35 C
Phnom Penh

អាជ្ញាធរ​​​​ស្វាយ​​​រៀង​​​មិន​​​ទទួលខុស​ត្រូវ​ចំពោះ​​​ក្រុម​ស្លៀក​​​ពាក់​​​ស៊ីវិល

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​​​ពីម្សិលមិញ អាជ្ញាធរ​​​ខេត្ត​​​ស្វាយ​​​រៀង​​​​​​បាន​​​បដិសេធ​​​មិន​​​ទទួល​​​ខុស​​​ត្រូវ​ឡើយ​​​​ចំពោះ​​​​​មនុស្ស​មួយ​ក្រុម​​​​ប្រដាប់​​​ដោយ​​​ដំបង​​​​​​ដែល​​​ធ្វើ​​​ការ​​​ជាមួយ​​​នគរ​​​បាល​​​ និង​​​ទាហាន​​​កាល​​​ពីថ្ងៃ​​​អាទិត្យ​​​ដើម្បីរារាំង​​​សកម្មជន​​​ជាតិ​​​និយម​​​មួយ​​​ក្រុម​​​មិន​​​ឲ្យ​​​ចុះ​​​ទៅ​​​ពិនិត្យ​​​មើល​បង្គោល​មួយ​ដែល​កំណត់​​​​ព្រំដែន​​​​​ភាគ​​​ខាង​​​កើត​​​ជា​មួយ​ប្រទេស​​​វៀតណាម។

លោក រៀល ខេមរិន្ទ្រ តំណាង​​​រាស្ត្រ​​​​គណ​​​បក្ស​​​ប្រឆាំង ​​​​​​បាន​​​ដឹក​​​នាំ​​​អ្នក​​​គាំទ្រ​​​ប្រហែល​​​២.៥០០​នាក់​​​ចុះ​​​ទៅ​​​ពិនិត្យ​​​បង្គោល​​​ព្រំដែន​​​លេខ​​​២០៣​​​ ក្នុង​​​ស្រុក​​​កំពង់​​​រោទិ៍​ កាល​​​ពី​​​ថ្ងៃ​​​អាទិត្យ​​​ ប៉ុន្តែ មនុស្ស​មួយ​​​ក្រុម​​​ប្រដាប់​​​ដោយ​​​ដំបង​​​ដែល​​​បាន​ជជែក​គ្នា​​​​​ដោយ​បើក​​​​​​ចំហ​​​ជា​​​មិន​​​ឲ្យ​​​ធ្វើដ​​​ំណើរ​​​ហួស​​​ពី​​​​​​ទីតាំង​មួយ​ចម្ងាយ​ប្រហែល​១គីឡូម៉ែត្រ​​​ពីបង្គោល​​​ព្រំដែន​ឡើយ​ ដោយ​​​ក្នុងនោះ​មាន​មនុស្ស​​​​​​​​តែ​១០០នាក់​​​​ប៉ុណ្ណោះ​ដែល​ត្រូវ​បាន​​​អនុញ្ញាត​​​ឲ្យ​​​ចុះ​​​ទៅ​​​ដល់​​បង្គោលព្រំដែននេះ​​​​​។cam-photo-thugs-willemyns-800x533

ប្រតិបត្តិការ​​​សន្តិសុខ​​​នេះ​​​ដែល​​​បាន​បិទ​​​ផ្លូវ​​​​​​​​​តូ​​​ច​​​មួយ​​​នៅ​​​កណ្តាល​​​វាល​​​ស្រែ​​​​​​របស់​​​ពល​​​រដ្ឋ​​​ខ្មែរ​​​ រួម​​​មាន​​​មន្ត្រី​​​នគរ​​​បាល​​​ម្នាក់​ដែល​​​បាន​រាប់​​​មនុស្ស​​​​​​ចំនួន​១០០នាក់​ដែលត្រូវបាន​អនុញ្ញាត​​​​ឲ្យ​​​​​​ដើរ​​​ឆ្លង​​​កាត់​​​ក្រុម​​​ស្លៀក​​​ពាក់​​​ស៊ីវិល​​​​​​​​​​​​​​ឈរ​តម្រង់​​​ជួរ​​​គ្នា ដោយ​មាន​​ទាហាន​​​ឈរ​​​​ពីក្រោយ។​

ទាំង​​​លោក ជៀង អំ អភិបាល​​​ខេត្ត​​​ស្វាយ​​​រៀង​​​ និង លោក ហូ វឌ្ឍនៈ អភិបាល​​​រង​​​ខេត្ត​​​ដែល​​​​​​បញ្ជា​​​​​​​កង​​​​​សន្តិសុខ​​​កាល​​​ពី​​​​​​ថ្ងៃ​​​អាទិត្យ​​​សុទ្ធ​តែ​បាន​​​បដិសេធ​​​មិន​​​ធ្វើ​​​​​​អត្ថាធិប្បាយ​ជុំវិញ​​​​វត្ត​​​មាន​​​របស់​​​ក្រុម​​​ស្លៀកពាក់​ស៊ីវិល​​​​​​​នេះ​​​​​កាល​​​ពី​​​ម្សិលមិញ​​​។ លោក កឹង​ ខន ស្នង​​​ការ​​​នគរ​​​បាល​​​ខេត្ត​​​​នេះ​ មិន​​​ទទួល​​​ស្គាល់​​​ថា ​ក្រុម​​​ស្លៀក​​​ពាក់​​​សីុវិល​​​​​​នេះ​​​​​​បាន​​​ធ្វើ​​​ការ​​​ជាមួយ​​​នគរ​​​បាល​​​ឡើយ​​​។

លោក​ បាន​​​មានប្រសាសន៍​​​ថា “យើង​​​មាន​​​នគរ​​​បាល​​​របស់​​​យើង​​​នៅ​​​ទី​​​នោះ​​​ហើយ​​​”។​លោក​​​បាន​​​បន្ថែម​​​ថា ការ​​​អះអាង​​​របស់​​​សកម្ម​ជន​​​​​​ដឹក​​​នាំ​​​ដោយ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ថា ​នគរ​​​បាល​​​​ធ្វើការ​​​ជាមួយ​​​​​​មនុស្ស​​​ទាំង​​​អស់​​​នេះ​គឺ​​​”ស្រេច​​​តែ​​​ពួកគេ​​​ទៅ​​​”។ លោក​​​បាន​​​​​បន្ថែម​​​ថា ​”​ប៉ុន្តែ អស់​​​លោក​​​អាច​​​មើល​​​រូប​​​ភាព​​​ និង​​​​​​វីដេអូ​​​​​ឃ្លីប​​​​​បាន​ ហើយ​​​​​​​​​​រាយ​​​ការណ៍​​​តាម​​​នោះ​​​ទៅ​​​”។

លោក រៀល ខេមរិន្ទ្រ ​​​លើក​​​ឡើង​​​ទៀត​ថា ​​លោក​​​ជឿ​​​ជាក់​​​ថា ក្រុម​​​​​​​​​ស្លៀក​​​ពាក់​​​ស៊ីវិល​​​​​​នេះ​​​ដែល​​​សុទ្ធ​​​តែ​​​មាន​​​ក្រមា​​​ជាប់​​​ខ្លួន ត្រូវ​​​បាន​​​គេ​​​​​​បញ្ជូន​​​មក​​​ដើម្បី​​​ធ្វើ​​​ឲ្យ​​​ផ្ទុះ​​​​​​អំពើ​​​ហិង្សា​​​ ប្រសិន​​​​​​​បើ​​​ក្រុម​​​របស់​​​លោក​​​​​​​​​ព្យាយាម​​​ធ្វើ​​​ដំណើរ​​​​​​ហួស​​​ពី​​​ទីតាំង​​​ដែល​​​ពួក​​​គេបាន​​​កំណត់​​​​​​​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ”អ្នក​​​ខ្លះ​​​គឺ​​​ជា​​​ទាហានដែល​​​​​​​បាន​​​ផ្លាស់​​​ឯកសណ្ឋាន​​​ចេញ​​​ហើយ​​​ស្លៀក​ពាក់​​​ស៊ីវិល​​​វិញ​​​ រីឯអ្នក​​​ខ្លះ​​​គឺជា​​​ពល​​​រដ្ឋ​​​ស៊ីវិល​​​។ ពួកគេ​​​មាន​​​បំណង​​​បង្ក​​​អំពើ​​​ហិង្សា​​​”។

ប៉ុន្តែ ក្រុម​​​ស្លៀក​​​ពាក់​​​ស៊ីវិល​​​​​​នេះ​​​ដែល​​​​​​បាន​​​និយាយ​​​ជាមួយ​​​អ្នក​​​យក​​​ព័ត៌​​​មាន​កាល​​​ពី​​​ថ្ងៃ​​​អាទិត្យ បាន​​​លើក​​​ឡើង​​​ថា ពួកគេ​​​ទៅ​​​ទី​​​នោះ​​​​​​ដើម្បី​​​ទប់​​​ស្កាត់​​​កុំ​​​ឲ្យ​​​មាន​​​ការ​​​ផ្ទុះ​​​អំពើ​​​ហិង្សា​​​ក្បែរ​​​ព្រំដែន​​​។

បុរស​​​ម្នាក់​​​ក្នុង​​​ចំណោម​​ក្រុម​ប្រដាប់​​​ដោយ​​​​​ដំបង​​​ ដែល​​​បដិសេធ​​​មិន​​​ប្រាប់​​​ឈ្មោះ ឬក៏​​​បញ្ជាក់​​​ថា តើ​​​នរណា​​​ជា​​​អ្នកបញ្ជា​​នោះ ​​​​​​​បាន​​​និយាយ​​​ថា “គេ​​​បញ្ជា​​​​ខ្ញុំ​​​ឲ្យ​​​មក​​​ទី​​​នេះ។ យើង​​​មក​​​ទី​​​នេះ​​​ដើម្បី​​​រារាំង​​​​​​មិន​​​ឲ្យ​​​បង្ក​​​អំពើ​​​ហិង្សា​​​ដើម្បី​​​ទុក​​​ពេល​​​ឲ្យ​រដ្ឋាភិបាល​​​ដោះ​​​ស្រាយ​​​បញ្ហា​​​​​នេះ​​​។ ប្រសិន​​​បើ​​​ពួក​​​គេ​​​នៅ​​​តែ​​​បន្ត​​​​​រុល​ទៅ​​​មុខ​​​​​ទៀត​​​ វា​​​នឹង​​​ធ្វើ​​​ឲ្យ​​​បញ្ហា​​​កាន់តែ​លំបាក​​​​​​”។

បុរស​​​ម្នាក់​​​ទៀត​​​ដែល​​​បដិសេធ​​​មិន​​​ប្រាប់​​​ឈ្មោះ​​​ដែរ​​​ បាន​​​លើក​​​ឡើង​​​ថា បើ​​​អនុញ្ញាត​​​ឲ្យ​​​​សកម្មជន​​​ទាំង​​​នេះ​​​ចុះ​​​ទៅពិនិត្យ​​​មើល​​​​​​បង្គោល​​​​​​ព្រំដែន​​​ គឺ​​​មាន​​​តែ​​​បង្កើត​​​​​​បញ្ហា​​​ជាមួយ​​​​​ប្រទេស​វៀតណាម​​​​ប៉ុណ្ណោះ​​​​។

បុរស​​​រូប​​​នេះ​​​​​បាន​និយាយ​​​ថា ”វា​​​គឺ​​​ជា​​​កន្លែង​​​​​គ្រោះ​​​ថ្នាក់​​​ យើង​​​មិន​​​អនុញ្ញាត​​​ឲ្យ​​​​​​ពួកគេ​​​​ទៅ​​​ទី​​​នោះ​​​​ទេ​​​​។  យើង​​​មក​​​ទី​​​នេះ​​​​​​ដោយ​គ្មាន​​​នរណា​​​​​​បញ្ជា​​​​​​​ឡើយ​​​”។

លោកស្រី កុយ​ ពិសី អនុប្រធាន​​​លេខា​ធិការ​​​ដ្ឋាន​​​នៃ​​​​​​អាជ្ញាធរ​​​ជាតិ​​​ទទួល​​​បន្ទុក​​​កិច្ច​​​ការ​​​ព្រំដែន​​​ បាន​​​បដិសេធ​​​ថា​ រដ្ឋាភិបាល​​​មិន​​​បាន​​​បញ្ជូន​​​ក្រុម​​​ស្លៀក​​​ពាក់​​​​​​ស៊ីវិល​​​ទៅ​​​បំភិត​​​បំភ័យ​​​គណៈប្រតិភូ​​​គណបក្ស​​​ប្រឆាំង​​​ឡើយ​​​។

លោកស្រី​​​មាន​​​ប្រសាសន៍​​​ថា “​​​រដ្ឋាភិបាល​​​នឹង​​​មិន​​​ធ្វើ​​​ដូច្នេះ​​​ទេ រដ្ឋាភិបាល​​​ដាក់​​​ពង្រាយ​​​អាជ្ញាធរ​​​នៅទី​​​នោះ​​​ដើម្បី​​​ផ្តល់​​​សន្តិសុខ​ជូន​ពួកគាត់​ ​​​ព្រោះ​​​យើង​​​​​​ខ្លាច​​​ក្រែង​​​មាន​​​​បាតុភាព​​​​កើត​​​ឡើង​​​ ហើយ​​​មិន​​​អាច​​​ទប់​​​ស្កាត់​​​បាន​​​​​​​”៕ ស៊ុយឈាង​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស