26 C
Phnom Penh

តុលាការ​ផ្តន្ទាទោស​​​សកម្មជនគណបក្ស​​​ប្រឆាំងដាក់​​​ពន្ធនាគារ​ពីបទ​កុបកម្ម​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សកម្មជន​គណបក្ស​ប្រឆាំង​បី​រូប​​ត្រូវ​បាន​ផ្ដន្ទាទោស​​ឲ្យ​ជាប់​ពន្ធនាគារក្នុង​ម្នាក់ៗ​​រយៈ​ពេល​២០​ឆ្នាំ និង​​ប្រាំបី​នាក់​ផ្សេង​ទៀត​ត្រូវ​បាន​​ផ្ដន្ទាទោស​ឲ្យ​ជាប់ពន្ធនាគារ​ក្នុង​ម្នាក់​ៗ​រយៈ​ពេល​​៧​ឆ្នាំ​ កាលពី​ម្សិលមិញ​ជុំវិញ​ការ​ប៉ះទង្គិច​គ្នា​កាលពី​ឆ្នាំ​២០១៤​ រវាង​ក្រុម​អ្នក​តវា៉​ និងក្រុម​សន្តិ​សុខ​នៅ​ទីលាន​ប្រជាធិប​តេយ្យ​ក្នុង​រាជធានី​ភ្នំពេញ ដែល​ត្រូវ​បាន​ចាត់​​ទុក​ថា ជា​អំពើ​កុបកម្ម​។

លោក មាជ សុវណ្ណារ៉ា​ ប្រធាន​ព័ត៌មាន​គណបក្ស​សង្គ្រោះ​ជាតិ​ (ឆ្វេង) និង​លោក​ អឿ ណារិទ្ធ (ស្តាំ) ជា​ជំនួយ​ការ​អ្នក​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង​គឺ លោកស្រី មួ សុខហួរ គ្រវីដៃ​ពីរថយន្ត​ប៉ូលិស​នៅ​ឯ​តុលាការ​ក្រុង​ភ្នំពេញ​ កាលពី​ម្សិល​មិញ បន្ទាប់​ពី​ត្រូវ​តុលាការ​កាត់​ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល​២០ឆ្នាំ​ ពីបទ​ដឹក​នាំ​កុបកម្ម​។ រូបថតៈ ស៊ីវ ចាន់ណា/The Cambodia Daily

មាន​មេធាវី​ម្នាក់​គត់​ប៉ុណ្ណោះ​បាន​ចូលរួម​ក្នុង​សវនាការ​ តែ​មេធាវី​ផ្សេង​ទៀត​បាន​​ធ្វើ​ពហិការ​មិន​ចូល​រួម​ទេ​​កាលពី​ម្សិល​មិញ បន្ទាប់ពី​សាលា​ដំបូង​រាជធានី​ភ្នំពេញ​​​​​កាលពី​ថ្ងៃ​ច័ន្ទ​ បាន​ប្រកាស​ថា ខ្លួន​នឹង​ពន្លឿន​សវនាការ​នេះ​។ នៅ​ពេល​នគរ​បាល​យុត្តិធម៌​ប្រហែល​២៥​នាក់​បាន​ចូល​ក្នុង​បន្ទប់​​សវនាការ​​ប៉ុន្មាន​នាទី​​បន្ទាប់ពី​ចៅក្រម​បាន​សម្រាក​ដើម្បី​​​​​ពិចារណា​សាល​ក្រម​​​នោះ​ ជោគ​វាសនា​អ្នក​ទាំង​១១​នាក់​​ស្តែង​ចេញ​​យ៉ាង​ច្បាស់​។

លោក លឹម មករន្ទ ចៅក្រមជំនុំជម្រះ​បាន​ចំណាយ​ពេល​ប្រហែល​១០​នាទី​បញ្ចប់​សំណុំរឿង​ដែល​បាន​អូស​បន្លាយ​រយៈ​ពេល​ជាង​១​ឆ្នាំ​នេះ​​។

លោក​បាន​​ថ្លែង​នៅ​តុលាការ​ថា ”​តុលា​ការ​​​សម្រេច​ផ្ដន្ទាទោស​លោក មាជ សុវណ្ណារ៉ា លោក អឿ ណារិទ្ធ និង​លោក ឃិន ជំរឿន ឲ្យ​ជាប់​ពន្ធនាគារក្នុង​​ម្នាក់ៗ​២០​ឆ្នាំ​ពីបទ​ដឹកនាំ​កុបកម្ម”។

សកម្មជន​គណបក្ស​ប្រឆាំង​ផ្សេង​ទៀត​គឺ​លោក នាង សុឃុន សាន គឹមហេង ស៊ុំ ពុទ្ធី ទេព ណារិន អាន បឋម សាន សីហៈ អ៊ុក ពេជ្រសំណាង និង កែ ឃីម ​ត្រូវ​បាន​ផ្ដន្ទា​ទោសឲ្យ​ជាប់ពន្ធនាគារ​ក្នុង​​​ម្នាក់​ៗ​​​៧​ឆ្នាំ ពីបទ​​ចូលរួម​កុបកម្ម​”។

លោកស្រី សន ស៊ូដាឡែន ​មេធាវី​តែ​ម្នាក់​​គត់​តំណាង​ចុង​ចោទ​ទាំង​នោះ​បាន​និយាយ​នៅ​​​ក្រៅ​តុលាការ​ថា ”​សាល​ក្រម​​សម្រេច​​​​លើ​​​កូន​ក្ដី​របស់​ខ្ញុំ​មិន​យុត្តិធម៌​ទេ ពីព្រោះ​យើង​មិន​បាន​​​​​​ផ្ដល់​ទឡ្ហីករណ៍​បញ្ចប់​​ឡើយ។ ​វា​ជា​​​នីតិវិធី​មិន​ត្រឹម​ត្រូវ​។

​ទាក់​ទង​បន្ទាប់​​មក លោក​ស្រី មូរ សុខហួរ សមាជិក​សភា​គណបក្ស​ប្រឆាំ​​ង​​​​បាន​ច្រាន​ចោល​សេចក្ដី​សម្រេច​របស់​តុលា​ការ​។ លោកស្រី​បាន​លើក​ឡើង​តាម​អុីម៉េល​ថា គណបក្ស​សង្គ្រោះ​ជាតិ​​តែង​តែ​បាន​ថ្កោល​​​​ទោស​សេចក្ដី​សម្រេច​ណាមួយ​របស់​តុលាការ​ ​ដែល​ធ្វើ​ឡើង​មិន​យុត្តិធម៌ ហើយ​ចំពោះ​ករណី​​​នេះ​យើង​នឹង​បន្ត​ធ្វើ​ការ​ថ្កោល​ទោស​ដូច​គ្នា​នេះ​។ ចំណុច​ដែល​បាន​បង្ហាញ​ទាំង​អស់​ចំពោះ​​​​​​សេចក្ដី​សម្រេច​របស់​តុលាការ​​ គឺ​មិន​ផ្អែក​លើ​ភ័ស្តុតាង​ឡើយ​”។

បើ​ទោះ​ជា​ដូច្នេះ​ក្ដី លោកស្រី មូរ សុខហួរ បាន​មាន​ប្រសាសន៍​ថា សាល​ក្រម​នេះ​នឹង​មិន​​​ប៉ះពាល់​ដល់​បំណង​ប្រាថ្នា​របស់​សាធារណ​ជន​​​ឲ្យមានការ​ផ្លាស់​ប្ដូរ​ស្ថានភាព​នយោបាយ​ឡើយ​។ ប្រជាជន​បាន​និយាយ​ ហើយ​នឹង​បន្ត​​និយាយ​ឮៗ​និង​ច្បាស់​ៗ​ថា ពួកគាត់​ចង់​ឲ្យមាន​ការ​ផ្លាស់​ប្ដូរ”។

