31 C
Phnom Penh

នគរ​បាល​តាម​​​ប្រមាញ់​​​បុរស​ជន​​​ជាតិ​​រុស្ស៊ី​​​​ម្នាក់​​​ក្នុង​ករណី​ឃាត​កម្ម​​នៅ​ក្រុង​​ព្រះសីហនុ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នគរ​បាល​​ក្រុង​​ព្រះសីហនុ​ បាន​​និយា​យ​កាល​ពី​ម្សិល​មិញ​ថា​ ពេល​​នេះ​​ខ្លួន​កំពុង​​តាម​ប្រមាញ់​​បុរស​ជនជាតិ​រុស្ស៊ី​​​ ម្នាក់​ដែល​ជាប់​សង្ស័យ​ពីបទ​​សម្លាប់​​បុរស​ជនជាតិ​រុស្ស៊ី​ ម្នាក់​ទៀត​កាលពី​យប់​ថ្ងៃ​សៅរ៍ ដោយ​បាន​​ចាក់​ជន​​​​​​​​រងគ្រោះ​ពីក្រោយ​ខ្នង​ចំនួន​៣០​កាំបិត​ មុន​ពេល​អារ​ក​ជនរងគ្រោះ​។

លោក ញ៉ែត ភ័ណ្ឌ ​នាយការិយាល័យ​​នគរ​បាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​នៃ​ស្នង​ការ​រដ្ឋាន​ខេត្ត​ព្រះសីហនុ បាន​​មាន​ប្រសាសន៍​​​ថា ប្រជាពលរដ្ឋ​​​ដែល​រស់​នៅ​​ក្នុង​​សង្កាត់​លេខ​៤ ក្នុង​ក្រុង​​ឆ្នេរ​សមុទ្រ​​មួយ​នេះ​ បាន​ប្រទះ​ឃើញ​សព​ជន​រងគ្រោះ​ឈ្មោះ ដេនីស ​ហ្គន​ចារ៉ូវ (Denis Goncharov) អាយុ​២៨​ឆ្នាំ អណ្ដែត​​​​​នៅ​​ក្នុង​អូរ​មួយ​កាលពី​រសៀល​ថ្ងៃ​អាទិត្យ នៅ​​​​​ចម្ងាយ​ប្រមាណ​៤០០​ម៉ែត្រ​ពី​ឆ្នេរ​អូរត្រេះ​ ដ៏​ពេញនិយម។

លោក ញែ៉ត ភ័ណ្ឌ ដែល​កំពុង​ដឹកនាំ​ការ​ស៊ើបអង្កេត​នេះបាន​បញ្ជាក់​ថា នៅ​ពេល​នគរ​បាល​ប្រទះឃើញ​សាកសព​ នគរ​បាល​បាន​រក​ឃើញ​កូន​សោ​បន្ទប់​អាផាតមិន និង​ប្រាក់​មួយ​ចំនួន​តូច​​ក្នុង​ហោប៉ៅ​​របស់​​​ជន​រងគ្រោះ ព្រម​ទាំង​​ខ្សែក​ពាក់​នៅ​នឹង​ក​។

លោក​​លើក​ឡើង​​​បន្ត​ថា “​យើង​​​សន្និដ្ឋាន​ថា ករណី​នេះ​​មិន​មែន​ជា​ករណី​ប្លន់​ទេ ព្រោះ​​​ទ្រព្យ​សម្បត្តិ​​មួយ​ចំនួន​របស់​ជនរងគ្រោះ​មិន​បាន​បាត់​ទៅណា​”។ លោកបាន​​​មាន​ប្រសាសន៍​​​បន្ថែម​ថា យោង​តាម​​ប្រពន្ធ​ជនជាតិ​ចិន​ របស់​ជន​រងគ្រោះ​​បាន​ឲ្យ​ដឹង​ថា ទូរស័ព្ទ​ស្មាតហ្វូន​របស់​ជន​រងគ្រោះ​បាន​បាត់​។

