31 C
Phnom Penh

លោក​អភិបាល​ក្រុង​ចោទ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ថា​ចំណាយ​ប្រាក់​សម្រាប់​ការ​តវ៉ា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ប៉ា សុជាតិវង្ស អភិបាល​ក្រុង កាលពី​ថ្ងៃ​ច័ន្ទ​បាន​ចោទ​អង្គ​ក្រៅ​រដ្ឋាភិបាល​ដោយ​មិន​បញ្ចេញ​ឈ្មោះ ថា​បាន​ចំណាយ​ប្រាក់​លើ​ក្រុម​អ្នក​តវ៉ា​ល្បីៗ មកពី​តំបន់​បឹង​កក់ និង​បុរី​កីឡា ក្នុង​ទី​ក្រុង ឲ្យ​ធ្វើ​បាតុកម្ម​តាង​នាម​បុព្វហេតុ​របស់​ខ្លួន និង​បាន​អំពាវនាវ​ឲ្យ​ពួកគេ​ដោះ​លែង​ស្ត្រី​ទាំង​នោះ”។

ការ​អះអាង​របស់​លោក​ធ្វើ​ឡើង​ពីរ​ថ្ងៃ បន្ទាប់ពី​ស្ត្រី​ប្រាំ​នាក់​ក្នុង​ក្រុម​នោះ​ត្រូវ​បាន​ចាប់​ខ្លួន​និង​ឃាត់​ខ្លួន​អស់​រយៈ​ពេល​ជា​ច្រើន​ម៉ោង ព្រោះ​ចែក​ចាយ​ខិត្តប័ណ្ណ ជំរុញ​អ្នក​ទីក្រុង​ឲ្យ “និយាយ​ថា ទេ” ចំពោះ​ច្បាប់ ដែល​ក្រុម​អ្នក​រិះគន់​បារម្ភ​ថា រដ្ឋាភិបាល​នឹង​ប្រើ​ដើម្បី​បំបិទ​មាត់​ក្រុម​មិន​មែន​រដ្ឋាភិបាល ដែល​រិះគន់​គណបក្ស​ប្រជាជន​កម្ពុជា​កំពុង​កាន់​អំណាច។

បើ​ទោះ​ជា​ស្ត្រី​បាន​ចាប់​ផ្តើម​ធ្វើការ​តវ៉ា​ប្រឆាំង​នឹង​ការ​បណ្តេញ​ចេញ​ទាំង​បង្ខំ​ដែល​ប៉ះពាល់​ដល់​តំបន់​របស់​ពួកគេ​ក៏​ដោយ ក៏​ពួកគេ​តាំង​ពី​ពេល​នោះ​មក​បាន​ចូល​រួម​ក្នុង​បុព្វហេតុ​ជាច្រើន។

លោក សុជាតិវង្ស បាន​មាន​ប្រសាសន៍​នៅ​ពេល​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​សាលា​បឋម​សិក្សា​ថ្មី​មួយ​កន្លែង​ក្នុង​ខណ្ឌ​ជ្រោយ​ចង្វា​ថា “ខ្ញុំ​សូម​ស្នើ​អង្គការ​ក្រៅ​រដ្ឋាភិបាល​និង​សង្គម​ស៊ីវិល​មួយ​ចំនួន តើ​អាច​ដោះ​លែង​បង​ប្អូន​ប្រជាពលរដ្ឋ​យើង​នៅ​បឹង​កក់​និង​បុរី​កីឡា​បាន​ទេ?”។ គេ​ចាប់​យក​ក្រុម​នេះ​មក​ធ្វើ​បាតុករ​​អាជីព​ពហុ​វិស័យ”។

“ក្រុម​ទេព វន្នី នៅ​បឹង​កក់ និង​ក្រុម ឆាយ គឹមហ៊ន នៅ​បុរី​កីឡា ជា​បាតុករ​អាជីព។ ដើរ​តាម​ផ្លូវ​គេ​ឲ្យ​៥​ដុល្លារ​ដល់​១០​ដុល្លារ​ក្នុង​មួយ​ថ្ងៃ”។

ទាក់ទង​តាម​ទូរស័ព្ទ​កាលពី​ថ្ងៃ​ច័ន្ទ លោក​អភិបាល​ក្រុង​បាន​បដិសេធ​មិន​ប្រាប់​ឈ្មោះ​អង្គការ​ក្រៅ​រដ្ឋាភិបាល ដែល​លោក​បាន​ចោទ​ថា​បង់​ប្រាក់​ឲ្យ​ស្ត្រី​ទាំង​នោះ ដោយ​អះអាង​ថា លោក​មិន​ចង់​មាន​ការ​ប្រឈម​ទេ។

នៅ​ពេល​សួរ​ឲ្យ​បង្ហាញ​ភ័ស្តុតាង​គាំទ្រ​ការ​អះអាង​របស់​លោក លោក​បាន​ឆ្លើយ​តប​ថា “ល្មម​បើក​ភ្នែក​ហើយ”។

លោក អំ សំអាត​ អ្នក​គ្រប់​គ្រង​បច្ចេកទេស​នៅ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ ជា​អង្គការ​សិទ្ធិ​មនុស្ស​មួយ​ក្នុង​ចំណោម​អង្គការ​សិទ្ធិ​មនុស្ស​ ដែល​បាន​គាំទ្រ​ក្រុម​អ្នក​តវ៉ា​ បាន​បដិសេធ​ការ​បង្គាប់​បញ្ជា​ ឬ​បង់​ប្រាក់​ឲ្យ​ធ្វើ​បាតុកម្ម​។

លោក​បាន​និយាយ​ថា “គ្មាន​នរណា​ជួល​ពួកគេ​ឲ្យ​តវ៉ា​ទេ វា​ផ្ទុយ​នឹង​គោល​ការណ៍​របស់​យើង​។ ចំពោះ​ការ​ចូល​រួម​ការ​តវ៉ា​អំពី​រឿង​ក្រៅពី​ជម្លោះ​ដីធ្លី ពួកគេ​មាន​សិទ្ធិ​សេរីភាព​ធ្វើ​ ដោយ​គ្មាន​នរណា​បង្ខំ​ពួកគេ​ ឬ​គាប​សង្កត់​ពួកគេ​ឡើយ”។

អ្នកស្រី ទេព វន្នី ដែល​ត្រូវ​គេ​ចាប់​ដាក់​ពន្ធនាគារ​និង​ដាក់​ទោស​ជាច្រើន​លើក​ ព្រោះ​ធ្វើ​ការ​តវ៉ា ក៏បាន​បដិសេធ​ការ​ចោទ​ប្រកាន់​របស់​លោក​អភិបាល​ក្រុង​ដែរ។

ប៉ុន្តែ អ្នកស្រី​បាន​និយាយ​ថា ក្រុម​នេះ​ទទួល​អំណោយ​សប្បុរស​ពី​ពលរដ្ឋ​ខ្មែរ​ដែល​រស់​នៅ​ក្រៅ​ប្រទេស​។

អ្នកស្រី​បាន​និយាយ​ថា “យើង​តស៊ូ​និង​លាក់​ការ​អត់​ឃ្លាន​របស់​យើង តែ​អ្នក​ដែល​អាណិត​អាសូរ​យើង ជួយ​យើង។ វា​ជា​ចិត្ត​សប្បុរសធម៌​ពី​បងប្អូន​សហគមន៍​ខ្មែរ​នៅ​បរទេស​។ ពួកគេ​មិន​ចិញ្ចឹម​យើង​ឲ្យ​យើង​ធ្វើ​ការ​តវ៉ា​ទេ ប៉ុន្តែ ពួកគេ​ជួយ​យើង​ក្នុង​នាម​សេចក្តី​សប្បុរស​ អាណិត​អាសូរ និង​យោគ​យល់”៕ និត

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស