38 C
Phnom Penh

លោក ជា មុនី នឹង​ត្រូវ​ទទួល​ស្វាគមន៍​ចូល​ក្នុងជួរ​​គណបក្ស​សង្គ្រោះ​ជាតិ​​​ ក្រោយ​លាឈប់​ពី​សហជីព

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ជា មុនី បាន​មាន​ប្រសាសន៍​កាលពី​ម្សិលមិញ​ថា លោក​នឹង​ចូល​រួម​ជាមួយ​គណ បក្ស​​សង្គ្រោះ​ជាតិ​ដើម្បី​​បំពេញ​មហិច្ឆតា​​​​​របស់​​ខ្លួន​ដែល​មាន​ជាយូរ​មក​ហើយ នៅ​ពេល​លោក​​​​លាលែងពី​តំណែង​ប្រធាន​សហជីព​សេរី​កម្មករ​ ដែល​ត្រូវបាន​បង្កើត​ឡើង​ដោយ​​បង​ប្រុស​របស់​លោក​​ដែល​​ត្រូវគេ​ធ្វើ​ឃាត និង​លោក សម រង្ស៊ី ប្រធាន​គណបក្ស​ប្រឆាំង​ ​​នៅ​​​ក្នុង​ឆ្នាំ​១៩៩៦​។​

មន្ត្រី​សហជីព​សេរីកម្មករ​​​មិន​​ទាន់​បាន​លើក​​​​​ឡើង​​​ថា ពេល​ណា​​​នឹង​ធ្វើ​ការ​បោះ​ឆ្នោត​ដើម្បី​​​​ជ្រើស​រើស​​បេក្ខ​​ភាព​ជំនួស​​លោក​ ជា មុនី ដែល​​​​បាន​​ឡើង​ធ្វើ​ជា​ប្រធាន​​សហជីព​​មួយ​នេះ​ភ្លាមៗ​បន្ទាប់ពី​លោក ជា វិជ្ជា ត្រូវ​បាន​ធ្វើ​​​​ឃាត​កាលពី​ឆ្នាំ​២០០៣ ​​នៅ​ឡើយ​ទេ ប៉ុន្តែ​ប្រធាន​ក្រុម​តំណាង​រាស្ត្រ​​គណបក្ស​សង្គ្រោះ​ជាតិ​ មាន​ប្រសាសន៍​ថា គណបក្ស​​​របស់​លោក​នឹង​ស្វាគមន៍​មេដឹកនាំ​សហជីព​រូប​នេះ​។

កាលពី​ដើម​ខែ​នេះ លោក ជា មុនី ​បាន​មាន​ប្រសាសន៍​ថា លោក​នឹង​សម្រាក​ពី​ការ​​ងារ​ទទួល​ខុស​ត្រូវ​របស់​លោក​នៅ​ក្នុង​សហ​ជីព​សេរីកម្មករ​ ដើម្បី​​បន្ត​​ការ​ងារ​​​រកស៊ី​បម្រើ​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន​​ដោយ​​ធ្វើ​ជា​​អ្នក​​​សម្រុះ​សម្រួលកិច្ច​ព្រមព្រៀង​ដីធ្លី​សម្រាប់​ក្រុម​ហ៊ុន​​បរទេស​ណា​​​ដែល​សម្លឹង​​ចង់​បង្កើត​រោងចក្រ​​ក្នុង​ប្រទេស​កម្ពុជា។

កាលពី​ម្សិលមិញ​ លោក​បាន​លើក​ឡើង​ថា ​ការ​ធុញទ្រាន់​នឹង​ការ​ងារ​សហជីព​ បាន​ញាំង​ឲ្យ​រូប​លោក​​​​​ងាក​ទៅ​ចាប់​យក​ការ​​ងារ​ទទួល​ខុស​ត្រូវ​ថ្មី។ លោក​ថ្លែង​ថា ”​តាម​ពិត​ ​ក្នុង​ចិត្ត​ខ្ញុំ ខ្ញុំ​ចង់​​ចូលរួម​ជាមួយ​គណបក្ស​យូរ​ហើយ ប៉ុន្តែ​គ្មាន​អ្នក​មក​​ [ដឹកនាំ​សហជីព​សេរី​កម្មករ​] ដូច្នេះ​ខ្ញុំ​ក៏​ចេះ​តែ​បន្ត​ធ្វើ​​​ទៅ។ ការ​ងារ​របស់​ខ្ញុំ​​ដែល​ផ្ដោត​តែ​ទៅ​លើ​កម្មករ​​ និង​ច្បាប់​​​​សម្រាប់​កម្មករ គឺ​ជា​ការ​ងារ​ដដែល​ៗ ដូច្នេះ​ហើយ​ខ្ញុំ​ចង់​ធ្វើ​ការ​ផ្លាស់​ប្ដូរ​ដើម្បី​ជួយ​ជាតិ​​”។ លោក​បាន​បន្ត​ថា ​ការ​​មាន​ប្រៀប​​​​របស់​គណ​បក្ស​សង្គ្រោះជាតិ​ លើ​គណបក្ស​ប្រជាជន​កម្ពុជា​ក្នុង​ពេល​ថ្មីៗ​នេះ ​ជា​​មូល​ហេតុសំខាន់​​​សម្រាប់​ការ​​សម្រេច​ចិត្ត​របស់​លោក​។

កាលពី​ឆ្នាំ​មុន អតីត​មន្ត្រី​សហជីព​សេរី​កម្មករ​​បី​រូប​ ដែល​ពេល​នេះ​​​ដឹកនាំ​សហជីព​ផ្ទាល់​ខ្លួន បាន​និយាយ​ថា លោក ជា មុនី បាន​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​​ក្នុង​​សហជីព ហើយ​បាន​ប្រើ​ប្រាស់​មុខ​តំណែង​របស់​ខ្លួន​ដើម្បី​ធ្វើ​ឲ្យ​ខ្លួន​​មាន​​​បាន​។ ​​​​​​​​​​​

លោក ជា មុនី ក៏​​​ត្រូវ​​​បាន​​​ចោទ​​​ប្រកាន់​​​ថា​​មាន​​​ទំនាក់​​​ទំនង​​​ជាមួយ​​​គណបក្ស​​​ប្រជាជន​​​​​​កម្ពុជា​​​ដែរ​​​ ប៉ុន្តែ លោក សុន ឆ័យ ប្រធាន​​​ក្រុម​​​​​តំណាង​​​រាស្ត្រ​​​​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​​​​បាន​​​លើក​​​​​​ឡើង​​​ថា គេ​នឹង​​​​វិនិច្ឆ័យលោក​តាម​​​រយៈ​​​អត្ត​ចរិត​​​​ មិនមែន​​​តាម​​​រយៈ​ការ​​​សន្និដ្ឋាន​​​​​​​ឬ​​​ពាក្យ​​​ចចាម​​​អារ៉ាម​​​នោះទេ​​​។

លោកមាន​​​ប្រសាសន៍​​​​ថា ”មនុស្ស​​​​ស្ទើរ​​​​​គ្រប់គ្នា​​​​នៅ​​​ក្នុ​​​ងគណបក្ស​​​ប្រឆាំង​​​​​​សុទ្ធ​តែ​​​ត្រូវ​​​បានចោទ​​​ប្រកាន់​​​​បែប​​នេះ​។ ប៉ុន្តែជាក់​​​ស្តែង បើ​​​យើង​​​​មាន​ការ​​ប្ដេជ្ញាចិត្ត​​​​​​ ​​​សាធារណ​ជន​នឹង​​​​វិនិច្ឆ័យ​តាម​​នោះ​​​​ មិន​​​មែន​​​ផ្អែក​​​លើ​​​ការ​​​ចោទ​​​​​ប្រកាន់​​​ទេ​​​”​។

លោក​​​​បន្ត​​​​ថា ” [លោក ជា​​​ មុនី ]​​​ តែង​​​តែ​​​​​​​​​ខំ​​​​​​ធ្វើ​​​ការ​​​ដើម្បី​​​គាំទ្រ​​​កម្មករ​​​​​​នៅ​​​ក្នុង​​​​ប្រទេស​​​។ ​គាត់​​​​យល់​ពី​ប្រជាជន​​​​ ហើយ​​​យើង​​​នឹង​​​ស្វាគមន៍​​​​​គាត់​​​”។ លោក​​​បាន​​​បន្ថែម​​​ថា នៅមិន​ទាន់​មាន​​​​ការ​​​ពិភាក្សា​​​ជា​​​ផ្លូវ​​​ការ​​​ក្នុង​​​គណបក្ស​​​​​​នៅ​ឡើយ​​ទេ​ពាក់​​​ព័ន្ធ​​​​​​តួនាទី​​​ដែល​​អាច​នឹង​​​ផ្តល់​ឲ្យ​​​​​លោក ​ជា មុនី​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​បន្ថែមទៀត​​​​ថា​”ខ្ញុំ​​​មិន​​​ដឹង​​​អំពី​​​ផែ​​​ន​​​ការ​​​របស់​​​គាត់​​​ទេ​​​ ប៉ុន្តែ ​ប្រហែល​​​ជា​​​គាត់​​​បាន​​​និយាយ​​​ជាមួយ​​​នរ​​​ណា​​​ម្នាក់​​​រួច​ហើយ​​​មើល​​​ទៅ​​​”។

លោក សម រង្ស៊ី ដែលបាន​រួមគ្នា​​​​ជា​​​មួយ​​​លោក ជា វិជ្ជា ​​​​បង្កើត​​​ចលនាកម្មករ​​​​​​ដំបូង​​​គេ​​​នៅ​​​កម្ពុជា​​​ក្រោយសម័យ​​​​សង្គ្រាម ស្រប​ពេល​​​​វិស័យ​​​ឧស្សាហកម្ម​​​កាត់​​​ដេរ​​​ចាប់​​​ផ្តើម​​​ឈាន​​​ចូល​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​ក្នុង​​​ទសវត្សរ៍​​​ឆ្នាំ​​​១៩៩០​​​​​នោះ​ បាន​​​បញ្ជាក់​​​កាល​​​ពី​​​ម្សិល​​​មិញ​​​ថា គ្មាន​​ចំណាត់​​​ការ​​​ផ្លូវ​​​ការ​​​​ណាមួយ​ក្នុង​​ការ​នាំ​​​លោក ​ជា មុនី ចូល​​​ក្នុង​​​គណបក្ស​​​ប្រឆាំង​ឡើយ​​​​។

លោក សម រង្ស៊ី បានមាន​ប្រសាសន៍​នៅ​​​ទីស្នាក់ការ​​​កណ្តាលរបស់​​​​​​​សហជីព​​​សេរីកម្មករ​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ​​​កាល​​​ពី​​​ថ្ងៃ​​​អាទិត្យ​​​​​​ នៅ​​​ពេល​​​លោក ជា មុនី ប្រកាស​​​ពីការ​​​​សម្រេច​​​លា​​​លែង​​​ពី​​​តំណែង​​​របស់​​​ខ្លួន​​​ថា ”​ពេល​គាត់​​​​ចូល​​​រួម​​​​ នោះ​ជា​​​ការ​​​សម្រេច​​​ចិត្ត​​​របស់​​​គាត់”​​​។

បទបញ្ជា​​​ផ្ទៃ​​​ក្នុង​​​របស់​​​សហជីព​​​សេរីកម្មរ​​​បាន​​​ចែង​​​ថា មេដឹក​​​នាំ​​​មួយ​​​រូប​​​អាច​​​កាន់​​​តំណែង​​​​​​បាន​​​ត្រឹម​​​តែ​​​ពីរ​​​អាណត្តិ​​ប៉ុណ្ណោះ ដែល​ក្នុង​មួយ​​​អាណត្តិ​ៗ​មាន​រយៈពេលបីឆ្នាំ​​។

កាល​​​ពីម្សិលមិញ លោក ជា​​​ មុនី ​​​​​​បដិ​សេធ​​​​​​មិន​​​ប្រាប់​​​​​​ថា តើ​​​ពេល​​​ណា​​​ការ​​​បោះ​​​ឆ្នោត​​​​​​​នឹង​​​ត្រូវ​​​ធ្វើ​​​ឡើង​​​ដើម្បី​​​ជ្រើស​​​រើស​​​អ្នក​​​កាន់​​​តំណែង​​​​​​ជំនួស​​​លោក​​​ឡើយ​​​។ ​ចំណែក​ឯ​លោក ​សាយ ​សុខ​នី ដែល​​​ជា​​​អនុប្រធាន​​​មួយ​​​រូប​​​ក្នុង​​​ចំណោម​​​​​អនុប្រធាន​​​សហជីព​​​សេរីកម្ម​​​ករ​​​បាន​​​លើក​​​​​​ឡើង​​​ថា បច្ចុប្បន្ន​​​​ សហជីព​​​សេរីកម្មករ​​​គ្មាន​​​ប្រាក់​​​ដើម្បី​​​រៀប​​​ចំ​​​ការ​​​បោះ​​​ឆ្នោត​​​​​​ជ្រើស​​​រើស​​​អ្នក​​​ដឹក​​​នាំ​​​ថ្មី​​​​ទេ​៕ សុខុម និង​​​ ស៊ុយឈាង​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស