28 C
Phnom Penh

ប្រទេស​​​កម្ពុជា​ ស្នើ​ឲ្យ​នគរ​បាល​អន្តរ​​​ជាតិ​​​អាំងទែប៉ូល​ជួយតាម​​ប្រមាញ់​​​​មេខ្លោង​​គ្រឿង​ញៀនដ៏ធំ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​​បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា បុរស​ជនជាតិ​ខ្មែរ​​ម្នាក់​​ត្រូវ​បាន​កត់​ត្រា​ចូល​ក្នុង​បញ្ជី​​ឈ្មោះ​ឧក្រិដ្ឋជន​​ដែល​សមត្ថកិច្ច​ចង់​​ចាប់​ខ្លួន​បំផុត​របស់​នគរ​បាល​អាំងទែប៉ូល ហើយ​គេ​គិត​ថា ​ជន​នេះ​កំពុង​លាក់​ខ្លួន​នៅ​ក្នុង​ប្រទេស​ឡាវ ឬភូមា​ បន្ទាប់ពី​​គេច​ពី​នគរ​បាល​​កាលពី​ខែ​មុន នៅ​ពេល​នគរ​បាល​ព្យាយាម​តាម​ចាប់​ខ្លួន​​ពីបទ​ដឹកនាំ​ក្រុម​ជួញដូរ​ថ្នាំញៀន​​អន្តរ​ជាតិ​​មួយ​ដែល​​មាន​ទឹក​ប្រាក់​​ជា​ច្រើន​​លាន​ដុល្លារ​។

​លោក លឹម សុខារស្មី ប្រធាន​ស្ដីទី​នៃ​ការិយា​ល័យ​នគរ​បាល​អាំងទែប៉ូល​កម្ពុជា ​លើក​ឡើង​​​ថា នគរ​បាល​អាំងទែប៉ូល​​​​បាន​ចេញ​និវេទន៍​​ក្រហម​​តាម​ចាប់​ខ្លួន​បុរស​ឈ្មោះ ដាំ ញ៉ា អាយុ​​​៥៣​ឆ្នាំ ​កាលពី​ពីរ​សប្ដាហ៍មុន​ ប៉ុន្តែ​​មិន​ចាំ​​ច្បាស់​​​ថា​ពេល​ណា​ឲ្យ​ប្រាកដ​ទេ​។

លោក​បាន​មាន​ប្រសាសន៍​ថា ”​ជន​នេះ​​ [ជាប់​ពាក់​ព័ន្ធ]​ នៅ​ក្នុង​​ករណី​​​​ជួញដូរ​ថ្នាំ​មេតំ​ហ្វេតាមីន​ទម្ងន់​៥៥​គីឡូក្រាម​ ដែលនគរ​បាល​​​បាន​រឹបអូស​នៅ​ក្នុង​រាជធានី​ភ្នំពេញ”។

សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​ចេញ​ដីកា​​​​តាម​​ចាប់​ខ្លួន​ជន​នេះ​​កាលពី​ចុង​ខែ​មិថុនា ដើម្បី​​​​នាំខ្លួន​មក​សាកសួរ​អំពី​ក្រុម​ជួញដូរ​គ្រឿង​ញៀន​ ដែល​នគរ​បាល​បាន​បង្ក្រាប​ប៉ុន្មាន​ថ្ងៃ​មុន​ពេល​ចេញ​ដីកា​។ ប៉ុន្តែ​នៅ​ពេល​នគរ​បាល​​​​​ឆ្មក់ចូល​ផ្ទះ​របស់​​បុរស​រូប​នេះ​​​ក្នុង​ខេត្ត​ស្ទឹង​ត្រែង បុរស​រូប​នេះ​បាន​គេច​ខ្លួន​​បាត់ ហើយ​បាន​​បាត់​ខ្លួន​តាំង​ពី​ពេល​នោះ​មក​។

លោក ម៉ក់ ជីតូ អគ្គស្នង​ការ​រង​នគរ​បាល​ជាតិ​​បាន​លើក​ឡើង​កាលពី​ម្សិលមិញ​ថា នគរ​បាល​ជឿជាក់​ថា ជន​ដែល​គេ​គិត​ថា​ជា​មេខ្លោង​​​ម្នាក់​​ក្នុង​ចំណោម​មេខ្លោង​​របស់​ក្រុម​ជួញដូរ​គ្រឿង​ញៀន​​​​នេះ​​បាន​ចេញពី​ប្រទេស​កម្ពុជា​ហើយ​។លោក​បាន​មាន​ប្រសាសន៍​ថា ”​យើង​​​​គិត​ថា ជន​នេះ​ប្រហែល​ជា​នៅ​ប្រទេស​ឡាវ ឬ​ភូមា ហើយ​នគរ​បាល​អាំង​ទែប៉ូល​កំពុង​តែ​តាម​ស្វែង​រក​”៕ ស៊ុយឈាង​​​​​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស