29 C
Phnom Penh

គណ​បក្ស​សង្គ្រោះ​​ជាតិ​​​ថា ​ការផ្តន្ទាទោស​​សកម្ម​ជន​របស់​ខ្លួន​រំលោភ​កិច្ច​ព្រម​ព្រៀង​​នយោបាយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គណ​​បក្ស​​សង្គ្រោះ​​ជាតិ​​បាន​លើក​ឡើង​នៅ​ក្នុងសេច​ក្តី​ថ្លែង​ការណ៍​​មួយ​​កាល​ពី​ម្សិល​មិញ​ថា ការផ្តន្ទា​ទោស​សកម្ម​ជនគណ​បក្ស​ប្រឆាំង​ចំនួន​១១​រូប​​កាល​ពី​​ថ្ងៃ​អង្គារ ​តាម​ការ​​​​ចោទ​ប្រកាន់​ពីបទ​​កុបកម្ម​ដែល​​​បណ្តា​​អង្គ​ការ​​សិទ្ធិ​​មនុស្ស​​​យល់​​ថា ”គួរ​​ឱ្យ​អស់​​សំណើច”​ នោះ ​​​គឺ​ផ្ទុយ​នឹង​ស្មារតី​កិច្ច​ព្រមព្រៀង​នយោ​បាយ​ដែល​បាន​បញ្ចប់​ការ​​ជាប់​គាំង​​ខាង​​​នយោ​បាយ​រយៈ​​ពេល​​មួយ​​ឆ្នាំ។

លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​​​ជាតិ​​បាន​ចាក​ចេញពី​​​មាតុ​ប្រទេស​​​កាល​ពី​យប់​​​ថ្ងៃ​អង្គារ ចំណែក​ឯ​លោក កឹម សុខា អនុប្រធាន​​​​របស់​លោក និង​លោក យ៉ែម បុញ្ញឫទ្ធិ អ្នក​នាំពាក្យ​គណបក្ស​នេះ​ មិន​អាច​ទាក់​ទង​សុំ​ការ​អត្ថាធិប្បាយ​បាន​ទេ​កាល​ពី​ម្សិលមិញ​។

សេច​ក្តី​ថ្លែង​ការណ៍​របស់​គណ​បក្ស​​នេះ គឺ​ជា​​ការ​ឆ្លើយ​តប​ផ្លូវ​ការ​តែ​មួយ​គត់​​ទៅ​នឹង​លទ្ធ​ផល​នៃ​សវនាការ​មួយ​ផ្តន្ទា​ទោស​សកម្ម​ជន​ទាំង​១១​នាក់​ឲ្យ​ជាប់​ពន្ធ​នាគារ​ចន្លោះ​ពី​៧ឆ្នាំ​ដល់​២០​ឆ្នាំ​ចំពោះ​​​ការ​ជាប់​ពាក់​ព័ន្ធ​របស់​ពួក​គាត់​នៅ​ក្នុង​​ការ​​តវ៉ា​មួយ​ដែល​បាន​ផ្ទុះ​អំពើ​ហិង្សា​​នៅ​ជិត​ទីលាន​ប្រជា​​ធិប​តេយ្យ​​​​​កាល​ពី​ថ្ងៃ​ទី​១៥​ខែ​កក្កដា ឆ្នាំមុន។

​សេច​ក្តី​ថ្លែ​ង​ការណ៍​​ពី​គណ​បក្ស​សង្គ្រោះ​ជាតិ​ដែល​បាន​​​​បញ្ចប់​​ការ​ធ្វើ​ពហិការ​មិន​ចូល​សភា​កាល​ពី​ឆ្នាំ​មុន​​ មួយ​ផ្នែក​​ជា​ថ្នូរ​នឹង​​បរិយា​កាស​នយោបាយ​ដែល​សេរី​ជាងមុន​នេះ​ ​មាន​​​​ខ្លឹម​សារ​​យ៉ាង​​ដូច្នេះថា “[ការ​​​​ផ្តន្ទា​​​ទោស​​​​នេះ​] ​គឺ​ជា​​​ការ​​​ធ្វើ​​ឱ្យ​​មាន​​​​​ភាព​​តាន​​​តឹង​​​​ខាង​​នយោ​​បាយ​​ឡើង​​វិញ ដែល​ផ្ទុយ​​នឹង​​ស្មារតី​​​កិច្ច​​ព្រម​ព្រៀង​​​នយោបាយ​​​កាលពី​ថ្ងៃ​ទី​២២ ខែ​​កក្កដា ​​ឆ្នាំ​២០១៤​កន្លង​​ទៅ​។ គណ​បក្ស​សង្គ្រោះ​ជាតិ​​សង្ឃឹម​​ថា វប្ប​ធម៌​​សន្ទនា​​​នឹង​​អាច​​​បន្ត​ដោះ​ស្រាយ​​បញ្ហា​​​របស់​​​ប្រទេស​​ជាតិ និង​​ប្រជា​​​​​​ពល​រដ្ឋ​ខ្មែរ​ ​ជា​​ពិសេស​នឹង​​បញ្ចប់​​នូវ​​ភាព​តានតឹង​នយោ​បាយ រួម​​​ទាំង​​សហ​​​ការ​​គ្នា​​ធ្វើ​ឱ្យ​​​មាន​​ការ​ដោះ​​លែង​​​សកម្ម​ជន​​​គណ​បក្ស​សង្គ្រោះ​ជាតិទាំង១១ រូប​​​ឱ្យ​មាន​សេរី​ភាព​ឡើង​វិញ​”។

កាល​ពី​ម្សិល​មិញ​ក្នុង​ពេល​មួយ​ឆ្នាំមុន ​លោក សម រង្ស៊ី ​និង​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ​បាន​​ចុះ​កិច្ច​ព្រម​ព្រៀង​​មួយ​ដែល​បាន​បញ្ចប់​ស្ថាន​ភាព​តាន​​តឹង​ខាង​នយោបាយ​ជា​​ច្រើន​ខែ ក្រោយ​ពី​​ការ​បោះ​​ឆ្នោត​ជ្រើស​តាំង​តំណាង​​រាស្ត្រ​កាល​ពី​​ខែ​កក្កដា ឆ្នាំ​២០១៣ ហើយ​ក៏​បាន​​ដោះលែង​​តំណាង​រាស្ត្រ​គណ​បក្ស​សង្គ្រោះ​ជាតិ​​ប្រាំពីរ​រូប​ ដែល​ជាប់​ពន្ធ​នា​​គារ​ដោយ​សារ​ការ​ជាប់​ពាក់​ព័ន្ធ​​របស់​ពួកគេ​​នៅ​ក្នុង​អំពើ​ហិង្សា​​​អំឡុង​​​ការ​តវ៉ា​។

​ចាប់​តាំងពី​ពេល​នោះ​មក ​​ប្រធាន​គណ​បក្ស​នយោបាយ​ទាំងពីរ​បាន​​ព្រម​ព្រៀង​ឈប់​វាយ​ប្រហារ​គ្នា​​ដោយ​ពាក្យ​សម្តី ហើយ​ងាក​មក​ពិភាក្សា​​បញ្ហា​ជាតិ​ថា​ជា​​រឿង​សំខាន់​តាម​រយៈ “វប្ប​ធម៌​​សន្ទនា” រវាង​គូ​ប្រជែង​នយោ​បាយ​​ដ៏​យូរ​​​ទាំងពីរ​។

លោក ធន សារាយ ​ប្រធាន​​អង្គការ​សិទ្ធិ​មនុស្ស​​អាដ​ហុក​ បាននិយាយ​​ថា ទោះ​ជា​​យ៉ាង​ណា អវត្ត​មាន​របស់​លោក​ សម រង្ស៊ី ក្រោយ​ពី​សវនាការ​ផ្តន្ទា​ទោស​​កាល​ពី​ថ្ងៃ​អង្គារ ​បាន​​​ធ្វើ​ឱ្យ​​គណ​បក្ស​ប្រឆាំង​មាន​​ជម្រើស​​តិច​តួច​​នៅ​​ក្នុងការ​ធ្វើ​ការ​ជា​មួូយ​​​​គណ​​​បក្ស​​កាន់​អំណាច​ ពីព្រោះ​​​ប្រធាន​គណ​បក្ស​ប្រឆាំង​រូប​នេះ​​​មាន​សិទ្ធិ​ផ្តាច់​មុខ​ក្នុង​ការ​ចូល​ជួប​លោក​នាយក​រដ្ឋ​​មន្ត្រី។

លោកបាន​មាន​ប្រសាសន៍​​កាលពី​ម្សិល​មិញ​ថា លោក សម រង្ស៊ី ”គួរតែ​​នៅ​ក្នុង​ប្រទេស ​ហើយ​ធ្វើ​ការ​ជាមួយ​បក្ស​​ដើម្បី​ដោះ​ស្រាយ​​​បញ្ហា​។ វា​ជា​​ការ​រាំង​ស្ទះ​ដល់​វប្បធម៌​សន្ទនា ​​ពីព្រោះ​​មាន​តែ​ពួក​​​​លោក​ប៉ុណ្ណោះដែល​អាច​​​ជជែកគ្នា​បាន​។ លោក កឹម សុខា​ មិន​ជជែក​ជា​មួយ​លោក ហ៊ុន សែន​ ដូច​លោក សម រង្ស៊ី នោះ​ទេ​ ហើយ​​​​នោះ​ជា​បញ្ហា​”។

​នៅ​ពេល​​​តុលាការ​សម្រេច​​សាល​ក្រម​​កាល​​​​ពី​​ថ្ងៃ​អង្គារ ​នៅ​ក្នុង​សវនាការ​​ដ៏​ឆាប់​រហ័ស​មួយ​ដែល​​ត្រូវ​បាន​បញ្ចប់​ដោយ​​មាន​វត្ត​មាន​មេធាវី​ការពារ​តែ​មួយ​រូប​ បណ្តាល​ឲ្យ​​អង្គ​ការ​សិទ្ធិ​មនុស្ស​នានា​​ចាប់​ផ្តើម​​រិះ​គន់​សេចក្តី​សម្រេច​​នេះ​​​ថា​ជា​ឧបាយ​កល​នយោ​បាយ​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា។

លោក​ស្រី ណាលី ពីឡូក ​នាយិការ​អង្គ​ការ​​​​សិទ្ធិ​មនុស្ស​​លី​កា​ដូ បាន​​​លើក​​ឡើង​នៅ​ក្នុង​សេចក្តី​ថ្លែង​​ការណ៍​​មួយ​​ថា ”ជាថ្មីម្តង​ទៀត​ ប្រព័ន្ធ​តុលា​ការរបស់ប្រទេសកម្ពុជា ​បាន​​បង្ហាញ​​​​ថា វា​​គឺ​ជា​​ឧប​ករណ៍​មួយ​​​ក្នុង​ចំណោម​​ឧបករណ៍​​​បង្ក្រាប​ដែល​​លោក ហ៊ុន សែន ចូល​​ចិត្ត​ប្រើ”។

លោក ​ការីម​ ឡាហ៊ីដជី​ (Karim Lahidji) ​​ប្រធាន​​​សហ​ព័ន្ធ​​​អន្តរជាតិ​​ដើម្បី​សិទ្ធិ​​​មនុស្ស​ (International Federation for Human Rights)​ ហៅ​កាត់​ FIDH ​​បាន​​អំពាវ​​ឱ្យ “សហ​​គមន៍​​អន្តរ​​​ជាតិ​ដាក់​សម្ពាធ” ​ដើម្បី ​“បញ្ឈប់​​លោក ​ហ៊ុន​ សែន​ កុំ​ឲ្យ​លុប​បំបាត់​​ការ​​ប្រឆាំង​​ខាង​នយោ​បាយ និង​​បំបាត់​​សង្គ​​ម​ស៊ីវិល”។​

លោក​​បាន​លើក​ឡើង​​នៅ​ក្នុង​សេច​ក្តី​ថ្លែង​​​ការណ៍​មួយ​​​ថា “​ការ​ផ្តន្ទា​ទោសគួរ​ឲ្យ​អស់​សំណើច​​​ទៅ​​លើ​​សមា​ជិក​ និង​​អ្នកគាំ​ទ្រ​គណបក្ស​​សង្គ្រោះ​ជាតិ​​ទាំង​​១១​រូប​​បង្ហាញ​ថា​ ប្រទេស​​កម្ពុជា ​កំពុង​​ស្ថិត​​ក្នុង​កណ្តាប់​​ដៃ​របស់​​រដ្ឋាភិបាល​ផ្តាច់​ការ”។

​លោក ប្រេដ អាដាម ​ប្រធាន​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​​​​មនុស្ស​ប្រចាំតំបន់​​អាស៊ី​បាន​ចាត់​ទុក​​​​ការ​​ផ្ដន្ទា​ទោស​​នេះ​ថា “គួរ​​ឲ្យ​អស់​សំណើច​​​”។

លោក​បាន​លើក​ឡើង​នៅ​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​មួយ​ថា ​”​​​ការ​​ផ្ដល់​ជំនួយ​អន្តរជាតិ និង​​ការ​​ផ្ដល់​វគ្គ​បណ្ដុះ​បណ្ដាល​ដល់​តុលាការ​​អស់​រយៈ​ពេល​២​ទសវត្សរ៍​កន្លង​មកនេះ​និង​ការ​សន្យា​ម្ដង​ហើយ​ម្ដង​ទៀត​របស់​រដ្ឋា​ភិបាល​​​​​ថា នឹង​ធ្វើ​កំណែទម្រង់​នោះ​​ មិនបាន​ធ្វើ​ឲ្យ​មាន​ការ​​ផ្លាស់​ប្ដូរឡើយ​នូវ​របៀប​​​​​តុលា​ការ​​​បំពេញ​តួនាទី​របស់​ខ្លួន​នៅ​ក្នុង​សំណុំរឿង​​នយោបាយ​”។

លោក​​លើក​ឡើង​បន្ថែម​ថា ”​ភាព​​គួរ​ឲ្យ​អស់​​សំណើច​​​​នៃ​ការ​ផ្ដន្ទាទោស​នេះ​ ទំនង​ជា​វិល​​ត្រឡប់​ទៅ​​​​រក​ការ​អនុវត្ត​តាម​វិធីសាស្ត្រ​មួយ​អំឡុង​ទសវត្សរ៍​ឆ្នាំ​១៩៨០ ​ដែល​​នៅ​ពេល​នោះ​​លោក ហ៊ុន សែន ​មេដឹកនាំ​ប្រទេស​កម្ពុជា​​មិន​គោរព​​​​សិទ្ធិ​​មូលដ្ឋាន​”។

ឆ្លើយ​តប​នឹង​ការ​ចោទ​ប្រកាន់​ជុំវិញ​ការ​​គាប​សង្កត់​ផ្នែក​នយោបាយ​ពី​សំណាក់​រដ្ឋា​ភិបាល​ និង​ការ​អះអាង​របស់​គណបក្ស​ប្រឆាំង​​​​​​​ថា គណបក្ស​កាន់​អំណាច​​​បំពាន​​កិច្ច​​ព្រម​ព្រៀង​​​ថ្ងៃ​​២២ កក្កដា នោះ លោក សុខ ឥសាន អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​លើក​ឡើង​ថា គណបក្ស​របស់​លោក​មិន​បាន​គ្រប់​គ្រង​ប្រព័ន្ធ​តុលាការ​ទេ។

លោក​បានមាន​ប្រសាសន៍​ថា “​​សូម​ប្រាប់​ទៅ​ [គណបក្ស​សង្គ្រោះ​ជាតិ​] ថា កុំ​យក​រឿង​នយោបាយ​មក​ពាក់​ព័ន្ធ​ជាមួយ​ច្បាប់”។ លោក​​​បាន​បន្ថែម​ដោយ​សំដៅ​​លើ​ផែន​ទី​ដែល​គណ​​បក្ស​ប្រឆាំង​​បាន​ទិញ​ពី​វិទ្យាស្ថាន​ជាតិ​ភូមិ​សាស្ត្រ​​នៅ​​ក្នុង​ទីក្រុង​បា៉រីស​កាលពីខែ​មុន សម្រាប់​ប្រើ​ជា​ផ្នែក​មួយ​​នៃ​យុទ្ធនាការ​របស់​ខ្លួន​​​ដើម្បី​បង្ហាញពី​​ការ​ឈ្លាន​ពាន​ព្រំដែន​​​​ពី​សំណាក់​​​​វៀតណាម​នោះ​ថា ”ភាព​តាន​តឹង​ចាប់​ផ្ដើម​កើត​មាន​នៅ​ពេល​លោក សម រង្ស៊ី ទិញ​ផែន​ទី​ពី​ផ្សារ​នៅ​ក្នុង​ប្រទេស​បារាំង​”។

លោក​បាន​ថ្លែង​ទៀត​ថា ”​ការ​ធ្វើ​ឲ្យ​ប៉ះ​ពាល់​​​ណាមួយ​ដល់​វប្បធម៌​សន្ទនា​ គឺ​អាស្រ័យ​លើ​ជំហរ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​”។

តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង​មួយរូប​​ដែល​គេ​អាច​ទាក់​ទង​​បាន​កាលពី​ម្សិលមិញ​​ដើម្ប​​​ី​សុំ​ការ​អត្ថាធិប្បាយ​ គឺ​លោក គី វណ្ណារ៉ា​។ ​លោក​បាន​​មាន​ប្រសាសន៍​នៅ​ឯ​ទីស្នាក់​ការ​កណ្ដាល​​គណបក្ស​ក្នុង​ខណ្ឌ​មាន​ជ័យ​ថា វប្ប​ធម៌​សន្ទនា​មិន​ត្រូវ​បាន​​បំពាន​នោះទេ ហើយ​នៅ​តែ​អាច​ដោះស្រាយ​បញ្ហា​បច្ចុប្បន្ន​បាន​លោក គី វណ្ណារា៉​​ ដែល​បញ្ជាក់​ថាការ​លើក​​​ឡើង​របស់​លោក​គឺ​ចេញពី​គំនិត​ផ្ទាល់​ខ្លួន​នោះ ​​​​​

បាន​លើកឡើង​​​បន្ត​ថា លោក​ជឿ​ជាក់​​​ថា ការ​​​ផ្ដោត​យក​ចិត្តទុក​ដាក់​​ក្នុង​ពេល​ថ្មីៗ​របស់​គណ​​​បក្ស​ប្រឆាំង​ទៅ​​​លើ​​​ការ​ដោះ​ស្រាយ​បញ្ហា​ព្រំដែន​រវាង​​រដ្ឋាភិបាល ​និង​​វៀតណាម​ ​មាន​​ជាប់ពាក់​ព័ន្ធ​​លើ​ការ​សម្រេច​របស់​តុលាការ​កាលពី​ថ្ងៃ​អង្គារ។

លោក​បាន​ថ្លែង​បន្ត​ថា “​ជួន​កាល​ស្ថាន​ភាព​​​នៅ​ក្នុង​ប្រទេស​​​​ល្អ​ឬមិនល្អ​ ​គឺ​វា​អាស្រ័យ​លើ​ស្ថានភាព​នយោបាយ​។ ហេតុ​ដូច្នេះ ខ្ញុំជឿ​ជាក់​​​ថា វា​​​ប្រហែល​ជា​ទាក់​ទង​នឹង​បញ្ហា​ព្រំដែន​​ហើយ​”។​

ចាប់​តាំងពី​ការ​បោះ​ឆ្នោត​កាលពី​ខែ​កក្កដា ឆ្នាំ​២០១៣​ ដែល​គណបក្ស​សង្គ្រោះ​ជាតិ​ទទួល​បាន​សំឡេង​គាំទ្រ​យ៉ាង​ប្រកៀក​ប្រកិត​នឹង​គណបក្ស​ប្រជាជន​កម្ពុជា​​ ដោយ​ទទួល​បាន​អាសនៈ​ចំនួន​៥៥​​ក្នុង​ចំណោម​អាសនៈ​​​សភា​សរុប​ចំនួន​១២៣​មក សកម្មជន​​មក​ពី​គណបក្ស​ប្រឆាំង​ត្រូវ​បាន​ចាប់​ខ្លួន និង​ដោះលែង​ពីពន្ធនាគារ​មក​វិញ​​ ខណៈ​ទំនាក់​ទំនង​រវាង​គណបក្ស​នយោបាយ​ធំ​ទាំង​ពីរ​នេះ​​ជួន​ល្អ​ជួន​មិន​ល្អ​នឹង​គ្នា។​

លោក ជូង ជូងី មេធាវី​ដែល​ធ្វើ​ពហិការ​មិន​ចូល​រួម​ក្នុង​សវនាការ​កាលពី​ថ្ងៃ​អង្គារ​ និង​​ដែល​តំណាង​​សកម្មជន​ដែល​ត្រូវ​បាន​ផ្ដន្ទា​ទោស​នោះ​ ​​លើក​ឡើង​ថា ការ​ប្រកាស​​​​កាលពី​ថ្ងៃ​ច័ន្ទ​ថា តុលាការ​នឹង​ពន្លឿន​​​ការ​បើក​សវនា​ការ​​​​​ធ្វើ​​ឲ្យ​លោក​ជឿ​ដោយ​គ្មាន​ការ​សង្ស័យ​ថា ប្រាកដ​ណាស់​ថា​ តុលាការ​នឹង​សម្រេច​ឲ្យ​ចុង​ចោទ​ជាប់​ទោស​​។

លោក​បាន​មាន​ប្រសាសន៍​​កាលពី​ម្សិល​មិញ​​​​ទាក់​ទិន​នឹង​ប្រធាន​ផ្នែក​ព័ត៌មាន​របស់​គណ​បក្ស​​​សង្គ្រោះ​ជាតិ​ ​​ក្នុង​ចំណោម​សកម្ម​​ជន​ចំនួន​បី​នាក់​ដែល​ត្រូវ​បាន​ផ្ដន្ទា​ទោស​​​ឲ្យ​ជាប់​ពន្ធនាគារ​​២០​ឆ្នាំ​ ពីបទ​ដឹកនាំ​កុបកម្ម​​ថា ”​ខ្ញុំ​ដឹង​ថា ពួកគេ​នឹង​ឃុំ​ខ្លួន​លោក​ មាជ សុវណ្ណារ៉ា និង​អ្នក​ផ្សេងៗ​ទៀត​”។

លោក​បាន​ថ្លែង​បន្ត​ថា “​ដំណើរ​ការ​​នៃ​ការ​​​បើក​សវនាការ​ គឺ​មិន​ត្រឹម​ត្រូវ​ទាល់​តែ​សោះ​។ ​​ចៅក្រម​បំពាន​ច្បាប់​យ៉ាងច្បាស់​​​ក្រឡែត​។ ​ក្នុង​សំណុំរឿង​ព្រហ្មទណ្ឌបែប​នេះ នៅ​ពេល​​​មេធាវី​ការ​ពារ​ក្ដី​មិន​អាច​ចូល​រួម​សវនាការ​​បាន​ គឺ​ចៅក្រម​មិន​អាច​​បើក​សវនាការ​បាន​ឡើយ​”។​លោក លឹម មករន្ទ ចៅក្រម​ប្រធាន​​ក្រុម​ប្រឹក្សា​ជំនុំជម្រះ​ដែល​ប្រកាស​សាល​ក្រម ​​​បាន​​​​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​​លើ​ការ​បើក​សវនា​​ការ​​នេះ​ឡើយ​កាល​ពី​ម្សិលមិញ​ ហើយ​​​លោក ​​តាំង ស៊ុនឡាយ ប្រធាន​សាលា​ដំបូង​រាជធានី​​​ភ្នំពេញ​​ ក៏​ដូច្នោះ​ដែរ​​៕ សុខុម និង​ ស៊ុយឈាង​​​​​​​​​​​

 

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស