ពានរង្វាន់ថ្មីដែលប្រគល់ជូនចំពោះតួនាទីប្រព័ន្ធផ្សព្វផ្សាយព័ត៌មានក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយ កាលពីម្សិលមិញត្រូវបានផ្តល់ដល់អ្នកកាសែតក្នុងស្រុកចំនួនប្រាំរូប ដែលអត្ថបទរបស់ពួកគេបង្ហាញពីសកម្មភាពពុករលួយនានា បង្ហាញពីរបាយការណ៍សើុបអង្កេតដែលអាចបំបែកឧបសគ្គដែលធ្វើឲ្យរាំងស្ទះដល់ការអភិវឌ្ឍរបស់កម្ពុជា។

បើទោះជាអំពើពុករលួយរីករាលដាលក៏ដោយ ក៏ការស៊ើបអង្កេតបញ្ហានេះបានបង្ហាញពីភាពប្រថុយប្រថានដោយអ្នកកាសែតជាង១២នាក់ត្រូវបានសម្លាប់នៅពេលបំពេញការងាររបស់ខ្លួន ហើយមនុស្សផ្សេងទៀតរាប់មិនអស់បានក្លាយជាអ្នកជាប់ពាក់ព័ន្ធ។
ការប្រកួតប្រជែងពានរង្វាន់អ្នកសារព័ត៌មានឆ្នើមសម្រាប់អត្ថបទរាយការណ៍ពីអំពើពុករលួយនៅប្រទេសកម្ពុជាឆ្នាំ២០១៥ ត្រូវបានផ្តល់នៅសណ្ឋាគារហ៊ីម៉ាវ៉ារី ក្នុងរាជធានីភ្នំពេញដោយក្លឹបអ្នកកាសែតកម្ពុជា អង្គការតម្លាភាពអន្តរជាតិ នៅកម្ពុជា ក្រសួងព័ត៌មាននិងអង្គភាពប្រឆាំងអំពើពុករលួយ (ACU)។ អំឡុងពិធីនោះ លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានថ្លែងសុន្ទរកថាដោយផ្តល់ដំបូន្មានលាយឡំគ្នាដែលខ្លះជាក់ស្តែង ខ្លះពិបាកយល់ដល់អ្នកសារព័ត៌មានដែលបានចូលរួម។លោកក៏បានណែនាំឲ្យអង្គការតម្លាភាពអន្តរជាតិ និងប្រព័ន្ធផ្សព្វផ្សាយឲ្យធ្វើការជិតស្និទ្ធជាមួយរដ្ឋាភិបាល ដោយសារលក្ខណៈស្មុគស្មាញនៃបញ្ហាដែលពោរពេញដោយភាពមិនច្បាស់លាស់។
លោកបានមានប្រសាសន៍ថា “ការរាយការណ៍ពីការប្រឆាំងអំពើពុករលួយគួរផ្អែកលើច្បាប់ប្រឆាំងអំពើពុករលួយ” ដោយបន្តផ្តល់ឧទាហរណ៍ជាច្រើនក្នុងបំណងបង្ហាញពីភាពស្មុគស្មាញពិបាកយល់នៃច្បាប់ ដែលលោកលើកឡើងថា មានតែអ្នកជំនាញអង្គភាពប្រឆាំងអំពើពុករលួយប៉ុណ្ណោះអាចស្វែងយល់បានត្រឹមត្រូវ។
លោក ឱម យ៉ិនទៀង បានក្រើនរំឭកថា ប្រសិនបើអ្នកសារព័ត៌មានមិនគោរពតាមច្បាប់នៅពេលធ្វើសេចក្តីរាយការណ៍ ពួកគេប្រឈមនឹងការរិះគន់ពីសំណាក់ប្រជាជនស្លូតត្រង់។
លោកបានមានប្រសាសន៍ថា “អ្នកកាសែតគួរសរសេរអត្ថបទផ្អែកលើច្បាប់ ពីព្រោះប្រសិនបើពួកគេមិនមានភ័ស្តុតាងគ្រប់គ្រាន់ពួកគេអាចធ្វើឲ្យប៉ះពាល់ដល់អ្នកដែលមិនមានកំហុស”។
លោក ឱម យ៉ិនទៀង បានមានប្រសាសន៍ ថា គោលបំណងសារព័ត៌មានគួរអប់រំសង្គម មិនមែនបង្កបញ្ហានោះទេ ហើយថា ត្រូវយកចិត្តទុកដាក់ឲ្យបានខ្ពស់ដើម្បីចៀសវាងការចោទប្រកាន់ដោយគ្មានបញ្ជាក់ការពិត។ លោកបានបន្ថែមថា សូម្បីពេលខ្លះ ស្ថានភាពខ្លះត្រូវលាក់ការពិតទុក។
លោកបានថ្លែងថា “ការបង្ហាញការពិតទាំងមូល… ជួនកាលមិនល្អទេ… យើងមិនចង់កុហកប្រពន្ធរបស់យើងទេ ប៉ុន្តែយើងដឹងថា ជួនកាលគាត់មិនគួរដឹងទេ”។
មានប្រសាសន៍បន្ទាប់ពីពិធីនោះ លោក ឱម យ៉ិនទៀង បានពន្យល់ពីរបៀបដែលខ្លួនលោកផ្ទាល់ចៀសវាងមិនទទួលសំណូក។
ដោយសំដៅដល់ស្ថាប័ន អង្គភាពប្រឆាំងអំពើពុករលួយ ទទួលបន្ទុកពិនិត្យអំពើពុករលួយក្នុងចំណោមមន្ត្រី លោកបានថ្លែងថា “នៅព្រឹកនេះខ្ញុំទទួលបានក្រវាត់កមានតម្លៃជាទឹកប្រាក់៣០០ដុល្លារហើយខ្ញុំបានប្រគល់វាទៅក្រុមប្រឹក្សាពិន័យដើម្បីដាក់លក់”។
លោកបានបន្ថែមថា “ខ្ញុំពិតជាចង់បានក្រវាត់កទាំងនេះ ដូច្នេះ ក្រុមប្រឹក្សាពិន័យនឹងគិតថ្លៃពីខ្ញុំ២៩៩ដុល្លារ សម្រាប់ក្រវាត់កទាំងនោះ ដូច្នេះខ្ញុំអាចប្រើវាបាន”៕ សារុន