បន្ទាប់ពី​បាន​ស្ដាប់​​​ការ​ផ្តល់​សក្ខីកម្ម​​រយៈ​ពេល​ពីរ​ថ្ងៃ​ពី​សន្តិសុខ​៩​នាក់​​ក្នុង​ចំណោម​​សន្តិសុខ​រដ្ឋាភិបាល​ទាំង​​៣៩​នាក់​ដែល​ដើរ​តួ​ជាដើម​ចោទនៅ​ក្នុង​សំណុំ​រឿង​នេះ​មក​ កាល​​​ពី​ម្សិល​មិញ​​តុលាការ​បាន​ពន្លឿន​នីតិវិធី​​ ដោយ​​​​ឲ្យ​ក្រឡា​បញ្ជី​អាន​​ចម្លើយ​​របស់​សន្តិ​សុខ​១៦​នាក់​ផ្សេង​ទៀត​។

មាន​ការខុស​ប្លែក​​បន្តិច​បន្តួច​​ក្នុង​រឿងរ៉ាវ​ពី​សន្តិសុខ​ទាំង​២៥​​នោះ គឺ​ម្នាក់​ៗ​និយាយ​​​​ថា ពួកគេ​ត្រូវ​បាន​ដាក់​ពង្រាយ​ឲ្យ​រក្សា​​​សណ្ដាប់​​​​ធ្នាប់​សាធារណៈ និង​មិន​បាន​ប្រើ​អំពើ​​​ហិង្សា​ទេ ​ហើយ​​ត្រូវ​បាន​​ក្រុម​សកម្មជន​ដែល​​បាន​មក​តវ៉ា​ទាម​ទារ​ឲ្យ​រដ្ឋាភិបាល​បើកទីលាន​ប្រជា​ធិប​​តេយ្យ​ឡើង​វិញ​​​​វាយ​ដំ​យ៉ាង​ឃោរឃៅ​ ។

គ្មាន​នរណាម្នាក់​ក្នុង​ចំណោម​ពួកគេ​បាន​ផ្ដល់​អត្តសញ្ញាណ​ចុង​ចោទ​ទាំង​១១​នាក់​​ថា បាន​ប្រព្រឹត្ត​អំពើ​ហិង្សា​ដែល​បាន​ផ្ទុះ​ឡើង​បន្ទាប់​ពី​សន្តិសុខ​ប្រដាប់​ដោយ​ដំបង​បាន​ហែក​បដា​ដែល​ចង​នៅ​លើ​លួស​បន្លា​ដ៏ធំ​ជុំវិញ​កន្លែង​តវ៉ា​នោះ​​ឡើយ​។

វីដេអូ​ឃ្លីប​ជាច្រើន​ត្រូវ​បាន​បង្ហាញ​ជា​ភ័ស្តុ​តាង​ពី​ការ​ធ្វើ​កុបកម្ម រួម​មាន​សមាជិក​សភា​​​​​គណបក្ស​ប្រឆាំង​ គឺ​លោកស្រី មូរ សុខហួរ លោក រៀល ខេមរិន្ទ្រ និង​លោក ហូរ វ៉ាន់ ដឹកនាំ​ក្រុម​អ្នក​តវ៉ា​ទៅ​កាន់​ស្ពាន​នាគ​ កន្លែង​ដែល​ការ​​ប៉ះទង្គិច​គ្នា​បាន​កើតឡើង និង​កន្លែង​​​​ដែល​អ្នក​តវ៉ា​បាន​ចាប់​សន្តិសុខ​​មួយ​ចំនួន​ទៅ​វាយ​ដំ​ជា​ទម្ងន់​។

អ្នក​បើក​ម៉ូតូរឺម៉ក​ និង​ជា​សកម្មជន​គណបក្ស​ប្រឆាំង​លោក កែ ឃីម ត្រូវ​ប៉ូលិស​បណ្តើរ​ចេញ​ពី​តុលាការ​ក្រុង​ កាលពី​ម្សិលមិញ​ បន្ទាប់​ពី​ត្រូវ​កាត់​ឲ្យ​ជាប់​ពន្ទនាគារ​រយៈពេល​ប្រាំពីរ​ឆ្នាំ។ រូបថតៈ ស៊ីវ ចាន់ណា/The Cambodia Daily

បន្ទាប់ពី​សម្រាក​បរិភោគ​អាហារ​ថ្ងៃ​ត្រង់ លោក​ស្រី សន ស៊ូដាឡែន បាន​សុំ​ឲ្យ​តុលា​ការ​​​​ពិនិត្យ​វីដេអូ​ឃ្លីប​នៃ​ការ​តវ៉ា​ផ្សេង​ទៀត​ដែល​​​​​ត្រូវ​បាន​ប្រមូល​យ៉ាង​ប្រញាប់​ប្រញាល់​។ ​​លោក​ ​​កែវ សុជាតិ ព្រះរាជអាជ្ញា​រង​បាន​ជំទាស់​។ ​​លោក​​​​​​​បាន​លើក​ឡើង​ថា ”​តើ​​វីដេអូ​ឃ្លីប​របស់​​​អ្នក​និយាយពី​​អ្វី? ការ​មើល​វីដេអូ​ឃ្លីប​ទាំង​នោះ​គឺ​ជា​ការ​ខ្ជះ​ខ្ជាយ​ពេល​វេលា”។

ទោះ​ជាយ៉ាង​ណា ចៅក្រម មករន្ទ ​បាន​ទទួលយក​វីដេអូ​ឃ្លីប​ទាំង​នោះ។ វីដេអូ​ឃ្លីប​ដំបូង​​បង្ហាញ​ពី​ដំបង​ឈើ​មួយ​បាវ​ដែល​ដាក់​ចុះពី​រថយន្ត ហើយ​ចែក​ចាយ​​ឲ្យ​ក្រុម​សន្តិ​​សុខ​ ដែល​បន្ទាប់​មក​បាន​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​តំបន់​ដែល​អ្នក​តវ៉ា​ជួបជុំគ្នា​។

លោក សុជាតិ បាន​​​និយាយ​ជា​ថ្មី​ម្ដង​ទៀត​ដោយ​សួរ​ថា “​តើ​យើង​ដឹង​ថា​វីដេអូឃ្លីប​នេះ​​​​បាន​មក​ពី​ថ្ងៃ​ទី​១៥​ កក្កដាដោយ​រៀប​ណា?”

ពេល​នោះ​មេធាវី​ការ​ពារ​បាន​បង្ហាញ​រូប​ថត​ដែល​ត្រូវ​បាន​គេ​ប្រមូល​ផ្ដុំ​ដើម្បី​រំឭក​ដល់​ខួប​១ឆ្នាំ​ ចាប់តាំងពី​អំពើ​កុបកម្មកើត​​ឡើង ហើយ​ត្រូវ​បាន​យក​មក​ដាក់​ពី​លើ​កាល​បរិច្ឆេទ​​​​ថ្ងៃទី​១៥ ខែ​កក្កដា ឆ្នាំ​២០១៥។

ចៅក្រម មករន្ទ បាន​អនុញ្ញាត​ឲ្យ​ពិនិត្យ​មើល​មុន​​ពេល​ផ្ដល់​​ឲ្យ​ចុង​ចោទ​និយាយ​ជា​ចុង​​ក្រោយ​ថា តើ​ចំណុច​មួយ​ណា​ដែល​ពួកគេ​បាន​​​ស្នើ​សុំ​ឲ្យ​​ពន្យារពេល​មួយ​ថ្ងៃ ពីព្រោះ​មេធាវី​របស់​ពួកគេ​មិន​មាន​វត្តមាន ហើយ​ពួកគេ​មិន​បាន​ត្រៀម​សំណុំរឿង​មក​បញ្ចប់នោះ​​។

លោក​ ជំរឿន បាន​និយាយ​ថា “​យើង​ស្នើ​សុំពេល​វេលា​បន្ថែម​ទៀត​ ដើម្បី​យក​វីដេអូ​ឃ្លីប​ដែល​បង្ហាញ​ពី​ការ​តវ៉ា​តាំង​ពី​ដើម​រហូត​ដល់​ចប់”​។

លោក សុវណ្ណារ៉ា ក៏​បាន​សុំ​ឲ្យ​មាន​ការ​បញ្ជាក់ពី​ការ​ចោទ​ប្រកាន់​​ពាក់​ព័ន្ធ​ការ​ដឹកនាំ​ និង​ការ​ចូល​រួម​ក្នុង​ចលនា​កុបកម្មផងដែរ ​​ដែល​ក្រម​ព្រហ្មទណ្ឌ​ចែង​ថា ការ​ប្រើ​អំពើ​ហិង្សា​រួម​ណាមួយ​អាច​​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ស្ថាប័ន​នានា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​​ ឬ​រំលោភ​សុចរិតភាព​នៃ​អធិបតេយ្យ​ជាតិ​។

លោក​ថ្លែង​ថា “​តើ​តុលាការ​អាច​កំណត់​ព​ី​ភាព​ខុស​គ្នា​រវាង​បាតុកម្ម និង​កុបកម្ម​បានទេ? នេះ​មិន​មែន​ជា​អំពើ​កុបកម្ម​ទេ។ ក្រុមអ្នក​តវ៉ា​​​​មិន​បាន​ប្រើ​កម្លាំង​​​ទៅ​គ្រប់​គ្រង​ក្រសួង​ព័ត៌មាន ​​ឬ​ស្ថាប័ន​​រដ្ឋាភិបាល​ណាមួយ​ឡើយ​។ នេះ​គឺ​ជា​បាតុកម្ម​”។

លោក ចេង ប៉េងហាប់ មេធាវី​​តំណាង​ដើម​ចោទ​បានសំណូមពរ​ថា ចុង​ចោទ​ទាំង​១១​នាក់​ត្រូវ​កាត់​ឲ្យ​ជាប់​ទោស​ពីបទ​កុបកម្ម​ ដែល​អាច​មាន​ទោស​ជាប់​ពន្ធនាគារ​រហូត​ដល់​៣០​ឆ្នាំ​ ចំណែក​លោក សុជាតិ ក៏​បាន​​លើក​ឡើង​​​​​ដូច្នេះ​ដែរ​។

ព្រះរាជអាជ្ញារង​រូប​នេះ​​ថ្លែង​ថា “​ការ​តវ៉ា​នេះ​ត្រូវ​បាន​គ្រោង​ទុក។ ពួកគេ​បាន​រៀប​ចំ​​​កិច្ច​ប្រជុំ​មុន​​ពេល​មាន​ការ​តវ៉ា​។ បំណង​របស់​ពួកគេ​​គឺ​ដើម្បី​រំដោះ​ទីលាន​ប្រជាធិប​តេយ្យ”។

ដោយ​ផ្ដល់​ឱកាស​ឲ្យ​លោកស្រី​បិទ​ទឡ្ហីករណ៍ លោកស្រី ស៊ូដាឡែន ដែល​ជាមេធាវី​តែ​ម្នាក់​​​​គត់​តំណាង​ចុង​ចោទ​ទាំង​អស់​បាន​លើក​ឡើង​​ថា លោកស្រី​ក៏​មិន​បាន​ត្រៀម​ខ្លួន​​ដើម្បី​បញ្ចប់​​​សំណុំរឿង​នេះ​ដែរ ហើយ​បាន​ស្នើ​សុំ​ពន្យារ​ពេល​។

​​​លោក ឃិន ជំរឿន ប្រធាន​​​យុវជន​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​រាជធានីភ្នំពេញ​​​ត្រូវ​​​បាន​​​អម​​​ចេញ​​​ពី​​​សាលា​​​ដំបូង​​​រាជ​​​ធានី​​​ កាល​​​ពីម្សិលមិញ បន្ទាប់​​​ពី​​​ត្រូវ​​​បានផ្តន្ទាទោស​​​ដាក់​​​ពន្ធនាគារ​​​២០​​​ឆ្នាំ​​​ពីបទ​​​ដឹក​​​នាំ​​​កុបកម្ម​​​។ រូបថតៈ ស៊ីវ ចាន់ណា/The Cambodia Daily
​​​លោក ឃិន ជំរឿន ប្រធាន​​​យុវជន​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​រាជធានីភ្នំពេញ​​​ ត្រូវ​​​បានបណ្តើរ​​​​ចេញ​​​ពី​​​សាលា​​​ដំបូង​​​រាជ​​​ធានី​​​ កាល​​​ពីម្សិលមិញ បន្ទាប់​​​ពី​​​តុលាការ​​​​បានផ្តន្ទាទោស​​​ដាក់​​​ពន្ធនាគារ​​​២០​​​ឆ្នាំ​​​ពីបទ​​​ដឹក​​​នាំ​​​កុបកម្ម​​​។ រូបថតៈ ស៊ីវ ចាន់ណា/The Cambodia Daily

សំណើ​របស់​លោកស្រី​ត្រូវ​បាន​បដិសេធ​ ហើយ​ចៅក្រម​ទាំង​អស់​បាន​ចាក​ចេញ​​ពី​សាល​​សវនាការ​ដើម្បីពិចារណា។ នៅ​ពេល​​នគរ​បាល​យុត្តិធម៌​​ចាប់​ផ្ដើម​ចូល​បន្ទប់​ពីរ​បី​នាទី​ក្រោយ​មក លោក​​ កែ ឃីម ជាមួយ​នឹង​ចុង​ចោទ​​​១០​នាក់​ទៀត​បាន​ចំណាយ​ពេល​​៥​ខែ​នៅ​ក្នុង​ពន្ធនាគារ​​មុន​ពេល​ទទួល​បាន​ការ​ឲ្យ​នៅ​ក្រៅ​ឃុំ​នោះ បាន​បង្ហាញ​ពី​ការ​អស់​សង្ឃឹម​។

ដោយ​ចេញឈ្មោះ​ពន្ធនាគារ​​នៅ​ជាយ​រាជ​ធានី​ភ្នំពេញលោក​បាន​ស្រែក​ថា ”ព្រៃស”​។ ចៅក្រម​​ត្រឡប់​មក​វិញ ហើយ​បាន​​សម្រេច​​​​សាល​ក្រម​របស់​ខ្លួន ដែល​រួម​មាន​ការ​ផ្ដល់​សំណង​ជា​ប្រាក់​រាប់​ពាន់​ដុល្លារ​ដល់​ភាគី​រង​របួស​ម្នាក់ៗ​ ហើយ​បន្ទាប់​មក​បាន​បង្គាប់​ឲ្យ​នគរ​បាល​ចាប់​ខ្លួន​បុរស​ទាំង​នេះ ហើយ​នាំ​ពួកគេ​ចេញទៅ​។

នៅម្ខាង​​​ផ្លូវ​​ យា៉ាង​ហោច​ណាស់​មាន​រថយន្ត​នគរ​​​​​បាល​រាជធានី​​ប្រាំមួយ​គ្រឿង​បាន​ដឹកប៉ូលិស​សុទ្ធ​តែ​កាន់​​កាំភ្លើង​បង្ក្រាប​កុបកម្ម​ និង​រថយន្ត​​​គ្រប់គ្រង​ក្រុម​​មនុស្ស​​ប្រាំមួយ​គ្រឿង​ទៀត​បាន​ត្រៀម​នៅ​ខាង​ក្នុង​​ពហុកីឡ​ដ្ឋាន​ជាតិ​អូឡាំពិក​។

ខណៈដែល​លោក​ត្រូវ​បានគេ​​រុញ​ចូល​ទៅ​ក្នុង​រថយន្ត​នគរ​បាល​ លោក​ ឃីម បាន​ស្រែក​ឡើង​  ហើយលោក សុវណ្ណារ៉ា ​បាន​ទះ​ខ្នង​គាត់​តិចៗ​ ​ហើយ​និយាយ​ថា “​វា​គ្រាន់​តែ​ជា​ល្បែង​ប៉ុណ្ណោះ។ វា​គ្រាន់​តែ​ជា​ល្បែង​​ប៉ុណ្ណោះ​”៕ សារុន​​​​​​​​​​​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស