​​​បាន​​​បាក់​​​ ហើយ​​​ខ្លួន​​​ប្រាណ​និង​​​ក្បាល​​​របស់​​​ខ្ញុំ​​​ត្រូវ​​​បាន​​​វាយ​​​រហូត​​​ខ្ញុំ​​​សន្លប់​​​”។

ទោះ​​​ជា​​​​​​យ៉ាង​​​ណា លោក ណម ផល្លា បាន​​​​​​និយាយ​​​ថា លោក​​​មិន​​​ស្គាល់​​​ចុង​​​ចោទ​​ទាំង​​​១១​​​នាក់​​​ក្នុង​​​សាល​​​សវនាការ​​​ឡើយ​​​។

លោក ម៉ៅ ពិសិដ្ឋ​​​ អាយុ​​​៤៥​​​ឆ្នាំ​​​ ប្រធាន​​​ភូម​​​ិ​​​១​​​ក្នុង​​​សង្កាត់​​​ជ័យ​​​ជម្នះ​​​​ ខណ្ឌ​​​ដូន​​​ពេញ​​​បាន​​​មានប្រសាសន៍​​​ថា លោក​​​បាន​​​ដួល​​​ទៅ​​​លើ​​​ដី​​​ បន្ទាប់​​​ពី​​​ត្រូវ​​​បានវាយ​​​ពីខាង​​​ក្រោយ​​​ ដោយ​​​ដំុ​​​ថ្ម​​​បន្ទាប់​​​ពី​​​លោក​​​​​​បាន​​​មក​​​ដល់​​​កន្លែង​​​កើត​​​ហេតុ​​​ភ្លាម”។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ខ្ញុំ​​​បាន​​​ឮ​​​ពួក​​​គេ​​​ស្រែក​​​ថា ‘វាយ​​​ពួក​​​គេ​​​ឲ្យ​​​ស្លាប់​​​ទៅ​​​។ ​​​ពួក​​​គេ​​​ជា​​​ជន​​​បាត​​​ដៃ​​​ទី​​​៣'”។ លោក​​​បាន​​​បន្ថែម​​​ថា ខណៈ​​​ដែល​​​សន្តិសុខ​​​ខណ្ឌ​​​ប្រដាប់​​​ដោយ​​​ដំបង​​​នោះ​​​លោក​​​ និង​​​សន្តិសុខ​​​សង្កាត់​​​ផ្សេង​​​ទៀត​​​មិ​​​ន​​​មាន​​​ដំបង​​​ទេ​​​។

លោក ហម សារ៉េត សន្តិស​​​ុខ​​​ខណ្ឌ​​​ម្នាក់​​​បាន​​​និយាយ​​​ថា សន្តិសុខ​​​មួយ​​​ក្រុម​​​ប្រហែល​​​៦០​​​នាក់​​​បាន​​​ជួប​​​គ្នា​​​នៅ​​​ការិយាល័យ​​​ខណ្ឌ ​​​នៅ​​​​​​ម៉ោង​​​ប្រហែល​​​៦​​​ព្រឹក​​​ មុន​​​ពេល​​​ឆ្ពោះ​​​​ទៅ​​​កន្លែង​​​តវ៉ា​​​ប្រដាប់​​​ដោយ​​​ដំបង​​​។

លោក​​​បាន​​​និយាយ​​​ថា លោក​​​មក​​​ដល់​​​ទី​​​លាន​​​ប្រជា​​​ធិបតេយ្យ​​​នៅម៉ោង៧ និង​​​៤៥​​​នាទី​​​ព្រឹក​​​ ហើយ​​​ថា ក្រុម​​​អ្នក​​​តវ៉ា​​​បាន​​​បង្ក​​​អំពើ​​​ហិង្សា​​​នៅ​​​ពេល​​​សន្តិសុខ​​​បាន​​​ហែក​​​បដា ​​​ដែល​​​​​​ចង​​​ភ្ជាប់​​​នឹង​​​លួស​បន្លា​​នៅ​​​ជុំវិញ​​​ទី​​​លាន​​​ប្រជា​​​ធិបតេយ្យ​​។

លោក​​​​​​បាន​​​ថ្លែង​​​ថា “ខ្ញុំ​​​មិន​​​បាន​​​ឃើញ​​​​​ [អ្នក​​​តវ៉ា​​​] រង​​​របួស​​​ទេ​​​ ប៉ុន្តែ កម្លាំង​​​របស់​​​យើង​​​ជា​​​ច្រើន​​​​​​នាក់​​​បាន​​​រង​​​របួស​​​”។

សវនាការ​​​នឹង​​​បន្ត​​​នៅ​​​ថ្ងៃ​​​នេះ​​​៕សារុន

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស