38 C
Phnom Penh

អតីត​ចៅ​សង្កាត់​សារភាព​រៀបចំ​​ផែនការ​ឃាតកម្ម

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្នុង​ការ​ជំនុំ​ជម្រះ​នៅ​តុលាការ​ក្រុង​ភ្នំពេញ​កាលពី​ថ្ងៃ​ច័ន្ទ អតីត​​​ចៅ​​​សង្កាត់​​​នៅ​ខណ្ឌ​ព្រែកព្នៅ​បាន​ទទួល​ស្គាល់​ចំពោះ​ការ​រៀបចំ​ឃាតកម្ម​លើ​គូ​ប្រជែង​នយោបាយ ដែល​រួច​ផុត​ជីវិត​ពី​ការ​គប់​គ្រាប់បែក ដែល​បាន​បណ្តាល​ឲ្យ​ស្លាប់​កូន​ប្រុស​របស់​លោក​អាយុ​១១​ឆ្នាំ។

លោក ភី ណុប អាយុ​៤៧​ឆ្នាំ អតីត​​​ចៅ​​​សង្កាត់​​​គោករកា​អាប់​កេរ្តិ៍​ឈ្មោះ បាន​និយាយ​ថា លោក​បាន​ស្នើ​ឲ្យ​បុរស​ម្នាក់​ក្នុង​ចំណោម​សហ​ចុង​ចោទ ឈ្មោះ ពៅ ប៊ុនធឿន អាយុ​៣៣​ឆ្នាំ រៀបចំ​ឃាតកម្ម​សម្លាប់ ស៊ន ស៊ីន ជា​អ្នក​គួកជេ​ដី​និង​ជា​ក្រុម​ប្រឹក្សា​សង្កាត់ ពីព្រោះ ស៊ីន បាន​ព្យាយាម​ដណ្តើម​តំណែង​ចៅ​សង្កាត់​របស់​លោក និង​សម្លាប់​លោក។

លោក ប៊ុនធឿន ជា​មេដឹកនាំ​សហគមន៍ បាន​ប្រាប់​តុលាការ​ថា បន្ទាប់​ពី​នោះ​គាត់​បាន​ដាក់​កិច្ចការ​ឲ្យ នួន សំរិត អាយុ​២៨​​​ឆ្នាំ និង អេង ប៉ូលី អាយុ​២៨​​​ឆ្នាំ​ដែរ អនុវត្ត​ការ​សម្លាប់​នេះ។

លោក ណុប បាន​និយាយ​ថា “ខ្ញុំ​បាន​សុំ​ឲ្យ​ពួកគេ​ធ្វើ តែ​ក្រោយ​មក ខ្ញុំ​បាន​ប្រាប់​ពួកគេ​ឲ្យ​ផ្អាក​វិញ”។ ណុប អះអាង​ថា សហ​ចុងចោទ​ទាំង​បី​បាន​បន្ត​ធ្វើការ​វាយ​ប្រហារ​ផ្ទុយ​ពី​បំណង​របស់​គាត់ ពីព្រោះ​ពួកគេ​ចង់​បាន​ចំណែក​ប្រាក់​១០.០០០​ដុល្លារ​ដែល​គាត់​បាន​សន្យា​ឲ្យ​ឈ្មោះ ធឿន សម្រាប់​បំពេញ​ការងារ​នេះ។

យោង​តាម​ប៉ូលិស​ឲ្យ​ដឹង​ថា លោក ស៊ីន កំពុង​បរិភោគ​អាហារ​ល្ងាច​ជាមួយ​កូនៗ​និង​មិត្ត​ភក្តិ​របស់​លោក​នៅ​ខាង​ក្រៅ​ផ្ទះ​ក្នុង​សង្កាត់​ឃ្មួញ កាលពី​ថ្ងៃ​ទី​៩​ខែ​តុលា ស្រាប់តែ​ពេល​នោះ បុរស​ពីរ​នាក់​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​កាត់​មុខ​ផ្ទះ និង​បាន​គប់​គ្រាប់បែក​មួយ​គ្រាប់​លើ​ពួកគេ បណ្តាល​ឲ្យ​ស្លាប់​កូន​ប្រុស​របស់​គាត់។

សំរិត ជា​កម្មករ​សំណង់ ជាប់​ចោទ​ពី​បទ​ឃាតកម្ម​គិត​ទុក​ជា​មុន​ព្រោះ​បានគប់​​គ្រាប់​បែក ហើយ​ឈ្មោះ ប៉ូលី ប្រឈម​នឹង​ការ​ចោទ​​ប្រកាន់​ដូច​គ្នា​ព្រោះ​ជា​អ្នក​បើក​ម៉ូតូ។

លោក ណុប ដែល​កាលពី​ខែ​ឧសភា ត្រូវ​តុលាការ​ផ្តន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ​បី​ឆ្នាំ ក្នុង​រឿង​ក្តី​មួយ​ដោយ​ឡែក​ដោយសារតែ​មិន​អនុវត្ត​សេចក្តី​សម្រេច​របស់​តុលាការ​កំពូល​កាលពី​ឆ្នាំ​២០០៨​ទាក់ទិន​នឹង​ជម្លោះ​ដី​ធ្លី បាន​ជាប់​ចោទ​ពី​បទ​ញុះញង់​ឲ្យ​មាន​ឃាតកម្ម​ដោយ​គិត​ទុក​ជាមុន​នេះ។ ចំណែកឯ ប៊ុនធឿន ប្រឈម​នឹង​បទ​ចោទ​ដូច​គ្នា​នេះ។

នៅ​ពេល​សួរ​ដោយ​ចៅក្រម កែវ មុនី ឲ្យ​ពន្យល់​ថា ហេតុអ្វី ពី​ដំបូង​លោក​បាន​បញ្ជា​ឲ្យ​ធ្វើ​ឃាត​លោក ស៊ីន នោះ លោក ណុប បាន​និយាយ​ថា លោក​បាន​ឮ​ថា លោក ស៊ីន បាន​និង​កំពុង​ព្យាយាម​សូក​ប៉ាន់​យក​តំណែង​ចៅ​សង្កាត់​របស់​លោក និង​សម្លាប់​លោក។

លោក ណុប បាន​និយាយ​ថា “គាត់​ប្រុង​ចំណាយ​២៥.០០០​ទៅ​៣៥.០០០​ដុល្លារ” យក​តំណែង​នេះ ហើយ​លោក​បាន​បន្ថែម​ថា មិត្ត​ភក្តិ​ទាំង​សងខាង​បាន​ព្រមាន​គាត់ “ឲ្យ​ប្រយ័ត្ន ពីព្រោះ​មាន​គេ​ចង់​សម្លាប់​ខ្ញុំ”។

លោក ណុប បាន​និយាយ​ថា បន្ទាប់ពី​ការ​ប៉ុនប៉ង​ធ្វើ​ឃាត​មិនបាន​សម្រេច គាត់​បាន​ចំណាយ​៥.០០០​ដុល្លារ​ទៅ​លោក ប៊ុនធឿន ដែល​ឲ្យ​២.៥០០​ដុល្លារ​ទៅ​លោក សំរិត ដើម្បី​ចែក​គ្នា​រវាង​គាត់​និង​លោក ប៉ូលី។

ចៅក្រម មុនី បន្ទាប់​មក​បាន​ស្តី​បន្ទោស​លោក ណុប ព្រោះ​ក្បត់​ភារកិច្ច​របស់​ខ្លួន​ជា​ចៅ​សង្កាត់។

លោក​ចៅក្រម​បាន​និយាយ​ថា “លោក​ជា​ចៅ​សង្កាត់ ទទួល​ខុសត្រូវ​ក្នុង​ការ​បង្ក្រាប​បទ​ល្មើស តែ​ផ្ទុយ​ទៅ​វិញ លោក​ឯង​ទៅ​ជា​បង្កើត​បទ​ល្មើស​​ទៅ​វិញ”។

“លោក​អះអាង​ថា លោក​សុំ​ឲ្យ​ពួកគេ​កុំ​ឲ្យ​ធ្វើ​រឿង​ហ្នឹង​ក្រោយពី​ជួល​ពួកគេ​ហើយ ដូច្នេះ​ហេតុអ្វី​បាន​ជា​ពួកគេ​ចោទ​លោក​ថា​ជា [មេ​គំនិត​ឃាតកម្ម]?”

លោក ណុប បាន​ឆ្លើយ​តប “ខ្ញុំ​មិន​ដឹង​ទេ”។

តុលាការ​​​ក្រុង​​​​​​​​​នឹង​​​ប្រកាស​​​សាលក្រម​​​​​​នៅ​​​ថ្ងៃ​​​ទី​​​៣០​​​ ខែ​​​កក្កដា​នេះ៕ និត

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស