ពេលចេញពីកិច្ចប្រជុំរយៈពេលប្រាំម៉ោង នៅព្រឹទ្ធសភានៅថ្ងៃនេះកាលពីឆ្នាំមុនលោក នាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោក សម រង្ស៊ី ប្រធានាគណបក្សប្រឆាំងបានថតរូបរួមគ្នា ក្នុងភាពស្និទ្ធស្នាលរាក់ទាក់គួរឱ្យកត់សម្គាល់ បន្ទាប់ពីមានការតវ៉ាកាន់តែខ្លាំងឡើងៗអស់ រយៈពេលមួយឆ្នាំដើម្បីទាមទារឱ្យនាយករដ្ឋមន្ត្រីដែលកាន់តំណែងដុះស្លែរបស់កម្ពុជា ចុះចេញពីតំណែង។

ឈរនៅខាងមុខក្រុមដឹកនាំការចរចាដែលមកពីគណបក្សទាំងពីរ និងបញ្ចេញស្នាមញញឹមស្ទើរបិទមាត់មិនជិត មេដឹកនាំទាំងពីរបានចាប់ដៃគ្នារលាក់ហាក់ដូចជាភ្លេចអស់នូវឆ្នាំកន្លងទៅដែលធ្លាប់តែគំរាមគ្នាទៅវិញទៅមក និងមានការបង្ក្រាបដ៏ហិង្សា។
នៅពេលលោក ហ៊ុន សែន បានសន្យាថានឹងធ្វើកំណែទម្រង់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) នៅមុនការបោះឆ្នោតក្នុងឆ្នាំ២០១៧ និងឆ្នាំ២០១៨ ហើយក៏នឹងធ្វើឱ្យមានបរិយាកាសនយោបាយកាន់តែបើកទូលាយដែលពេលនេះបានបំពេញរួចទៅហើយនោះ លោក សម រង្ស៊ី ក៏បានបញ្ចប់ការធ្វើពហិការរបស់គណបក្សសង្គ្រោះជាតិមិនចូលសភា ហើយបានប្តេជ្ញាចិត្តធ្វើការរួមគ្នាជាមួយគណបក្សប្រជាជនកម្ពុជាកំពុងកាន់អំណាច។
មួយឆ្នាំក្រោយមក គ.ជ.ប.ថ្មីកំពុងតែដំណើរការនៅពេលនេះ គណបក្សសង្គ្រោះជាតិកំពុងត្រៀមបើកដំណើរការស្ថានីយទូរទស្សន៍របស់ខ្លួន ដែលជាស្ថានីយទូរទស្សន៍ដំបូងគេបង្អស់របស់គណបក្សប្រឆាំងនៅក្នុងប្រទេសកម្ពុជា ហើយគណបក្សទាំងពីរបានឈានដល់កិច្ចព្រមព្រៀងដែលមិនធ្លាប់មានពីមុនមក ដើម្បីក្រោកឡើងប្រឆាំងការឈ្លានពានព្រំដែនពីសំណាក់វៀតណាម។
លោក សម រង្ស៊ី បានមានប្រសាសន៍ថា “កិច្ចព្រមព្រៀងនេះកំពុងដំណើរការយ៉ាងរលូន ពីព្រោះចំណុចសំខាន់គឺ គ.ជ.ប.។ គ.ជ.ប. ត្រូវបានបង្កើតឡើងហើយ ហើយកំពុងតែដំណើរការតាមការរំពឹងទុក។ ចំណុចទី២ គឺការបញ្ចប់អំពើហិង្សានយោបាយ ហើយលែងមានបរិយាកាសបំភិតបំភ័យ និងការភ័យខ្លាចទៀតហើយនៅក្នុងប្រទេស”។
ការបង្កើត គ.ជ.ប.ថ្មីមួយដែលមានអព្យាក្រឹតភាពជាងមុនបន្ទាប់ពីមានលទ្ធផលបោះឆ្នោតចម្រូងចម្រាសជាច្រើនឆ្នាំ និងបរិយាកាសនយោបាយកាន់តែបើកទូលាយ គឺជាគោលបំណងចម្បងៗរបស់គណបក្សសង្គ្រោះជាតិនៅក្នុងការចុះកិច្ចព្រមព្រៀងថ្ងៃ២២ កក្កដានោះ អត្ថប្រយោជន៍សម្រាប់រដ្ឋាភិបាលគឺការកាត់បន្ថយអំណាចរបស់គណបក្សប្រឆាំង។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី បានមានប្រសាសន៍ថា “កិច្ចព្រមព្រៀងនេះបានធានាស្ថិរភាព និងសន្តិសុខក្នុងសង្គមកម្ពុជា ប៉ុន្តែកិច្ចព្រមព្រៀងនេះគឺជាការរៀនសូត្ររវាងគណបក្សប្រជាជន និងគណបក្សសង្គ្រោះជាតិ ហើយនោះជាមូលហេតុដែលយើងហៅវាថា ‘វប្បធម៌សន្ទនា’។ យើងបាននិងកំពុងព្យាយាមធ្វើឱ្យគណបក្សសង្គ្រោះជាតិស៊ីវិល័យដូចគណបក្សផ្សេងៗទៀត ដែលមានសមត្ថភាពធ្វើជាដៃគូ”។
លោក គល់ បញ្ញា នាយកប្រតិបត្តិនៃគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (ខុមហ្វ្រែល) បានលើកឡើងថា សូម្បីគណបក្សសង្គ្រោះជាតិកំពុងទទួលបានជ័យជម្នះនៅក្នុងការធ្វើកំណែ ទម្រង់បោះឆ្នោតក៏ដោយ ក៏ប្រឆាំងដែលរក្សាជំហរសន្តិភាពនិយម បានធ្វើឱ្យគណបក្សប្រជាជនកម្ពុជា ងាយស្រួលច្រើន។

លោកបានថ្លែងទៀតថា “បញ្ហា នេះនៅត្រង់ការអនុវត្ដកំណែទម្រង់បោះឆ្នោតជាមួយនឹងច្បាប់បោះឆ្នោតថ្មីដែលមានហានិភ័យហាមឃាត់សិទ្ធិនិងសេរីភាពរបស់ពលរដ្ឋមិនឱ្យចូលរួមនៅក្នុងសកម្មភាពបោះឆ្នោត”។
លោកបានលើកឡើងអំពីការចុះញ៉មរបស់គណបក្សសង្គ្រោះជាតិចំពោះការទាមទាររបស់គណបក្សប្រជាជនកម្ពុជា កាលពីដើមឆ្នាំនេះថា ច្បាប់បោះឆ្នោតថ្មីនេះរាប់ បញ្ចូលបម្រាមមិនច្បាស់លាស់លើអ្នក “ប្រមាថ” អ្នកនយោបាយ និង “ការលម្អៀង” របស់បុគ្គលិកអង្គការមិនមែនរដ្ឋាភិបាល ព្រមទាំងជោគជ័យរបស់គណបក្សប្រជាជនកម្ពុជា នៅខែនេះក្នុងការជំរុញឱ្យចេញច្បាប់ថ្មីស្តីពីអង្គការមិនមែនរដ្ឋាភិបាល ដែលគំរាមបង្ក្រាបបណ្តាអង្គការសង្គមស៊ីវិល។
លោកបានមានប្រសាសន៍ទៀតថា “ក៏គ្មានការសន្ទនាស្ថាបនាដែរអំពីច្បាប់អង្គការមិនមែនរដ្ឋាភិបាល។ គណបក្សប្រជាជន បានជំរុញច្បាប់អង្គការមិនមែនរដ្ឋាភិបាលក្នុងបំណងបង្ក្រាបសង្គមស៊ីវិល ហើយគណបក្សប្រឆាំងគ្មានសមត្ថភាពធ្វើឱ្យគណបក្សប្រជាជនស្តាប់ និងពិភាក្សាអំពីច្បាប់នេះទេ។ គណបក្សប្រជាជនព្យាយាមប្រើប្រាស់គ្រប់មធ្យោបាយ ដើម្បីរឹតបន្តឹងសេរីភាពបញ្ចេញមតិ។ វាជាមូលហេតុដែលគេបង្កើតវប្បធម៌សន្ទនា ដែលគេបានដាក់បញ្ចូលចំណុចទាំងនោះទៅក្នុងច្បាប់បោះឆ្នោត ដើម្បីរឹតបន្តឹងសេរីភាពបញ្ចេញមតិ ហើយក៏បានបង្កើតច្បាប់អង្គការមិនមែនរដ្ឋាភិបាល”។
ប៉ុន្តែលោក ផៃ ស៊ីផាន បានលើកឡើងថា ទោះបីជាមានការព្រមព្រៀងគ្នាជាមួយគណ បក្សសង្គ្រោះជាតិក៏ដោយ ក៏មន្ត្រីមួយចំនួននៅក្នុងជួររដ្ឋាភិបាលកាន់តែមានការព្រួយបារម្ភថា ក្រុមតំណាងរាស្ត្រគណបក្សប្រឆាំងបានប្រើប្រាស់ដំណោះស្រាយរាងបន្ធូរដៃរបស់គណបក្សប្រជាជនកម្ពុជា ដើម្បីកេងចំណេញនយោបាយលើគណបក្សកំពុងកាន់អំណាច។
លោកបានមានប្រសាសន៍ទៀតថា ”អ្នកខ្លះប្រើវប្បធម៌សន្ទនាដើម្បីបម្រើផលប្រយោជន៍ផ្ទាល់ខ្លួន។ គណបក្សសង្គ្រោះជាតិធ្លាប់ជាគណបក្សប្រឆាំង ប៉ុន្តែ យើងសង្ឃឹមថា [ពួកគេ] នឹងកាត់បន្ថយសកម្មភាពរបស់ខ្លួន ហើយរំពឹងថា ពួកគេនឹងធ្វើខ្លួនឯងប្រសើរ។ឧទាហរណ៍ពាក់ព័ន្ធបញ្ហាព្រំដែនរវាងកម្ពុជា និងវៀតណាមគណបក្សសង្គ្រោះជាតិបានធ្វើការតែម្នាក់ឯងពួកគេក្លាយជាសកម្មជនផង និងជាសន្តិសុខការពារព្រំដែនផង គឺដើម្បីធ្វើឲ្យខ្លួនឯងមានប្រជាប្រិយភាព និងញុះញង់ឲ្យពលរដ្ឋស្អប់រដ្ឋាភិបាលតែប៉ុណ្ណោះ”។
លោកបានថ្លែងបន្តថា “នៅក្នុងសង្គមបើកទូលាយបែបនេះ គណបក្សសង្គ្រោះជាតិអាចឆ្លៀតឱកាស ហើយប្រើប្រាស់បញ្ហានេះប្រឆាំងរដ្ឋាភិបាលដើម្បីប្រយោជន៍នយោបាយរបស់ខ្លួន ស្របពេលការបោះឆ្នោតឃុំ-សង្កាត់កាន់តែខិតជិតមកដល់។ យើងមានការព្រួយបារម្ភប៉ុន្តែ វាមិនទាន់ដល់ពេលត្រូវបញ្ចេញប្រតិកម្មទេ”។ រដ្ឋាភិបាលរបស់លោក ហ៊ុន សែន ខ្លួនឯង [ដែលត្រូវបានបង្កើតឡើងអំឡុងវៀតណាមកាន់កាប់កម្ពុជាក្នុងទសវត្សរ៍ឆ្នាំ១៩៨០] បានបន្តប្រកាន់ជំហរថ្មីលើបណ្តឹងចាស់ៗរបស់គណបក្សប្រឆាំងពាក់ព័ន្ធអន្តោប្រវេសន៍ខុសច្បាប់និងការឈ្លានពានព្រំដែនពីសំណាក់វៀតណាម។
ប្រហែលមួយសប្តាហ៍បន្ទាប់ពីកិច្ចព្រមព្រៀងថ្ងៃ២២កក្កដា ត្រូវបានចុះហត្ថលេខាឯកភាពកាលពីឆ្នាំមុន លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានលើកឡើងថា រដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា នឹងពិចារណាសំណើរបស់លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ ដែលស្នើឲ្យបញ្ចប់បញ្ហាជនជាតិវៀតណាមធ្វើអន្តោប្រវេសន៍មករស់នៅក្នុងប្រទេសកម្ពុជាដោយគ្មានឯកសារត្រឹមត្រូវ។
លោកមានប្រសាសន៍នៅក្នុងកិច្ចសម្ភាសន៍តាមវិទ្យុកាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំមុនថា ” និយាយឲ្យខ្លី យើងនឹងគ្រប់គ្រងពួកគេតាមច្បាប់អន្តោប្រវេសន៍របស់យើង។ ប្រសិនបើពួកគេមកដោយខុសច្បាប់ យើងនឹងអនុវត្តតាមច្បាប់របស់យើង ហើយមិនអនុញ្ញាតឲ្យពួកគេដើរហើរដោយសេរី និងគ្មានសណ្តាប់ធ្នាប់ឡើយ”។
ចាប់តាំងពីពេលនោះមក នគរបាលអន្តោប្រវេសន៍ប្រមូលជនអន្តោប្រវេសន៍ជនជាតិវៀតណាមខុសច្បាប់ បានប្រហែល២.៥០០នាក់ ហើយបានបញ្ជូនពួកគេទៅវៀតណាមវិញ។ ហើយក្នុងពេលថ្មីៗនេះរដ្ឋាភិបាលក៏បានផ្ញើកំណត់ទូតជាបន្តបន្ទាប់ទៅវៀតណាមផងដែរ ដើម្បីទាមទារឲ្យវៀតណាមដកខ្លួនចេញពីតំបន់ផ្សេងៗនៅក្នុងទឹកដីកម្ពុជាតាមបណ្តោយព្រំដែនភាគខាងកើត។
ចំពោះគណបក្សសង្គ្រោះជាតិវិញ បានបញ្ជូនតំណាងរាស្ត្ររបស់ខ្លួនទៅពិនិត្យមើលស្ថានភាពឈ្លានពានព្រំដែន ស្របពេលដែលខ្លួនកំពុងតតាំងជាសាធារណៈជំុវិញការបដិសេធរបស់រដ្ឋាភិបាលមិនព្រមបង្ហាញផែនទីព្រំដែនដែលត្រូវបានប្រើសម្រាប់កំណត់បង្គោលព្រំដែនដើម្បីបញ្ជាក់ថាគ្មានការកាត់ដីឲ្យវៀតណាម។
លោក សម រង្ស៊ី បានលើកឡើងថា ការផ្ទុះអំពើហិង្សាពេលចុះទៅតំបន់ព្រំដែនដោយគណបក្សប្រឆាំង ដូចជាការប៉ះទង្គិចគ្នាអំឡុងពេលលោក រៀល ខេមរិន្ទ្រ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ បានចុះទៅតំបន់ព្រំដែនក្នុងខេត្តស្វាយរៀងកាលពីថ្ងៃទី២៨ ខែមិថុនាជាដើម អាចធ្វើឲ្យប៉ះពាល់ដល់កិច្ចព្រមព្រៀងថ្ងៃ២២ កក្កដា។
លោកបានមានប្រសាសន៍ថា “ខ្ញុំមិននិយាយអំពីថ្នាក់លើទេ ប៉ុន្តែ អ្នកខ្លះប្រហែលជាមិនសប្បាយចិត្តដែលគណបក្សសង្គ្រោះជាតិអាចប្រមូលមនុស្សបានយ៉ាងច្រើនដើម្បីលើកឡើងពីបញ្ហានេះ ហេតុដូច្នេះពួកគេប្រហែលជាបង្កើតឲ្យមានបញ្ហាដើម្បីយកលេសបំផ្លាញវប្បធម៌សន្ទនា”។
លោកបានមានប្រសាសន៍បន្ថែមថា ”ហេតុដូច្នេះយើងត្រូវតែធានាឲ្យបានថា គ្មានការរំលោភបំពានសិទ្ធិមនុស្សលើជនជាតិវៀតណាម។ ទោះបីក្នុងស្ថានមួយដែលកំពុងតែមានភាពតានតឹងតាមព្រំដែនក៏ដោយ ក៏យើងចាំបាច់ត្រូវតែមានការប្រុងប្រយ័ត្ន និងការពារកុំឲ្យកើតមានបញ្ហាមិនអាចគ្រប់គ្រងបានដែលធ្វើឲ្យមានភាពតានតឹងជាមួយសហគមន៍ជនជាតិវៀតណាម”។
ប៉ុន្តែលោកសង្ឃឹមថា ការរក្សាសន្តិភាពជាមួយរដ្ឋាភិបាលចាប់តាំងពីពេលមានកិច្ចព្រមព្រៀងកាលពីឆ្នាំមុនមកអាចបន្តទៅមុខទៀត។ លោកបានមានប្រសាសន៍ថា ”យើងត្រូវតែរក្សាគំនិតសុទិដ្ឋិនិយមដោយសមហេតុផល។ មានសង្ឃឹមឡើង។ យើងកំពុងខិតខំឲ្យអស់ពីសមត្ថភាពដើម្បីកុំឲ្យនរណាម្នាក់អាចយកលេសមកបង្ក្រាបយើងបាន”៕ សុខុម និង ស៊ុយឈាង