​យោង​តាម​​លោក ញ៉ែត ភ័ណ្ឌ បាន​ឲ្យ​ដឹង​ទៀត​ថា ប្រពន្ធ​របស់​ជន​រងគ្រោះដែល​មាន​ឈ្មោះ​ថា យ័ន ឃួយស៊ាង (Yuan Cuixiang) ​អាយុ​២៦​ឆ្នាំ​​ ក៏​បាន​ប្រាប់​នគរ​បាល​ដែរ​ថា បុរស​ជនជាតិ​រុស្ស៊ី​ ម្នាក់​បាន​ជិះ​ម៉ូតូ​មក​ទទួល​ប្ដី​របស់​នាង​ដល់​​អាផាតមិន​របស់​ខ្លួន​កាលពី​យប់​ថ្ងៃ​សៅរ៍ ហើយ​ថា អ្នក​ទាំង​ពីរ​បាន​ចេញ​ទៅ​ផឹក​ស៊ី​ជាមួយ​គ្នា​។

នាយការិយាល័យ​នគរ​បាល​ព្រហ្មទណ្ឌ​រូប​​​​នេះ​​បាន​បញ្ជាក់​ថា បុរស​ជនជាតិ​រុស្ស៊ី​ ដែល​លោក​មិន​បញ្ចេញ​អត្តសញ្ញាណ​​ដោយ​សារ​​ខ្លាច​​​​​​​​ប៉ះពាល់​ដល់​ការ​ងារ​របស់​នគរ​បាល​​ក្នុង​ការ​តាម​ប្រមាញ់​​ជន​នេះ​ គឺ​ជា​ជន​សង្ស័យ​សំខាន់​នៅ​ក្នុង​ឃាត​កម្ម​នេះ​។ “​ពួកគេ​ជិះម៉ូតូ​មួយ​គ្រឿង​ទៅ​ផឹកស៊ី​ជាមួយ​គ្នា ហើយ​បន្ទាប់​មក ​ជនសង្ស័យ​បាន​សម្លាប់​ជន​រងគ្រោះ​តាម​ផ្លូវ​។ យើង​សង្ស័យ​ថា ឃាតកម្ម​នេះ​​ជា​ការ​​សង​សឹក​”។

លោក​បាន​ឲ្យ​ដឹង​​ថា នគរ​បាល​សង្ស័យ​​​​​ថា ​ដេនីស ហ្គនចារ៉ូវ ​កំពុង​​ជិះ​ម៉ូតូ​របស់​បុរស​ម្នាក់​ទៀត​នៅ​ពេល​ឃាត​កម្ម​នេះ​បាន​កើត​ឡើង ហើយ​ថា វា​ហាក់​ដូច​ជា​ជន​រងគ្រោះ​បាន​ព្យាយាម​​គេច​ខ្លួន​អ៊ីចឹង​ ពីព្រោះ​សាក​សព​ជន​រងគ្រោះ​​ត្រូវបាន​​ប្រទះឃើញ​នៅ​ក្បែរ​អម្បែង​កញ្ចក់​​​ដែល​​ទំនង​ជា​អម្បែង​​កញ្ចក់​ម៉ូតូ។ “​ជន​រងគ្រោះ​បាន​ព្យាយាម​រត់​ ហើយ​ជន​សង្ស័យ​បាន​​បន្ត​ចាក់​ជន​រងគ្រោះ​។ យើង​​​​​អាច​និយាយ​បែប​នេះ​បាន​ ពីព្រោះ​សព​ជន​រងគ្រោះ​​ត្រូវ​បាន​ប្រទះឃើញ​នៅ​ចម្ងាយ​ប្រហែល​១០​ម៉ែត្រ​ពី​អម្បែង​​កញ្ចក់​”។

លោក​មាន​ប្រសាសន៍​ថា ​ប្រពន្ធ​របស់​ជន​រងគ្រោះ​​បាន​ប្រាប់​​ភ្នាក់​ងារ​​ស៊ើបអង្កេត​ថា នាង​បាននិយាយ​ជាមួយ​ប្ដី​របស់​នាង​តាម​ទូរ​ស័ព្ទ​ជាលើក​ចុង​ក្រោយ​​នៅ​ម៉ោង​ប្រហែល​១២និង​៤០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ព្រឹក​​​​ថ្ងៃ​អាទិត្យ។លោក​​​បាន​​​លើក​​​ឡើង​​​ថា    ”​ប្រពន្ធ​របស់​ជន​រងគ្រោះ​បាន​ទូស័ព្ទ​ទៅជន​រងគ្រោះ ហើយ​ជន​រង​គ្រោះ​ក៏​បាន​ឆ្លើយ​តប​ត្រឹម​តែ​ពាក្យ​ថា ’អូន​សម្លាញ់’ ហើយ​ក៏​ស្ងាត់​ទៅវិញ​។ ក្រោយ​មក ​គ្មាន​អ្នក​ណា​អាច​ទាក់​ទង​ទៅ​គាត់​បាន​ទេ​”។​

លោក​បាន​បញ្ជាក់​បន្ថែម​ថា ​ប្ដី​ប្រពន្ធ​មួយ​គូ​នេះ​បាន​ធ្វើ​ដំណើរ​ពី​ក្រុង​បាងកក ​​ប្រទេស​ថៃ​ មក​ដល់​ក្រុង​ព្រះសីហនុ​ កាលពី​ខែ​មេសា ប៉ុន្តែ​​លោក​មិន​បាន​ដឹង​ថា ពួកគេ​​ធ្វើ​អ្វី​នោះ​ទេ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។

ចំណែក​ឯ​លោក សារ៉ាត់ វិជ្ជា ​នាយការិយា​​​ល័យ​​នគរ​បាល​បច្ចេកទេស និង​វិទ្យាសាស្ត្រ​ខេត្ត​​ព្រះសីហនុ​ ដែល​បាន​ពិនិត្យ​សាក​សព​ជន​រងគ្រោះ​ជាមួយ​ក្រុម​វេជ្ជបណ្ឌិត​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត ​មាន​ប្រសាសន៍​ថា ពួក​លោក​​​​បាន​សន្និដ្ឋាន​ថា ជន​រងគ្រោះ​​ត្រូវ​ឃាត​​​ករ​ចាក់​ចំនួន​៣០​កាំបិត​ មុន​ពេល​អារ​ក​។

លោក​បាន​​លើក​ឡើង​ទៀត​ថា ”​ជន​រង​គ្រោះ​បាន​រងការ​វាយ​ប្រហារ​ចន្លោះ​ពី​ម៉ោង​​​១១​ដល់ម៉ោង​១២​យប់​ថ្ងៃ​សៅរ៍ និង​នៅ​មិន​ឆ្ងាយ​ពី​កន្លែង​​ដែល​យើង​ប្រទះឃើញ​សាក​សព​ជន​រងគ្រោះ​​ទេ។ ប៉ុន្តែ​យើង​ពិបាក​ស្វែង​​​រក​ភ័ស្តុ​តាង​បន្ថែម​ទៀត​ណាស់​ដោយ​សារ​តែ​ភ្លៀង​ធ្លាក់​ខ្លាំង”។ លោក​បាន​បន្ត​ថា នគរ​បាល​កំពុង​បន្ត​​រុក​រក​នៅ​អូរ​ និង​តំបន់​ជុំវិញ​នោះដើម្បី​​រក​មើល​តម្រុយ​បន្ថែម​ទៀត​។

លោក កុល ផល្លី ​ស្នង​ការ​​រង​ខេត្ត​ព្រះ​សីហនុ មាន​ប្រសាសន៍​ថា ជន​រងគ្រោះ​គឺ​ជា​វិស្វករ​ផ្នែក​​បច្ចេកវិទ្យា​ព័ត៌មាន​ (IT) ដែល​មក​កម្សាន្ត​នៅ​កម្ពុជា​ ក្នុង​នាម​ជា​ទេសចរ​ ​ហើយ​លោក​ក៏​បដិសេធ​មិន​បញ្ចេញ​អត្តសញ្ញាណ​ជន​សង្ស័យ​ជនជាតិ​រុស្ស៊ី​ នេះ​ដែរ​។ “​ខ្ញុំ​អាច​បញ្ជាក់​បាន​ថា វា​ពាក់​ព័ន្ធ​នឹង​ជម្លោះ​ផ្ទាល់​ខ្លួន ហើយ​ជន​សង្ស័យ​គឺ​ជា​ជន​បរទេស​ មិន​មែន​ខ្មែរ​ទេ”៕ សុខុម​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស